តាមប្រសាសន៍លោកគីហីវថាញ់ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង ឱ្យដឹង៖ ការវិនិយោគទុនព្រមគ្នារបស់រដ្ឋ បានជួយតំបន់មានជនជាតិខ្មែររស់នៅកុះករកាន់តែរីកចម្រើន ជីវ ភាពសេដ្ឋកិច្ចមានភាពលំនឹងនិងអភិវឌ្ឍន៍។
ដងផ្លូវកាត់តភ្ជាប់ឃុំសាភៀងនិងឃុំវិញវៀង ស្រុកឡុងមី។
បងយ័ញវ៉ាន់ហ្វាង ប្រធានការិយាល័យជនជាតិស្រុកចូវថាញ់ ឱ្យដឹង៖ “ផ្ដើមពីប្រភពទុននៃកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រដោយចីរភាព កម្មវិធី១៣៥។ល។ នៅតាមភូមិភាគមានជនរួមជាតិភាគតិចរស់នៅកុះករលើភូមិសាស្រ្ដ ត្រូវបានវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធយ៉ាងត្រឹមត្រូវ ប្រព័ន្ធសាលារៀនបានកសាងរឹងមាំ ដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិការងារថែទាំសុខភាពបឋមជូនប្រជាជនត្រូវបានអនុវត្តយ៉ាងល្អ ជីវភាពសម្ភារៈ និងស្មារតីរបស់ជនរួមជាតិភាគតិចត្រូវបានលើកកម្ពស់”។ តាមការណែនាំរបស់បងហ្វាង យើងខ្ញុំចុះទៅកាន់ភូមិឡាងហុឹម ទីប្រជុំជនរ៉ាច់ហ្គយ ទីដែលពីមុនធ្វើដំណើរទៅមកតាមផ្លូវទឹកជាចម្បង។ មកទល់សព្វថ្ងៃ ដងផ្លូវបាង្វាន (ភូមិឡាងហុឹម) ត្រូវបានចាក់បេតុងប្រវែងជិត៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ ជាកំណាត់ផ្លូវមួយក្នុងចំណោមកំណាត់ផ្លូវ ត្រូវបានអនុវត្តពីកម្មវិធី១៣៥របស់រដ្ឋាភិបាល។ បងយ័ញថាញ់សាង នៅភូមិឡាងហុឹម ឱ្យដឹង៖ “ពីមុននេះ ប្រជាជនធ្វើដំណើរទៅមកតាមផ្លូវទឹកជាចម្បង ត្រូវខាតពេលវេលាច្រើនណាស់។ ឥឡូវនេះមានផ្លូវចាក់បេតុង ម្ល៉ោះហើយការងាររកស៊ីក៏ងាយស្រួល សំខាន់គឺការលក់ដូរកសិផល ទោះបីមានតបន្តិចបន្តួចខ្ញុំក៏អាចដាក់ឡើងម៉ូតូទៅលក់នៅផ្សាររ៉ាចហ្គយ រកបានប្រាក់ចំណូលផងដែរ ពុំមែនហូបមិនអស់ទុកចោលដូចពីមុនទៀត”។
តាមប្រសាសន៍របស់បងគីហីវថាញ់ ឱ្យដឹង៖ ដោយឡែកក្នុងឆ្នាំ២០១៨ គ្រប់អង្គភាពបានអនុវត្តប្រភពទុនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតំបន់ជនជាតិសម្រេច១០០%ផែនការរបស់ខេត្ត។ ផ្ដើមពីនោះ តំបន់មានជនរួមជាតិភាគតិចរស់នៅកុះករលើភូមិសាស្រ្តខេត្តហូវយ៉ាង ក៏កាន់តែមានភាពសមរម្យ។ ប្រជាជនរស់នៅតំបន់ជនរួមជាតិភាគតិច មិនត្រឹមតែរួមជាមួយរដ្ឋកសាងផ្លូវថ្នល់ប៉ុណ្ណោះទេ នៅទាំងខ្នះខ្នែងកែលម្អសោភណភាពបរិស្ថាន ដើម្បីជនបទកាន់តែស្រស់បំព្រងទៀតផង។ ចរាចរតាមដងផ្លូវបេតុង ផ្លូវកៅស៊ូទើបកសាងថ្មីនៅតំបន់ជនរួមជាតិភាគតិចរស់នៅកុះករនៃខេត្តហូវយ៉ាង គឺងាយជួបប្រទះជួរដើមឈើ ផ្កាលម្អ ត្រូវបានប្រជាជនដាំ ថែទាំ បង្កជាសោភណភាពនៅសងខាងផ្លូវ អមជាមួយផ្ទះឥដ្ឋទើបសាងសង់ឡើងយ៉ាងសមរម្យពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន។
បងឡឹមថាញ់ហ៊ុង ប្រធានការិយាល័យជនជាតិស្រុកឡុងមី ឱ្យដឹង៖ អាស្រ័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ត្រូវបានកសាងយ៉ាងសមរម្យ ទើបជីវភាពប្រជាជនលើភូមិសាស្រ្តមានការរីកចម្រើនយ៉ាងសកម្ម កម្រិតប្រជាបញ្ញាកាន់តែបានលើកកម្ពស់ កូនចៅជនរួមជាតិខ្មែរមិនមានការបោះបង់សាលាដូចពីមុនទៀត។ ប្អូនយឿងថាញ់កុង នៅឃុំវិញវៀង ស្រុកឡុងមី ឱ្យដឹង៖ “ប្អូនមានកង់អាស្រ័យសប្បុរសជនជូនសម្រាប់ជិះទៅរៀន បានជាប្អូនគ្មានបំណងឈប់រៀនទេ”៕
ហាថាញ់ - ថាច់ធី