នៅប៉ុន្មានថ្ងៃនេះ ចុះទៅតាមជនបទដែលមានជនរួមជាតិខ្មែររស់នៅកុះករ ឃើញមាមីងកំពុងសស្រាក់សស្រាំត្រៀមបម្រុងទទួលអំណរបុណ្យសែនដូនតា។ ក្ដីសោមនស្សរីករាយរបស់មាមីងខ្មែរនៅខេត្តសុកត្រាំងនិងបាកលីវ កើនឡើងទ្វេដង នៅពេលភូមិស្រុកកាន់តែរីកចម្រើន ហេដ្ឋារចនាសម្ព័ន្ធជនបទតំបន់ជនជាតិខ្មែរ បានបក្ស រដ្ឋយកចិត្តទុកដាក់វិនិយោគ កសាងកាន់តែសមរម្យ។
ដងផ្លូវជនបទនៅតំបន់ជនរួមជាតិខ្មែរខេត្តសុកត្រាំង សុទ្ធតែបានចាក់បេតុងរួចរាល់។
តួយ៉ាងដូចឃុំថាញ់ភូ ស្រុកមីស្វៀង ខេត្តសុកត្រាំង ផ្ដើមពីឃុំលំបាកពិសេស មានគ្រួសារក្រីក្រជាង៤០% ក្រោយពីជិត១០ឆ្នាំខិតខំប្រឹងប្រែង ឃុំបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី។ លោកម៉ាយថាញ់កូវ លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជន ឃុំថាញ់ភូ ឱ្យដឹង៖ “ថាញ់ភូជាឃុំមានជនរួមជាតិខ្មែររស់នៅជាង៥១,៣% ម្ល៉ោះហើយ ត្រូវបានបក្ស រដ្ឋវិនិយោគនូវគោលនយោបាយជនជាតិជាច្រើន និងរួមជាមួយប្រភពទុនកសាងជនបទថ្មី ហេតុនោះឃុំសម្រេចដំណើរការកសាងបានឆាប់រហ័ស បើប្រៀបនឹងផែនការដាក់ចេញ។ សំខាន់ខណៈពេលរដ្ឋអំណាចនិងអង្គការមហាជនផ្សព្វផ្សាយកសាងជនបទថ្មី មាមីងខ្មែរចូលរួមគាំទ្រអស់ពីចិត្ត។ ក្នុងបរិយាកាសទទួលអំណរបុណ្យសែនដូនតាឆ្នាំនេះ មាមីងមានទឹកមុខសប្បាយរីករាយ ដ្បិតអីផ្លូវថ្នល់ត្រូវបានចាក់បេតុងរួចរាល់ សន្តិសុខសណ្ដាប់ធ្នាប់ត្រូវបានធានា មាមីងលំនឹងចិត្តទទួលអំណរបុណ្យសែនដូនតាក្នុងក្ដីរីករាយ សម្បូរសប្បាយ សុភមង្គល”។
សាលារៀន នៅតំបន់ជនរួមជាតិខ្មែរខេត្តបាកលីវ ត្រូវបានវិនិយោគកសាងយ៉ាងសមរម្យ។
ផ្ដើមពីឃុំលំបាកពិសេស មានជនរួមជាតិខ្មែររស់នៅជាង៧០% សព្វថ្ងៃ ឃុំវិញត្រាចដុង ក្រុងបាកលីវ ខេត្តបាកលីវ បានរដ្ឋទទួលស្គាល់ជាឃុំជនបទថ្មី។ បានដូច្នោះក៏ដោយសារការគិតគូររបស់បក្ស រដ្ឋ វិនិយោគនូវគោលនយោបាយជាច្រើនសម្រាប់អភិវឌ្ឍតំបន់ជនជាតិខ្មែរ។ ព្រមជាមួយនោះ គឺការគិតគូររបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងការប្រឹងប្រែង ឈានឡើងក្នុងជីវភាពរបស់មាមីងខ្មែរ។ ទន្ទឹមនឹងនោះ មានទម្រង់អភិវឌ្ឍផលិតកម្មប្រកបដោយប្រសិទ្ធភាពជាច្រើន ដូច៖ ទម្រង់ចិញ្ចឹមបង្កងតាមVietGap ដាំមៀន ឪឡឹក ទំពាំងបារាំងជាដើម។ អាស្រ័យហេតុនោះ ជីវភាពប្រជាជនបានលើកកម្ពស់ រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្ររបស់ឃុំនៅត្រឹម៣,៤%។ លោកសើុងសុខ នៅភូមិបៀងដុងB ឃុំវិញត្រាចដុង ឱ្យដឹង៖ “សព្វថ្ងៃ ដងផ្លូវត្រូវបានចាក់កៅស៊ូហើយថែមមានអគ្គិសនីបើកបំភ្លឺ មានភាពងាយស្រួលសម្រាប់ មាមីងធ្វើដំណើរទៅមកនិងដឹកជញ្ជូនទំនិញ”។
ព្រះតេជព្រះគុណយឿងក្វឹង ព្រះចៅអធិការវត្តគម្ភីរសាគរព្រែកជ្រៅ ឃុំវិញត្រាចដុង មានថេរដីកា៖ “សព្វថ្ងៃ ភូមិស្រុកមានការរីកចម្រើន ជីវភាពពុទ្ធបរិស័ទបានធូរធារ អាត្មាភាពត្រេកអរខ្លាំងណាស់។ បំផុតគឺដងផ្លូវត្រូវបានចាក់បេតុងរួចរាល់ អគ្គិសនី ទឹកប្រើប្រាស់ សាលារៀន ធារាសាស្រ្ត។ល។ សុទ្ធសឹងបានវិនិយោគកសាងយ៉ាងល្អ ពុទ្ធបរិស័ទងាយស្រួលធ្វើដំណើរទៅមក ផលិតកម្ម, បង្កើនប្រាក់ចំណូលជូនគ្រួសារ។ ជាពិសេស នៅក្នុងវត្តត្រូវបានរដ្ឋអំណាច ឧបត្ថម្ភ កសាងអាគារវប្បធម៌ បង្កើតក្រុមសិល្បៈ ប្រគេនភ្លេងពិណពាទ្យ បានជាបុណ្យសែនដូនតាឆ្នាំនេះ ពុទ្ធបរិស័ទមកវត្តធ្វើបុណ្យទាន នៅថែមទាំងបានសប្បាយរីករាយ ទស្សនាកម្សាន្ដសិល្បៈទៀតផង”៕
លីធាន - ថាច់ធី