ឆ្នាំ២០០០ លោកយ័ញឌិញ (កើតឆ្នាំ១៩៦៤) ជនជាតិខ្មែរនៅស្រុកចូវថាញ់ ខេត្តគៀងយ៉ាង មករស់នៅភូមិក-ក្វែន ឃុំភូឡើយ ស្រុកយ៉ាងថាញ់ ប្រកបរបររកស៊ី តាមគោលការណ៍បញ្ជូនប្រជាជនមកតំបន់សេដ្ឋកិច្ចថ្មីរបស់ខេត្ត។ ដោយចរិតឧស្សាហ៍ ស៊ូទ្រាំលំបាក បូកផ្សំនឹងគំនិតធ្វើសេដ្ឋកិច្ចពូកែ ម៉្លោះហើយ លោកយ័ញឌិញ សង់បានផ្ទះសមរម្យ ជីវភាពបានធូរធារជាង។ គាត់បានទទួលស្គាល់ជាកសិករផលិតនិងធ្វើអាជីវកម្មពូកែច្រើនឆ្នាំបន្តបន្ទាប់ តែងបានប្រជាជនក្នុងតំបន់គោរពរាប់អាន។
លោកយ័ញឌិញ កំពុងពិនិត្យម៉ាស៊ីនកាត់ស្រូវរបស់គ្រួសារ។
មករស់នៅតំបន់សេដ្ឋកិច្ចថ្មី លោកយ័ញឌិញ បានរដ្ឋប្រគល់ដីចំនួន២ហិកតា។ កាលនោះ ដីនៅទីនេះជ្រាបជាតិប្រៃ ផ្លូវគមនាគមន៍ អគ្គិសនី ទឹកស្អាតប្រើប្រាស់ក៏គ្មាន ម្ល៉ោះហើយមានអ្នកជាច្រើន ទ្រាំនៅតទៅទៀតមិនបាន ក៏លក់ដីហើយទៅរកដីកន្លែងផ្សេងវិញ។ ជាមួយនឹងចរិត ឧស្សាហ៍ ស៊ូទ្រាំលំបាក ហ៊ានគិតហ៊ានធ្វើ អាស្រ័យបានរដ្ឋជីកប្រឡាយជម្រះជាតិប្រៃ បូកផ្សំនឹងការឧបត្ថម្ភទុន លោកឌិញ សន្សឹមៗកែប្រែដីចោលទំនេរ ដែលជ្រាបជាតិប្រៃទៅជាដីផលិតស្រូវបាន២រដូវ/ឆ្នាំ។ ដីមិនធ្វើឱ្យខកបំណងមនុស្ស ក្រោយពី៤ឆ្នាំ ផ្ទៃដីដែលគាត់កែប្រែចាប់ផ្ដើម មានអំណោយផល។ គាត់ឧស្សាហ៍រៀនសូត្រ និងអនុវត្តវិទ្យាសាស្រ្តទំនើប ដូច៖ សាបព្រោះ រង្វើល បាចជីសមស្របជាមួយនឹងប្រភេទដី អនុវត្តបន្ថយ៣ បង្កើន៣ ត្រូវ១ បន្ថយ៥ និងការពារជំងឺដង្កូវក្រាតាមការណែនាំរបស់កម្មាភិបាលកសិកម្ម។ល។ ទន្ទឹមនឹងនោះ គាត់នៅទាំងហ៊ានជ្រើសប្រភេទពូជស្រូវថ្មី គុណភាពខ្ពស់ រួមចំណែកបង្កើនទិន្នផលនិងកាត់បន្ថយប្រាក់ចំណាយក្នុងការផលិត។ រដូវប្រាំង២០១៩ ដីស្រែរបស់គ្រួសារគាត់ផ្ដល់ទិន្នផលពី៧០០ដល់៨០០គីឡូក្រាម/កុង។ គាត់រកបានប្រាក់ចំណូលពីផលិតស្រូវ ប្រមាណ៣០០លានដុង២រដូវ/ឆ្នាំ។ ប្រាក់ទុនសន្សំបាន លោកយ័ញឌិញ ទិញដី៦ហិកតា បន្ថែមទៀតដើម្បីបើកទូលាយផ្ទៃដីផលិតស្រូវ ទិញម៉ាស៊ីនភ្ជួររាស់ ម៉ាស៊ីនកាត់ស្រូវ និងសង់ផ្ទះមួយខ្នងយ៉ាងសមរម្យ គិតជាទឹកប្រាក់រាប់ពាន់លានដុង។ បច្ចុប្បន្ន លោកយ័ញឌិញ ថែមទាំងប្រើប្រាស់ផ្ទៃដីទំនេរជុំវិញផ្ទះ ដាំឈើហួបផ្លែគ្រប់ប្រភេទ ព្រលែងត្រីក្រាញ់និងត្រីត្រចៀកដំរីក្នុងអណ្ដូង ដើម្បីរកប្រាក់ចំណូលបន្ថែមទៀតផង។
លោកង្វៀងង៉ុកធើ អនុប្រធានភូមិក-ក្វែន ឃុំភូឡើយ ស្រុកយ៉ាងថាញ់ វាយតម្លៃ៖ “ពេលជីវភាពបានធូរធារ លោកឌិញក៏មិនភ្លេចជួយឧតប្ថម្ភ គ្រួសារនៅជិតខាងអំពីបច្ចេកទេស បទពិសោធន៍ ផលិតកម្ម ពិសេសគឺឧបត្ថម្ភគ្រួសារក្រីក្រ៣គ្រួសារនៅភូមិភាគមានការងារធ្វើលំនឹង។ ក្រៅពីនោះ គាត់ថែមទាំងរួមចំណែកឧបត្ថម្ភថវិកាចលនា ចូលរួមជួសជុលនិងធ្វើស្ពានជនបទទៀតផង”៕
មិញទ្រី-ទីទុយ