ក្រុងហាតៀង ខេត្តគៀងយ៉ាង ទើបបានទទួលស្គាល់ជាក្រុងកាលពីចុងឆ្នាំ២០១៨។ មិនត្រឹម តែជារមណីយដ្ឋានល្បីឈ្មោះរបស់តំបន់ដីសណ្តទន្លេគឺវឡុងប៉ុណ្ណោះទេ ក្រុងហាតៀងនៅថែមទាំងជាទីតាំងភូមិសាស្រ្តដ៏សំខាន់ នៅពេលមានផ្លូវព្រំដែនដីគោក១៣,៧គីឡូម៉ែត្រ មាត់សមុទ្រ ប្រវែង២៦គីឡូម៉ែត្រ។
រថយន្តដឹកអ្នកដំណើរ កំពុងចុះសាឡាងឆ្ពោះពីកំពង់ផែហាតៀងទៅកាន់កោះភូក្វឹក។
តាមប្រសាសន៍របស់លោកង្វៀនថាញ់ញ៉ាង ប្រធានគណៈកម្មាធិការប្រជាជន ក្រុងហាតៀង ឱ្យដឹង៖ រយៈពេលកន្លង ភូមិភាគបានអំពាវនាវការបណ្តាក់ទុន៣.៧៩៤ពាន់លានដុង និងអនុវត្តបាន២.២៣១ពាន់លានដុង ម្ល៉ោះហើយហេដ្ឋារចនាសម្ព័ន្ធលើភូមិសាស្រ្តមានភាពវិវឌ្ឍយ៉ាងច្បាស់ក្រឡែត។ ជាមួយនឹងផ្ទៃដីសរុប ១០០,៤៩គីឡូម៉ែត្រការ៉េ ក្រុងហាតៀងបានចែកជា៧អង្គភាពរដ្ឋបាលរួមមានសង្កាត់ប៊ិញសាង ដុងហោ មីឌឹក ផាវដាយ តូចូវ និងឃុំទ្វឹងអៀង តៀងហាយ។ ល្បឿនកំណើនសេដ្ឋកិច្ចមធ្យមភាគរបស់ក្រុងសម្រេច១៤,៨៥% ចំណូលមធ្យមភាគលើមនុស្សម្នាក់សម្រេចជាង៦៨លានដុង/ឆ្នាំ អត្រាគ្រួសារក្រីក្រតាមលក្ខឋានថ្មីថយចុះនៅក្រោម៤,៥%។ ក្រុងហាតៀង មានជនរួមជាតិខ្មែររស់នៅសឹងតែគ្រប់សង្កាត់លើភូមិសាស្រ្ត។
ទិដ្ឋភាពជ្រុងមួយនៃក្រុងហាតៀង។
ក្រុងហាតៀង មានការស្រូបទាញភ្ញៀវទេសចរ ដោយសារនៅតាមរមណីយដ្ឋានសុទ្ធសឹងជាកេរដំណែលល្បីឈ្មោះ មានដូច៖ កេរដំណែលប្រវត្តិសាស្រ្តពន្ធនាគារហាតៀង កេរដំណែលរមណីយដ្ឋានថាច់ដុង ម៉ុយណាយ ប៊ិញសាង ដាយឹង កេរដំណែលស្លាកស្នាមសង្រ្គាមវត្តកោះចន្លុះ កេរដំណែលប្រវត្តិសាស្រ្តវប្បធម៌វត្តភូយ៉ុង វត្តតាមបាវ។ល។ ប្រការដែលរមណីយដ្ឋានទាំងនេះបានស្រូបទាញភ្ញៀវទេសចរ ក៏ជាកត្តាជួយជំរុញផ្នែកសេវាកម្មនានារីកចម្រើនតាមផងដែរ។ នៅក្រុងហាតៀង សណ្ឋាគារភោជនីយដ្ឋានកាន់តែផុសឡើងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ បងង្វៀនតៀងដួក ផ្ទះនៅស្រុកផុងដៀង ក្រុងកឹងធើ ឱ្យដឹង៖ “គ្រួសារខ្ញុំច្រើនទៅទស្សនាកម្សាន្តនៅក្រុងហាតៀង ដ្បិតអីនៅទីនេះមានទាំងសមុទ្រ ទាំងព្រៃ ភ្នំ សមស្របនឹងការនាំកុមារទៅទស្សនាកម្សាន្ត។ ប៉ុន្មានឆ្នាំជិតៗនេះ ក្រុងហាតៀងមានការផ្លាស់ប្ដូរយ៉ាងច្រើន ដូចជា៖ ផ្លូវថ្នល់មានការបើកទូលាយ រាល់ផ្គត់ផ្គង់សេវាបម្រើភ្ញៀវទេសចរក៏មានការបង្កើនកម្រិត បើប្រៀបនឹងពីមុន ភ្ញៀវទេសចរក៏មានជម្រើសច្រើនក្នុងការហូបចុក កន្លែងសម្រាកកម្សាន្តជាដើម។ ជាពិសេស ផ្ទះសំណាក់ក្នុងមណ្ឌលជាប់មាត់សមុទ្រ ស្នាក់នៅប្រកបដោយ ផាសុកភាព អាចគយគន់ទេសភាពសមុទ្រដ៏ស្អាតទៀតផង”។
វិស័យទេសចរណ៍មានការរីកចម្រើន បានបង្កការងារធ្វើសម្រាប់ពលករជាច្រើននៅទីនេះ។ បងស្រីធីហ៊ុង ផ្ទះនៅសង្កាត់ ប៊ិញសាង ឱ្យដឹង៖ “តាំងពីមានសាឡាងចាប់ពីក្រុងហាតៀងឆ្ពោះទៅកាន់កោះភូក្វឹកបើកដំណើរការ នាងខ្ញុំបានប្តូរមុខរបរដើរលក់ផ្លែឈើមកលក់កាហ្វេអធ្រាត្រ។ ធម្មតា រថយន្តដឹកអ្នកដំណើរមកពីគ្រប់ទិសទី នឹងចេញដំណើរនៅពេលរាត្រីដើម្បីទាន់ពេលចុះ សាឡាង (កំពង់ផែថាញ់ក្វើយ ហាតៀង) ដែលចេញដំណើរដំបូងបង្អស់នៅម៉ោង៧និង៣០នាទី ម្ល៉ោះហើយ រថយន្តដឹកអ្នកដំណើរតែងតែមកដល់ ហាតៀងរវាងម៉ោង៣ដល់ម៉ោង៤ព្រឹក។ ពេលនោះ ហាងលក់ដូរពុំទាន់បើកទ្វារ ម្ល៉ោះហើយប្តីប្រពន្ធ ខ្ញុំលក់កាហ្វេ មានភ្ញៀវយ៉ាងកុះករ។ អាស្រ័យហេតុនោះ ប្រាក់ចំណូលរកបានលំនឹង ជីវភាពកាន់តែធូរធារ”៕
ហាថាញ់ - ថាច់ធី