តាមលោកហ្វិញហ្វាងដែ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំលឿងងៀ ស្រុកឡុងមី ខេត្តហូវយ៉ាង បានប្រាប់យើងខ្ញុំ៖ “ គ្រួសារ ពូយ័ញវិញ គឺជាគ្រួសារអ្នកមានជាងគេក្នុងភូមិ១១។ គាត់នៅទាំងចិញ្ចឹមកូន៥នាក់រៀនចប់មហាវិទ្យាល័យ មានការងារធ្វើលំនឹងទៀតផង ម្ល៉ោះហើយតែងបានមាមីងបងប្អូនកោតសរសើរនិងគោរពរាប់អាន”។
ប្តីប្រពន្ធពូយ័ញវិញ មានមោទនភាពអំពីភោគទ្រព្យរបស់គ្រួសារ ដែលអាស្រ័យគាត់ទាំងពីរនាក់ខំផ្តួចផ្ដើមឡើង ។
អង្គុយក្នុងផ្ទះសមរម្យ ត្រូវបានចាត់ទុកថាល្អបណ្តាច់នៅភូមិ១១។ មីងធីកីមទ្វឹង ប្រពន្ធរបស់ពូយ័ញវិញ ឲ្យដឹង៖ “ផ្ទះថ្មីទើបសង់កាលពីដើមខែមីនា អស់ចំនួនទឹកប្រាក់១,៥ពាន់លានដុង។ កាលនៅវ័យក្មេង ប្តីប្រពន្ធខ្ញុំខំរកស៊ីយ៉ាងលំបាក នឿយហត់ ទើបឥឡូវបានរស់នៅក្នុងផ្ទះដ៏សម រម្យ។ល។ ពូយ័ញវិញ រ៉ាយរ៉ាប់៖ កាលទើបចេញនៅដោយឡែក គ្រួសារពូមានដីគ្រប់តែសង់ផ្ទះ។ រៀងរាល់ថ្ងៃ ប្តីប្រពន្ធពូតែងទៅស៊ីឈ្នួលកាត់ស្រូវ ឆ្លូកស្រូវ ដកស្មៅ ជីកដី ។ល។ ចំណែកប្រាក់ដែលសន្សែសន្សំបានក៏ទិញជ្រូកមកចិញ្ចឹម។ ពូយ័ញវិញ ឲ្យដឹង៖ “ប្រពន្ធខ្ញុំនៅផ្ទះចិញ្ចឹមជ្រូក ថែទាំកូនៗ។ ចំណែកខ្ញុំទៅធ្វើការឈ្នួល។ ធម្មតា គ្រួសារខ្ញុំចិញ្ចឹមជ្រូកមេ៤ក្បាល ជ្រូកមេ១លេចកូនបានពី១០ដល់១២ក្បាល/ល្បាស់ កាលនោះ ប្រាក់លក់កូនជ្រូក១ក្បាលអាចទិញស្រូវបាន១២ថាំង។ ចំណែកកូនជ្រូកដែលលក់គ្មាននរណាទិញ ខ្ញុំទុកចិញ្ចឹមបន្ត។ ខ្ញុំធ្វើការងារ មិនដឹងនឿយហត់ឡើយ! អស់ពីរដូវស្រូវ ដល់ជីកដី។ ខ្ញុំជីកដី ក្នុងមួយថ្ងៃមួយយប់ គឺអាចរកប្រាក់ទិញស្រូវបាន៣០ថាំង។ ប្រាក់លក់ជ្រូក ប្រាក់ធ្វើការឈ្នួលសន្សែសន្សំបានគឺទិញមាសទុក ហើយបើមាននរណាលក់ដីគឺខ្ញុំទិញ។ ដ្បិតអី ខ្ញុំគិតថា ត្រូវទិញដីឲ្យបានច្រើនដើម្បីទុកចែកឲ្យកូនៗ។ ជាពិសេស រវាងឆ្នាំ១៩៩៤ ខ្ញុំដាំអំពៅ២០កុង ចម្រើនទាំងទិន្នផលទាំងតម្លៃ លក់អំពៅរួចទិញបានដីស្រែ១០កុង ព្រមទាំងនៅសេសសល់ទិញបានមាសទុកទៀតផង។ រហូតដល់ឆ្នាំ១៩៩៧ ខ្ញុំឈប់ដាំអំពៅ បង្វែរដីទាំងអស់មកធ្វើស្រូវ។ សម្លឹងឃើញខ្ញុំខិតខំពលកម្មឈានឡើងធ្វើមាន មាមីងភូមិផងរបងជាមួយអ្នកណា ក៏សរសើររាប់អាន” ។ មកទល់សព្វថ្ងៃ គ្រួសារពូវិញមានដីស្រែជាង៣,៥ហិកតា ពូវិញធ្វើស្រូវអតិផល មានដូច៖ RTV 5451 ស្រូវដាយធើម និងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសចូលក្នុងការផលិត ម្ល៉ោះហើយសម្រេចទិន្នផលនិងគុណភាពខ្ពស់។ គិតមធ្យមភាគធ្វើស្រូវក្នុងមួយកុងសម្រេចបានទិន្នផលពី៨០០ គីឡូក្រាមដល់១តោន។
មិនត្រឹមតែចេះធ្វើមានបានប៉ុណ្ណោះទេ ពូយ័ញវិញនៅទាំងគិតគូរឲ្យកូនៗរៀនសូត្របានល្អទៀតផង។ សព្វថ្ងៃ ក្នុងចំណោម កូនទាំង៧នាក់ គឺមានកូន៥នាក់រៀនចប់មហាវិទ្យាល័យនិងមានការងារធ្វើលំនឹង។ ពូយ័ញវិញ សំណេះសំណាល៖ “កាលពីដើមគ្រួសារក្រ ជីវភាពនៅលំបាក ខិតខំប្រឹងប្រែងពលកម្ម គឺដើម្បីទិញដីស្រែសម្រាប់ចែកឲ្យកូនៗ។ ពិនិត្យឃើញការប្រកបរបរកសិកម្មគឺលំបាក នឿយហត់យ៉ាងខ្លាំង ម្ល៉ោះ ហើយ ពេលកូនៗធំឡើងខ្ញុំតែងបង្កលក្ខណៈឲ្យកូនៗនាក់ទៅរៀនសូត្រ ដើម្បីអនាគតចៀសផុតពីស្ថានភាព “ធ្វើស្រែហាលភ្លៀង ហាលក្តៅ”។ ព្រមជាមួយនោះ និយាយឲ្យកូនៗស្តាប់អំពីភាពលំបាក នឿយហត់ដែលប្តីប្រពន្ធខ្ញុំធ្លាប់ឆ្លងកាត់ ដើម្បីកូនៗបានដឹង ហើយខិតខំរៀនសូត្រ។ ឥឡូវនេះ សម្លឹងឃើញកូន៥នាក់ក្លាយជាគ្រូបង្រៀន វេជ្ជបណ្ឌិត នគរបាលកំពុងបំពេញការងារនៅតាមស្ថាប័នរដ្ឋ គួរឲ្យរីករាយនិងសុភមង្គលណាស់។ ជាពិសេស អនាគតរបស់កូនៗលែងលំបាកនឿយហត់ដូចជារូបខ្ញុំ ម្នាក់ៗរកបានប្រាក់ចំណូល មានផ្ទះនៅលំនឹង និងមានជីវភាពធូរធារ”៕
យ្វីអាញ់ - ធី