អាងហ៊ីប គឺជាឃុំលំបាកពិសេស មានជនរួមជាតិខ្មែររស់នៅជាង៦៥%របស់ស្រុកចូវថាញ់ ខេត្តសុកត្រាំង។ ដោយការខិតខំប្រឹងប្រែង រយៈពេល៨ឆ្នាំកន្លង ឃើញថាឃុំអាងហ៊ីប បានអនុវត្តសម្រេចលក្ខឋានទាំង១៩ ហើយបានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មី។
អនុវិទ្យាល័យជនជាតិអន្តេវាសិកចូវថាញ់ ឃុំអាងហ៊ីប បានទទួលស្គាល់សម្រេចបទដ្ឋានជាតិ។
ឆ្នាំ២០១៩ បក្ខភាគ រដ្ឋអំណាចនិងប្រជាជនឃុំអាងហ៊ីប ទទួលឆ្នាំថ្មីដោយក្តីរីករាយយ៉ាងក្រៃលែង នោះគឺឃុំបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី។ តាមប្រសាសន៍លោកង្វៀនវ៉ាន់ហូវ ប្រធានគណៈកម្មាធិការប្រជាជនឃុំអាងហ៊ីប ឲ្យដឹង៖ កាលពីឆ្នាំ២០១០ នៅពេលចាប់ផ្តើមកសាងជនបទថ្មី អាងហ៊ីបសម្រេចបានតែ៥/១៩លក្ខឋានប៉ុណ្ណោះ ដូច្នេះគ្រួសារក្រីក្រ ស្រូបអត្រាជាង១៧% ហើយប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ៗសម្រេចត្រឹម១៦លានដុង/ម្នាក់/ឆ្នាំ។ល។ ដើមឆ្នាំ២០១៨ ឃុំនៅលក្ខឋានចំនួន៣ ដែលមិនទាន់បានសម្រេចដូច៖ ប្រាក់ចំណូល គ្រួសារក្រីក្រ និងផ្ទះ។ អាស្រ័យហេតុនោះ អាងហ៊ីបបានផ្តុំកម្លាំងចង្អុលការ បង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សារភ្ជាប់នឹងដោះស្រាយការងារធ្វើជូនពលករជនបទ អភិវឌ្ឍផលិតកម្មផ្សារភ្ជាប់នឹងការបង្វែររចនាសម្ព័ន្ធកសិកម្ម ផ្តុំកម្លាំងចលនាប្រជាជនកសាងវាលស្រែគំរូខ្នាតធំ ដោយមានផ្ទៃដីចំនួន១.៣០៧/២.១៦៧ហិកតា កែប្រែចម្ការចាស់ ដោយងាកមកដាំដំណាំដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ដើម្បីបង្កើនប្រាក់ចំណូល។ល។ ពិសេសឃុំក៏បានឆ្លៀតយកប្រភពដើមទុនពីកម្មវិធី គម្រោងនានា ដើម្បីបង្កលក្ខណសម្បត្តិដល់គ្រួសារខ្មែរក្រីក្របានបុលដើមទុន ឧបត្ថម្ភពូជ ឈើដំណាំ និងសត្វចិញ្ចឹមជាដើម។ ហេតុដូច្នោះ លុះដល់ចុងឆ្នាំ២០១៨ ឃើញថាអត្រាគ្រួសារក្រីក្ររបស់ឃុំកាត់បន្ថយចុះនៅតែ៣,៤%ប៉ុណ្ណោះ ប្រាក់ចំណូលជាមធ្យមភាគលើមនុស្សម្នាក់ៗ សម្រេចជាង៤២លានដុង/ម្នាក់/ឆ្នាំ អត្រាអ្នកមានការងារធ្វើខ្ជាប់ខ្ជួន សម្រេច៩៣,៤%។
ដោយកំណត់ច្បាស់ ប្រជាជនគឺជាកត្តាសំខាន់ក្នុងការកសាងជនបទថ្មី ម្ល៉ោះហើយអាងហ៊ីបក៏បានជំរុញយ៉ាងខ្លាំងក្លានូវការផ្សព្វផ្សាយលក្ខឋាន កសាងជនបទថ្មីទាំង១៩ និងខ្លឹមសារ១១យ៉ាងរបស់គណៈប្រជាចលនានៃគណៈកម្មាធិការបក្ស ខេត្តសុកត្រាំង។ ផ្តើមពីនោះ ប្រជាជនមានការយល់ដឹងនិងជ្រាបច្បាស់ពីអត្ថន័យ ថាតើលក្ខឋានណាខ្លះដែលខ្លួនត្រូវអនុវត្ត ម្ល៉ោះហើយខ្នះខ្នែងចូលរួមជាមួយនឹងរដ្ឋអំណាច កសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធជនបទតែម្តង។ ក្នុងដំណាក់កាលកសាងជនបទថ្មី ប្រជាជនឃុំអាងហ៊ីប បានរួមវិភាគទានទឹកប្រាក់ជាង២០ពាន់លានដុង។ បងយ័ញភិរិន្ទ នៅភូមិពាងសំរឹទ្ធិ បានបរិច្ចាគដីជាង១កុងដើម្បីកសាងសំណង់ជនបទ ឲ្យដឹង៖ “សំណង់ទាំងឡាយដូច៖ ផ្លូវថ្នល់ ប្រឡាយជាដើម សុទ្ធតែបម្រើផលប្រយោជន៍ដល់មាមីងទាំងអស់។ ហេតុនោះ នៅពេលដឹងថាសំណង់កសាងកាត់ទទឹង គ្រួសារខ្ញុំក៏ស្ម័គ្រចិត្តបរិច្ចាគដីតែម្តង។ សព្វថ្ងៃ ដងផ្លូវស្ទើរតែទាំងអស់តែងបានកសាងបេតុងថ្មី អាចបើកបរទោចក្រយានយន្តមកដល់ផ្ទះ។ ម្យ៉ាងទៀត កសិករមានទឹកសាបបង្កបង្កើនផលខួបប្រាំងវស្សា មានអគ្គិសនី ទឹកស្អាតប្រើប្រាស់ចុះដល់ជនបទ។ ពិសេស គឺប្រជាជនមានការងារធ្វើគ្រប់គ្នា អាចលក់ដូរ ដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វ។ល។ រកបានប្រាក់ចំណូលលំនឹង សង់ផ្ទះឥដ្ឋស្ទើតែទាំងអស់”។
បច្ចុប្បន្ន ឃុំអាងហ៊ីប គ្រួសារប្រជាជនមានទឹកស្អាតប្រើប្រាស់ជាង៩៩% មានអគ្គិសនីប្រើប្រាស់ទាំង១០០% មាន៥/៦មណ្ឌលសាលាសម្រេចបទដ្ឋានជាតិ ដំណាក់សុខាភិបាលត្រូវបានវិនិយោគកសាងសម្រេចបទដ្ឋាន មានវេជ្ជបណ្ឌិតបម្រើការបានល្អក្នុងការថែទាំសុខភាពប្រជាជន។ល។ លោកង្វៀនវ៉ាន់ហូវ ប្រធានគណៈកម្មាធិការប្រជាជនឃុំអាងហ៊ីប ឲ្យដឹង៖ “អាងហ៊ីប សម្រេចបទដ្ឋានជនបទថ្មី គឺអាស្រ័យការខ្នះខ្នែងរួមវិភាគទានរបស់ប្រជាជនផងដែរ។ រយៈពេលខាងមុខ ឃុំនឹងជំរុញការផ្សព្វផ្សាយ និងមានវិធានការបន្តការរក្សាលើកកម្ពស់គុណភាពលក្ខឋានដែលសម្រេច។ ជាពិសេស គឺលក្ខឋានស្តីពីប្រាក់ចំណូលគ្រួសារក្រីក្រ បរិស្ថាននិងសន្តិសុខសណ្តាប់ធ្នាប់”៕
លីធាន-លីសៀ