ឆ្នាំនេះ កសិករជាច្រើននៅខេត្តសុកត្រាំង ពោរពេញដោយភាពរីករាយ ដ្បិតអី “ដំណាំផ្តល់ទិន្នផលខ្ពស់ ហើយលក់បានថ្លៃ”។ ដាំដំណាំស្របរដូវ ហើយតម្លៃខ្ពស់ ម្ល៉ោះហើយកសិកររកបានប្រាក់ចំណេញច្រើន។
បងផាមក្វឹកថាយ នៅភូមិម៉អ ឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ ប្រមូលផលខ្ទឹមក្រហម។
ជាមួយនឹងផ្ទៃដី២កុង គ្រួសារមីងឡឹមធីឡៀង នៅភូមិរ៉ាច់សេន ឃុំថាញ់ភូ ស្រុកមីស្វៀន ដាំស្ពៃមើមនិងម្ទេស។ មីងឡៀង គិតប៉ាន់ស្មាន៖ បើមើមស្ពៃមួយគីឡូក្រាមតម្លៃ៨.០០០ដុង ក្រោយពីគិតចំណូលចំណាយរួច នៅចំណេញប្រហែល៧លានដុង/កុង។ ដោយសារឃើញលក់បានថ្លៃដូច្នោះ ទើបមីងឡៀង បន្តចុះពូជដាំស្ពៃមើមសម្រាប់ផ្គត់ផ្គង់ទីផ្សារចូលឆ្នាំវៀតណាម២០១៩។ មីងឡៀង ឲ្យដឹង៖ “ស្ពៃមើមងាយដាំទេ មិនសូវចំណាយដើមទុននិងកម្លាំងថែទាំ ចំណែកប្រាក់ចំណេញក៏ខ្ពស់បង្គួរ។ ចាប់ពីចុះពូជរហូតដល់ប្រមូលផលប្រហែល៤៥ថ្ងៃ ម្ល៉ោះហើយក្នុងមួយឆ្នាំខ្ញុំដាំបាន៤រដូវ។ គិតមធ្យមភាគក្នុងមួយរដូវ ចំណេញពី៥ដល់៨លានដុងក្នុង១កុង (យោងតាមតម្លៃទីផ្សារ)។ ព្រោះហេតុដូច្នោះ ក្រោយពេលប្រមូលផលរួច ខ្ញុំរៀបចំដីចុះពូជ ដាំជាបន្តទៀត។ ចំណែកផ្ទៃដីចម្ការ១កុងទៀត ខ្ញុំដាំម្ទេសចម្រុះជាមួយនឹងស្ពៃសាឡាត អំបឹះ ជីវាន់ស៊ុយ ម្ល៉ោះហើយរកបានប្រាក់ចំណូលជាប្រចាំ។ សព្វថ្ងៃ ម្ទេស១គីឡូក្រាមតម្លៃ១៥.០០០ដុង។ ដោយសារដាំដំណាំរួមផ្សំ ទើបជីវភាពគ្រួសារខ្ញុំបានធូរធារបង្គួរ”។
សព្វថ្ងៃ កសិករនៅភូមិរ៉ាច់សេន សង្ឃឹមថា រដូវកាលនឹងអំណោយផលក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម២០១៩។ ដ្បិតអី រយៈពេលនេះ អាកាសធាតុអំណោយផល តិចមានជំងឺ ដង្កូវ ដំណាំលូតលាស់ល្អនិងសម្រេចបានទិន្នផលខ្ពស់។ល។ ម្យ៉ាងទៀត ជារដូវដំណាំចុងឆ្នាំ តម្រូវការប្រើប្រាស់ក៏ច្រើន តម្លៃលក់ក៏ខ្ពស់។ តាមប្រសាសន៍របស់លោកសើុងអ៊ុយ ប្រធានភូមិរ៉ាច់សេន ឲ្យដឹង៖ ទូទាំងភូមិមានប្រជាជនជាង៩០០គ្រួសារ ក្នុងនោះ គ្រួសារដែលដាំដំណាំរួមផ្សំគឺជាង៧០០គ្រួសារ សរុបផ្ទៃដីជិត៤០ហិកតា។ សព្វថ្ងៃ ដោយសាររដ្ឋបានវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ សម្រេចរួចរាល់ ប្រឡាយទឹកបានជីកស្តារជាប្រចាំ ធានាមានទឹកសាបខួបឆ្នាំ ងាយស្រួលដល់ការបង្កបង្កើនផល។ ប៉ុន្មានឆ្នាំជិតៗនេះទម្រង់ដាំដំណាំរួមផ្សំបានជួយមាមីងខ្មែរឈានឡើងចាកផុតពីភាពក្រីក្រនិងធ្វើមានធ្វើបាន។ កាលពី២ឆ្នាំមុន ភូមិរ៉ាច់សេនមានគ្រួសារក្រីក្រ១៥០គ្រួសារ មកទល់ឥឡូវនៅតែជាង២០គ្រួសារប៉ុណ្ណោះ”។
ជាមួយនឹងឧត្តមភាពដីឥដ្ឋល្បាយខ្សាច់ បានជាប៉ុន្មានឆ្នាំជិតៗនេះ ជនបទនៅតំបន់ប្របមាត់សមុទ្រស្រុកត្រឹងដេ មានការរីកចម្រើនយ៉ាងខ្លាំងខាងដំណាំខ្ទឹមក្រហម ហើយសព្វថ្ងៃកំពុងដាំលើផ្ទៃដីជាង៧១ហិកតា។ បងផាមក្វឹកថាយ នៅភូមិម៉អ ឃុំទ្រុងប៊ិញ កំពុងប្រមូលផលខ្ទឹមក្រហម ឲ្យដឹង៖ “ឆ្នាំនេះខ្ញុំដាំខ្ទឹមក្រហម៤កុង។ ដោយសារអាកាសធាតុអំណោយផល ទើបខ្ទឹមក្រហមលូតលាស់ល្អ។ សព្វថ្ងៃតម្លៃឈ្នួញកក់ប្រាក់ទិញ១គីឡូក្រាម១៦.០០០ដុង ក្រោយពីទូទាត់ចំណូលចំណាយរួច ខ្ញុំនៅចំណេញប្រហែល៨០លានដុង។ បើប្រៀបនឹងការផលិតស្រូវ ដាំខ្ទឹមក្រហមចំណាយកម្លាំងថែទាំនឿយហត់បន្តិចក៏ពិតមែន ប៉ុន្តែរកបានប្រាក់ចំណេញច្រើន”។
យោងតាមផ្នែកកសិកម្មស្រុកត្រឹងដេ ក្រៅពីតំបន់ជំនាញដាំដំណាំ ផ្នែកកសិកម្មកំពុងយកចិត្តទុកដាក់ផ្សព្វផ្សាយគម្រោង នាំយកដំណាំរួមផ្សំចុះទៅដាំលើស្រែ។ បច្ចុប្បន្ន ដោយសារសមស្របនឹងលក្ខណៈដីធ្លីនិងរកបានប្រាក់ចំណេញខ្ពស់ ម្ល៉ោះហើយ ដំណាំខ្ទឹមក្រហម ត្រូវបានកសិករជាច្រើនជ្រើសធ្វើជាដំណាំមុខព្រួញ។ ក្រៅពីនោះ ដំណាំឪឡឹកក៏ត្រូវបានកសិករជាច្រើនដាំលើស្រែ ក៏រកបានប្រាក់ចំណេញយ៉ាងខ្ពស់បង្គួរផងដែរ។ រយៈពេលខាងមុខ ដំណាំ២ប្រភេទនេះនឹងបានផ្នែកកសិកម្ម កសាងផ្លាកសញ្ញាពាណិជ្ជកម្ម ដើម្បីមាមីងបង្កបង្កើនផលតាមទិសដៅសុវត្ថិភាពអនាម័យម្ហូបអាហារ៕
យ្វីអាញ់ - ធី