ថ្មីៗនេះ “លេចឮ” ស្ថានភាពលក់ទ្រព្យសម្បត្តិស៊ីចាយ បញ្ចាំគ្រឿងអលង្ការផ្ទាល់ខ្លួន ហើយបង្កើតរឿងថា ត្រូវចោរប្លន់ រួចរាយការណ៍ទៅនគរបាល ដើម្បីបន្លំភ្នែកគ្រួសារ។ ទទួលបានដំណឹងភ្លាម កងនគរបាលទីក្រុងកឹងធើ ប្រញាប់ចាត់វិធានការលើករណីដែលរាយការណ៍ក្លែងក្លាយអំពីបទល្មើស។ កងកម្លាំងសមត្ថកិច្ច ក៏បានព្រមានប្រជាជនថា នេះគឺជាអំពើប្រព្រឹត្តល្មើសច្បាប់ នឹងរងការពិន័យតាមបទប្បញ្ញត្តិនៃច្បាប់។

នគរបាលទីក្រុងកឹងធើ តែងផ្សព្វផ្សាយអំពីច្បាប់ដើម្បីប្រជាជនយល់ច្បាស់ ចៀសវាងអំពើប្រព្រឹត្តល្មើសដែលមិនគួរកើតមាន។
ថ្មីៗនេះ នគរបាលទីក្រុងកឹងធើ ចាត់វិធានការជាបន្ទាន់លើករណីរាយការណ៍ក្លែងក្លាយថា ត្រូវចោរប្លន់ទ្រព្យសម្បត្តិ។ ចំណុចរួម គួរកត់សម្គាល់នោះគឺ អ្នកដែលរាយការណ៍ក្លែងក្លាយថាចោរប្លន់នោះ គ្មានបំណងចង់កេងចំណេញពីអ្នកដទៃ ឬរដ្ឋឡើយ គ្រាន់តែចង់បិទបាំងអំពីការចាយវាយ ប្រើប្រាស់ បញ្ចាំទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីគេចវេះពីទំនួលខុសត្រូវចំពោះគ្រួសារ សាច់ញាតិតែប៉ុណ្ណោះ។ អ្នករាយការណ៍ក្លែងក្លាយ ចង់បង្កើត “បទល្មើស” មួយពីខាងក្រៅដើម្បីបង្វែរសាច់រឿង បង្កើតបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួនទៅជាបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
ដូចជាករណីរបស់បងស្រី T.V (អាយុ ២៣ ឆ្នាំ) នៅសង្កាត់អូរម៉ូង បងស្រី T.V បានរាយការណ៍ថាត្រូវចោរប្លន់អស់ ១១១ លានដុង និងក្រដាសស្នាមផ្ទាល់ខ្លួន។ នគរបាលសង្កាត់អូរម៉ូង ប្រញាប់ចុះទៅកន្លែងកើតហេតុ ធ្វើការពិនិត្យ បញ្ជាក់មើលកាម៉េរ៉ា រួចបានដឹងច្បាស់ថា ការរាយការណ៍របស់បងស្រី T.V គឺខុសពីការពិត។ នៅស្ថាប័នស៊ើបអង្កេត បងស្រី T.V រៀបរាប់ថា មកពីបានចាយអស់ ១១១ លានដុង (ជាលុយរបស់ម្តាយបង្កើតនិងប្តី) ក្នុងទិសដៅផ្សេង ខណៈពេលម្តាយបងស្រី T.V ឱ្យទៅដកលុយជូនគាត់វិញ បងស្រីក៏មានគំនិត រាយការណ៍ទៅនគរបាលថាត្រូវចោរប្លន់ ដើម្បីបន្លំភ្នែកគ្រួសារកុំឱ្យម្តាយជេរស្តី។
ទង្វើរបស់បងស្រី T.V គឺខុសច្បាប់។ ត្រង់មាត្រា ៧ អនុក្រឹត្យ ១៤៤/២០២១/NĐ-CP របស់រដ្ឋាភិបាល កំណត់អំពីការពិន័យលើបទល្មើស រដ្ឋបាលក្នុងវិស័យសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម; បង្ការបង្រ្កាប់បាបគ្រោះសង្គម; បង្ការនិងពន្លត់អគ្គិភ័យ; ជួយសង្រ្គោះ; បង្ការបង្រ្កាប់អំពើហិង្សាគ្រួសារ និងសេចក្តីកំណត់អំពីបទរាយការណ៍ក្លែងក្លាយ មិនពិតដល់ស្ថាប័នសមត្ថកិច្ច អាចនឹងរងការពិន័យពី ២-៣ លានដុង។
ចំពោះករណីរាយការណ៍ក្លែងក្លាយអំពីឧក្រិដ្ឋកម្ម ឬអំពើផ្សេងៗទៀតបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ កម្រិតពិន័យអាចនឹងខ្ពស់ជាងឡើងដល់រាប់រយលានដុង ពុំនោះសោត អាចនឹងទទួលទោសខាងព្រហ្មទណ្ឌ យោងទៅតាមលក្ខណៈនិងកម្រិតធ្ងន់ធ្ងរនៃហេតុការណ៍។ ម្យ៉ាងទៀត អ្នកប្រព្រឹត្តល្មើសរាយការណ៍ក្លែងក្លាយពីករណីចោរប្លន់ ត្រូវប្រឈមនឹងផលប៉ះពាល់បាត់ទំនុកចិត្តពីគ្រួសារ មិត្តភក្តិនិងសហគមន៍។
ឆ្លងតាមរយៈនៃករណីខាងលើ នគរបាលទីក្រុងកឹងធើ បានក្រើនរំលឹកប្រជាជនគប្បីលើកកម្ពស់ការយល់ដឹងច្បាប់ អនុវត្តគោលការណ៍ ស្មោះត្រង់ខណៈពេលធ្វើការជាមួយនឹងស្ថាប័នសមត្ថកិច្ច។ រាល់អំពើឆ្លៀតឱកាសការទុកចិត្តរបស់រដ្ឋ ដើម្បីដោះស្រាយបញ្ហាឯកជន គេចវេះទំនួលខុសត្រូវផ្ទាល់ខ្លួន សុទ្ធសឹងតែបានរកឃើញការពិតនិងចាត់វិធានការតាមនីតិវិធី។
ទង្វើរាយការណ៍ក្លែងក្លាយករណីលួចប្លន់ ដើម្បីបិទបាំងទោសកំហុសខ្លួនឯង ទោះបីផ្តើមចេញពីភាពភ័យខ្លាច ឬរងសម្ពាធពីគ្រួសារ គឺមិនអាចទទួលយកបាន។ គ្រប់គ្នាគប្បីលើកកម្ពស់ការយល់ដឹង ត្រូវតែទទួលនិងដោះស្រាយបញ្ហាផ្ទាល់ខ្លួនដោយភាពស្មោះត្រង់និងទំនួលខុសត្រូវ។ នោះគឺជាវិធីមួយដ៏ល្អបំផុតដើម្បីការពារខ្លួនឯង ការពារគ្រួសារ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ទីក្រុងផង៕
យោង៖ Baocantho.com.vn- ប្រែសម្រួល៖ លីសៀ