ជាង២០ឆ្នាំកន្លង ទន្ទឹមនឹងការគិតគូរការងារសាសនា ព្រះតេជព្រះគុណថិតទ្រីមិញ ព្រះចៅអធិការវត្តភឿកតឿង ឃុំផុងភូ ស្រុកកូវកែ ខេត្តត្រាវិញ តែងយកព្រះទ័យទុកដាក់ឧបត្ថម្ភដល់អ្នកមានស្ថានភាពលំបាក និងគាំពារចិញ្ចឹមសិស្សក្រីក្រ១៤៦នាក់ ក្នុងនោះ មានកូនចៅជនរួមជាតិខ្មែរ៧០នាក់។
ព្រះតេជព្រះគុណថិតទ្រីមិញ ជូនអំណោយដល់សិស្សក្រីក្រសង្វាតរៀនសូត្រ។
វត្តភឿកតឿង ស្ថិតនៅតំបន់ជ្រៅចំណុះភូមិ១ ឃុំផុងភូ ស្រុកកូវកែ។ ជាង១០ឆ្នាំមកនេះ ព្រះតេជព្រះគុណ ថិតទ្រីមិញ បានកសាងរោងបាយមួយដោយឡែកសម្រាប់ចម្អិនម្ហូបអាហារមនុស្សធម៌ដល់សិស្សក្រីក្រ១៤៦នាក់ នៅតាមឃុំនានា ដូចជា៖ ផុងភូ ផុងថាញ់ និញថើយ ចូវដៀង (ស្រុកកូវកែ) សព្វថ្ងៃកំពុងរៀននៅសាលាមធ្យមសិក្សាចំណេះទូទៅផុងភូ។
ព្រះតេជព្រះគុណថិតទ្រីមិញ មានថេរដីកា៖ “អាត្មាគិតថា សិស្សក្រីក្រ គ្រួសារមានស្ថានភាពលំបាក ប្រសិនបើសង្គមខ្វះការយកចិត្តទុកដាក់ គឺប្អូនៗងាយនឹងបោះបង់ចោលការសិក្សារៀនសូត្រ។ ព្រោះហេតុនោះ អាត្មាភាពបានទាក់ទងជាមួយនឹងសាលារៀនក្ដាប់បញ្ជីគ្រួសារក្រីក្រ ហើយទទួលដោយគ្មានកំណត់ចំពោះសិស្សដែលមានស្ថានភាពគ្រួសារជួបលំបាក; ជួយឲ្យប្អូនៗមានលក្ខណសម្បត្តិរៀនសូត្របានចប់ចុងចប់ដើម ក្លាយជាអ្នកចេះដឹង។ ចំពោះសិស្សមានស្ថានភាពលំបាកក្នុងជនរួមជាតិខ្មែរ តែងបង្កលក្ខណសម្បត្តិជូនប្អូនៗរៀនសូត្របានល្អ មានការយល់ដឹងត្រឹមត្រូវ លើកកម្ពស់កម្រិតវិជ្ជា អនាគតមានប្រយោជន៍ដល់សង្គមនិងគ្រួសារ លំនឹងជីវភាព ឈានឡើងចាកផុតពីភាពក្រីក្រ”។
ឆ្នាំ២០១៨ ក្រៅពីការផ្តល់ជូនកង់ដល់សិស្សក្រីក្រ ជូនអំណោយដល់ជនរួមជាតិក្រីក្រ សង់ផ្ទះមេត្តាធម៌ កសាងស្ពានបេតុងនៅឃុំថុងហ្វា ឧបត្ថម្ភដាក់អណ្តូងស្នប់ ដាក់បំពង់ផ្គត់ផ្គង់ទឹក ស្អាតជូនគ្រួសារក្រីក្រ ឧបត្ថម្ភអ្នកជំងឺក្រីក្រ និងឧបត្ថម្ភនិស្សិតក្រីក្ររៀននៅសាកលវិទ្យាល័យកឹងធើ១១នាក់ ព្រះតេជព្រះគុណថិតទ្រីមិញ នៅទាំងឧបត្ថម្ភអាហារូបករណ៍១០០ចំណែកទៀតក្នុងមួយចំណែកៗតម្លៃ១លានដុង ជូនប្អូនៗមានស្ថានភាពគ្រួសារខ្វៈខាត។ ប្អូនថាច់ធីច័ន្ទថន នៅភូមិព្រើម ឃុំចូវដៀង ជាសិស្សថ្នាក់ទី១២A សាលាមធ្យមសិក្សាចំណេះទូទៅផុងភូ ឲ្យដឹង៖ “គ្រួសារប្អូនក្រណាស់ ហើយនៅឆ្ងាយពីសាលារៀនទៀត ប៉ុន្មានឆ្នាំនេះ ដោយសារការលើកទឹកចិត្ត និងឧបត្ថម្ភគាំពាររបស់ព្រះតេជព្រះគុណ ថិតទ្រីមិញ។ ព្រះអង្គឧបត្ថម្ភប្អូនតាំងពីកង់ សិក្ខូបករណ៍ ម្ហូបអាហារ។ល។ ប្អូនត្រេកអរណាស់! ប្អូននឹងខិតខំរៀនសូត្រឲ្យបានពូកែ ដើម្បីមិនឲ្យខកនឹងបំណងដែលព្រះអង្គឧបត្ថម្ភគាំពារ”។
លោកឃឺវជីកឿង ប្រធានគណៈកម្មាធិការប្រជាជនឃុំផុងភូ បញ្ជាក់ឲ្យដឹង៖ “ព្រះតេជព្រះគុណថិតទ្រីមិញ គឺជាគំរូល្អមួយក្នុងចំណោមគំរូល្អទាំងឡាយ។ រួមជាមួយនឹងសប្បុរសជនក៏ដូចជាគណៈកម្មការវត្ត រួមចំណែកកសាងផែនមហាសាមគ្គីទូទាំងជនជាតិ។ ពិសេស ព្រះតេជព្រះគុណថិតទ្រីមិញ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងឃុំវប្បធម៌ ជនបទថ្មី ផ្សារភ្ជាប់ នឹងផ្លូវគមនាគមន៍ជនបទ និងទម្រង់កាត់បន្ថយភាពក្រីក្រ”៕
សឺនម៉ាល័យ-វិមាន