ជាង២០ឆ្នាំបម្រើការការងាររណសិរ្ស លោកលីហុងភឿក កើតឆ្នាំ១៩៥៩ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ស្រុកថើយឡាយ ក្រុងកឹងធើ តែងលើកកម្ពស់ស្មារតី តួនាទីក្នុងការផ្សព្វផ្សាយចលនា ប្រមូលផ្តុំប្រជាជន ពិសេសគឺជនរួមជាតិខ្មែរ ដើម្បីកសាងធ្លុងមហាសាមគ្គីទូទាំងប្រជាជន។
លោកលីហុងភឿក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភមិវៀតណាម ស្រុកថើយឡាយ ក្រុងកឹងធើ។
ចាប់តាំងពីឆ្នាំ១៩៧៨ដល់ឆ្នាំ១៩៩០ លោកលីហុងភឿក បម្រើការនៅក្នុងផ្នែកអប់រំ ថែមទាំងចូលរួមការងារការិយាល័យនៃគណៈកម្មាធិការប្រជាជន ទីប្រជុំជនអូម៉ូង ស្រុកអូម៉ូងពីឆ្នាំ១៩៩០-១៩៩៥។ ក្រោយមក លោកត្រូវបានបញ្ជូនមកស្រុកថើយឡាយ ហើយកាន់តំណែងជាអនុប្រធានរណសិរ្សមាតុភូមិវៀតណាមស្រុក។ នៅពេលផ្លាស់ប្តូរការងារមកបម្រើការផ្នែករណសិរ្ស ចំពោះលោក ការងារទាំងអស់គឺសុទ្ធតែថ្មីថ្មោង ពិតជាលំបាកខ្លាំងណាស់។ ខ្ញុំត្រូវធ្វើការបណ្តើរ រៀនសូត្របណ្តើរ។ ជាងនោះទៅទៀតគឺសកម្ម ចូលរួមវគ្គបំពាក់បំប៉ន់នៅភូមិភាគ និងមជ្ឈិមអំពីការងាររណសិរ្ស។ល។ អាស្រ័យហេតុនោះ ចំណេះដឹងមុខជំនាញរបស់ខ្ញុំក៏បានបង្កើន ហើយបម្រើការក៏បានល្អជាង ការងារជាសន្សឹមៗមានរបៀបរៀបរយល្អ” - លោកភឿក ឲ្យដឹងដូច្នេះ ។
ស្រុកថើយឡាយមានគ្រួសារជនរួមជាតិខ្មែរប្រមាណ១.១០០ ដោយមានបណ្តាជនប្រមាណជិត៤៦០០០នាក់។ ថ្វីត្បិតតែស្ថានការណ៍សន្តិសុខ-សណ្តាប់ធ្នាប់ក្នុងតំបន់ជនជាតិមានស្ថេរភាពក៏ដោយ ប៉ុន្តែប្រជាជនភាគច្រើនគឺមិនសូវយល់ដឹងអំពីគោលការណ៍ គោលនយោបាយនិងច្បាប់របស់បក្សនិងរដ្ឋ។ ទទួលបន្ទុកផ្នែកការជនជាតិនិងសាសនា រូបលោកផ្ទាល់គឺជាជនជាតិខ្មែរ ម៉្លោះហើយគាត់មានភាពងាយស្រួលក្នុងការខិតជិត ផ្សព្វផ្សាយនិងវិភាគច្បាស់នូវរបបគោលនយោបាយក៏ដូចជាចលនាប្រមូលផ្តុំប្រជាជនរួមគ្នាកសាងធ្លុងមហាសាមគ្គីទូទាំងប្រជាជន។
ជាង២០ឆ្នាំ បម្រើការផ្នែករណសិរ្ស លោកលីហុងភឿក បានមានសំណើរល្អៗ ត្រឹមត្រូវជាច្រើន សមស្របនិងទាន់ពេលវេលា រួមចំណែកជាមួយភូមិភាគ អនុវត្តទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ជាមួយនឹងតួនាទី ជាប្រធានរណសិរ្សមាតុភូមិ ស្រុកថើយឡាយ លោកបានចង្អុលការក្នុងប្រព័ន្ធរណសិរ្សស្រុក សហការជាមួយអង្គការសមាជិកនានា ណែនាំនិងបង្កលក្ខណៈងាយស្រួល ដើម្បីសាសនាទាំងឡាយ សកម្មភាពត្រឹមត្រូវស្របតាមក្រឹត្យច្បាប់ រដ្ឋធម្មនុញ្ញនិងធម៌អាថ៌វិន័យនៃសាសនានីមួយៗ។ ណែនាំជនរួមជាតិចូលរួមការចលនា សកម្មភាព ប្រឡងប្រណាំងស្នេហាជាតិ។ល។ ណែនាំអ្នកមុខអ្នកការសាសនា និងសាសនិកទាំងឡាយ ប្រឆាំងនឹងការឃោសនាមួលបង្កាច់ឈក់ឱកាសបញ្ហាជនជាតិ សាសនា ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស បង្កឲ្យខូចសន្ដិសុខនិងសណ្តាប់ធ្នាប់។ រាល់ឆ្នាំ លោកតែងចង្អុលការដល់រណសិរ្សគ្រប់ថ្នាក់ក្នុងស្រុករៀបចំទៅសួរសុខទុក្ខ ជូនអំណោយនាឱកាសបុណ្យទាន មានដូចបុណ្យចូលឆ្នាំរបស់ជនរួមជាតិជាដើម។ រៀបចំវគ្គបំពាក់បំប៉ន់ លើកកម្ពស់ចំណេះដឹងខាងក្រឹត្យច្បាប់ គោលនយោបាយជនជាតិនិងសាសនារបស់បក្សនិងរដ្ឋ។ល។ ផ្តើមពីនោះ រួមចំណែកបើកទូលាយនិងពង្រឹងធ្លុងមហាសាមគ្គីទូទាំងប្រជាជន។
ឆ្នាំ២០១៩ លោកលីហុងភឿក គ្រប់អាយុចូលនិវត្តន៍តាមបទកំណត់។ លោកចែករំលែក៖ “ក្នុងអំឡុងពេលខ្ញុំនៅជាកម្មាភិបាលរណសិរ្ស ប្រការដែលខ្ញុំរីករាយបំផុតគឺខ្ញុំជាមួយនឹងអង្គការសមាជិក រដ្ឋអំណាចគ្រប់ថ្នាក់បានរៀបចំ ចលនា បង្កើត“មូលនិធិដើម្បីអ្នកក្រ” របស់ស្រុកសម្រេច៤០០លានដុង/ឆ្នាំ។ ដោយមានប្រភពមូលនិធិនេះ បានជួយដល់គ្រួសារក្រីក្ររាប់រយគ្រួសារ គ្រួសារគ្មានលក្ខណៈសេដ្ឋកិច្ច ជួសជុលសង់ផ្ទះថ្មី។ល។ ខ្ញុំគិតថា ប្រជាជនចង់ចាកផុតពីភាពក្រីក្រ ជាពិសេស គឺជនរួមជាតិខ្មែរត្រូវមានផ្ទះនៅលំនឹង សមរម្យ ។ ហេតុដូច្នេះ ក្រោយពីចូលនិវត្តន៍ ខ្ញុំនៅតែបន្តរួមកម្លាំងកាយចិត្ត ប្រើកិត្យានុភាពរបស់ខ្លួន រួមជាមួយភូមិភាគ ចលនាបង្កើតមូលនិធិដើម្បីអ្នកក្រ” រាល់ឆ្នាំសម្រេចលទ្ធផលល្អ ដើម្បីប្រជាជន ជនរួមជាតិខ្មែរបាន “រស់នៅសុខ រកទទួលទានសុខ “៕
អត្ថបទ&រូបថត៖ ថាញឡុង