មកកាន់ឃុំឡាកហ្វា ស្រុកវិញចូវ ខេត្តសុកត្រាំង សួររកព្រះតេជគុណតាំងវណ្ណា ព្រះចៅអធិការវត្តតាំងយូរ នរណាក៏ដឹងស្គាល់ទាំងអស់។ ព្រោះព្រះអង្គមិនត្រឹមតែអស់ពីព្រះទ័យគិតគូរការងារវត្តអារាមប៉ុណ្ណោះទេ ព្រះអង្គថែមទាំងរួមចំណែកក្នុងការងារអប់រំនៅភូមិភាគទៀតផង។
ព្រះតេជគុណតាំងវណ្ណា ព្រះចៅអធិការវត្តតាំងយូរ។
“តាំងពីទទួលនាទីជាព្រះចៅអធិការ ព្រះតេជគុណវណ្ណា បានកសាងថ្មី ជួសជុលកុដិ សាលា បណ្ណាល័យ។ល។ យ៉ាងសមរម្យ និងគិតគូរការសិក្សារៀនសូត្ររបស់ព្រះសង្ឃ។ ព្រះតេជគុណមានព្រះទ័យសន្ដោស ហើយចលនាមាមីងពុទ្ធបរិស័ទរស់នៅតាមគន្លងធម៌របស់ព្រះសម្មាសម្ពុទ្ធ រស់នៅនិងប្រព្រឹត្តអំពើល្អ ម៉្លោះហើយព្រះអង្គតែងបានពុទ្ធបរិស័ទគោរពរាប់អាន” - លោកហានឌិញ ប្រធានគណៈកម្មការវត្តតាំងយូរ ឲ្យដឹង អំពីព្រះតេជគុណតាំងវណ្ណាដូច្នេះ។
នៅចំពីមុខវត្តគឺ សាលាវិទ្យាល័យវិញហាយ កសាងយ៉ាងសមរម្យ រួមមានបន្ទប់រៀន១៥ បន្ទប់ធ្វើការ១០បន្ទប់ បរិវេណជិត៩.០០០ម៉ែត្រការ៉េ។ ដីនេះអាស្រ័យព្រះតេជគុណតាំងវណ្ណាបរិច្ចាគ។ រៀងរាល់ឆ្នាំ មានសិស្សានុស្សិសនៅឃុំវិញហាយ ឡាកហ្វានិងសង្កាត់២របស់ក្រុងវិញចូវ មករៀនជិត៤០០រូប។ សាលាបានរួមចំណែកយ៉ាងច្រើនក្នុងការបង្កើនប្រជាបញ្ញាក្នុងជនរួមជាតិខ្មែរនៅតំបន់ជ្រៅ តំបន់ឆ្ងាយ។ ចំពោះការបរិច្ចាគដី ព្រះតេជគុណតាំងវណ្ណា មានព្រះថេរដីកា៖ “មុននេះ បើចង់រៀនវិទ្យាល័យ កូនចៅខ្មែរតែងធ្វើដំណើរទៅដល់ទីរួមខេត្ត។ មានគ្រួសារខ្លះ ក្រខ្សត់ក៏ឲ្យកូនឈប់រៀន។ ម៉្លោះហើយ ឆ្នាំ២០០៥ បានការព្រមព្រៀងពីគណៈកម្មការវត្តអាត្មាភាពបរិច្ចាគដីជូនរដ្ឋកសាងសាលារៀនតែម្ដង។ ម៉្យាងវិញទៀត មានសាលារៀនអាចនឹងបណ្ដុះបណ្ដាលយុវវ័យជំនាន់ក្រោយ បង្កើនកម្រិតវប្បធម៌”។ ព្រះតេជគុណនៅទាំងបង្កលក្ខណសម្បត្តិងាយស្រួលដល់ព្រះសង្ឃក្នុងវត្តស្ងប់ព្រះទ័យរៀនធម៌វិន័យ អក្សរសាស្រ្ត។ បច្ចុប្បន្ន ក្នុងវត្តមានព្រះសង្ឃកំពុងសិក្សានៅសាលាមធ្យមសិក្សា បំពេញវិជ្ជាបាលីណាមបូ២អង្ក វិទ្យាស្ថានពុទ្ធសាសនាខ្មែរក្រុងកឹងធើ២អង្គ មហាវិទ្យាល័យច្បាប់ក្រុងហូជីមិញ២អង្គ និងអនុបណ្ឌិតក្នុងនិងក្រៅប្រទេស២អង្គ។ “ព្រះសង្ឃបួសរៀនក្នុងវត្តភាគច្រើនជាកូនអ្នកក្រីក្រ ម៉្លោះហើយអាត្មាតែងចលនានិងបង្កលក្ខណសម្បត្តិងាយស្រួលដល់ការបួសរៀនរបស់ព្រះសង្ឃ។ ចំពោះអាត្មាភាព វិជ្ជាគឺជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន។ អាស្រ័យហេតុនេះ ព្រះសង្ឃកំពុងរៀនវិទ្យាល័យ វិទ្យាស្ថាន មហាវិទ្យាល័យនិងអនុបណ្ឌិត ពេលជួបលំបាក អាត្មាតែងឧបត្ថម្ភថវិកាមួយចំនួនដើម្បីព្រះសង្ឃស្ងប់ព្រះទ័យសិក្សារៀនសូត្រ ថ្ងៃក្រោយបម្រើការជូនសង្គម”-ព្រះតេជគុណវណ្ណា មានថេរដីកាដូច្នេះ។ ជាច្រើនឆ្នាំមកនេះ នៅវត្តតាំងយូរ ព្រះតេជគុណតែងបើកថ្នាក់បង្រៀនភាសាបាលី ជូនព្រះសង្ឃក្នុងវត្តនិងវត្តដទៃមកសិក្សារៀនសូត្រ។
ថ្វីដ្បិតតែជាកូនអ្នកក្រ គ្មានលក្ខណសម្បត្តិរៀនសូត្រ ពេលអាយុ១៦ឆ្នាំ ព្រះតេជគុណវណ្ណា ចូលបួសនៅវត្តតាំងយូរ ដើម្បីសិក្សារៀនសូត្រធម៌វិន័យ អក្សរសាស្រ្ត។ ដោយឃើញព្រះអង្គមានភាពស្រគត់ស្រគំ ឧស្សាហ៍ព្យាយាម ឆ្នាំ២០០៤ គណៈកម្មការវត្តនិងពុទ្ធបរិស័ទតែងតាំងជាព្រះចៅអធិការវត្តមកទល់បច្ចុប្បន្ន។ តាំងពីនោះ ព្រះអង្គតែងអស់ពីព្រះទ័យគិតគូរកសាងវត្តអារាមយ៉ាងសមរម្យ និងបង្កលក្ខណសម្បត្តិងាយស្រួលដល់ព្រះសង្ឃបួសរៀនធម៌វិន័យ អក្សរសាស្រ្ត ម្ល៉ោះហើយបានពុទ្ធបរិស័ទគោរពរាប់អាន។ ក្នុងឋានៈជាអនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងវិញចូវ ព្រះតេជគុណតែងចលនា ផ្សព្វផ្សាយនូវគោលការណ៍គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋជូនជនរួមជាតិខ្មែរ។ អស់ពីព្រះទ័យជាមួយសាសនា ជាមួយសង្គម ឆ្នាំ២០០៩ ព្រះតេជគុណ បាននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ប្រគេនប័ណ្ណសរសើរសម្រេចស្នាដៃឆ្នើមក្នុងការចលនាសង្គមូបនីយកម្ម បរិច្ចាគដីកសាងសាលារៀនរួមចំណែកក្នុងបុព្វហេតុកសាងសង្គមនិងការពារប្រទេសជាតិ៕
យ៉ីអាញ-ទីទុយ