រយៈកាលកន្លង ព្រះតេជព្រះគុណសេីុងត្រេវ អនុប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិស្រុកចូវថាញ់ ខេត្តត្រាវិញ ព្រះចៅអធិការវត្តព្រះពន្លាជ័យ ឃុំលឿងហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ តែងសកម្មចូលរួមក្នុងការផ្សព្វផ្សាយ ចលនាពុទ្ធបរិស័ទប្រើប្រាស់អគ្គិសនីសុវត្ថិភាព។
ព្រះតេជព្រះគុណសេីុងត្រេវ និងពូថាច់ឡេ កំពុងតាមដានស្វែងយល់ព័ត៌មាន
តាមរយៈកាសែតកឹងធើភាសាខ្មែរ និងកាសែតត្រាវិញ។
ព្រះតេជព្រះគុណសេីុងត្រេវ តែងតាមដានព័ត៌មានថ្មីៗជាប្រចាំ តាមរយៈមធ្យោបាយព័ត៌មានមហាជន។ ឆ្លងតាមរយៈនោះ ជ្រើសព័ត៌មានដែលមានប្រយោជន៍ទាក់ទងដល់ការរស់នៅរួចផ្សព្វផ្សាយជូនពុទ្ធបរិស័ទក្នុងចំណុះជើងវត្ត។ ព្រះអង្គ មានព្រះថេរដីកា៖ “អាត្មាតែងយកព្រះទ័យទុកដាក់ដល់កាសែតខ្មែរពិសេសគឺកាសែតកឹងធើភាសាខ្មែរ ពីព្រោះផ្តល់ព័ត៌មានទាន់ហេតុការណ៍។ ឆ្លងតាមរយៈព័ត៌មាននោះ អាត្មាតែងយកមកផ្សព្វផ្សាយជូនពុទ្ធបរិស័ទដើម្បីមានស្មារតីប្រើប្រាស់អគ្គិសនីក្នុងគ្រួសារ រួមចំណែកការពារអាយុជីវិតកាត់បន្ថយថវិកាជូនគ្រួសារជាដើម”។
ពូថាច់ឡេ គណៈកម្មការវត្តព្រះពន្លាជ័យ ឲ្យដឹង៖ “ព្រះតេជព្រះគុណសេីុងត្រេវតែងយកព្រះទ័យទុកដាក់ដល់ជីវភាពរបស់ពុទ្ធបរិស័ទក្នុងចំណុះជើងវត្ត។ ក្រៅពីផ្សព្វផ្សាយក្នុងវត្តនៅថ្ងៃសីល ព្រះអង្គថែមទាំងឆ្លៀតផ្សព្វផ្សាយបន្ថែមពេលនិមន្តទៅសូត្រមន្តឬក៏ទេសនានៅតាមភូមិ។ ឆ្លងតាមរយៈការផ្សព្វផ្សាយ និងចលនារបស់ព្រះចៅអធិការគ្រួសារ ខ្ញុំមានស្មារតីភ្ញាក់រឭកក្នុងការប្រើប្រាស់អគ្គិសនី។ បច្ចុប្បន្ន គ្រួសារខ្ញុំបង់ថ្លៃអគ្គិសនីពី៣០.០០០ដល់៤០.០០០ដុងរៀងរាល់ខែ តិចជាងបើប្រៀបនឹងមុននេះ”។ បងថាច់ទ្រុង នៅភូមិបត់ចេក ឲ្យដឹង៖ “ពីមុនអាស្រ័យមិនទាន់ច្បាស់ពីការប្រិតសំចៃអគ្គិសនី ម្ល៉ោះហើយខ្ញុំប្រើប្រាស់ប្រភេទអំពូលភ្លើងស៊ីភ្លើងច្រើន ហើយជួនកាលបើកទូរទស្សន៍ចោល។ល។ ក្រោយពីបានស្ដាប់ព្រះតេជព្រះគុណស៊េីងត្រេវ ផ្សព្វផ្សាយពីរបៀបប្រិតសំចៃអគ្គិសនី ខ្ញុំតែងបិទឧបករណ៍ប្រើថាមពល អគ្គិសនី ដូចជា៖ អំពូលភ្លើង កង្ហារជាដើមពេលទៅធ្វើការងារ។ ពិសេស ខ្ញុំអនុវត្តយ៉ាងត្រឹមត្រូវរបៀបប្រើប្រាស់អគ្គិសនីសុវត្ថិភាព ដែលព្រះអង្គណែនាំដើម្បីសុវត្ថិភាពដល់ខ្លួននិងគ្រួសារ”។
ព្រះចៅអធិការសេីុងត្រេវ តែងក្រើនរំឭកពុទ្ធបរិស័ទថា ពេលមិននៅផ្ទះត្រូវបិទកុងតាក់អគ្គិសនី ដើម្បីចៀសវាងហានិភ័យផេ្សងៗ។ ក្នុងវត្តក៏ដូច្នោះ ព្រះអង្គតែងក្រើនរំឭកព្រះសង្ឃប្រើប្រាស់អគ្គិសនីដោយប្រិតសំចៃនិងសុវត្ថិភាព។ បច្ចុប្បន្នវត្តប្រើតែអំពូលភ្លើង Compact សម្រាប់អុជបំភ្លឺ។ តាមថេរដីការបស់ព្រះអង្គ ពីព្រោះប្រភេទអំពូលភ្លើងនេះ ស៊ីភេ្លីងតិចជាង៥ដង និងអាយុកាលក៏វែងជាងបើប្រៀបនឹងអំពូលភ្លើងពងមាន់ធម្មតា៕
សេីុងម៉ាល័យ-វិមាន