រយៈពេលកន្លង មានគ្រួសារជនជាតិខ្មែរក្រីក្រជាច្រើននៅក្រុងកឹងធើ បានចាកផុតពីភាពក្រីក្រឈានឡើងធ្វើមានធ្វើបាន ផ្តើមពីទម្រង់រូបភាពចិញ្ចឹមមាន់។
ហ្វូងមាន់របស់គ្រួសារបងដាវវុាំងយ្វៀក។
គ្រួសារបងដាវវុាំងយ្វៀក នៅមណ្ឌល១២ សង្កាត់ចូវវុាំងលីម ខណ្ឌអ៊ូម៉ូង ជាគ្រួសារចាកផុតពីភាពក្រីក្រកាលពីឆ្នាំ២០១៤។ បងយ្វៀក ឲ្យដឹង៖ "ឆ្នាំ២០១១ ខ្ញុំបានរដ្ឋឲ្យបុលទុន៣០លានដុង ខ្ញុំទិញជ្រូកចិញ្ចឹម ប៉ុន្តែមិនសូវបានចំណេញប៉ុន្មានទេ។ ឆ្នាំ២០១៣ខ្ញុំចាប់ផ្តើមងាកមកចិញ្ចឹមមាន់ស្រុកវិញ ដោយសារតម្លៃមាន់បានលំនឹង ម្ល៉ោះហើយគ្រួសារខ្ញុំចាកផុតពីភាពក្រីក្រ។ សេដ្ឋកិច្ចគ្រួសារបានធូរធារ កូនចៅបានរៀនសូត្រត្រឹមត្រូវក៏ដោយសាររកបានប្រាក់ចំណូលមកពីចិញ្ចឹមមាន់នេះដែរ"។ លក្ខណៈពិសេសនៃការចិញ្ចឹមមាន់គឺបង្វិលដើមទុនបានឆាប់រហ័សចំណាយទុនតិច ហើយងាយលក់ផង។ ថ្វីត្បិតដូច្នោះក្តី កាលពីមុននេះ អាស្រ័យដោយមានរោគឆ្លងរាលដាលស្មុគស្មាញ ដូច្នេះមិនសូវមានអ្នកណាចិញ្ចឹមទេ។ ប៉ុន្មានឆ្នាំជិតៗនេះ រោគឆ្លងរាលដាលលើសត្វស្លាបត្រូវបានបង្ការបង្រ្កាបប្រកបដោយប្រសិទ្ធភាព ម្ល៉ោះហើយមាមីងមិនអល់អែកចិញ្ចឹមមាន់ឡើងវិញ ទ្រង់ទ្រាយចិញ្ចឹមក៏កើនឡើងផងដែរ។ មិនតែប៉ុណ្ណោះ ដោយគ្មានរោគឆ្លងរាលដាល ម្ល៉ោះហើយអ្នកប្រើប្រាស់ក៏មិនបារម្ភពេលទិញសាច់មាន់យកមកទទួលទានដែរ។ អាស្រ័យហេតុនោះ ទីផ្សារមាន់ជាសន្សឹមៗបានឈានឡើងអ្នកចិញ្ចឹម មាន់ក៏មានភាពងាយស្រួលផងដែរ។
បច្ចុប្បន្ន តម្លៃមាន់ស្រុកចាប់៨៥-៩៥ពាន់ដុង/គ.ក ទៅតាមភូមិស្រុកនិងពូជមាន់ចិញ្ចឹមលែង។ ថ្វីត្បិតដូច្នោះក្តី ជាមធ្យមភាគអ្នកចិញ្ចឹមចំណេញចាប់ពី៣០-៤០ពាន់ដុង/គ.ក បានន័យថាលក់ក្នុងមួយលើកចំនួន១.០០០ក្បាល អ្នកចិញ្ចឹមចំណេញពី៣០-៤០លានដុង។ គិតជាមធ្យមភាគចិញ្ចឹមក្នុងមួយលើកៗរយៈពេលជិត៤ខែ ដើម្បីមាន់មានទម្ងន់គ្រប់១,២គ.ក គឺមួយឆ្នាំមាមីងអាចនឹងចិញ្ចឹមបានពី២-៣លើក។ ប្រសិនបើពិនិត្យអំពីការចំណេញលើផ្ទៃដីបង្កបង្កើនផល នោះគឺការចិញ្ចឹមមាន់ក៏មានភាពសមស្របសម្រាប់គ្រួសារមានដីតិច។ ពូយ័ញសុខា នៅភូមិដុងថាំង ឃុំដុងថាំង ស្រុកកើដ ឲ្យដឹងដោយក្តីរីករាយ៖ "អាស្រ័យដោយទម្រង់រូបភាពចិញ្ចឹមមាន់ស្រុកនេះ បានជាមាមីងជាច្រើននៅភូមិដុងថាំងបានចាកផុតពីភាពក្រីក្រ។ ដូចរូបខ្ញុំផ្ទាល់បានចាកផុតពីភាពក្រីក្រ បច្ចុប្បន្ន គ្រួសារច្រើនតែចិញ្ចឹមគោបន្តពូជ ប៉ុន្តែនៅតែរក្សាការចិញ្ចឹមមាន់នេះដែរ។ នេះគឺជាវិធីយករយៈពេលខ្លីចិញ្ចឹមរយៈពេលវែង មានប្រសិទ្ធភាពក្នុងពេលរង់ចាំគោផ្តល់ប្រាក់ចំណូល"។
លោកង្វៀនត្រុងធ្វី ប្រធានគណៈកម្មាធិការប្រជាជនឃុំដុងថាំង ឲ្យដឹង៖ "ចំពោះគ្រួសារក្រីក្រមានដីបង្កបង្កើនផលតិចដូចជាឃុំដុងថាំង ការចិញ្ចឹមមាន់ គឺជាទម្រង់រូបភាពមានប្រសិទ្ធភាពបំផុត។ ជាពិសេសឃុំដុងថាំង បានរៀបចំវគ្គហ្វឹកហាត់បច្ចេកទេសចិញ្ចឹមមាន់ជូនមាមីង។ ក្រោយពីពេលមានលិខិតបញ្ជាក់ខាងការចិញ្ចឹមមាន់ មាមីងនឹងទទួលបានជំនួយដើមទុន និងមានកម្មាភិបាលកសិកម្មចុះទៅដល់ផ្ទះផ្តល់បទពិគ្រោះជាក់ស្តែង។ ទន្ទឹមនឹងនោះ ទម្រង់រូបភាពចិញ្ចឹមសត្វ បង្កបង្កើនផលផ្សេងៗ ឃើញថាការចិញ្ចឹមមាន់គឺជាដំណោះស្រាយមួយ ដើម្បីកសិករចាកផុតពីភាពក្រីក្រប្រកបដោយប្រសិទ្ធភាព៕
ថាច់ថាញ់ភូ-លីសៀ