17/03/2025 - 15:06

ព្រួត​ដៃ​អភិ​រក្ស​វប្ប​ធម៌​របស់​ជន​ជាតិ 

ទន្ទឹម​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​របស់​រដ្ឋ នៅ​តាម​បណ្ដា​វត្ត​ខ្មែរ ពិ​សេស​គឺ​ព្រះ​សង្ឃ​ក្នុង​ខេត្ត បាន​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី។

បង្ហាត់​រាំ​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​នៅ​វត្ត​បឹង​ក្រ​ចាប់​ថ្មី។

ឆ្នាំ​២០២៤ អនុ​វត្ត​គម្រោង “អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​ជន​ជាតិ​ភាគ​តិច ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ទេស​ចរណ៍” ខេត្ត​សុក​ត្រាំង បាន​វិនិ​យោគ​ជាង ២១ ពាន់​លាន​ដុង ដើម្បី​ឧបត្ថម្ភ​ថវិ​កា​ដល់​សិប្ប​ករ​ក្នុង​ការ​រក្សា ផ្សព្វ​ផ្សាយ​អំ​ពី​របៀប​សកម្ម​ភាព​វប្ប​ធម៌ ប្រ​ពៃ​ណី និង​បណ្ដុះ​បណ្ដាល បំ​ពាក់​បំប៉ន បង្ហាត់ បង្រៀន​ដល់​អ្នក​ស្នង​បន្ត; ឧបត្ថម្ភ​ក្រុម​សិល្បៈ​ប្រ​ពៃ​ណី​៣០​ក្រុម រួម​មាន៖ ភ្លេង​ពិណ​ពាទ្យ ១៦ វង់ គ្រឿង​បំ​ពង​សំ​ឡេង ១០ គ្រឿង សម្លៀក​បំ​ពាក់​និង​គ្រឿង​អលង្ការ ៤៤២ ឈុត​។ល។ ឆ្លង​តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​ខេត្ត។

ព្រះ​តេជ​ព្រះ​គុណ​ថាច់​ធឿន ព្រះ​ចៅ​អធិ​ការ​វត្ត​បឹង​ក្រ​ចាប់​ថ្មី ឃុំ​តឹង​ហឹង ស្រុក​ឡុង​ភូ មាន​ថេរ​ដី​កា៖ “ជា​ច្រើន​ឆ្នាំ​មក​នេះ ក្រុម​ទូក​-ង ភ្លេង​ពិណ​ពាទ្យ ក្រុម​សិល្បៈ និង​សម្លៀក​បំ​ពាក់​ខ្មែរ ដែល​រដ្ឋ​ឧបត្ថម្ភ​ដល់​ក្រុម​គឺ​ត្រូវ​បាន​រក្សា​ទុក​ដាក់​ក្នុង​វត្ត។ រៀង​រាល់​ឆ្នាំ អា​ត្មា​ភាព​តែង​អញ្ជើញ​គ្រូ​មក​បង្ហាត់​ភ្លេង របាំ​ជូន​ដល់​កូន​ចៅ​ជន​រួម​ជាតិ ខ្មែរ​ក្នុង​ចំ​ណុះ​ជើង​វត្ត។ គោល​បំ​ណង​គឺ​អភិ​រក្ស​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ”។

ក្រុម​សិល្បៈ​វត្ត​បឹង​ក្រ​ចាប់​ថ្មី សម្តែង​បម្រើ​ទស្ស​និក​ជន​ក្នុង​ឱ​កាស​បុណ្យ​ទាន​ក្នុង​វត្ត។

ទន្ទឹម​នឹង​នោះ នៅ​តាម​វត្ត​ខ្មែរ​ក៏​ជា​កន្លែង​បើក​បង្រៀន​អក្សរ​ខ្មែរ​ជូន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ឱកាស​វិស្សម​កាល​ផង​ដែរ សំ​ដៅ​រួម​ចំ​ណែក​ក្នុង​ការ​ថែ​រក្សា​ភា​សា អក្សរ​សាស្រ្ត​របស់​ជន​ជាតិ។ ព្រះ​ឧបជ្ឈាយ៍ ថាច់​សុង ព្រះ​ចៅ​អធិ​ការ​វត្ត​សិរី​ជុំ​បឹង​ទន្សា ឃុំ​វៀង​អាង ស្រុក​ត្រឹង​ដេ មាន​ថេរ​ដី​កា៖ “តាំង​ពី​ដើម​មក វត្ត​មិន​ត្រឹម​តែ​ជា​កន្លែង​សម្រាប់​ព្រះ​សង្ឃ​បួស​រៀន​នោះ​ទេ ថែម​ទាំង​ជា​សា​លា​រៀន​ទី​ពីរ​សម្រាប់​កូន​ចៅ​ពុទ្ធ​បរិស័ទ​ខ្មែរ​មក​សិក្សា​ទៀត​ផង។ ដ្បិត​អី ក្នុង​ឱកាស​វិស្សម​កាល​រៀង​រាល់​ឆ្នាំ វត្ត​តែង​បើក​បង្រៀន​អក្សរ​ខ្មែរ ដើម្បី​ព្រះ​សង្ឃ​និង​កូន​ចៅ​ពុទ្ធ​បរិ​ស័ទ​រៀន​សូត្រ។ ដោយ​ការ​បួស​រៀន​នៅ​វត្ត មាន​កម្មា​ភិបាល បុគ្គ​លិក អ្នក​រដ្ឋ​ការ​ជា​ច្រើន​ក៏​ចេះ​អក្សរ​ខ្មែរ​ជ្រៅ​ជ្រះ សព្វ​ថ្ងៃ​កំ​ពុង​បម្រើ​ការ​ងារ​នៅ​តាម​ស្ថា​ប័ន​រដ្ឋ ទាំង​នៅ​ក្នុង​និង​ក្រៅ​ខេត្ត។ ចំ​ពោះ​អា​ចារ្យ​បង្រៀន​ក្នុង​វត្ត​នេះ​ទៀត​សោត ក៏​ជា​អ្នក​ធ្លាប់​បួស​រៀន​ច្រើន​វស្សា ដូច្នោះ ​ធា​នា​ថា​ការ​រៀន​ត្រឹម​តែ​ពីរ​បី​ខែ​វិស្ស​មកាល ប្អូនៗ​ច្បាស់​ជា​ចេះ​អាន ចេះ​សរ​សេរ​អក្សរ​ខ្មែរ​ពុំ​ខាន​ឡើយ”។

តាម​ប្រ​សាសន៍​លោក​ឡឹម​ហ្វាង​ម៉ូវ ប្រ​ធាន​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​សុក​ត្រាំង ឆ្នាំ ២០២៤

លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង មាន​វត្ត​ខ្មែរ​ចំ​នួន ៨៦ វត្ត បាន​រៀប​ចំ​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​ជន​រួម​ខ្មែរ​ចំ​នួន ៣០.៥០០ នាក់ ដោយ​មាន​ព្រះ​សង្ឃ​និង​អា​ចារ្យ​បង្រៀន​ចំ​នួន ១.២៥៨ អង្គ​និង​រូប។ ប្រ​ការ​នេះ​បញ្ជាក់​ថា វត្ត​ខ្មែរ​មិន​ត្រឹម​តែ​ជា​កន្លែង​រក្សា​វប្ប​ធម៌​ប្រ​ពៃ​ណី​ជន​ជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កន្លែង​អភិ​រក្ស​និង​ពង្រីក​ភា​សា អក្សរ​សាស្រ្ត​ខ្មែរ​ទៀត​ផង ហើយ​ព្រះ​សង្ឃ​ជា​កត្តា​សំ​ខាន់​ក្នុង​ការ​ប្រ​មូល​ផ្ដុំ រក្សា​សហ​គមន៍​ឱ្យ​មាន​ភាព​សាមគ្គី​និង​អភិវឌ្ឍន៍​ផង​ដែរ៕

យ្វី​អាញ - ថាច់​ធី​

ចែករំលែកអត្ថបទ