ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/04/2025 - 15:36

សម​មិត្ត​ ឡេ​ទ្រុង​កៀង​ នា​យក​មន្ទីរ​ជន​ជាតិនិង​សាសនា​ក្រុង​កឹង​ធើ៖

ជន​រួម​ជាតិ​ភាគ​តិច​រួម​សាមគ្គី​ជិត​ស្និទ្ធ​ ដើម្បី​អភិ​វឌ្ឍ​ក្រុង​ឆាប់​រហ័ស​ប្រកប​ដោយ​ចីរ​ភាព​ 

ក្រុង​កឹង​ធើ ​បច្ចុប្បន្ន​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ចំនួន​ ១៩​  ជន​ជាតិ​ ដោយ​មាន​ ១០​.០៥១​ គ្រួ​សារ​  និង​មាន​មនុស្ស​ប្រ​មាណ​ ៣៦​.៧៩៥​ នាក់​ ស្រូប​អត្រា ​២,៩%​ នៃ​ចំ​នួន​ប្រ​ជា​ជន​ទូ​ទាំង​ក្រុង​។ ក្នុង​នោះ ​ជន​រួម​ជាតិ​ខ្មែរ​ច្រើន​ជាង​គេ ​សរុប​ជាង​ ៦.៥៣០​ គ្រួ​សារ ​ដោយ​មាន​មនុស្ស​ ២៣​.៧៧៨ ​នាក់​។ ​ប៉ុន្មាន​ឆ្នាំ​កន្លង​ ក្រុង​តែង​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ល្អ​ការ​ងារ​ជន​ជាតិ ​គោល​នយោ​បាយ​ជន​ជាតិ​ បង្ក​លក្ខណៈ​ដើម្បី​ជន​រួម​ជាតិ​ភាគ​តិច​អភិ​វឌ្ឍ​លើ​គ្រប់​វិស័យ​។ល។

អំពី​លទ្ធ​ផល​អនុ​វត្ត​ការ​ងារ​ជន​ជាតិ​ គោល​នយោ​បាយ​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​ក្រុង ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​២០២៥ ​របស់​ជន​ រួម​ជាតិ​ខ្មែរ​ សម​មិត្ត​ឡេ​ទ្រុង​កៀង​ នាយក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ក្រុង​កឹង​ធើ ​បាន​ចែក​រំលែក៖

- រយៈ​ពេល​កន្លង​ ពិសេស​ក្នុង​ឆ្នាំ ​២០២៤​ កិច្ច​ការ​ធ្វើ​ឱ្យ​ជាក់​ស្ដែង​គោល​នយោ​បាយ​ភូមិ​ភាគ​និង​ផ្សព្វ​ផ្សាយ​គោល​ការណ៍​របស់​បក្ស ​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​អំពី​ជន​ជាតិ​  ជូន​កម្មា​ភិ​បាល ​បុគ្គ​លិក ​អ្នក​រដ្ឋ​ការ​ក្នុង​ប្រព័ន្ធ​នយោ​បាយ​គ្រប់​លំ​ដាប់​ថ្នាក់​ត្រូវ​បាន​អនុ​វត្ត​យ៉ាង​ល្អ​។ ជន​រួម​ជាតិ​ភាគ​តិច​ ត្រូវ​បាន​ហ្វឹក​ហាត់​ណែ​នាំ​វិទ្យា​សាស្រ្ត ​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត​ បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ ​សត្វ​ចិញ្ចឹម ​ផ្ដើម​ពី​នោះ ​មិន​បង្អង់​បង្កើន​បរិ​មាណ​និង​គុណ​ភាព​ផលិត​ផល ​និង​ទ្រង់​ទ្រាយ​ផលិត​កម្ម​។ល។ អា​ស្រ័យ​ហេតុ​នោះ ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​មាន​ការ​វិវឌ្ឍ​យ៉ាង​ច្រើន​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍ ​សា​លា​រៀន​ ដំណាក់​សុខា​ភិ​បាល ​អគ្គិសនី ​ទឹក​ស្អាត​ ឆ្លើយ​តប​បាន​តម្រូវ​ការ​របស់​ជន​រួម​ជាតិ​។ ចលនា​រៀន​សូត្រ​លើក​កម្ពស់​ប្រជា​បញ្ញា ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស;​ ថែ​រក្សា​វប្ប​ធម៌​ប្រពៃ​ណី​ដ៏​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ; ​ថែទាំ​សុខ​ភាព ​អនា​ម័យ​បរិស្ថាន​ក្នុង​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​ តែង​បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ល្អ; ​ស្ថាន​ភាព​សន្ដិ​សុខ​នយោ​បាយ​ សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ក្នុង​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​តែង​បាន​រក្សា​ខ្ជាប់​។ ​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ ត្រូវ​បាន​ជន​រួម​ជាតិ​ភាគ​តិច​គាំទ្រ ​ចូល​រួម​យ៉ាង​សកម្ម​ និង​មាន​បុគ្គល​ សមូ​ហភាព​ជា​ច្រើន​ដែល​បាន​រួម​ចំ​ណែក​ ត្រូវ​បាន​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​ទទួល​ស្គាល់ ​ស្ងើច​សរ​សើរ​ លើក​តម្កើង​និង​ជូន​រង្វាន់។

សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ ​ជូន​វិញ្ញា​បន​បត្រ​ភា​សា​ខ្មែរ​ដល់​សិស្ស​ដែល​បាន​បញ្ចប់​ថ្នាក់​រៀន​ភា​សា​ខ្មែរ ​ក្នុង​ឱកាស​វិស្សម​កាល​ឆ្នាំ ​២០២៤​។  ​រូប​ថត​៖ ​ផ្តល់​ដោយ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ  ​។

លទ្ធ​ផល​ខាង​លើ​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​ជីវ​ភាព​សម្ភារៈ ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ភាគ​តិច​ បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​អត្រា​គ្រួ​សារ​ក្រីក្រ​រៀង​រាល់​ឆ្នាំ​ថយ​ចុះ​យ៉ាង​ឆាប់​ រហ័ស​។ ​ដើម​ឆ្នាំ ​២០២៥ ​ចំនួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រីក្រ​នៅ​ប្រ​មាណ ​២៩ គ្រួ​សារ​ ស្មើ​នឹង ​០,២៩% ​នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​សរុប​។ ក្នុង​នោះ ​គ្រួ​សារ​ក្រីក្រ​ជា​ជន​ជាតិ​ខ្មែរ​នៅ​ប្រ​មាណ ​២០ ​គ្រួ​សារ ​ថយ​ចុះ ​២២ គ្រួ​សារ ​បើ​ប្រៀប​នឹង​ឆ្នាំ​ ២០២៤​។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​ ជា​ពិសេស​គឺ​ជន​រួម​ជាតិ​ភាគ​តិច​ យល់​កាន់​តែ​ច្បាស់​ពី​គោល​ការណ៍ ​គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ បង្កើត​ការ​ឯក​ភាព​សាមគ្គី​ភាព​ ជិត​ស្និទ្ធ​ជា​មួយ​នឹង​ជន​រួម​ជាតិ​ភាគ​តិច ​ដើម្បី​បុព្វ​ហេតុ​រួម​របស់​ក្រុង​និង​ប្រ​ទេស​ជាតិ​។

 ជន​រួម​ជាតិ​ភាគ​តិច​និយាយ​រួម​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​ មាន​ជីវ​ភាព​វប្ប​ធម៌​យ៉ាង​សម្បូរ​បែប​។ ​រយៈ​ពេល​កន្លង​ មក​នេះ ​តើ​ក្រុង​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដូច​ម្ដេច​ដើម្បី​អភិ​រក្ស ​ពង្រីក​តម្លៃ​វប្ប​ធម៌​ដ៏​ល្អ​របស់​ជន​រួម​ជាតិ​ភាគ​តិច ​ជម្រាប​ប្រ​សាសន៍ ​សមមិត្ត​ ?

 ​ថ្នាក់​រៀន​អក្សរ​ខ្មែរ​នៅ​ភូមិ​ថើយ​ទ្រឿង១​ ឃុំ​ថើយ​ស្វឹង​ ស្រុក​កើ-ដ​។ ​រូប​ថត​៖ ​យ្វី​ឃូយ

- ក្រុង​តែង​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​លើ​ការ​អភិ​វឌ្ឍ​វប្ប​ធម៌​ បង្ក​លក្ខណៈ​ជំ​នួយ​ស្ដារ​ឡើង​វិញ​និង​រក្សា​ទម្រង់​វប្ប​ធម៌​នា​នា​ ដើម្បី​អភិ​រក្ស​ និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ដ៏​ល្អ​ របស់​ជន​រួម​ជាតិ​ភាគ​តិច​។ ​ការ​ងារ​សារ​មន្ទីរ​ អភិ​រក្ស​និង​ពង្រីក​បេតិ​កភណ្ឌ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ សម​ស្រប​ សំ​ណង់​វប្ប​ធម៌​ កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្តក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​ក្រុង​បន្ត​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​អភិ​រក្ស​និង​ជួស​ជុល​។ ​ក្រុង​បាន​ប្រ​មូល​ឯក​សារ​ ត្រួត​ពិនិត្យ​បញ្ជី​វប្ប​ធម៌​អរូបី​របស់​ជន​ជាតិ​ទាំង​ឡាយ​នៅ​លើ​ភូមិ​សាស្រ្ត ​ដើម្បី​បញ្ចូល​ក្នុង​បញ្ជី​បេតិ​កភណ្ឌ​អរូបី​ រួម​មាន​៖ ​សិល្បៈ​សម្ដែង​ប្រ​ជា​ប្រិយ​ ទំ​នៀម​ទម្លាប់​សង្គម​ ពិធី​បុណ្យ​ប្រពៃ​ណី​ ចំ​ណេះ​ដឹង​ប្រជា​ប្រិយ ​(ម្ហូប​អាហារ​ សម្លៀក​បំ​ពាក់​ វេជ្ជ​សាស្ត្រ​បុរាណ​ជា​ដើម)​ ធ្វើ​ការ​ប្រ​មែ​ប្រ​មូល​និង​ដាក់​បង្ហាញ​វត្ថុ​តាំង​ជាង​ ៣០០ ​មុខ​ និង​រូប​ថត​ប្រ​ជា​ប្រិយ​ជន​ជាតិ​ភាគ​តិច​ជាង ​២០០ ​សន្លឹក​។ ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ ​រយៈ​ពេល​កន្លង​ ក្រុង​បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ ៣០០​ លាន​ដុង​សម្រាប់​បោះ​ទូក-ង​ថ្មី​ ១​ គ្រឿង​  ប្រ​គេន​វត្ត​សេតុត្តរ​  នៅ​ស្រុក​កើ-ដ​។ ​ទន្ទឹម​នឹង​នោះ ​បញ្ជូន​ក្រុម​កីឡា​ទូក-ង​ វត្ត​សេតុត្តរ​ទៅ​ចូល​រួម​ក្នុង​ពិធី​ប្រ​ណាំង​ទូក-ង​ នៅ​ខេត្ត​សុក​ត្រាំង ​ឆ្នាំ​ ២០២៣​ និង​ឆ្នាំ​២០២៤;​ ឧបត្ថម្ភ​និង​បង្ក​លក្ខណៈ​សម្រាប់​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ ​រៀប​ចំ​ពិធី​ប្រ​ណាំង​ទូក-ង​ខ្នាត​តូច​ក្នុង​ឱកាស​បុណ្យ​អក​អំបុក​ឆ្នាំ ​២០២៣ ​និង​ឆ្នាំ ​២០២៤​; ឧបត្ថម្ភ​ទឹក​ប្រាក់​ជិត​ ១១០​ លាន​ដុង ​ជួស​ជុល​ឈា ​បនដ្ឋាន​នៅ​ភូមិ​ថើយ ​ទ្រឿង១​ ឃុំ​ថើយ​ស្វឹង​ ស្រុក​កើ-ដ​ ។ល។​ បណ្ដា​តម្លៃ​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​ជន​ជាតិ​ខ្មែរ​ ចិន​ និង​ជន​ជាតិ​ភាគ​តិច​ដទៃ​ទៀត​ត្រូវ​បាន​អភិ​រក្ស​ និង​ពង្រីក​ផង​ដែរ​។

 ​រយៈ​ពេល​ខាង​មុខ​ តើ​ក្រុង​កឹង​ធើ​នឹង​ដាក់​ចេញ​វិធាន​ការ​អ្វី​ខ្លះ​ ដើម្បី​បន្ត​ការ​អភិ​ វឌ្ឍ​សេដ្ឋ​កិច្ច -​ សង្គម​ លើក​កម្ពស់​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​ ក៏​ដូច​ជា​ជន​រួម​ជាតិ​ភាគ​តិច​ដទៃ​ទៀត​លើ​ភូមិ​សាស្រ្ត​ក្រុង​ ជម្រាប​ប្រ​សាសន៍​សម​មិត្ត ​?

​  ការ​ប្រ​ណាំង​ទូក-ង​នៅ​លើ​ដង​ព្រែក​អូរ​ម៉ូង​ក្នុង​ឱកាស​បុណ្យ​អក​អំបុក​របស់​ជន​រួម​ជាតិ​ខ្មែរ
​ឆ្នាំ​២០២៤​។ ​រូប​ថត​៖ យ្វី​ឃូយ​

- ក្រុង​បន្ត​ការ​ជំរុញ​ខ្លាំង​ក្លា​នូវ​ការ​ងារ​ផ្សព្វ ​ផ្សាយ​គោល​ការណ៍​ ទស្សនៈ​របស់​បក្ស​អំពី​ការ​ងារ​ជន​ជាតិ​ដោយ​រូប​ភាព​សម​ស្រប​ជា​ច្រើន​។ ​ក្រុង​ផ្ដុំ​កម្លាំង​ប្រ​ភព​ធន​ធាន​ជំនួយ​ជន​រួម​ជាតិ​ភាគ​តិច​ ក្នុង​នោះ​មាន​ជន​រួម​ជាតិ​ខ្មែរ​ខិត​ខំ​ដល់​ចុង​ឆ្នាំ ​២០២៥ ​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រីក្រ ​ជន​ជាតិ​ភាគ​តិច​នៅ​ត្រឹម​ ០,២%​។ ​ទន្ទឹម​នឹង​នោះ ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស ​និង​រដ្ឋ​ លើ​វិស័យ​ជន​ជាតិ​ សំ​ខាន់​គឺ​យុទ្ធ​សាស្រ្ត​ការ​ងារ​ជន​ជាតិ​ ដំ​ណាក់​កាល​ ២០២១ -​ ២០៣០ ​ចក្ខុ​វិស័យ​ដល់​ឆ្នាំ ​២០៤៥;​ គួប​ផ្សំ ​បែង​ចែក​ប្រ​ភព​ទុន​ដើម្បី​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ​- សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ​ឆ្នាំ​២០២៥​។ ​ទន្ទឹម​នឹង​នោះ ​រៀប​ចំ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​យុទ្ធ​សាស្រ្ត​ការ​ងារ​ជន​ជាតិ ​ដំ​ណាក់​កាល​ ២០២១ -​ ២០៣០​ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​២០៤៥;​ សេច​ក្ដី​សន្និដ្ឋាន​លេខ​ ៦៥-​KL/TW ​របស់​ ការិ​យា​ល័យ​នយោ​បាយ​ “ស្ដី​ពី​ការ​បន្ត​អនុ​វត្ត​សេច​ក្ដី​សម្រេច​លេខ​២៤-NQ/TW ​របស់​គណៈ​ប្រ​តិ​បត្តិ​ការ​មជ្ឈិម​បក្ស ​នីតិ​កាល ​IX ​ស្ដី​ពី​ការ​ងារ​ជន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី”;​ បទ​បញ្ជា​លេខ ​១៩-CT/TW ​របស់​គណៈ​លេខា ​ស្ដី​ពី​បង្កើន​ការ​ងារ​នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី​។ល។​ ក្រុង​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ដី​សង់​លំ​នៅ​ឋាន ​និង​លំ​នៅ​ឋាន​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អាសន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​លើ​ភូមិ​សាស្រ្ត​ក្រុង​; បណ្ដុះ​បណ្ដាល​មុខ​របរ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ ផ្ដល់​បុល​ទុន​អភិ​វឌ្ឍ​ផលិត​កម្ម​ វិនិច្ឆ័យ​ល្អ​រាល់​បញ្ហា​សុខុ​មាល​ភាព​សង្គម​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​។

ខ្ញុំ​សង្ឃឹម​ថា ​ជន​រួម​ជាតិ​ភាគ​តិច​បន្ត​បញ្ចេញ​កម្លាំង​ ខិត​ខំ​ប្រឹង​ប្រែង ​សាមគ្គី​ រួម​ចំ​ណែក​អនុ​វត្ត​រាល់​ទិស​ដៅ​អភិ​វឌ្ឍ​ដែល​ក្រុង​បាន​ដាក់​ចេញ​; ថែ​រក្សា​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ពិសេស​របស់​ជន​ជាតិ​ ក្នុង​នោះ ​មាន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​កាន់​តែ​សម្បូរ​បែប​ខឿន​វប្ប​ធម៌​វៀត​ណាម​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​ជន​ជាតិ​។ ​បន្ត​ពង្រីក​ប្រ​ពៃ​ណី​ដ៏​ល្អ​ ប្រ​សើរ​ បង្ក​ការ​ឯក​ភាព ​សាមគ្គី​ភាព ​ជិត​ស្និទ្ធ​ ដើម្បី​អភិ​វឌ្ឍន៍​រួម​របស់​ក្រុង៕​

 អរ​គុណ​សម​មិត្ត !​ 

ថាញ​ឡុង​ (អនុ​វត្ត) -​ ប្រែ​សម្រួល៖​ ថាច់​ធី

ក្រុង​កឹង​ធើ ​បាន​ដាក់​ចេញ​ទិស​ដៅ​ជាក់​ស្ដែង​មួយ​ចំ​នួន​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច ​ដូច​ជា៖​

- ជា​សារ​វន្ត​ឧបត្ថម្ភ ​១០០%​ ជូន​ជន​ជាតិ​ភាគ​តិច​ក្រីក្រ​មាន​ដី​សង់​លំនៅ​ឋាន​និង​លំ​នៅ​ឋាន ​លំ​នឹង​ជីវ​ភាព;​ ខិត​ខំ​ដល់​ឆ្នាំ ​២០៣០ ​គ្មាន​នៅ​គ្រួ​សារ​ក្រីក្រ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ​(តាម​បទដ្ឋាន​ក្រីក្រ​ដំ​ណាក់​កាល​ ២០២៦ ​- ២០៣០)​។

- ​មាន​ ១០០% ​ឃុំ​និង​ភូមិ​ មាន​ផ្លូវ​រថ​យន្ត​ចុះ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ បាន​ក្រាល​កៅ​ស៊ូ​ឬ​ចាក់​បេ​តុង​ ធា​នា​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ទាំង​ក្នុង​រដូវ​ភ្លៀង​ ទឹក​ជំ​នន់​។

- ​មាន​ ១០០%​ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ បាន​ប្រើ​ប្រាស់​បណ្ដាញ​អគ្គិស​នី​ជាតិ​និង​ប្រើ​ប្រាស់​អគ្គិស​នី​សុវត្ថិ​ភាព​។ ​អត្រា​គ្រួ​សារ​ប្រើ​ប្រាស់​ទឹក​ស្អាត​ជាង​៩៩%​។​

- ខិត​ខំ​ឱ្យ​មាន​ពលករ​ក្នុង​អាយុ​ពល​កម្ម​ជាង ​៦០% ​បាន​បណ្ដុះ​បណ្ដាល​មុខ​របរ​។ ​លើក​កម្ពស់​កម្រិត​ទទួល​ផល​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ភាគ​តិច​។

- ឧបត្ថម្ភ ​បង្ក​លក្ខណៈ​ថែ​រក្សា​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ ​បង្កើន​ការ​រៀប​ចំ​សកម្ម​ភាព​វប្ប​ធម៌ ​សិល្បៈ ​កីឡា​និង​ទេស​ចរណ៍​ក្នុង​ឱកាស​បុណ្យ​ទាន​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ភាគ​តិច​។

- អត្រា​សិស្ស​មត្តេយ្យ​អាយុ​ ៥​ ឆ្នាំ​ទៅ​កាន់​សា​លា​ ខិត​ខំ​សម្រេច​៩៩% ​សិស្ស​ក្នុង​អាយុ​បឋម​សិក្សា​ ១០០%​ សិស្ស​អនុ​វិទ្យា​ល័យ​ ៩៦% ​សិស្ស​វិទ្យា​ល័យ​៧៥%​។ល។

-​ ជំរុញ​មាំ​ការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ ​ចិន​ នៅ​តាម​មូលដ្ឋាន​អប់រំ​តាម​វត្ត​ខ្មែរ​ និង​ក្នុង​សហ​គមន៍​ជន​ជាតិ​ចិន​។

- បង្កើន​ការ​ងារ​សុខា​ភិ​បាល ​ដើម្បី​ជន​រួម​ជាតិ​ភាគ​តិច​បាន​ខិត​ជិត​សេវា​ថែ​ទាំ​សុខ​ភាព​ទំ​នើប;​ ជន​រួម​ជាតិ​ភាគ​តិច​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​៩៨%​។ល។ 

​  ​

ចែករំលែកអត្ថបទ