កីឡា - ទេសចរណ៍ ទេសចរណ៍

08/04/2025 - 16:00

ចំ​ណាប់​អា​រម្មណ៍​មណ្ឌល​ទេស​ចរណ៍​បាវ​ត្រាំង​ 

ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ ខេត្ត​ប៊ិញ​ទ្វឹង​ មាន​ភាព​ល្បាញ​ល្បី​ជា​មួយ​នឹង​កន្លែង​សម្រាក​លម្ហែ​កាយ​ល្អ​ៗ​ជា​ច្រើន​ ដ្បិត​ទី​នោះ​មាន​លក្ខណៈ​រហោ​ស្ថាន​និង​ស្ងប់​ស្ងាត់។​  ក្នុង​នោះ​ មាន​មណ្ឌល​ទេស​ចរណ៍​បាវ​ត្រាំង​ ទទួល​បាន​មតិ​វិជ្ជ​មាន​ជា​ច្រើន​ពី​ភ្ញៀវ​ទេស​ចរ។​

​ រូប​ថត​មួយ​ចំ​នួន​នៅ​មណ្ឌល​ទេស​ចរណ៍​បាវ​ត្រាំង។​

បាវ​ត្រាំង​ ឋិត​នៅ​ភូមិ​ហុង​ឡឹម​ ឃុំ​ហ្វា​ថាំង ស្រុក​បាក់​ប៊ិញ ខេត្ត​ប៊ិញ​ទ្វឹង​ ចម្ងាយ​ពី​មជ្ឈ​មណ្ឌល​ក្រុង​ផាង​ថៀក ប្រ​មាណ​ ៦០ គី​ឡូ​ម៉ែត្រ ទៅ​ភាគ​ឦ​សាន។​ កាល​ពី​ដើម​បាវ​ត្រាំង​គឺ​បឹង​ធំ​មួយ​ ក្រោយ​មក​ប្រ​ជា​ជន​ភូមិភាគ​បាន​សាង​សង់​ទំ​នប់​ខ្សាច់​ធំ​មួយ​ឆ្លង​កាត់​បឹង​ ដើម្បី​បង្កើត​ជា​ផ្លូវ​ធ្វើ​ដំ​ណើរ។​ បឹង​នេះ​ក៏​ត្រូវ​បាន​ផ្ដាច់​ជា​ពីរ គឺបឹង​តូច​និង​បឹង​ធំ​ អ្នក​ខ្លះ​ទៀត​ហៅ​ថា​ បឹង​តា​និង​បឹង​យាយ។​ បឹង​យាយ​ធំ​ជាង​បឹង​តា គឺ​មាន​ផ្ទៃ​ដី​ទំ​ហំ​ ៧០ ហិក​តា។​   ជម្រៅ​មធ្យម​ភាគ​នៃ​បឹង​យាយ​គឺ ៥ ម៉ែត្រ នៅ​រដូវ​វស្សា​កន្លែង​ ជ្រៅ​បំ​ផុត​អាច​ឡើង​ដល់​ជិត​ ២០ ម៉ែត្រ។​ កន្លែង​ធំ​បំ​ផុត​នៃ​បឹង​យាយ​អាច​ឡើង​ដល់​ ៥០០ ម៉ែត្រ។​ ដោយ​សារ​ស្ថិត​នៅ​ចន្លោះ​នៃ​ជម្រាល​ខ្សាច់​ស ទើប​បឹង​យាយ​សព្វ​ថ្ងៃ​ ត្រូវ​បាន​គេ​និយម​ហៅ​ថា​ បាវ​ត្រាំង​ (ពាក្យ​ថា​ “បាវ” តាម​ភា​សា​អ្នក​ស្រុក​ មាន​ន័យ​ថា​ ស្រះ​ឬ​បឹង​ “ត្រាំង​” មាន​ន័យ​ថា​ ពណ៌​ស) បាវ​ត្រាំង​ មាន​ចំ​ណាប់​អា​រម្មណ៍ដោយ​សារ​វា​មាន​ភ្នំ​ខ្សាច់​ស​លាត​សន្ធឹង​ដាច់​កន្ទុយ​ភ្នែក​ ហាក់​បី​ដូច​វាល​ខ្សាច់​អ៊ី​ចឹង។​

ចំ​ណុច​ពិសេស​នៅ​មណ្ឌល​ទេស​ចរណ៍​នេះ​ គឺ​អា​រម្មណ៍​របស់​ភ្ញៀវ​ទេស​ចរ​ នៅ​ពេល​ទទួល​រង​នឹង​កម្ដៅ​ថ្ងៃ​បែក​ផ្សែង​នៅ​លើ​វាល​ខ្សាច់​ បន្ទាប់​ទៀត​គឺជំ​នោរ​ខ្យល់​ត្រ​ជាក់​បក់​មក​ពី​ជួរ​ដើម​ស្រល់ មាត់​បឹង​ ធ្វើ​ឱ្យ​អា​រម្មណ៍​របស់​ភ្ញៀវ​ទេស​ចរ​រសាយ​បាត់​អស់​ពី​កម្ដៅ​ថ្ងៃ។​ បាវ​ត្រាំង​ នៅ​ទាំង​បាន​គេ​ហៅ​ថា​ បាវ​ស៊ាង​ផង​ដែរ។​ ដ្បិត​អី​ ចាប់​ពី​ខែ​ឧស​ភា​ដល់​ខែ​សី​ហា​រៀង​រាល់​ឆ្នាំ​ ផ្កា​ឈូក​រីក​ពេញ​ផ្ទៃ​បឹង​ បង្កើត​បាន​ជា​ទេស​ភាព​ធម្ម​ជាតិ​ដ៏​អស្ចារ្យ​ ញុាំង​ឱ្យ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល។​ មក​ដល់​ទី​នេះ​ ភ្ញៀវ​ទេស​ចរ​អាច​ជួល​ទូក​អុំ​លេង​កម្សាន្ត​និង​ស្រូប​យក​ខ្យល់​អា​កាស​ត្រ​ជាក់​ក្នុង​បឹង​។​ ទិដ្ឋ​ភាព​ផ្កា​ឈូក​រីក​នៅ​កណ្ដាល​វាល​ខ្សាច់​ពណ៌​ស វា​ពិត​ជា “អច្ឆរិយៈ” ម្យ៉ាង​ដែល​ភ្ញៀវ​ទេស​ចរ​មិន​ធ្លាប់​ឃើញ​មាន​នៅ​កន្លែង​ផ្សេង។​ នៅ​ពេល​នោះ​ អា​រម្មណ៍​ក្ដៅ​ស្អុះ​ស្អាប់​នៃ​ភូមិ​ភាគ​កណ្ដាល​ ហាក់​ដូច​ជា​រសាយ​បាត់​អស់។​

ការ​ឆ្លង​កាត់​បទ​ពិសោ​ធន៍​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ ពេល​មក​កាន់​មណ្ឌល​ទេស​ចរណ៍បាវ​ត្រាំង​ នោះ​គឺ​ដំ​ណើរ​កម្សាន្ត​ដោយ​ឡាន​ជីប​ឬ​ម៉ូតូ​។​ ការ​បើក​បរ​ឃ្លេង​ឃ្លោង​លើ​វាល​ខ្សាច់​ ភ្នែក​រំពៃ​គយ​គន់​វាល​ខ្សាច់​ដ៏​ធំ​ល្វើង​ល្វើយ​ ប្រា​កដ​ជា​ធ្វើ​ឱ្យ​លោក​អ្នក​មិន​អាច​បំ​ភ្លេច​បាន​ឡើយ​ ប៉ុន្តែ​ក៏​មាន​ភាព​ភិត​ភ័យ​ខ្លះ​ដែរ​ ដោយ​ការ​ស្ទុះ​លឿន​នៃ​រថ​យន្ត​ខណៈ​ពេល​ចុះ​ជម្រាល​ម្តង​ៗ​។​ នោះ​ក៏​ជា​អា​រម្មណ៍​របស់​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​ ខណៈ​ពេល​លេង​ជិះ​ស្គី​ជម្រាល​ចុះ​ពី​លើ​ភ្នំ​ខ្សាច់​ផង​ដែរ៕​

                                    ហា​ថាញ - ថា​ច់​ធី

ចែករំលែកអត្ថបទ