យោងតាមគណៈកម្មាធិការប្រជាជនខេត្តហូវយ៉ាង ដំណាក់កាល ២០២៤-២០២៩ ខេត្ត បន្តអាទិភាពអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ចីរភាព តំបន់ជនរួមជាតិភាគតិចនិងភូមិលំបាកខ្លាំង។ ទន្ទឹមនឹងនោះ ផ្ដោតទៅលើការទាញយកផលពីសក្តានុភាព ពង្រីកឧត្តមភាពតំបន់ជនរួមជាតិភាគតិច និងចលនាប្រជាជនរួមចំណែកពង្រីកប្រសិទ្ធភាពនៃកម្មវិធីទិសដៅជាតិ។

ប្រជាជនភូមិទ្រឿងថាំង ចូលរួមកសាងដងផ្លូវជ្រះ ស្អាត សុវត្ថិភាព។
ទូទាំងខេត្តហូវយ៉ាង មានជនជាតិភាគតិច១៥ ជនជាតិ មានមនុស្សប្រមាណ ៣៣.៤៥០ នាក់។ ទន្ទឹមនឹងនោះ ជនរួមជាតិភាគតិចរស់នៅលាយឡំគ្នា សាមគ្គីផ្សារភ្ជាប់ជាមួយជនជាតិកិញ។ អាស្រ័យកម្មវិធីទិសដៅជាតិអភិវឌ្ឍតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១- ២០៣០ រួមជាមួយកម្មវិធី គម្រោងគោលនយោបាយជនជាតិជាច្រើន បានគ្រប់ថ្នាក់ គ្រប់ផ្នែក អនុវត្តមានប្រសិទ្ធភាព បានរួមចំណែកជួយគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រតំបន់ជនរួមជាតិ ភាគតិចជាសន្សឹមៗលើកកម្ពស់ជីវភាព អភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងចាកផុតពីភាពក្រីក្រ។ ឆ្លងតាមរយៈនោះ អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចកាត់បន្ថយពី ៥,១១% (ឆ្នាំ ២០១៩) ចុះនៅតែ ៣,២៩% (ចុងឆ្នាំ ២០២៣)។ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច ត្រូវបានផ្តុំកម្លាំងវិនិយោគជាសារវន្ត ឆ្លើយតបតម្រូវការផលិតកម្ម និងជីវភាពរបស់ប្រជាជន។
លោកសើុងតាយ អ្នកមានប្រជាប្រិយនៅភូមិលេខ ៤ ទីប្រជុំជនបៃង៉ាង ស្រុកចូវថាញ់ A ឱ្យដឹង៖ “រាល់កម្មវិធីទិសដៅជាតិមុនៗនិងកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១- ២០៣០ បានធ្វើឱ្យវិវត្តន៍គ្រប់ជ្រុងជ្រោយតំបន់ជនរួមជាតិភាគតិចនៅទីនេះ។ ទំនប់ទ្វារទឹកត្រូវបានកសាងដើម្បីស្តុកទឹកសាប បង្ការទឹកប្រៃ ជួយមាមីងអាចនឹងផលិតស្រូវដាំដំណាំរួមផ្សំ និងដំណាំហូបផ្លែបានងាយស្រួល។ ដងផ្លូវជនបទតាមមាត់ប្រឡាយបានកសាងយ៉ាងសមរម្យ ជួយឱ្យសិស្សានុសិស្សធ្វើដំណើរទៅរៀន និងដោះដូរពាណិជ្ជកម្មងាយស្រួល។ ផ្តើមពីនោះ ប្រាក់ចំណូលរបស់ប្រជាជនបានកើនឡើង ជីវភាពសុខដុមរមនា។ ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធព័ត៌មានទំនាក់ទំនងរីកចម្រើនខ្លាំងប្រព័ន្ធ wifi គ្របដណ្តប់គ្រប់ភូមិស្រុក ម្ល៉ោះហើយប្រជាជនធ្វើបច្ចុប្បន្នភាពព័ត៌មានឆាប់រហ័សដើម្បីផលិតនិងជួញដូរទំនិញ”។
លោកង្វៀងវ៉ាន់ហ៊ុង លេខាសាខាបក្សនិងជាប្រធានភូមិទ្រឿងថាំង ឃុំទ្រឿងឡុង A ឱ្យដឹង៖ “អាស្រ័យបានទទួលផលពីបណ្តាកម្មវិធីវិនិយោគនៃកម្មវិធីទិសដៅជាតិ ជាមូលដ្ឋានគ្រឹះសម្រាប់ភូមិសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ត្រូវតាមល្បឿនដំណើរការ។ បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរបស់ភូមិមានភាពសមរម្យ អគ្គិសនីបំភ្លឺផ្លូវក្នុងពេលយប់ មណ្ឌលសាលារៀន ត្រូវបានកសាងយ៉ាងរឹងមាំ ទឹកស្អាតអូសចូលដល់ផ្ទះប្រជាជន៘ ផ្អែកលើមូលដ្ឋានគ្រឹះដែលមានស្រាប់ប្រជាជនកំពុងតែស្រុះស្រគ្នាកសាងជនបទថ្មីខ្នាតគំរូ”។ ជាអ្នកមានវត្តមានស្ទើរគ្រប់សកម្មភាពសហគមន៍ក្នុងភូមិ បងស្រីលីធីឡាញ់ បង្ហើប៖ “ខ្ញុំកើតនិងធំដឹងក្តីនៅទីនេះ ម្ល៉ោះហើយយល់ច្បាស់ពីភាពផ្លាស់ថ្មីនៃតំបន់ដែលខ្លួនរស់នៅ។ អាស្រ័យហេតុនេះ នៅពេលមានឱកាសរួមចំណែកដើម្បីផ្លូវស្អាតល្អគឺខ្ញុំចូលរួមទាំងអស់”៕
ហាថាញ-ប្រែសម្រួល៖ លីសៀ