ព្រះតេជព្រះគុណ យឿងវ៉ាន់ណា គឺជាព្រះចៅអធិការរងវត្តចម្ប៉ាអង្គរជ័យ (ចំការ) ស្ថិតនៅសង្កាត់ទី ៩ និងជាប្រធានសមាគម ព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងត្រាវិញ ខេត្តត្រាវិញ ។ល។ រយៈពេលជាង ៤៩ ឆ្នាំសាងផ្នួសបួសរៀន ព្រះអង្គតែងអស់ពីព្រះទ័យដើម្បីសាសនានិងសង្គម មិនត្រឹមតែជួយគ្រួសារក្រីក្រជាច្រើនឆ្លងកាត់ការលំបាកក្នុងជីវភាពប៉ុណ្ណោះទេ សូម្បីព្រះអង្គផ្ទាល់ក៏រៀនសូត្រដោយឥតឈប់ឈរនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញដែរ។

ព្រះតេជព្រះគុណយឿងវ៉ាន់ណា។
កើតនិងធំដឹងក្តីក្នុងគ្រួសារកសិករនៅភូមិស្ពឺ ឃុំលឿងហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ។ ឆ្នាំ១៩៧៦ យុវជនយឿងវ៉ាន់ណា ត្រូវបានឪពុកម្តាយបញ្ជូនមកវត្តចំការសាងផ្នួសបួសរៀនទៅតាមប្រពៃណីរបស់ជនជាតិ។ ជាអ្នកឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ យកអស់ពីព្រះទ័យគិតគូរការងារសាសនា ដើម្បីបុព្វហេតុអប់រំ ឆ្នាំ ១៩៩៣ ព្រះតេជព្រះគុណយឿងវ៉ាន់ណា ត្រូវបានគណៈកម្មការវត្តនិងមាមីងពុទ្ធបរិស័ទទំនុកចិត្ត តែងតាំងធ្វើជាព្រះចៅអធិការរងវត្តចំការរហូតដល់សព្វថ្ងៃ។
វត្តចំការមានពុទ្ធបរិស័ទចំណុះជើងវត្តជាង ៤០០ គ្រួសារ។ ជីវភាពមាមីងខ្មែរក្នុងចំណុះជើងវត្តសំខាន់ផ្អែកលើរបរកសិកម្ម ម្ល៉ោះហើយ គ្រួសារជាច្រើនមានជីវភាពសេដ្ឋកិច្ចក្រលំបាក។ ជាព្រះសង្ឃមួយអង្គបានពុទ្ធបរិស័ទទំនុកចិត្ត ព្រះតេជព្រះគុណយឿងវ៉ាន់ណា តែងខ្វល់ខ្វាយពីភាពទីទ័លក្ររបស់មាមីងជានិច្ច។ ដើម្បីពង្រីកចំណងសាមគ្គីភាព ជួយមាមីងរាល់គ្នាក្នុងភូមិស្រុក ព្រះតេជព្រះគុណ យឿងវ៉ាន់ណា ជំហរចលនាបង្កើតសមាគម ដើម្បីរួមវិភាគទានជាអង្ករ ឬប្រាក់កាសដល់គ្រួសារពុទ្ធបរិស័ទដែលមានសាច់ញាតិមរណភាព និងម្ចាស់ការរួមជាមួយគណៈកម្មការវត្តចុះទៅដល់ផ្ទះពុទ្ធបរិស័ទចែករំលែកទុក្ខ។ ទង្វើជាក់ស្តែងនោះហើយ ត្រូវបានមាមីងពុទ្ធបរិស័ទនិងរដ្ឋអំណាចភូមិភាគយល់ស្របនិងគាំទ្រ។ តាំងពីធ្វើព្រះចៅអធិការរងវត្តចំការ ព្រះតេជព្រះគុណយឿងវ៉ាន់ណា បានលះបង់ជាច្រើនចំពោះការងារសាសនានិងសង្គម។ ព្រះអង្គបានចលនាពុទ្ធបរិស័ទកសាងរបងវត្ត សាលាសាមគ្គី សាលាពុទ្ធិកសម្រាប់សមណសិស្សសិក្សា៘ ក្នុងមួយឆ្នាំ វត្តចំការទាក់ទាញប្អូនៗសិស្សានុសិស្សប្រមាណ ៣០០ នាក់ ចូលមករៀនអក្សរខ្មែរ ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៥ ក្នុងឱកាសវិស្សមកាល អាស្រ័យ ព្រះអង្គនិងព្រះសង្ឃក្នុងវត្តបង្ហាត់បង្រៀន។
.gif)
ព្រះតេជព្រះគុណយឿងវ៉ាន់ណា (គង់មុខខាងស្តាំ) កំពុងពិភាក្សាយោបល់ជាមួយ
ព្រះឧបជ្ឈាយ៍វត្តចំការនិងគណៈកម្មការវត្ត។
ក្នុងនាមជាព្រះចៅអធិការរង ដែលមានប្រជាប្រិយ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងត្រាវិញ តំណាងក្រុមប្រឹក្សាប្រជាជនក្រុងត្រាវិញ ព្រះតេជព្រះគុណយឿងវ៉ាន់ណា តែងផ្សារភ្ជាប់និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋអំណាចភូមិភាគ និងរណសិរ្សមាតុភូមិវៀតណាមសង្កាត់ទី ៩ ជានិច្ចកាល ព្រះអង្គតែងជួបសំណេះសំណាល នឹងព្រះសង្ឃទាំង ១១ វត្តក្នុងក្រុង ដើម្បីក្រើនរំលឹកពីការផ្សព្វផ្សាយ ចលនាពុទ្ធបរិស័ទកសាងផ្នត់រស់នៅស៊ីវិល័យ ព្យាយាមពលកម្ម គិតគូរឱ្យកូនចៅរៀនសូត្រនិងអនុវត្តគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ពិសេសគឺគោលនយោបាយបណ្តាជនជាតិ សាសនាដើម្បីផ្សព្វផ្សាយដល់មាមីងពុទ្ធបរិស័ទ។ ទន្ទឹមនឹងនោះ សហការជាមួយផ្នែកអង្គការមហាជន ឃោសនាផ្សព្វផ្សាយដល់អ្នកមុខអ្នកការ ក៏ដូចជាជនរួមជាតិយល់ច្បាស់និងអនុវត្តឱ្យបានគ្រប់គ្រាន់អំពីសិទ្ធិនិងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះជនទុច្ចរិតញុះញង់បំបែកបំបាក់ចំណងសាមគ្គីក្នុងសហគមន៍។
ព្រះតេជព្រះគុណយឿងវ៉ាន់ណា មានថេរដីកា៖ “លះបង់ចំពោះសង្គម គឺជាភារកិច្ចរបស់ប្រជាជនគ្រប់រូបហើយអាត្មាភាពផ្ទាល់ក៏ដូច្នោះដែរ។ ចំពោះការបង្រៀនអក្សរខ្មែរដល់ប្អូនៗ វត្តបើកថ្នាក់បង្រៀនរៀងរាល់ឆ្នាំ ភារកិច្ចរបស់អាត្មាភាពគឺបន្តអនុវត្តឱ្យបានល្អជានិច្ច។ បង្រៀនអក្សរខ្មែរមួយផ្នែកជួយឱ្យប្អូនៗ អភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ មួយផ្នែកទៀត ជួយឱ្យប្អូនៗរៀនសូត្រនៅក្នុងសាលាបានងាយយល់ជាង”។
សមមិត្ត យឿងវ៉ាន់ហុង លេខាគណៈកម្មាធិការបក្សសង្កាត់ទី ៩ ឱ្យដឹង៖ “ព្រះតេជព្រះគុណយឿងវ៉ាន់ណា តែងយកព្រះទ័យទុកដាក់ចំពោះការរៀនសូត្ររបស់កូនចៅជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ ព្រះអង្គថែមទាំងជួយរដ្ឋអំណាចភូមិភាគជាច្រើនក្នុងការចលនាមាមីងខ្មែររស់នៅអនុវត្តត្រឹមត្រូវតាមច្បាប់ និងជួយគិតគូរអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារទៀតផង។ ជាពិសេស ព្រះអង្គរួមជាមួយនឹងគណៈកម្មការវត្ត បរិច្ចាគដីធ្វើផ្លូវសើុងវ៉ង់ចំនួន ១.០០០ ម៉ែត្រការ៉េ និងបរិច្ចាគដី ៣០០ ម៉ែត្រការ៉េធ្វើទីស្នាក់ការសង្កាត់ទី ៩ ព្រមទាំងចលនាកុមារចូលរៀន៘ ម្ល៉ោះហើយ មាមីងពុទ្ធបរិស័ទ និងរដ្ឋអំណាចភូមិភាគតែងគោរពរាប់អានជានិច្ច”៕
សើុងម៉ាល័យ- លីសៀ