តាមផែនការអភិវឌ្ឍទម្រង់ការងារសង្គមក្នុងសាលារៀនឆ្នាំ ២០២៥ មជ្ឈមណ្ឌលការងារសង្គមក្រុងកឹងធើ បានផ្តុំកម្លាំងអនុវត្តនូវសកម្មភាពជាច្រើន សំដៅបំប៉នចំណេះដឹងនិងលើកកម្ពស់ស្មារតី ភ្ញាក់រលឹកចំពោះសិស្សអនុវិទ្យាល័យ វិទ្យាល័យ ក្នុងការកំណត់ដឹង ប្រុងប្រយ័ត្នរាល់ហេតុការណ៍ កិច្ចការជាយថាហេតុដែលផ្ដល់ផលប៉ះពាល់ បង្កគ្រោះថ្នាក់ដើម្បីការពារខ្លួន។ ក្នុងនោះ ផ្តោតសំខាន់ទៅលើកិច្ចសហការរៀបចំពិធីសមាជអំពីបធានបទបង្ការ ទប់ស្កាត់គ្រោះថ្នាក់របួសស្នាមលើកុមារនៅតាមទីតាំងអនុវិទ្យាល័យ វិទ្យាល័យដែលមានអនុវត្តទម្រង់ក្លឹបវ័យជំទង់។

សិស្សអនុវិទ្យាល័យដុងប៊ិញ ធ្វើបច្ចុប្បន្នភាពចំណេះដឹងអំពីបង្ការ បញ្ចៀស
គ្រោះថ្នាក់របួសស្នាមក្នុងពិធីសមាជ។
តាមមជ្ឈមណ្ឌលការងារសង្គមក្រុង បច្ចុប្បន្ន គ្រោះថ្នាក់របួសស្នាមលើកុមារជាទូទៅ គឺគ្រោះថ្នាក់លង់ទឹកនិងគ្រោះថ្នាក់ចរាចរណ៍ បង្កផលវិបាកដល់គ្រួសារនិងសង្គម។ ឆ្នាំ ២០២៤ មជ្ឈមណ្ឌលបានសហការជាមួយអនុវិទ្យាល័យនានា គួបផ្សំផ្សព្វផ្សាយពីចំណេះដឹងបង្ការទប់ស្កាត់គ្រោះថ្នាក់របួសស្នាមលើកុមារបាន ២២ លើក ដែលផ្សព្វផ្សាយពីប្រធានបទអប់រំបំណិនជីវិតដល់សិស្សានុសិស្សបាន ២.១០០ លើកនាក់។ ឆ្លងតាមរយៈនោះ ប្អូនៗបានស្វែងយល់ពីតថភាពនៃការកើនឡើងគួរឱ្យកត់សម្គាល់ គ្រោះថ្នាក់ របួសស្នាមមួយចំនួនលើកុមារ; គ្រោះថ្នាក់ចរាចរណ៍មួយចំនួនបង្ករបួសស្នាមនិងស្លាប់កុមារកើតឡើងទូទាំងប្រទេស មូលហេតុមួយក្នុងចំណោមមូលហេតុទាំងឡាយដែលបណ្តាលឱ្យគ្រោះថ្នាក់ចរាចរណ៍មកពីស្មារតីភ្ញាក់រលឹកចូលរួមចរាចរនៅមានកម្រិត ខ្វះការយល់ដឹងមូលដ្ឋានពីច្បាប់ចរាចរណ៍។ ក្នុងពិធីសមាជសិស្សបានធ្វើបច្ចុប្បន្នភាព ស្វែងយល់ច្បាប់ក្នុងការចូលរួមចរាចរណ៍សុវត្ថិភាព គឺពាក់មួកត្រូវតាមស្តង់ដារ; ប្រយ័ត្នប្រយែងមើលមុខក្រោយពេលធ្វើដំណើរឆ្លងផ្លូវ; បើកបរយានយន្តត្រូវតាមគន្លងផ្លូវកំណត់; មិនត្រូវបើកបញ្ច្រាស់ទិស មិនប្រឡែងគ្នា មិនត្រូវបើកបរទន្ទឹមគ្នានៅលើទ្រូងផ្លូវ; មិនត្រូវផ្លោះល្បឿន បើកជែង បត់ចុះបត់ឡើង៘
ប្អូនប៊ូយបាវង៉ុក សិស្សថ្នាក់ទី ៩ អនុវិទ្យាល័យដុងប៊ិញ ស្រុកធើយឡាយ ពេលឪពុកម្តាយទិញកង់អាគុយឱ្យជិះទៅរៀន បានឱ្យដឹង៖ រៀងរាល់ថ្ងៃ ឪពុកម្តាយតែងក្រើនរំលឹកប្អូនឱ្យពាក់មួកសុវត្ថិភាព កុំបើកលឿន យកចិត្តទុកដាក់មើលមុខក្រោយពេលបត់ឆ្លងផ្លូវជាដើម។ បាវង៉ុក ឱ្យដឹង៖ “ពិធីសមាជពីប្រធានបទគ្រោះថ្នាក់របួសស្នាម បានផ្ដល់ចំណេះដឹងជាច្រើននិងមានប្រយោជន៍ខ្លាំងណាស់ ជួយឱ្យពួកប្អូនមានស្មារតីភ្ញាក់រលឹកអនុវត្តបទប្បញ្ញត្តិអំពីសុវត្ថិភាពចរាចរណ៍ បង្ការបញ្ចៀសគ្រោះថ្នាក់និងការពារខ្លួនឯងផង”។
បើតាមគណៈនាយកអនុវិទ្យាល័យ វិទ្យាល័យនានា ឆ្លងតាមរយៈសកម្មភាពផ្សព្វផ្សាយ សាលាបានបំប៉នចំណេះដឹងជាចាំបាច់ដល់សិស្ស ដើម្បីបង្ការបញ្ចៀស កាត់បន្ថយជាអតិបរមាគ្រោះថ្នាក់ របួសស្នាមលើកុមារ ធានាឱ្យប្អូនៗបានរៀនសូត្រក្នុងបរិស្ថានដែលមានច្បាប់វិន័យសុវត្ថិភាព។ មជ្ឈមណ្ឌលការងារសង្គមក្រុង សង្ឃឹមថាប្អូនៗ គឺជាអ្នកផ្សព្វផ្សាយយ៉ាងសកម្ម រួមគ្នាជួយផ្សព្វផ្សាយឱ្យទូលំទូលាយនិងលើកកម្ពស់ស្មារតីភ្ញាក់រលឹក អនុវត្តច្បាប់ចរាចរណ៍ដល់មិត្តភក្តិ សាច់ញាតិនិងសហគមន៍៕
ភឿងម៉ាយ- លីសៀ