ឆ្នាំនេះ ទោះបីមានការជះឥទ្ធិពលដោយទឹកប្រៃជ្រាបចូលក៏ដោយ ប៉ុន្តែអាស្រ័យប្រមូលផលស្រូវបានឆាប់ដូច្នោះកសិករខេត្តសុកត្រាំងនៅតែទទួលផលស្រូវរដូវប្រាំងបានផលកាក់កបតាំងពីទិន្នផល ក៏ដូចតម្លៃជួយឲ្យជនរួមជាតិខ្មែរសប្បាយរីករាយទទួលបុណ្យចូលឆ្នាំថ្មី។
កសិករសុកត្រាំងប្រមូលផលស្រូវរដូវប្រាំង។
ពូត្រឹងថាញ់ហ៊ីប នៅភូមិទឹកប្រៃ២ ឃុំឡុងភូ ស្រុកឡុងភូ ទើបតែប្រមូលផលស្រូវរដូវប្រាំងបាន៥កុង ឲ្យដឹង៖" អាស្រ័យចុះពូជបានឆាប់ដូច្នេះ ជៀសបាននូវការជ្រាបទឹកប្រៃ ព្រមទាំងបានទិន្នផលខ្ពស់ទៀតផង។ ជាមួយនឹងតម្លៃស្រូវដែលឈ្មួញចុះមកទិញដល់ស្រែគឺ៤.៨០០ដុង/គីឡូក្រាម ចំពោះពូជ OM ៤៩០០ខ្ពស់ជាងរដូវដើមឆ្នាំ៥០០ដុង/គីឡូក្រាម។ បើមធ្យមភាគក្នុងមួយកុងសម្រេចបាន៨០០គីឡូក្រាម គឺចំណេញបានជិត២លានដុង/កុង។ ស្រូវលក់បានថ្លៃដូច្នេះ គ្រួសារខ្ញុំនឹងទទួលបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាពសុខដុមរមនានិងសម្បូរសប្បាយផងដែរ"។ ចំណែកពូឡឹមញឹម នៅឃុំវៀងប៊ិញ ស្រុកត្រឹងឌេ ឲ្យដឹង៖" ឆ្នាំនេះ អាស្រ័យទឹកប្រៃចូលមកឆាប់ដូច្នោះ រដូវនេះទិន្នផលទាបជាង បើប្រៀបធៀបនឹងរដូវកន្លងហើយ ការដឹកជញ្ជូនក៏ជួបការលំបាក ពីព្រោះព្រែកប្រឡាយរីងហួត។ ផ្ទុយមកវិញ អាស្រ័យតម្លៃប្រភេទពូជស្រូវប្រណីត ដូចជាៈ ST RVT បានឈ្មួញទិញពី៦.២០០ដល់៦.៣០០ដុង/គីឡូក្រាម។ គ្រួសារខ្ញុំធ្វើពូជស្រូវ RVT ចំនួន៥០កុង ដូច្នេះក្រោយពីចំណូលចំណាយរួចស្រេច ខ្ញុំនៅចំណេញប្រហែល៣លានដុង/កុង"។
មិនត្រឹមតែកសិករដែលធ្វើពូជស្រូវក្រអូបប្រណីត មានក្តីសោមនស្សរីករាយពីព្រោះលក់បានថ្លៃប៉ុណ្ណោះទេ ចំពោះកសិករធ្វើពូជស្រូវសាមញ្ញក៏ប្រមូលផល និងរៀបចំទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពរីករាយផងដែរ។ ពូលីជៀងនៅឃុំថាញ់ភូ ស្រុកមីស្វៀងកំពុងរៀបចំផ្ទះសម្បែង ទើបតែសាងសង់ថ្មីដើម្បីទទួលបុណ្យចូលឆ្នាំថ្មីឲ្យដឹងៈ "នៅតំបន់យើង ខ្ញុំមិនមែនជាតំបន់រៀបចំគម្រោងប្លង់ ដូច្នោះពេលធ្វើស្រូវក្រអូបគឺគ្មានឈ្មួញមកទិញហេតុនោះមាមីងខ្មែរនៅទីនេះ ភាគច្រើនធ្វើសុទ្ធតែពូជហាមចូវ។ ឆ្នាំនេះ ស្រូវបានផល ហើយថែមទាំងលក់បានថ្លៃ មាមីងនរណាក៏សប្បាយរីករាយដែរ។ មធ្យមភាគក្នុងមួយកុងសម្រេចបានចំនួន១តោន (កុងស្ទូង) ជាមួយនឹងតម្លៃ៤.៨០០ដុង/គីឡូក្រាម ក្រោយពីគិតគូរចំណូលចំណាយរួចស្រេច គ្រួសារខ្ញុំនៅចំណេញ៣លានដុង/កុង។ អាស្រ័យហេតុនោះ គ្រួសារខ្ញុំមានប្រាក់សាងសង់ផ្ទះមួយខ្នងយ៉ាងសមរម្យ និងចូលស្នាក់នៅក្នុងឆ្នាំថ្មីនេះ ហើយទទួលបានភាពសុខដុមរមនា សុភមង្គលក្នុងថ្ងៃចូលឆ្នាំថ្មីនេះតែម្តង"។
តាមមន្ទីរកសិកម្ម និងអភិវឌ្ឍជនបទខេត្តសុកត្រាំង ក្នុងរដូវប្រាំងឆ្នាំនេះ ទូទាំងខេត្តបានចុះពូជស្រូវជាង១០០.០០០ហិតតា និងកសិករប្រមូលផលស្រូវបានឆាប់ជោគជ័យ ទាំងទិន្នផលក៏ដូចជាថ្លៃលក់នៅលើទីផ្សារ។ ទោះបីស្ថានភាពជ្រាបទឹកប្រៃចូលមកឆាប់ តែស្រូវរដូវប្រាំងក៏ធ្វើបានឆាប់មិនជះឥទ្ធិពលច្រើនដល់ទិន្នផលស្រូវ ប៉ុន្តែស្រូវបែរជាលក់បានថ្លៃ។ ជាមួយនឹងតម្លៃស្រូវសើម បានឈ្មួញទិញពី៤.៨០០ដល់៦.៣០០/គីឡូក្រាម ធានាឲ្យកសិករអាចចំណេញបានជាង៣០%។ ជាមួយនឹងប្រាក់ចំណេញនោះ មាមីងកសិករខ្មែរនៅក្នុងភូមិសាស្រ្តខេត្តសុកត្រាំងស្ងប់ចិត្តទទួលបុណ្យចូលឆ្នាំថ្មី ប្រកបដោយសោមនស្សរីករាយនិងសុភមង្គល៕
យ្វីអាញ់ -សុផល