20/12/2016 - 09:32

ភាពផ្លាស់ថ្មីនៅស្រុកកើ-ដ

រយៈកាលជិតៗនេះ ជីវភាពប្រជាជននៅ​ស្រុក​កើ​-​ដ (ក្រុង​កឹង​ធើ) មាន​ភាព​ផ្លាស់​ថ្មី អា​ស្រ័យ​មាន​ការ​អភិ​វឌ្ឍ​យ៉ាង​លឿន ​ខាង​ហេដ្ឋា​រច​នា​សម្ព័ន្ធ​ដោយ​មាន​មុខ​របរ​សេ​វា​កម្ម​ជា​ច្រើន​។

 ផ្លូវចូលទៅកាន់ទីប្រជុំជនកើ-ដ។

បងគឹមង៉ុកដុង លេខាសា​ខា​បក្ស​ភូមិ​ថើយ​ហ្វា​B ទី​ប្រ​ជុំ​ជន​កើ​-​ដ ឲ្យ​ដឹង ៖ "ឥឡូវ​នេះ ក្នុង​ពេល​ថ្ងៃ​ មិន​សូវ​ប្រទះ​ឃើញ​យុវ​ជន​ប្រ​មូល​ផ្តុំ​គ្នា​នៅ​តាម​ហាង​ភេ​សជ្ជៈ ឬ​ហាង​ផឹក​ស៊ី​ដូច​ពី​មុន​ទៀត​ឡើយ ​ពី​ព្រោះ​ពួក​គេ​ទៅ​ធ្វើការ​ងារ​រក​ស៊ី​អស់​ហើយ​។ រដ្ឋ​បាន​បើក​ថ្នាក់​បង្រៀន​​របរ​ហើយមាន​បង​ប្អូន​ខ្មែរ​ចូល​រៀន និង​បាន​ផ្តល់​លិ​ខិត​បញ្ជាក់ ម៉្លោះ​ហើយ​ពួក​គេ​ទៅ​ធ្វើ​ការ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​។ មាន​យុវ​ជន​មួយ​ចំ​នួន​បាន​ទៅ​ធ្វើ​ការនៅ​តាម​មូលដ្ឋាន​ផលិត​ស្រូវ​អង្ករ ឬ​ចេញ​ទៅ​ទី​ប្រ​ជុំ​ជន​បម្រើ​ការ​ងារ នៅ​តាម​តៀម​ហាង​ទូរ​ស័ព្ទ ហាង​លក់​គ្រឿង​តុប​តែង​ក្នុង​ផ្ទះ​។ល។  ចំ​ពោះ​អ្នក​មាន​វ័យ​ចំ​ណាស់ សិស្សា​នុ​សិស្ស​ដែល​គ្មាន​លក្ខណៈ​ទៅ​ធ្វើ​ការ​ឆ្ងាយ ឬ​ធ្វើ​ការ​គ្រប់​ម៉ោង​វេ​លា ​តែ​អាច​ទ​ទួល​កំ​ប្លោក​យក​មក​ត្បាញ នៅ​ហ្នឹង​ផ្ទះ​ក៏​អាច​រក​បាន​ប្រាក់​ចំ​ណូល​ដែរ​។ អា​ស្រ័យ​មជ្ឈ​មណ្ឌល​ស្រុក មាន​ការ​អភិ​វឌ្ឍ​​ផ្លូវ​ពី​ទី​ប្រ​ជុំ​ជន​ចូល​ទៅ​កាន់​ភូមិ​បាន​ក្រាល​កៅ​ស៊ូ​រួច​រាល់ ដូច្នេះ​ធ្វើ​ដំ​ណើរ​ទៅ​មក​មាន​ការ​ងាយ​ស្រួល​ណាស់"​។ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង ម៉្លោះ​ហើយ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​ប្រ​ជុំ​ជន​កើ​-​ដ​បាន​លើក​ស្ទួយ​។ តាម​រយៈ​ការ​ផ្តល់​ព័ត៌​មាន​របស់​បង​ដុង ភូមិ​កំ​ពុង​ដំ​ណើរ​ការ​ត្រួត​ពិ​និត្យ​ដើម្បី​ទទួល​ស្គាល់​ចំ​ពោះ​គ្រួ​សារ ដែល​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ឆ្នាំ​២០១៦​។

មិនចំពោះតែទីប្រជុំជនកើ-ដ ឃុំនា​នា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​មាន​ដូច​៖ ថើយ​ស្វឹង ថើយ​ដុង ដុង​ថាំង ក៏​មាន​ការ​វិវឌ្ឍន៍​ខាង​សេដ្ឋ​កិច្ច បង្កើន​ប្រាក់​ចំ​ណូល​ឲ្យ​ប្រ​ជា​ជន​។ បង​ង្វៀន​ហ្វាង​ហាយ អនុ​ប្រ​ធាន​ការិ​យា​ល័យ​ជន​ជាតិ​ស្រុក​កើ​-​ដ ឲ្យ​ដឹង​៖ ចំ​ពោះ​ឃុំ​ដែល​នៅ​ឆ្ងាយ​ពី​មជ្ឈ​មណ្ឌល​ ការ​អភិ​វឌ្ឍ​​​ហេដ្ឋា​រចនា​សម្ព័ន្ធ​គម​នា​គមន៍ អាស្រ័យ​កម្ម​វិ​ធី​១៣៥ និង​គម្រោង​ផ្គួប​ផ្សំ​នានា​ធ្វើ​ឲ្យ​ជីវ​ភាព​ជន​រួម​ជាតិ​កាន់​តែបាន​ធូរ​ធារ​។ បង​ដាវ​មិញ​ទ្រុង​នៅ​ភូមិ​ថើយ​ទ្រឿង​១ ឃុំ​ថើយ​ដុង ឲ្យ​ដឹង​៖ អា​ស្រ័យ​ដង​ផ្លូវ​១៣៥​ត​ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ម៉្លោះ​ហើយ​ជា​រៀង​រាល់​ថ្ងៃ ទាំង​ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ក្រោក​ឡើង​ពី​ព្រ​លឹម​ទៅ​ផ្សារ​ទិញ អី​វ៉ាន់​យក​មក​លក់​ក៏​រក​បាន​ប្រាក់​ចំ​ណូល​គ្រាន់​បើ​ដែរ​។ បង​ក៏​បាន​បុល​ទុន​រដ្ឋ ដើម្បី​បម្រុង​ធ្វើ​ឡស​ម្ងួត​ស្រូវ​ ហើយ​បង្ក​ការ​ងារ​ធ្វើ​ឲ្យ​ពល​ករ​​ក្នុង​ភូមិ​រាប់​សិប​នាក់​។

រដូវភ្លៀងកន្លងផុតទៅគ្រួសារ​មួយ​ចំ​នួន​នៅ​ថើយ​ដុង ថើយ​ស្វឹង ថាញ់​ភូ រក​បាន​ប្រាក់​ចំ​ណូល​គួរ​សម អា​ស្រ័យ​ចិញ្ចឹម​ត្រី​ផ្ទក់​ក្នុង​វាំង​សំ​ណាញ់ ។ បង​ស្រី​ថាច់​សុភា នៅ​ឃុំ​ថាញ់​ភូ ឲ្យ​ដឹង​៖ "នាង​ខ្ញុំ​​ចិញ្ចឹម​ត្រី​២​សំ​ណាញ់ ទើប​តែ​លក់​បាន​១​សំ​ណាញ់​ចំ​ណេញ​បាន​ពី​៤​-៥​លាន​ដុង​។ នៅ​១​សំ​​ណាញ់​ទៀត នាង​ខ្ញុំ​ទុក​ដល់​តេត​ទើប​លក់​។ ចិញ្ចឹម​ត្រី​ក្នុង​សំ​ណាញ់​ថ្វីត្បិត​តែ​ប្រាក់​ចំ​ណូល​មិន​បាន​ច្រើន​ក៏​ដោយ ប៉ុន្តែ​មិន​សូវ​ហត់​នឿយ វា​មាន​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​នៅ​ទំ​នេរ​ដូច​នាង​ខ្ញុំ​នេះ"​។ ចំ​ណែក ឃុំ​ដុង​ថាំង លោក​ង្វៀន​ហុង​ហាយ កម្មា​ភិ​បាល​ឃុំ​ដុង​ថាំង​ឲ្យ​ដឹង​បន្ថែម មាន​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​បាន​ជំ​នួយ​បុល​ទុន​យក​ទៅ​លក់​ដូរ​កំ​ប៉ិក កំ​ប៉ុក ក៏​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ជីវ​ភាព​មាន​លំ​នឹង៕

ហាថាញ់-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ថើយស្វឹង