14/06/2016 - 16:14

ប្រឹងឃ្មាតខ្មីដើម្បីចាកផុតពីភាពក្រីក្រ

បង​ស្រី​ធី​សា​នឿង​ ឆ្នាំ​នេះ​មាន​អា​យុ​៤២​ឆ្នាំ​ រី​ឯ​បង​យ័ញ​សាល​ ក៏​មាន​អា​យុ​ជិត​៥០​ឆ្នាំ ប៉ុន្តែ​គាត់​ទាំង​ពីរ​នាក់​ប្ដី​ប្រ​ពន្ធ​នៅ​តែ​ប្រឹង​ឃ្មាត​ខ្មី​ជា​មួយ​នឹង​ការ​ងារ​ស្រែ​ចម្ការ​របស់​គ្រួ​សារ​។

បង​ស្រី​ធី​សា​នឿង​ កំ​ពុង​ជម្រះ​ស្មៅ​ស្រែ​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​។

បង​ស្រី​ធី​សា​នឿង បាន​ចែក​រំ​លែក ៖​"​អា​ស្រ័យ​មាន​ដី​ស្រែ បាន​ជា​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់ ដោយ​ខំ​ព្យា​យាម​ផលិត​កម្ម មិន​ទុក​ចោល​ដី​ទំ​នេរ​សោះ​ឡើយ​"។ ជា​ការ​ពិត​ណាស់​ទាំង​កណ្តាល​ថ្ងៃ​ត្រង់ បង​ស្រី​ធី​សា​នឿង​នៅ​តែ​ប្រឹង​ប្រែង​ធ្វើ​ការ​មិន​សម្រាក​ដៃ​។ ចង់​សំ​ណេះ​សំ​ណាល​ជា​មួយ​បង​ស្រី ម្ល៉ោះ​ហើយ​ខ្ញុំ បាន​អញ្ជើញ​បង​ស្រី​ធី​សា​នឿង​មក​សម្រាក​នៅ​ក្រោម​ម្លប់​ឈើ​ប្រប​ផ្លូវ ប៉ុន្តែ​បង​ស្រី​មិន​ព្រម​បែរ​ជា​ឆ្លើយ​តប​វិញ​ថា ធ្វើ​បណ្តើរ​និ​យាយ​បណ្តើរ​ក៏​​បាន​។ អា​កាស​ធាតុ​ក្ដៅ​ខ្លាំង ប៉ុន្តែ​​បង​ស្រី​ធី​សា​នឿង​នៅ​តែ​រីក​រាយ​ឲ្យ​ដឹង​អំ​ពី​រឿង​រ៉ាវ​ពីរ​នាក់​ប្ដី​ប្រ​ពន្ធ បង​កសាង​ជីវ​ភាព ផ្ដើម​ពី​បាត​ដៃ​ទ​ទេ រហូត​ដល់​សង់​បាន​ផ្ទះ​ទិញ​បាន​ដី​។ បង​ស្រី​ធី​សា​នឿង ឲ្យ​ដឹង​៖ "ចាប់​ពី​ថ្ងៃ​រៀប​ការ​រួច ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​រហូត​។ ជួន​ពេល​ខ្លះ​ត្រ​ឡប​មក​ពី​ធ្វើ​បង​យ័ញ​សាល​បាន​និ​យាយ​៖ ​"​ប្រ​សិន​បើ​យើង​មាន​ដី​ស្រែ ច្បាស់​ជា​មិន​បា​រម្ភ​កូន​គ្មាន​បាយ​ហូប​"។ ឮ​ដូច្នោះ ខ្ញុំ​ក៏​និ​យាយ​ថា​យើង​ត្រូវ​ខំ​ប្រិត​សំ​ចៃ ដើម្បី​ទិញ​បាន​ដី​ស្រែ​"​។ ការ​ព្យា​យាម​របស់​គ្រួ​សារ​បង ស្រី​ធី​សា​នឿង ត្រូវ​បាន​ភូមិ​ភាគ​សម្លឹង​ឃើញ​និង​ជួយ​ឧបត្ថម្ភ​។ មុន​ដំ​បូង​បង្អស់​ គឺ​លំ​នឹង​ជីវ​ភាព​គ្រួ​សារ​។ ដោយ​សារ​បាន​សហ​កា​រី​ចំ​នួន​ប្រ​ជា​ជន​ក្នុង​ភូមិ​ធ្វើ​ការ​ចល​នា​ពន្យល់​ប្រាប់ ម្ល៉ោះ​ហើយ​ពីរ​នាក់​ប្ដី​ប្រ​ពន្ធ​បង​នឿង មិន​កើត​កូន​បន្ថែម​ទៀត​ថ្វី​បើ​គ្រួ​សារ​កើត​បាន​កូន​ប្រុស​២​នាក់​ក៏​ដោយ​។ បង​ស្រី​ធី​សា​នឿង បាន​រាយ​រាប់​៖ ​"ជួន​កាល​ខ្ញុំ​ចង់​កើត​កូន​ស្រី​១​បន្ថែម​ទៀត​ដែរ​ ដើម្បី​​ឲ្យ​មាន​ភាព​សប្បាយ​​ក្នុង​​គ្រួ​​សារ ត្បិត​ថា​កូន​ប្រុស​វា​មិន​សូវ​ជិត​ស្និទ្ធ​ឪ​ពុក​ម្តាយ​ដូច​កូន​ស្រី​ទេ ប៉ុន្តែ​ដោយ​សារ​ការ​ពន្យល់​ប្រាប់​របស់​កម្មា​ភិ​បាល សុ​ខា​ភិ​បាល កើត​កូន​តិច​ដើម្បី​មាន​ឱ​កាស​គិត​គូរ​ឲ្យ​កូន​ៗ​បាន​ត្រឹម​ត្រូវ​ម្ល៉ោះ​ហើយ​ទើប​ខ្ញុំ​អនុ​វត្ត​តាម​"​។ 

 លុះ​ក្រោយ​មក ប្ដី​ប្រ​ពន្ធ​បង​ស្រី​ធី​សា​នឿង បាន​ឧបត្ថម្ភ​សង់​ផ្ទះដោយ​កម្ម​វិ​ធី​១៣៤ របស់​រដ្ឋា​ភិ​បាល​។ មាន​ផ្ទះ​ខិត​ខំ​ប្រិត​សំ​ចៃ ម្ល៉ោះ​ហើយ​ប្ដី​ប្រ​ពន្ធ​បង​ស្រី​ទិញ​បាន​ដី​ស្រែ​ជា​បន្ត​បន្ទាប់ ដើម្បី​អនុ​វត្ត​សម្រេច​បំ​ណង​មាន​ដី​ស្រែ​ដោយ​ឡែក​របស់​គ្រួ​សារ​។ មុន​ដំ​បូង​ដើម្បី​ទិញ​ដី​ស្រែ​បាន​១​កុង គាត់​បាន​ខ្ចី​ប្រាក់​គេ​បន្ថែម​។ ហើយ​ចេះ​តែ​សន្សំ​សំ​ចៃ​ទិញ​បាន​ដី បន្ថែម​រ​ហូត​ដល់​មាន​ដី​ជិត​១០​កុង​។ បង​ស្រី​នឿង ឲ្យ​ដឹង​៖ "​ខ្ញុំ​សន្សំ​សំ​ចៃ គ្រប់​ទិញ​បាន​ដី​កន្លះ​កុង​ខ្ញុំ​ក៏​រក​ខ្ចី​ប្រាក់​បន្ថែម​ដើម្បី​ទិញ​ដី​ឲ្យ​បាន​១​កុង សង​អស់​បំ​ណុល​រួច ហើយ​ចេះ​តែ​ទិញ​បាន​ដី​បន្ថែម​ដូច្នោះ​។ សព្វ​ថ្ងៃ​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​មិន​ទៅ​ធ្វើ​ការ​ឈ្នួល​ទៀត​ទេ គិត​តែ​ធ្វើ​ស្រែ​ផ្ទះ​ប៉ុណ្ណោះ​" ។ តាម​ប្រ​សាសន៍​របស់​បង​ស្រី​ធី​សា​នឿង ដោយ​សារ​ចេះ​ប្រិត​សំ​ចៃ ទើប​ប្ដី​ប្រ​ពន្ធ​បង​ស្រី​សង់​បាន​ផ្ទះ​សម​រម្យ​។ កូន​ប្រុស​២​នាក់​ក្រោយ​ពី​រៀន​ចប់​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ហើយ​ក៏​បាន​រៀន​មុខ​របរ​បើក​បរ​ឡាន រួច​ក៏​មាន​ការ​ងារ​ធ្វើ​លំ​នឹង​នៅ​ក្រុង​ហូ​ជី​មិញ​។ បង​ស្រី​នឿង​និ​យាយ​ទាំង​ក្ដី​រីក​រាយ​៖" ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ទិញ​ដី​សម្រាប់​ចែក​ឲ្យ​កូន​ទាំង​ពីរ ប៉ុន្តែ​ពួក​វា​សុទ្ធ​តែ​ធ្វើ​ការ​ទៅ​តាម​មុខ​របរ ម្ល៉ោះ​ហើយ​មិន​ទាន់​មាន​នរ​ណា​ចង់​មក​ធ្វើ​ស្រែ​សោះ​"។ 

តាម​ប្រ​សាសន៍​របស់​លោក​ត្រឹង​ដែ ប្រ​ធាន​ភូមិ​៥ ឲ្យ​ដឹង​៖ ការ​ខិត​ខំ​ឆ្លង​ផុត​ការ​លំ​បាក​របស់​បង​ស្រី​ធី​សា​នឿង និង​បង​យ័ញ​សាល​គឺ​ជា​គំ​រូ សម្រាប់​គ្រួ​សារ​ដ​ទៃ​ទៀត​ក្នុង​ភូមិ​យក​តម្រាប​តាម​ដើម្បី​ចាក​ផុត​ពី​ភាព​​ក្រី​ក្រ​៕

ហាថាញ់ - សេរី

ចែករំលែកអត្ថបទ