27/11/2026 - 09:03

ស្នង​បន្ត​ចង្វាក់​រាំ រួម​ចំ​ណែក​រក្សា​ព្រ​លឹង​វប្ប​ធម៌​ 

រស់​នៅ​ក្នុង​សម័យ​ទំ​នើប ចង្វាក់​រាំ​ប្រ​ពៃ​ណី​ខ្មែរ​នៅ​តែ​បាន​ថែ​រក្សា​តាម​រយៈ​សកម្ម​ភាព​បង្រៀន​នៅ​តាម​វត្ត​អា​រាម និង​សកម្ម​ភាព​របស់​ក្លឹប​នា​នា។ ចាប់​ពី​ក្រុម​របាំ​វត្ត​សិរី​ឧត្តម​ពោធិ​ជុំ ឃុំ​ង៉ុក​តូ រហូត​ដល់​ក្លឹប “របាំ​ឃុំ​តាយ​វុាំង”  ទី​ក្រុង​កឹង​ធើ បាន​បង្ហាញ​ពី​ការ​អស់​ពី​ចិត្ត​របស់​អ្នក​បង្ហាត់​និង​ការ​ខំ​ប្រឹង​របស់​សិក្ខា​កាម ក្នុង​ការ​បន្ត​រក្សា​វប្ប​ធម៌​ជន​ជាតិ។

​ ​ប្អូន​ត្រឹង​ធី​ស្វឹង​ដាវ (ខាង​ឆ្វេង) រួម​ជា​មួយ​មិត្ត​ភក្តិ​រាំ​របាំ​ប្រ​ពៃ​ណី។

ចំ​ពោះ​ប្អូន​ត្រឹង​ធី​ស្វឹង​ដាវ ការ​រៀន​រាំ​របាំ​ប្រ​ពៃ​ណី​គឺ​ជា​ប្រ​ការ​ថ្មី​ថ្មោង ហើយ​ហាត់​រាំ​សន្សឹមៗ ទើប​កាយ​វិការ​រាំ​មាន​ភាព​ទន់​ភ្លន់។ ការ​លំ​បាក​ដំ​បូង នោះ​បាន​បង​ស្រី​ឡឹម​ធី​ហូវ ឃុំ​តឹង​ថាញ់ ទី​ក្រុង​កឹង​ធើ ជួយ​បង្ហាត់។ ចាប់​ពី​មិន​ទាន់​ធ្នឹក​នឹង​ក្បាច់​រាំ ឥ​ឡូវ​នេះ​ស្វឹង​ដាវ អាច​រាំ​បាន​ច្រើន​ចង្វាក់ ក្នុង​នោះ​មាន​រាំ​វង់​សា​រ៉ា​វ៉ាន និង​របាំ​ផ្សេងៗ​ជា​ដើម។ “រៀន​រាំ​ដំ បូង​លំ​បាក​ណាស់ ប៉ុន្តែ​ដោយ​សារ​បាន​អ្នក​គ្រូ​ហូវ ជួយ​ណែ​នាំ​បង្ហាត់​បង្ហាញ ទើប​ប្អូន​រាំ​បាន​ស្ទាត់​ជំ​នាញ​នូវ​ចង្វាក់​រាំ​វង់ សា​រ៉ា​វ៉ា​ន​របាំ​ជា​ដើម” ស្វឹង​ដាវ បាន​ឱ្យ​ដឹង​ដូច្នេះ។ ការ​រៀប​រាប់​ដ៏​សា​មញ្ញ​នោះ​បញ្ជាក់ ឱ្យ​ឃើញ​ពី​សារៈ​សំ​ខាន់​របស់​អ្នក​ណែ​នាំ ជួយ​ឱ្យ​ប្អូនៗ​កៀក​ជិត​សិល្បៈ​ជន​ជាតិ​ក្នុង​ការ​រស់​នៅ​ក្នុង​សហ​គមន៍។

ស្វឹង​ដាវ គឺ​ជា​សមា​ជិក​ក្រុម​របាំ​វត្ត​សិរី​ឧត្តម​ពោ​ធិ ជុំ​ឃុំ​ង៉ុក​តូ។ ក្រុម​របាំ​បាន​បង្កើត​នៅ​ដើម​ឆ្នាំ ២០២៥ មាន​សមា​ជិក​១៥​នាក់ ហើយ​បង​ស្រី​ហូវ បាន​បង្រៀន​ចង្វាក់​រាំ​ដល់​សមា​ជិក​ក្នុង​ក្រុម។ ការ​បង្កើត​ក្រុម​របាំ បាន​បង្ក​លក្ខណៈ​ឱ្យ​ប្អូនៗ​ហាត់​រាំ​ជា​មួយ​គ្នា និង​ស្នង​បន្ត​នូវ​តម្លៃ​វប្ប​ធម៌​របស់​ជន​ជាតិ។ ក្រៅ​ពី​ការ​ចូល រួម​សម្ដែង​បម្រើ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យ​កឋិន​ទាន។ល។ នៅ​រាល់​លើក​ចូល​រួម​សម្តែង​គឺ​ជា​ឱ​កាស​ដើម្បី​ប្អូនៗ​អនុ​វត្ត​នូវ​ទម្រង់​សិល្បៈ​ដែល​ខ្លួន​បាន​រៀន​ រួម​ចំ​ណែក​ញ៉ាំង​ឱ្យ​កម្ម​វិធី​បុណ្យ​មាន​ភាព​អ៊ូ​អរ​បន្ថែម។ ពេល​យុវ​វ័យ​ចូល​រួម​ដោយ​ផ្ទាល់​ការ​ថែ​រក្សា​អត្ត​សញ្ញាណ​ក្លាយ​ជា​បទ​ពិ​សោធន៍​ជាក់​ស្តែង តាម​រយៈ​កាយ​វិការ​នៃ​ចង្វាក់​រាំ​នី​មួយៗ។

រួម​ចំ​ណែក​អភិ​រក្ស​សិល្បៈ​ខ្មែរ ឆ្នាំ ២០២៣ ក្លឹប “របាំ​ឃុំ​តាយ​វុាំង” ទី​ក្រុង​កឹង​ធើ បាន​បង្កើត​ឡើង​ដោយ​មាន​សមា​ជិក ២០ នាក់។ ក្លឹប​នេះ​សម្តែង​បម្រើ​ក្នុង​ថ្ងៃ​បុណ្យ​ធំ​ៗ​របស់​ជន​រួម​ជាតិ​ខ្មែរ និង​ព្រឹត្តិ​ការណ៍​មួយ​ចំ​នួន​ដែល​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ចាត់​តាំង។ តាម​រយៈ​នោះ សិល្បៈ​របាំ​មាន​កន្លែង​សម្តែង​ផ្សារ​ភ្ជាប់​នឹង​ជីវ​ភាព​ស្មារតី​របស់​ប្រ​ជា​ជន។ លោក​ជុំ​តាយ ប្រ​ធាន​ក្លឹប​របាំ ឱ្យ​ដឹង៖ “ឆ្នាំ ២០២៣ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ឧបត្ថម្ភ​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​ថ្នាក់ ក្លឹប​បាន​ឧបត្ថម្ភ​ឆាក​សម្តែង មកុដ សម្លៀក​បំ​ពាក់ ឧប​ករណ៍​ភ្លេង​។ល។ គិត​ជា​ទឹក​ប្រាក់​សរុប​ជិត ១ ពាន់​លាន​ដុង។ ប្រ​ភព​ឧបត្ថម្ភ​នេះ​បាន បង្ក​លក្ខណៈ​បម្រើ​សកម្ម​ភាព​សម្តែង ជួយ​ប្រ​ជា​ជន មាន​កន្លែង​សកម្ម​ភាព​កម្សាន្ត​សប្បាយ​និង​កាន់​តែ​ស្រ​ឡាញ់​ចូល​ចិត្ត​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ”។

ការ​ថែ​រក្សា​ព្រលឹង​វប្ប​ធម៌ ចាប់​ផ្តើម​ពី​ភាព​ជិត​ដិត មាន​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​បង្រៀន​ប្អូនៗ​ខំ​ប្រឹង​រៀន​រាំ ហើយ​ក្លឹប​តែង​បន្ត​រក្សា​ការ​សម្តែង។ តាម​រយៈ​ការ​ស្នង​បន្ត​នោះ ចង្វាក់​រាំ​ខ្មែរ​នឹង​មាន​អ្នក​រួម​ចំ​ណែក​ថែ​រក្សា​និង​ស្នង​បន្ត​ក្នុង​សម័យ​ទំ​នើប​នា​សព្វ​ថ្ងៃ៕

ថាញ​វ៉ាង - វិមាន​

ចែករំលែកអត្ថបទ