វត្តស្រឡូង ស្ថិតនៅសង្កាត់មីស្វៀង ទីក្រុងកឹងធើ មិនត្រឹមតែល្បីល្បាញដោយស្ថាបត្យកម្មពិសេសប៉ុណ្ណោះទេ ថែមទាំងជាកន្លែងផ្សារភ្ជាប់នឹងសកម្មភាពបួស រៀន បណ្តុះបណ្តាលសមណសិស្ស និងថែរក្សានូវតម្លៃវប្បធម៌ ភាសា និងអក្សរសាស្រ្តរបស់ជនជាតិខ្មែរទៀតផង។ មានតួនាទីជាមូលដ្ឋានប្រជុំជីវភាពព្រះពិទ្ធ សាសនាខ្មែរវត្តបានរួមចំណែកបំប៉នចំណេះដឹងពុទ្ធិកសិក្សា បណ្តុះសីលធម៌ និងបង្កលក្ខណៈដល់យុវជនខ្មែរជំនាន់ក្រោយស្នងបន្តប្រពៃណីរបស់ជនជាតិ។

លោកគ្រូនិងសមណសិស្សថ្នាក់បាលីនៅវត្តស្រឡូង សង្កាត់មីស្វៀង ក្នុងម៉ោងសិក្សា។
នៅវត្តស្រឡូង ការអប់រំនិងបួសរៀនតែងបានយកចិត្តទុកដាក់ តាមរយៈការបើកថ្នាក់ពុទ្ធិកបឋមសិក្សាភាសាខ្មែរនិងបាលី បង្កលក្ខណៈដល់សមណសិស្សរៀនសូត្រ បំប៉នចំណេះដឹងផ្នែកពុទ្ធិកសិក្សា។ ការរក្សាសកម្មភាពអប់រំនៅក្នុងវត្ត ថែមទាំងរួមចំណែកបង្កបរិយាកាសរៀនសូត្រ ដ៏មានប្រយោជន៍ ជួយឱ្យសមណសិស្សកៀកជិតភាសា អក្សរសាស្រ្ត និងតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិទៀតផង។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរក្នុងបរិការណ៍ជីវភាពសង្គមកាន់តែអភិវឌ្ឍ។ វត្តស្រឡូង នៅសង្កាត់មីស្វៀង មានអាយុកាលរាប់រយឆ្នាំ ហើយឆ្នាំនេះវត្តបានបើកថ្នាក់ពុទ្ធិកបឋមសិក្សា តែងបានព្រះចៅអធិការ និងគណៈកម្មការវត្តយកព្រះទ័យទុកដាក់និងឧបត្ថម្ភដល់សមណសិស្សដែលនិមន្តមករៀន។ ព្រះតេជព្រះគុណ គឹមហ្វាងហ៊ឹង ព្រះចៅអធិការវត្តស្រឡូង សង្កាត់មីស្វៀង មានថេរដីកា៖ “ឆ្នាំនេះ វត្តស្រឡូងបើកសាលាចំនួន ៣ ថ្នាក់ គឺថ្នាក់បាលីទី១ ទី២ និងទី៣ (បាលីរង) មានសមណសិស្ស ៩០ អង្គ។ រៀងរាល់ឆ្នាំ សមណសិស្សរបស់វត្តតែងទៅប្រឡងរួមថ្នាក់បាលីរង មានអត្រាជាប់ជិត ៩០% និងទទួលបានជ័យលាភីខ្ពស់ក្នុងសម័យប្រឡងរៀងរាល់ឆ្នាំ”។
សមណសិស្សត្រឹងសុរិយា សមណសិស្សរៀនថ្នាក់បាលីរងវត្តស្រឡូង នៅសង្កាត់មីស្វៀង មានថេរដីកា៖ “រៀនថ្នាក់បាលីរង អាត្មាភាពតែងខិតខំសិក្សាគ្រប់មុខវិជ្ជា ពីព្រោះមុខវិជ្ជាណាក៏សំខាន់ដែរ និងមានប្រយោជន៍ទាំងអស់។ គ្រូបង្រៀនតែងណែនាំ និងបង្ហាត់បង្រៀនដោយអស់ពីចិត្ត ទោះជាភ្លៀង ឬក្តៅ លោកគ្រូតែងចូលថ្នាក់បង្រៀនយ៉ាងទៀតទាត់។ អាត្មាភាពចេញពីវត្តអារាមដែលបានបួស ឆ្ងាយពីគ្រួសារ ញាតិសន្តាន មករៀននៅវត្តស្រឡូងនេះ ហេតុនោះអាត្មាភាពនឹងខំប្រឹងរៀនសូត្រឱ្យបានល្អ“។
លោកគ្រូ គឹមផលី្ល បង្រៀនមុខវិជ្ជាពុទ្ធប្រវត្តិ នៅវត្តស្រឡូង សង្កាត់មីស្វៀង ឱ្យដឹង៖ “ខ្ញុំសង្កេតឃើញ សមណសិស្សខំប្រឹងតស៊ូរៀនសូត្រណាស់ចំណែកគ្រូបង្រៀនក៏សហការយ៉ាងល្អដើម្បីលើកកម្ពស់ការសិក្សា ក្នុងនោះព្រះចៅអធិការគ្រប់គ្រងបានល្អប្រសើរ។ តាមការវាយតម្លៃរបស់ខ្ញុំ ការសិក្សារបស់សមណសិស្សឆ្នាំនេះល្អជាងឆ្នាំមុន ពីព្រោះព្រះសង្ឃខិតខំសិក្សារៀនសូត្រ និងសម្រេចបានលទ្ធផលល្អ។ ចំណែកគ្រូបង្រៀននៅវត្តស្រឡូង សុទ្ធតែបានបណ្តុះបណ្តាលគរុកោសល្យ ឆ្លងកាត់សាលាបណ្តុះបណ្តាលត្រឹមត្រូវ មានវិធីសាស្ត្របង្រៀនមានរបៀបរៀបរយ ផ្តើមពីនោះញ៉ាំងឱ្យសមណសិស្សខិតខំប្រឹងរៀនសូត្រ និងនាំមកនូវប្រសិទ្ធភាពល្អសម្រាប់ឆ្នាំ ២០២៦-២០២៧”។
នៅពេលខាងមុខ វត្តស្រឡូងនឹងបន្តយកចិត្តទុកដាក់ដល់ការអប់រំ បួសរៀន និងអភិរក្សភាសា អក្សរសាស្រ្ត និងការលើកស្ទួយតម្លៃវប្បធម៌ប្រពៃណី មានអត្ថន័យជាក់ស្តែងចំពោះការអភិវឌ្ឍដោយចីរភាពក្នុងសហគមន៍។ ជាមួយនឹងការរួមចំណែកក្នុងសកម្មភាពពុទ្ធសាសនានិងវប្បធម៌ខ្មែរ វត្តស្រឡូង គឺជាអាសយដ្ឋានមួយសម្រាប់ស្វែងយល់អំពីការផ្សារភ្ជាប់រវាងព្រះធម៌ជាមួយនឹងសង្គមជាតិ រួមចំណែកថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ខ្មែរ៕
ដាលីន - វិមាន