នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ សាលាមធ្យមសិក្សាបាលី-ខ្មែរ វិញឡុង បានចាត់តាំងពិធីជំនួបអនុស្សាវរីយ៍លើកទី៤៤ឆ្នាំ ទិវាគ្រូបង្រៀនវៀតណាម (២០-១១-១៩៨២ – ២០-១១-២០២៦)។ ពិធីជំនួបនេះ គឺជាឱកាសសម្តែងនូវការដឹងគុណដល់កងជួរគ្រូបង្រៀន និងលើកទឹកចិត្តប្អូនៗ សមណសិស្សបន្តខិតខំក្នុងការរៀនសូត្រ។ អញ្ជើញចូលរួមពិធីនេះ មានវរសេនីយ៍ឯក ត្រឹងក្វឹកផុក នាយករងនគរបាលខេត្តវិញឡុង និងលោកឡេឌឹកវិញ នាយករងមន្ទីរជនជាតិ និងសាសនាខេត្តវិញឡុង រួមជាមួយនឹងតំណាងគណៈ ផ្នែក អង្គការមហាជនផងដែរ។

ព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិត ថាច់សុខសាន្ត និងវរសេនីយ៍ឯក ត្រឹងក្វឹកផុក ថតរូបអនុស្សាវរីយ៍ក្នុងពិធីជំនួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម ២០ វិច្ឆិកា។

ព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិតថាច់សុខសាន្ត ចាងហ្វាងសាលាមធ្យមសិក្សាបាលី-ខ្មែរ វិញឡុង ទទួលកម្រងផ្កាអបអរសាទរពីលោកឡេឌឹកវិញ នាយករងមន្ទីរជនជាតិ និងសាសនាខេត្តវិញឡុង ក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម ២០ វិច្ឆិកា។
ផ្នែកខាងសាលា មានព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិតថាច់សុខសាន្ត ចាងហ្វាងសាលាមធ្យមសិក្សាបាលី-ខ្មែរវិញឡុង និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តវិញឡុង ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត មួយអន្លើមានគណះចាងហ្វាងសាលា ព្រមទាំងលោកគ្រូអ្នកគ្រូ ប្អូនៗ សមណសិស្ស និងឪពុកម្តាយសិស្សរបស់សាលាអញ្ជើញចូលរួមផងដែរ។
នៅក្នុងពិធីនេះ ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត បានថ្លែងអំណរគុណដល់អ្នកតំណាង និងឪពុកម្តាយសិស្សដែលបានអញ្ជើញចូលរួម ទន្ទឹមនឹងនោះកត់សម្គាល់ការរួមចំណែករបស់កងជួរគ្រូបង្រៀនក្នុងការបង្ហាត់បង្រៀន។ ព្រះឧបជ្ឈាយ៍ក៏បានលើកទឹកចិត្តលោកគ្រូអ្នកគ្រូបន្តខិតខំប្រឹងប្រែងក្នុងការងារ យកចិត្តទុកដាក់ណែនាំ និងជួយដល់អ្នកសិក្សា។ ចំពោះប្អូនៗ សមណសិស្ស ព្រះអង្គលើកទឹកចិត្តគប្បីពង្រីកស្មារតីភ្ញាក់រលឹក ខិតខំរៀនសូត្រ លត់ដំ រួមជាមួយលោកគ្រូអ្នកគ្រូអនុវត្តល្អនូវចលនាប្រឡងប្រណាំងបង្រៀនល្អ រៀនល្អ៕
ទីទុយ - វិមាន