(អ.ឡ) នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា លោកឡេកុងលី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមអ្នកតំណាងលេខ៥នៃក្រុមប្រឹក្សាប្រជាជនទីក្រុង រួមមាន៖ ឃុំភុងហេប ឃុំថាញ់ហ្វា និងឃុំតឹងប៊ិញ។

ថ្នាក់ដឹកនាំឃុំភុងហេប រាយការណ៍ផ្តល់មតិលើឯកសារដែលដាក់ជូនសម័យប្រជុំដំណាច់ឆ្នាំ ២០២៦ របស់ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ។ រូបថត៖ ង៉ុកឡុក
នៅក្នុងកិច្ចប្រជុំ អ្នកតំណាងទាំងឡាយ បានឯកភាពលើខ្លឹមសារដែលត្រូវដាក់ជូនសម័យប្រជុំ ព្រមទាំងស្នើឱ្យទីក្រុងយកចិត្តទុកដាក់បែងចែកប្រភពធនធានសមស្របតាមលក្ខណៈពិសេសនៃភូមិភាគនីមួយៗ ជាពិសេសក្រោយពេលអនុវត្តទម្រង់រដ្ឋអំណាចភូមិភាគ ២ ថ្នាក់។
ឃុំថាញ់ហ្វា បានលើកស្នើបំពេញបន្ថែមលក្ខឋានផ្តល់ផ្ទេរថវិកាទៅតាមទំហំភូមិឋាន ចំនួនភូមិនិងបរិមាណការងារ ព្រមទាំងស្នើសុំជំនួយថវិកាប្រមាណ ២០ ពាន់លានដុង ដើម្បីវិនិយោគកសាងដងផ្លូវលេខ៤ មានប្រវែង ៥ គីឡូម៉ែត្រ តភ្ជាប់ជាមួយផ្លូវជាតិលេខ ៦១ ទៅកាន់មជ្ឈមណ្ឌលឃុំ និងបណ្តុំឧស្សាហកម្ម ផ្តល់អាទិភាពវិនិយោគមណ្ឌលតាំងទីលំនៅឡើងវិញប្រមាណ ២០ ហិកតា ដើម្បីបម្រើដល់គម្រោងសំខាន់ៗ។
ឃុំតឹងប៊ិញ បានស្នើសុំបង្កើនដើមទុនវិនិយោគរដ្ឋ ឆ្នាំ២០២៧ ដើម្បីសម្រេចរួចរាល់នូវលក្ខឋានជនបទថ្មី។ រីឯឃុំភុងហេប ស្នើឱ្យបញ្ជាក់ច្បាស់ពីមូលហេតុដែលសន្ទទស្សន៍សេដ្ឋកិច្ច-សង្គមមិនទាន់សម្រេចតាមផែនការ កសាងដំណោះស្រាយកំណើន ឆ្នាំ២០២៧ ឱ្យស្របតាមភាពជាក់ស្តែង និងស្នើសុំបំពេញបន្ថែមថវិកាសម្រាប់សកម្មភាពជាប្រចាំរបស់ភូមិនានា ក៏ដូចជាដោះស្រាយការលំបាកក្នុងការអនុវត្តដំណើរការរដ្ឋអំណាចមូលដ្ឋាន។

លោកឡេកុងលី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងកិច្ចប្រជុំ។ រូបថត៖ ង៉ុកឡុក
ថ្លែងក្នុងកិច្ចប្រជុំ លោកឡេកុងលី ឱ្យដឹង៖ ដល់ឆ្នាំ២០២៧ ទីក្រុងបានដាក់ចេញនូវតម្រូវការកំណើនខ្ពស់ ហេតុនេះ ភូមិភាគនីមួយៗត្រូវកំណត់ច្បាស់ពីសក្តានុភាព ឧត្តមភាព និងចំណុចរាំងស្ទះដែលត្រូវដោះស្រាយ។ ការវិនិយោគរដ្ឋត្រូវបង្កជាកម្លាំងចលករអភិវឌ្ឍន៍ពិតប្រាកដ មិនត្រូវបែងចែកដើមទុនរាយប៉ាយ ត្រូវផ្តល់អាទិភាពដល់សំណង់នានាដែលមានលទ្ធភាពសម្រេចរួចរាល់ ពង្រីកប្រសិទ្ធភាពនិងបង្កការតភ្ជាប់រវាងភូមិឋាននានា។
ទន្ទឹមនឹងការឧបត្ថម្ភរបស់ទីក្រុង ភូមិភាគនានាត្រូវលើកកម្ពស់ស្មារតីម្ចាស់ការ និងការទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ច ជាពិសេសគឺការងាររៀបគម្រោងប្លង់ ការរំដោះផ្ទៃដីនិងការផ្តល់ផ្ទេរថវិកាវិនិយោគរដ្ឋ៕
ភឿកអាង-មុនី