រសៀលថ្ងៃទី២០ ខែវិច្ឆិកា ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ ចំណុះគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចាត់តាំងសន្និបាតបូកសរុបការងារការពារព្រំដែននិងកសាងកងកម្លាំងឆ្នាំ២០២៦។ លោកវរសេនីយ៍ឯកបម្រុង ង្វៀងថាញឌឹង បញ្ជាការរងនិងជានាយសេនាធិការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ អញ្ជើញចូលរួមនិងចង្អុលការអង្គសន្និបាត។

លោកវរសេនីយ៍ឯកបម្រុង ង្វៀងថាញឌឹង បញ្ជាការរងនិងជានាយសេនាធិការកងទ័ពការពារព្រំដែនទីក្រុង ប្រគល់កិត្តិនាម "អង្គភាពជឿនលឿន" និង "យុទ្ធជនជឿនលឿន" ដល់សមូហភាពនិងបុគ្គលដែលមានស្នាដៃឆ្នើម។
ឆ្នាំ២០២៦ ទោះបីមានការផ្លាស់ប្តូរអំពីអង្គការចាត់តាំងនិងដំណើរការទម្រង់រដ្ឋអំណាចភូមិភាគ២ថ្នាក់ក៏ដោយ ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញបានម្ចាស់ការជម្នះការលំបាក ចាត់តាំងព្រមៗគ្នានូវវិធានការការងារការពារព្រំដែន គ្រប់គ្រង ការពាររឹងមាំនូវអធិបតេយ្យភាព សន្តិសុខព្រំដែនសមុទ្រ ហើយរក្សាខ្ជាប់សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅលើភូមិឋាន។ លេចធ្លោ គឺអង្គភាពរក្សាយ៉ាងម៉ឺងម៉ាត់របបយាមប្រចាំការត្រៀមប្រយុទ្ធ ម្ចាស់ការក្តាប់ច្បាស់ស្ថានភាព សហការជាមួយកងកម្លាំងសមត្ថកិច្ចនានាចាត់តាំងដើរល្បាតបាន៥៥លើក ដោយមានកម្មាភិបាល យុទ្ធជនចូលរួម៦៦៤លើកនាក់ ដោះស្រាយទាន់ពេលនូវករណីកើតឡើង មិនទុកឱ្យបាត់ភាពម្ចាស់ការ ចៃដន្យកើតឡើង។ កិច្ចការហ្វឹកហ្វឺន កសាងរបៀបរៀបរយបានយកចិត្តទុកដាក់ដោយមានខ្លឹមសារចំនួន៥៤២ កងកម្លាំងសម្រេចតាមសំណូមពរ៩២% ការពិនិត្យបាញ់គ្រាប់កាំភ្លើងពិតសម្រេចកម្រិតពូកែ។ ក្នុងការបង្ការ បង្រ្កាប់បទល្មើស អង្គភាពបានបោសសម្អាត៣ករណី មានមុខសញ្ញាប្រព្រឹត្តល្មើសអំពីគ្រឿងញៀន៤នាក់ (រឹបអូសគ្រឿងញៀន៩,៥៥៩ក្រាម); វិនិច្ឆ័យ១២ករណី មានមុខសញ្ញា១៨នាក់ ដែលប្រព្រឹត្តិល្មើសច្បាប់រដ្ឋបាល រឹបអូសបារីបរទេសរត់ពន្ធ១.៥៨១កញ្ចប់ ដោយទឹកប្រាក់ពិន័យសរុបជាង១៥៦លានដុង។
ទន្ទឹមនឹងភារកិច្ចគ្រប់គ្រង ការពារព្រំដែន ការងារប្រជាចលនានិងសុខុមាលភាពសង្គមសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។ អង្គភាពបានចាត់កម្មាភិបាល យុទ្ធជន៤៧២លើកនាក់ឱ្យច្បាមភូមិឋាន ដើម្បីឃោសនា ចលនាមហាជន; ជូនអំណោយ២៨៨ចំណែក; ពិនិត្យជំងឺ ផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជន៣៨០លើកនាក់; ជូនអាហារូបករណ៍៣០ចំណែក; ទង់ជាតិចំនួន៣៥០និងអង្ករ២តោនដល់អ្នកនេសាទ ជូនពពែពូជ៥គូ ហើយចាត់តាំងបុណ្យសែនព្រះខែជូនអំណោយ១០០ចំណែក កាតាបចំនួន១៥ សៀវភៅសរសេរ២.០០០ក្បាល កង់១គ្រឿងដល់សិស្សានុសិស្ស... ដោយថវិកាសរុបជាង៥០០លានដុង រួមចំណែកពង្រឹងជំហរយុទ្ធសាស្រ្តការពារព្រំដែនទូទាំងប្រជាជន។

លោកស្រី ផាងង៉ុកធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនឃុំត្រឹងដេ ប្រគល់លិខិតសរសើររបស់គណៈកម្មាធិការប្រជាជនឃុំដល់សមូហភាពនិងបុគ្គលដែលសម្រេចស្នាដៃឆ្នើម។
ថ្លែងចង្អុលការ វរសេនីយ៍ឯកបម្រុង ង្វៀងថាញឌឹង បញ្ជាការរងនិងជានាយសេនាធិការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានស្ងើចសរសើរចំពោះសមិទ្ធផលដែលប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញសម្រេចបានក្នុងឆ្នាំកន្លង។ សមមិត្តសំណូមពរនៅឆ្នាំ២០២៧ អង្គភាពបន្តផ្សព្វផ្សាយជ្រួតជ្រាបយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្ត បទបញ្ជារបស់ថ្នាក់លើ; រក្សាយ៉ាងម៉ឺងម៉ាត់របបយាមប្រចាំការត្រៀមប្រយុទ្ធ ក្តាប់ច្បាស់ ព្យាករណ៍ត្រូវស្ថានភាពនៅលើសមុទ្រនិងលើភូមិឋានដើម្បីការពាររឹងមាំនូវអធិបតេយ្យភាពព្រំដែនជាតិ។ អង្គភាពគប្បីលើកកម្ពស់គុណភាពហ្វឹកហ្វឺន វិន័យ; សហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងនានាក្នុងការបង្ការ បង្រ្កាប់បទល្មើសនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវដំណោះស្រាយប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍និងមិនតាមបទប្បញ្ញត្តិ (IUU)។ ព្រមទាំង យកចិត្តទុកដាក់កសាងបក្ខភាគស្អាតស្អំ មុតមាំ លើកកម្ពស់តួនាទីធ្វើជាគំរូរបស់កម្មាភិបាលទទួលបន្ទុកនិងជំរុញទម្រង់ជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កសាងតំបន់ព្រំដែនសមុទ្ររឹងមាំ។
ក្នុងឱកាសនេះ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងបានប្រទានកិត្តិនាម "អង្គភាពជឿនលឿន" ដល់សមូហភាព១ និង "យុទ្ធជនជឿនលឿន" ដល់បុគ្គល១១នាក់ ដែលមានស្នាដៃឆ្នើមក្នុងចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះឆ្នាំ២០២៦; គណៈកម្មាធិការប្រជាជនឃុំត្រឹងដេជូនលិខិតសរសើរដល់សមូហភាព១និងបុគ្គល៣នាក់ ដែលមានស្នាដៃឆ្នើមក្នុងការបង្ការ ប្រឆាំងការរត់ពន្ធ ក្លែងបន្លំពាណិជ្ជកម្មនិងទំនិញក្លែងក្លាយ៕
យ្វីអាញ - សុផន