ជិត ២៣ ឆ្នាំផ្សារភ្ជាប់នឹងអាជីពបង្រៀន អ្នកគ្រូ លីវ៉ូភឿងខាញ់ គ្រូបង្រៀនសាលាអនុវិទ្យាល័យតឹងថាញ់ ឃុំតឹងថាញ់ ទីក្រុងកឹងធើ តែងអស់ពីចិត្តចំពោះបុព្វហេតុបណ្ដុះបណ្ដាលធនធានមនុស្សនៅតំបន់ជនបទដែលនៅមានការលំបាកជាច្រើន។ មិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ អ្នកគ្រូថែមទាំងចុះទៅដល់ផ្ទះសិស្សម្នាក់ៗ ដើម្បីចលនាសិស្សដែលប្រឈមនឹងការបោះបង់ការសិក្សា ឱ្យត្រឡប់មករៀនវិញ។ ដោយក្តីស្រឡាញ់ និងគំនិតច្នៃប្រតិដ្ឋក្នុងការបង្រៀន អ្នកគ្រូបានក្លាយជាទីបង្អែកសម្រាប់សិស្សក្រីក្រជាច្រើន និងរួមចំណែកបំភ្លឺក្តីប្រាថ្នារៀនសូត្ររបស់កូនចៅមាមីងជនជាតិខ្មែរ។
ចេញសាលា និងចាប់ផ្តើមបង្រៀនតាំងពីឆ្នាំ ២០០៣ អ្នកគ្រូ លីវ៉ូភឿងខាញ់ បានផ្សារភ្ជាប់ជាមួយសាលារៀននៅភូមិស្រុកកំណើតរបស់ខ្លួន ដែលសិស្សភាគច្រើនគឺជនជាតិខ្មែរ។ យល់ច្បាស់ពីការលំបាកអំពីជីវភាព និងឧបសគ្គភាសារបស់សិស្ស អ្នកគ្រូបានយកចំណេះដឹងនិងក្តីស្រឡាញ់ ដើម្បីជួយសិស្សឱ្យមានអនាគតល្អប្រសើរ។ អ្នកគ្រូខាញ់ ចែករំលែក៖ “នាងខ្ញុំជាជនជាតិខ្មែរ ដូច្នេះនាងខ្ញុំយល់ច្បាស់ពីការលំបាក និងឧបសគ្គអំពីជីវភាព ព្រមទាំងភាសារបស់ប្អូនៗ។ ហេតុនេះ បំណងប្រាថ្នារបស់នាងខ្ញុំតាំងពីតូច គឺចង់ផ្សារភ្ជាប់នឹងអាជីពបង្រៀន ដើម្បីជួយក្មួយៗសិស្សានុសិស្សគ្រប់ជំនាន់ដែលនៅភូមិភាគ ជាពិសេសសិស្សខ្មែរ ឱ្យមានការវិវឌ្ឍន៍និងមានអនាគតភ្លឺស្វាង”។

អ្នកគ្រូខាញ់និងសិស្ស ក្នុងម៉ោងអនុវត្តផ្ទាល់មុខវិជ្ជាគីមីវិទ្យា។
នៅសាលាអនុវិទ្យាល័យតឹងថាញ់ ទីតាំងសាលាមណ្ឌលបច្ចុប្បន្នមានសិស្សសរុប ៦១៥ នាក់ ក្នុងនោះជាង ៧០% ជាជនជាតិខ្មែរ។ ប្អូនៗជាច្រើនគ្រួសារជួបការលំបាក ឪពុកម្តាយទៅរកស៊ីឆ្ងាយ ប្អូនៗរស់នៅជាមួយជីដូនជីតា ខ្វះការមើលថែទាំជាប្រចាំ ងាយធ្លាក់ទឹកចិត្តក្នុងការសិក្សា ឬប្រឈមនឹងការបោះបង់ការសិក្សា។
ចំពោះមុខស្ថានភាពនេះ អ្នកគ្រូខាញ់ តែងតាមដានជិតដិត ស្វែងយល់ពីករណីនីមួយៗ និងចុះទៅដល់ផ្ទះផ្ទាល់ ដើម្បីចលនាអាណាព្យាបាលសិស្សបន្តជំរុញឱ្យប្អូនៗមករៀន។ ជាជនជាតិខ្មែរ កើតនិងធំដឹងក្តីនៅភូមិភាគផ្ទាល់ អ្នកគ្រូប្រើភាសាខ្មែរដើម្បីសំណេះសំណាល និងចែករំលែក ដោយភាពស្និទ្ធស្នាល និងការយោគយល់ជាមួយមាមីង។ អ្នកគ្រូ យឿងធីថាញ់ទូ ចាងហ្វាងសាលាអនុវិទ្យាល័យតឹងថាញ់ ឱ្យដឹង៖ “ចំពោះសិស្សជួបការលំបាក គ្មានលទ្ធភាពបន្តការសិក្សា អ្នកគ្រូខាញ់ ចុះទៅដល់ផ្ទះចលនាផ្ទាល់ និងរួមដំណើរជាមួយប្អូនៗ ព្រមទាំងស្នើគណៈចាងហ្វាងសាលា ជួយឧបត្ថម្ភតាមរយៈអាហារូបករណ៍ និងសប្បុរសជនជំនួយ ដើម្បីប្អូនៗបន្តការសិក្សា”។
មិនត្រឹមតែជាអ្នកផ្តល់ចំណេះដឹងប៉ុណ្ណោះទេ អ្នកគ្រូខាញ់ ក៏ចាត់ទុកខ្លួនឯងដូចជាមិត្តរួមដំណើរ តែងស្តាប់ និងចែករំលែកជាមួយសិស្ស។ ទន្ទឹមនឹងការជំរុញទឹកចិត្តសិស្សមករៀន អ្នកគ្រូខាញ់ ក៏សកម្មផ្លាស់ប្តូរវិធីសាស្ត្របង្រៀន ដើម្បីបង្កចំណាប់អារម្មណ៍ក្នុងការសិក្សា។ ចំពោះមុខវិជ្ជាវិទ្យាសាស្ត្រធម្មជាតិ គីមីវិទ្យា អ្នកគ្រូបង្កើតទម្រង់ “គីមីវិទ្យាពីផ្ទះបាយ” ដោយយកវត្ថុធាតុដើមធ្លាប់ប្រើប្រាស់ប្រចាំថ្ងៃ ដូចជា អំបិល ស្ករ ម្សៅមី ទឹកខ្មេះ និងប្រេងឆា ដើម្បីពន្យល់បង្ហាញមេរៀន។ សិស្សក៏បានអនុវត្តផ្ទាល់របៀបធ្វើទឹកខ្មេះ ទឹកសេរ៉ូ ត្រាំស្រាផ្លែឈើ និងផលិតសាប៊ូ។
វិធីសាស្ត្របង្រៀនជិតស្និទ្ធ និងរស់រវើក ជួយឱ្យចំណេះសោះកក្រោះក្លាយជាងាយយល់ និងបំផុសចំណង់ស្វែងយល់វិទ្យាសាស្ត្រ។ ប្អូនឌិញកុងមិញធឺ និងប្អូនឡេវៀតឡុង សិស្សសាលាអនុវិទ្យាល័យតឹងថាញ់ ចែករំលែក៖ “ពេលរៀនម៉ោងអ្នកគ្រូ ប្អូនមានអារម្មណ៍សប្បាយរីករាយ និងរំភើបណាស់។ តាមរយៈម៉ោងរៀនរបស់អ្នកគ្រូ ប្អូនមិនត្រឹមតែទទួលបានចំណេះដឹងគីមីវិទ្យាប៉ុណ្ណោះទេ ថែមទាំងទទួលបានថាមពលវិជ្ជមានទៀតផង។ ប្អូនពិតជាសប្បាយចិត្តដែលបានរៀនជាមួយអ្នកគ្រូ ព្រោះអ្នកគ្រូតែងយកចិត្តទុកដាក់ដល់សិស្សយ៉ាងដិតដល់”។
ក្រៅពីម៉ោងរៀន អ្នកគ្រូក៏រៀបចំសកម្មភាពជាក្រុម ល្បែងប្រជាប្រិយ និងបញ្ចូលការអប់រំបំណិនជីវិត ដើម្បីជួយសិស្សមានភាពមោះមុត និងជឿជាក់លើខ្លួនឯង។ អ្នកគ្រូក៏ប្រើបណ្តាញសង្គម Zalo និង Facebook ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអាណាព្យាបាលសិស្ស និងសិស្ស ក្តាប់បានទាន់ពេលស្ថានភាពសិក្សា សុខភាព ក៏ដូចជាការលំបាកដែលសិស្សជួបប្រទះ។
ជិត ២៣ ឆ្នាំបំពេញការងារ អ្នកគ្រូខាញ់ ទទួលបានកិត្តិនាមជា យុទ្ធជនប្រឡងប្រណាំងថ្នាក់មូលដ្ឋាន ច្រើនឆ្នាំបន្តរបន្ទាប់ ពីឆ្នាំសិក្សា ២០១៥-២០១៦ ដល់ឆ្នាំសិក្សា ២០២៤-២០២៥ ហើយបានទទួលប័ណ្ណសរសើរចំនួន៤របស់គណៈកម្មាធិការប្រជាជនខេត្តនិងប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រី ក្នុងឆ្នាំ ២០២៥។ ជាពិសេស ក្នុងឆ្នាំ ២០២៦ អ្នកគ្រូមានកិត្តិយសក្លាយជាគ្រូបង្រៀនគំរូម្នាក់ក្នុងចំណោមគ្រូបង្រៀនគំរូ ៣៤ រូបទូទាំងប្រទេស ដែលបានស្ងើចសរសើរក្នុងកម្មវិធី “ចែករំលែកជាមួយលោកគ្រូ អ្នកគ្រូ”។ ទទួលបានការទទួលស្គាល់ដ៏ថ្លៃថ្លានេះ អ្នកគ្រូខាញ់ ចែករំលែកទាំងក្តីរំភើប៖ “នាងខ្ញុំមានអារម្មណ៍ថាពិតជាមានកិត្តិយសណាស់ ទន្ទឹមនឹងនេះក៏មានក្តីរំភើប និងមោទនភាពដែរ។ ការលើកតម្កើងនិងការទទួលស្គាល់នេះ មិនមែនសម្រាប់តែរូបនាងខ្ញុំផ្ទាល់ម្នាក់នោះទេ ប៉ុន្តែគឺជាកិច្ចខិតខំប្រឹងប្រែងរបស់សមូហភាពកម្មាភិបាល បុគ្គលិក និងគ្រូបង្រៀននៃសាលាអនុវិទ្យាល័យតឹងថាញ់ទាំងមូល។ លើសពីនេះ អ្វីដែលសំខាន់ជាងទៀតដើម្បីទទួលបានកិត្តិយសនេះ គឺការតស៊ូព្យាយាមនិងឆន្ទៈឈានឡើងជម្នះការលំបាក ខិតខំរៀនសូត្ររបស់សិស្សនៅតំបន់ជនជាតិភាគតិច ហើយនេះក៏ជាចំណុចរបត់មួយជួយឱ្យនាងខ្ញុំកាន់តែរឹងមាំថែមទៀតក្នុងការបង្ហាត់បង្រៀនអក្សរ”។

អ្នកគ្រូខាញ់ ទទួលអំណោយស្ងើចសរសើរ ក្នុងកម្មវិធី “ចែករំលែកជាមួយលោកគ្រូ អ្នកគ្រូ” ឆ្នាំ ២០២៦។
ជាង ២០ ឆ្នាំឈរបង្ហាត់បង្រៀន អ្នកគ្រូ លីវ៉ូភឿងខាញ់ នៅតែបន្តព្យាយាមបណ្តុះបណ្តាលចំណេះដឹង និងពូនជ្រំក្តីប្រាថ្នាជូនសិស្សនៅតំបន់ជនបទយ៉ាងខ្ជាប់ខ្ជួន។ ដោយក្តីស្រឡាញ់ ការយោគយល់និងការទទួលខុសត្រូវរបស់គ្រូបង្រៀនជនជាតិខ្មែរ អ្នកគ្រូមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងផ្តល់ជំនឿចិត្ត និងឆន្ទៈមោះមុត ដើម្បីឱ្យសិស្សបោះជំហានរឹងមាំក្នុងការសិក្សា។ ទឹកចិត្តដ៏ប្រពៃរបស់អ្នកគ្រូ រួមចំណែករក្សាសិស្សក្រីក្រឱ្យបន្តការសិក្សា និងបំផុសក្តីសង្ឃឹមអំពីអនាគតភ្លឺស្វាងសម្រាប់សិស្សគ្រប់ជំនាន់នៅភូមិស្រុកដែលនៅមានការលំបាក៕
ថាញហ៊ុង - ថាច់ធី