ជាង២០ឆ្នាំផ្សារភ្ជាប់នឹងអាជីពគ្រូបង្រៀន អ្នកគ្រូទ្រេវធីស៊ីសាថា គ្រូបង្រៀនសាលាបឋមសិក្សាលីវទូ សាខាទី២ នៅឃុំលីវទូ ទីក្រុងកឹងធើ តែងរួមដំណើរដោយអស់ពីចិត្ត ជួយសិស្សជនជាតិខ្មែរជម្នះរបាំងភាសាវៀត។ ដោយទឹកចិត្តស្រឡាញ់អាជីព មានភាពអត់ធ្មត់និងវិធីសាស្ត្របង្រៀនសមស្រប អ្នកគ្រូជាជំហានៗជួយប្អូនៗមានទំនុកចិត្តជាងក្នុងការសិក្សាតាំងពីថ្នាក់ទី១។

អ្នកគ្រូ ទ្រេវធីស៊ីសាថា គ្រូបង្រៀនអស់ពីចិត្តជាមួយសិស្សនៅតំបន់ជនជាតិភាគតិច។
ចាប់ផ្តើមអាជីពបង្រៀនតាំងពីឆ្នាំ ២០០៥ អ្នកគ្រូទ្រេវធីស៊ីសាថា កើតឆ្នាំ ១៩៨៥ មានឱកាសបង្រៀននៅគ្រប់ថ្នាក់ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៥។ បង្រៀនសិស្សគ្រប់ជំនាន់ អ្នកគ្រូតែងផ្លាស់ថ្មីវិធីសាស្ត្រគរុកោសល្យ ម្ចាស់ការរៀនសូត្រ បង្កើនកម្រិតជំនាញវិជ្ជាជីវៈនិងបំណិនបង្ហាត់បង្រៀន។ សម្រាប់អ្នកគ្រូ នៅរាល់ម៉ោងចូលថ្នាក់មិនត្រឹមតែជាការផ្ទេរចំណេះដឹងប៉ុណ្ណោះទេ នៅទាំងជាការរួមដំណើរដាស់ស្មារតីស្រឡាញ់ការសិក្សានិងការទំនុកចិត្តសម្រាប់សិស្សតំបន់ជនជាតិភាគតិច។
រយៈកាល២ឆ្នាំមកនេះ អ្នកគ្រូស៊ីសាថា បានប្រគល់ភារកិច្ចជាគ្រូប្រចាំថ្នាក់ទី១ ព្រមទាំងបង្រៀនភាសាវៀតដល់ប្អូនៗជនជាតិខ្មែរមុននឹងចូលរៀនថ្នាក់ទី១។ សម្រាប់កេ្មងៗជាច្រើនដែលនៅមានភាពអៀនខ្មាស ចេះភាសាវៀតតិចតួច ការបន្តពីកម្រិតមេត្តយ្យឡើងកម្រិតបឋមសិក្សាគឺប្រឈមនឹងការសាកល្បងជាច្រើន។ យល់ច្បាស់ពីប្រការទាំងនេះ អ្នកគ្រូអត់ធ្មត់ណែនាំប្អូនៗពីរបៀបកាន់ប៊ិក អង្គុយរៀន ការបញ្ចេញសូរសៀង រហូតដល់ពាក្យជំរាបសួរ ការប្រាស្រ័យទំនាក់ទំនងប្រចាំថ្ងៃ ជួយប្អូនៗជាជំហានៗបានស៊ាំនឹងបរិស្ថានសិក្សាថ្មី។ អ្នកគ្រូទ្រេវធីស៊ីសាថា រៀបរាប់៖ "តាមខ្ញុំ ថ្នាក់ទី១គឺជាថ្នាក់លំបាកបំផុត ពីព្រោះ ប្អូនៗទើបបន្តពីកម្រិតមេត្តយ្យឡើងបឋមសិក្សានៅថ្មីថ្មោង មិនទាន់ស៊ាំនឹងបរិស្ថានសិក្សាថ្មី។ តាំងពីរបៀបអង្គុយ កាន់ប៊ិក ហាត់សរសេររហូតដល់ការស្តាប់និងធ្វើតាមបង្គាប់គ្រូបង្រៀន ប្អូនៗសុទ្ធតែត្រូវការណែនាំពីមួយជំហានទៅមួយជំហាន។ ពីរឆ្នាំបានប្រគល់ភារកិច្ចធ្វើជាគ្រូប្រចាំថ្នាក់ទី១ ខ្ញុំយល់ឃើញថា គ្រូបង្រៀនត្រូវតែមានភាពអត់ធ្មត់ ជិតស្និទ្ធនិងលើកទឹកចិត្តសិស្សជារឿយៗ ដើម្បីកុំឱ្យប្អូនៗមានអារម្មណ៍តានតឹង។ រាល់ថ្ងៃឃើញប្អូនៗមានជំហានជឿនលឿន ចេះអាន ចេះសរសេរនិងហ៊ានទំនាក់ទំនង ខ្ញុំសប្បាយចិត្តខ្លាំងណាស់និងមានកម្លាំងចិត្តបន្ថែមដើម្បីបន្តផ្សារភ្ជាប់នឹងអាជីព"។
ដើម្បីលើកកម្ពស់បំណិនអានដល់សិស្ស អ្នកគ្រូទ្រេវធីស៊ីសាថា ក៏បានកសាងនិងអនុវត្តគំនិតច្នៃប្រតិដ្ឋ "វិធានការហាត់បំណិនអានត្រឹមត្រូវសម្រាប់សិស្សថ្នាក់ទី១B៣ សាលាបឋមសិក្សាលីវទូB"។ បន្ទាប់ពីពិនិត្យមេរៀនដើមឆ្នាំសិក្សា ២០២៥-២០២៦ ចំពោះសិស្ស ២៦នាក់ អ្នកគ្រូបានម្ចាស់ការបែងសិស្សតាមសមត្ថភាពយល់ដឹង ជ្រើសរើសវិធីសាស្ត្រណែនាំឱ្យសមស្របនឹងសិស្សម្នាក់ៗ ទន្ទឹមនឹមនោះ ក៏បានផ្គួបបញ្ចូលល្បែងសិក្សា ចាត់តាំងទម្រង់ "មិត្តភក្តិជឿនលឿនជាមួយគ្នា" ដើម្បីបង្កបរិយាកាសសិក្សាប្រកបដោយភាពរីករាយ លើកទឹកចិត្តប្អូនៗក្លាហានចូលរួមកសាងមេរៀន។ អ្នកគ្រូ យឿងធីឡា គ្រូបង្រៀនសាលាបឋមសិក្សាលីវទូ សាខាទី២ ចែករំលែក៖ "ប្រការដែលខ្ញុំគោរពចំពោះអ្នកគ្រូស៊ីសាថា គឺភាពស្មោះត្រង់ អត់ធ្មត់និងស្មារតីរៀនសូត្រឥតឈប់ឈរ។ ទោះបីសិស្សជក់ចិត្តលេងឬទទួលមេរៀនយឺតយ៉ាវយ៉ាងណាក៏ដោយ អ្នកគ្រូមិនបោះបង់ចោលឡើយ។ ភាពទន់ភ្លន់និងការអត់ធ្មត់របស់អ្នកគ្រូ បានផ្តល់កម្លាំងចិត្តសម្រាប់យើងខ្ញុំក្នុងការងារ"។

អ្នកគ្រូទ្រេវធីស៊ីសាថា កំពុងណែនាំសិស្សថ្នាក់ទី១ហាត់ពីបំណិនទំនាក់ទំនង។
បានបញ្ចូលកងជួរបក្សតាំងពីឆ្នាំ២០១៩ អ្នកគ្រូស៊ីសាថា កាន់តែយល់ពីតួនាទីឈានមុខ ធ្វើជាគំរូរបស់បក្ខជននៅរាល់ម៉ោងបង្រៀននិងការងារឃោសនានៅភូមិភាគ។ អាស្រ័យការយល់ដឹងពីទំនៀមទម្លាប់ ចិត្តសាស្ត្ររបស់សិស្សខ្មែរ បានបង្កជាកម្លាំងនិងការផ្សារភ្ជាប់ដ៏រឹងមាំរវាងសាលារៀននិងអាណាព្យាបាលសិស្ស និងសិស្ស។ សម្រាប់អ្នកគ្រូ សុភមង្គលធំបំផុត បន្ទាប់ពីចូលថ្នាក់បង្រៀនជាង២ទសវត្សរ៍ គឺមិនស្ថិតលើស្នាដៃបុគ្គល ប៉ុន្តែនៅរាល់ស្នាមគំនូសអក្សរ នៅរាល់ពាក្យសម្តីជឿជាក់របស់សិស្សជារៀងរាល់ថ្ងៃ។ លោកគ្រូ ឡឹមហ្វាងណាម ចាងហ្វាងរងសាលាបឋមសិក្សាលីវទូ បញ្ជាក់៖ "អ្នកគ្រូ ទ្រេវធីស៊ីសាថា ផ្សារភ្ជាប់នឹងអាជីពគ្រូបង្រៀនជាច្រើនឆ្នាំ តែងមានស្មារតីទទួលខុសត្រូវនិងអស់ពីចិត្តជាមួយសិស្ស។ ជាជនជាតិខ្មែរ អ្នកគ្រូមានភាពងាយស្រួយច្រើនក្នុងការទំនាក់ទំនង ជិតស្និទ្ធនិងយល់ច្បាស់ពីចិត្តសាស្ត្ររបស់សិស្សជនជាតិខ្មែរ។ ក្នុងការងារជំនាញវិជ្ជាជីវៈក៏ដូចជាបណ្តាសកម្មភាពរបស់សាលា អ្នកគ្រូតែងខ្នះខ្នែង អស់ពីចិត្តនិងអនុវត្តសម្រេចល្អភារកិច្ចប្រគល់ឱ្យ"។
ផ្តើមពីការស្រឡាញ់អាជីពនិងការអស់ពីចិត្តចំពោះសិស្ស អ្នកគ្រូទ្រេវធីស៊ីសាថាកំពុងរួមចំណែកជារៀងរាល់ថ្ងៃក្នុងការលើកកម្ពស់គុណភាពអប់រំតំបន់ជនរួមជាតិខ្មែរ។ ការខិតខំប្រឹងប្រែងរបស់អ្នកគ្រូមិនត្រឹមតែជួយសិស្សមានចំណេះដឹងប្រាកដប្រជា ជឿជាក់ក្នុងការប្រើប្រាស់ភាសាវៀតប៉ុណ្ណោះទេ ថែមទាំងរីកសាយភាយស្មារតីទទួលខុសត្រូវ ភាពអត់ធ្មត់និងស្មារតីផ្លាស់ថ្មីក្នុងកងជួរគ្រូបង្រៀនទៀតផង៕
ហុងទើ-មុនី