ក្រោយពីរយៈពេលហាត់សមដោយស្មារតីសាមគ្គី ប្តេជ្ញាចិត្តខ្ពស់ ក្រុមទូក ងបុរសនិងនារីបានត្រៀមជាស្រេចសម្រាប់រដូវកាលប្រណាំង ឆ្ពោះដល់ទិសដៅប្រកួតប្រណាំងអស់ពីសមត្ថភាពនិងដណ្តើមយកជ័យលាភីនៅក្នុងពិធីបុណ្យអកអំបុក -ប្រណាំងទូក ង ទីក្រុងកឹងធើ ឆ្នាំ២០២៦។

កីឡាករទូក ង វត្តជ្រោយទឹមចាស់ សកម្មហាត់សមត្រៀមជាស្រេចសម្រាប់រដូវកាលប្រណាំង។
ទូក ង វត្តជ្រោយទឹមចាស់ ជាទូកដែលមានឈ្មោះបោះសំឡេងក្នុងពិធីប្រណាំងប៉ុន្មានឆ្នាំជិតៗនេះ ហើយតែងឋិតក្នុងចំណោមទូកពូកែៗ ម្ល៉ោះហើយតែងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មាមីងពុទ្ធបរិស័ទ និងប្រជាជននៅភូមិភាគ។ ពិសេស ទូករបស់វត្តទទួលបានចំណាត់ថ្នាក់លេខ ៤ ក្នុងពិធីបុណ្យអកអំបុកឆ្នាំ២០២៥ លទ្ធផលនេះ បានផ្តល់ជាកម្លាំងចិត្តដើម្បីវត្តនិងកីឡាករត្រៀមបម្រុងឱ្យបានហ្មត់ចត់សម្រាប់រដូវប្រណាំងថ្មី។ តាមថេរដីការបស់ព្រះតេជ ព្រះគុណ ថាច់បេន ព្រះចៅអធិការវត្តជ្រោយទឹមចាស់ ធម្មតាក្រោយពីបុណ្យសែនដូនតា ទើបកីឡាករ ចាប់ផ្តើមហាត់សម។ ប៉ុន្តែ អាស្រ័យទទួលបានចំណាត់ថ្នាក់លេខ ៤ នៅក្នុងពិធីបុណ្យអកអំបុកកាលពីឆ្នាំកន្លង ដូច្នេះឆ្នាំនេះ ក្រុមកីឡាករទូក ងរបស់វត្តបានសម្រេចចិត្តឆាប់ហាត់សមជាងរាល់ឆ្នាំ ដើម្បីមានពេលលត់ដំកាយសម្បទា លើកកម្ពស់បច្ចេកទេស ឆ្ពោះដល់ទិសដៅរក្សាស្នាដៃទទួលបានរង្វាន់ខ្ពស់។ ទន្ទឹមនឹងការពង្រឹងកងជួរកីឡាករ ឆ្នាំនេះ វត្តក៏បានវិនិយោគបោះទូកថ្មី មានចំណុះកីឡាករ ៧០នាក់។ ការងារហ្វឹកហាត់ក៏បានយកចិត្តទុកដាក់ និងផ្តោតសំខាន់លើការពង្រឹងកម្លាំងស៊ូទ្រាំ បច្ចេកទេសនិងលទ្ធភាពសហការរវាងកីឡាករ។ លោកស៊ើងថាយហៀង គ្រូបង្វឹកទូក ងវត្តជ្រោយទឹមចាស់ ចែករំលែក៖ “ឆ្នាំនេះ បងប្អូនកីឡាករសប្បាយចិត្តខ្លាំងណាស់ ប្តេជ្ញាចិត្តសម្រេចបានស្នាដៃកាន់តែល្អប្រសើរ។ គណៈគ្រូបង្វឹកនឹងខិតខំជួយកីឡាករលើកកម្ពស់កាយសម្បទា បច្ចេកទេស សហការបានល្អ ដើម្បីសម្រេចបានលទ្ធផលល្អបំផុត”។
មិនខុសពីទូក ងដទៃៗឡើយ ទូក ង វត្តបួនមុំប្រជុំមានជ័យ ថ្នល់ថ្មី នៅឃុំឡឹមតឹង ក៏បានត្រៀមបម្រុងសម្រាប់រដូវកាលប្រណាំង។ ជាមួយទូកទើបបោះថ្មី កងជួរកីឡាករវ័យក្មេងមានសុខភាពមាំមួន សន្យានឹងនាំមកការប្រកួតប្រណាំងដ៏ទាក់ទាញ។ ក្រុមកីឡាករទូក ង កំពុងខិតខំហ្វឹកហាត់ ពង្រីកស្មារតីសាមគ្គី ប្តេជ្ញាប្រកួតអស់ពីសមត្ថភាព រួមចំណែកអភិរក្សលក្ខណៈវប្បធម៌ប្រពៃណីរបស់ជន រួមជាតិខ្មែរ។ ចែករំលែកពីដំណើការហ្វឹកហាត់ បងថាច់តាយសែម ឱ្យដឹង៖ “មកដល់បច្ចុប្បន្ន ក្រុមកីឡាករទូក ងវត្តថ្នល់ថ្មីបានត្រៀមជាស្រេចសម្រាប់រដូវកាលប្រណាំង។ កីឡាករទាំងអស់មានក្តីសប្បាយរីករាយ ហាត់សមយ៉ាងផុលផុស បេ្តជ្ញាប្រកួតប្រណាំងអស់ពីសមត្ថភាព ដើម្បីសម្រេចបានស្នាដៃល្អបំផុត”។
ជាមួយនឹងការត្រៀមបម្រុងយ៉ាងហ្មត់ចត់ ស្មារតីហ្វឹកហាត់ម៉ឺងម៉ាត់ ព្រមទាំងការឧបត្ថម្ភរបស់វត្តនិងមាមីងពុទ្ធបរិស័ទ ក្រុមកីឡាករទូក ង វត្តជ្រោយទឹមចាស់និងទូក ងវត្តថ្នល់ថ្មី កាន់តែមានកម្លាំងចិត្ត ហាត់សមឈានដល់រដូវកាលប្រណាំងថ្មី។ ទូក ង នីមួយៗ សុទ្ធតែមានការប្តេជ្ញា ដើម្បីទទួលបានរង្វាន់ខ្ពស់បំផុត ព្រមទាំងរួមចំណែកអភិរក្សនិងពង្រីកវប្បធម៌ប្រពៃណីដ៏ពិសេសរបស់ជនរួមជាតិខ្មែរ។
ពិធីប្រណាំងទូក ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងអំឡុងពេល ២ ថ្ងៃ នៅថ្ងៃទី២៣ ទី២៤ ខែវិច្ឆិកា លើដងព្រែក Maspero សង្កាត់សុកត្រាំង ដោយមានទូក ងបុរសនិងទូក ង នារីជាង ៨០ ទូក នៅក្នុងនិងក្រៅទីក្រុងចូលរួមអុំប្រណាំង៕
ថាញវ៉ាង-មុនី