រយៈពេលកន្លង មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ បានផ្តុំកម្លាំងធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនទីក្រុងក្នុងការវិនិយោគមូលដ្ឋានសម្ភារៈនៅតាមសាលាចំណេះទូទៅជនជាតិអន្តេវាសិកនិងតាមគ្រឹះស្ថានអប់រំដែលមានសិស្សជនជាតិខ្មែរចូលរៀន ដើម្បីប្អូនៗបានសិក្សានិងថែទាំក្នុងបរិស្ថានមានភាពងាយស្រួលនិងសុវត្ថិភាព។
តាមមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ ប្រព័ន្ធសាលារៀនសម្រាប់ជនជាតិបានរក្សានិងអភិវឌ្ឍ បច្ចុប្បន្ន ទូទាំងទីក្រុងមានសាលាបង្រៀនអក្សរខ្មែរចំនួន១៤១សាលា ដោយមានសិស្សចំនួន ៤៨.០១៦នាក់ ក្នុងនោះ មានសាលាចំណេះទូទៅជនជាតិអន្តេវាសិកចំនួន ១៣ សាលា មានសិស្សចំនួន ៤.៣២៣ នាក់។ ទូទាំងផ្នែកមានគ្រូបង្រៀនអក្សរខ្មែរចំនួន ២៣៩នាក់ (ក្នុងនោះ គ្រូបង្រៀនថ្នាក់បឋមសិក្សា ១៥២ នាក់ អនុវិទ្យាល័យ ៧៥ នាក់ វិទ្យាល័យ ១២ នាក់)។

ជ្រុងមួយនៃអាគារសិក្សារបស់សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកមីស្វៀង។
ការងារវិនិយោគមូលដ្ឋានសម្ភារៈបានយកចិត្តទុកដាក់ ពិសេសគឺសាលាចំណេះទូទៅជនជាតិអន្តេវាសិកនិងសាលានៅតាមតំបន់ដែលមានស្ថានភាពលំបាក។ ឆ្នាំ២០២៦ ផ្នែកអប់រំបានសម្ពោធនិងដាក់ឱ្យប្រើប្រាស់មូលដ្ឋានសម្ភារៈសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកមីស្វៀង និងវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង សរុបថវិកាកសាងថ្មីនិងជួសជុលជិត ៦០ ពាន់លានដុង។ លោកគ្រូ ង៉ោមិញហ្វាង ចាងហ្វាងសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកមីស្វៀង ឱ្យដឹង៖"នៅខែមីនាឆ្នាំនេះ ជួរសំណង់ជួសជុលនិងកសាងថ្មីទាំងអស់ រួមមាន៖ បន្ទប់មុខវិជ្ជា បន្ទប់រៀន ភោជ្ជនីយដ្ឋាន បន្ទប់ស្នាក់នៅ។ល។ បានសម្រេចរួចរាល់ ដូច្នេះ មូលដ្ឋានសម្ភារៈរបស់សាលាឆ្លើយតបបានល្អទៅនឹងតម្រូវការសិក្សារបស់សិស្ស។ បច្ចុប្បន្ន សាលាចាត់តាំងបង្រៀនមួយថ្ងៃ២ពេល ធានាសុវត្ថិភាពការប្រជុំជីវភាពនៅអន្តេវាសិកដ្ឋាន ២៤/២៤ ម៉ោងសម្រាប់សិស្សក្នុងទូទាំងសាលា។ លក្ខណៈរៀនសូត្រនិងថែទាំបានល្អ ជួយឱ្យគ្រូបង្រៀនមានភាពងាយស្រួលក្នុងការផ្លាស់ថ្មីវិធីសាស្ត្របង្រៀន សិស្សរៀនសូត្របានល្អប្រសើរជាង។ ហេតុនេះ អាណាព្យាបាលសិស្សស្ងប់អារម្មណ៍ពេលឱ្យកូនស្នាក់នៅអន្តេវាសិកដ្ឋាន ដូច្នេះ សាលាតែងសម្រេចភាគកម្រិតនៃការជ្រើសរើសសិស្សជារៀងរាល់ឆ្នាំ"។
ផ្នែកអប់រំក៏បានធ្វើសេនាធិការទាន់ពេល ព្រមទាំងសហការអនុវត្តយ៉ាងពេញលេញនូវគោលនយោបាយឧបត្ថម្ភសិស្សជនជាតិភាគតិចចំនួន ១៥៦.៦៤៤នាក់ សរុបថវិកាជាង ៥០០ ពាន់លានដុង ដោយឡែកគោលនយោបាយតាមអនុក្រឹត្យលេខ ៦៦/២០២៥/NĐ-CP បានឧបត្ថម្ភដល់សិស្សចំនួន ៨.៥៨១ នាក់ សរុបថវិកាជាង ៦៥ ពាន់លានដុងនិងអង្ករចំនួន ៣៩៧.១១៧ គីឡូក្រាម ឧបត្ថម្ភប្រាក់អាហារដល់កុមារថ្នាក់មត្តេយ្យតាមអនុក្រឹត្យលេខ ១០៥/២០២០/NĐ-CP ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២០ របស់នាយករដ្ឋមន្ត្រី ឧបត្ថម្ភអាហារូបករណ៍និងសិក្ខូបករណ៍តាមសារាចរអន្តរក្រសួងលេខ ៤២/២០១៣/TTLT-BGDĐT-BLĐTBXH-BTC ចុះថ្ងៃទី៣១ ខែធ្នូ ២០១៣ របស់អន្តរក្រសួងអប់រំនិងបណ្តុះបណ្តាល ក្រសួងពលកម្ម យុទ្ធជនពិការនិងសង្គមកិច្ច ក្រសួងហិរញ្ញវត្ថុ…។

សិស្សសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង កំពុងអនុវត្តមេរៀនលើកុំព្យួទ័រ។
ការងារអភិរក្សនិងពង្រីកភាសា អក្សរជនជាតិភាគតិច សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ភាសាខ្មែរបានរក្សាពីកម្រិតបឋមសិក្សារហូតដល់កម្រិតវិទ្យាល័យតាមកម្មវិធីរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។ បច្ចុប្បន្ន ទីក្រុងមាន ៤៧/១០៣ ឃុំ សង្កាត់ ចាត់តាំងបង្រៀនអក្សរខ្មែរ។ ផ្នែកអប់រំទីក្រុងបានចាត់តាំងពិធីប្រឡងសិស្សពូកែភាសាខ្មែរ ប្រគល់វិញ្ញាបនបត្រភាសាខ្មែរថ្នាក់ទី១២ និងដាក់បញ្ចូលការអប់រំវប្បធម៌ជនជាតិទៅក្នុងកម្មវិធីសិក្សានៅតាមសាលាដែលសិស្សជនជាតិខ្មែរចូលរៀន។
ដោយសារមានមូលដ្ឋានសម្ភារៈសមរម្យ គ្រប់គ្រាន់ ទើបសាលារៀនមានភាពងាយស្រួលដើម្បីអនុវត្តកម្មវិធីផ្លាស់ប្តូរឌីជថលនិងបញ្ញាសិប្បនិមិត្តក្នុងការបង្រៀន។ នៅសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង សិស្សទាំង១០០%បានគ្រប់គ្រងតាមប្រព័ន្ធមូលដ្ឋានទិន្នន័យរបស់ផ្នែកអប់រំនិងបានផ្តល់សិក្ខាគារិកឌីជីថលយ៉ាងពេញលេញ។ តាមប្រសាសន៍លោកគ្រូ ឌាំងថាញវ៉ូវ ចាងហ្វាងរងសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង បច្ចុប្បន្ន សាលាអនុវត្តការគ្រប់គ្រងឯកសារជំនាញវិជ្ជាជីវៈ ផែនការមេរៀន សៀវភៅកំណត់ហេតុថ្នាក់រៀន សៀវភៅពិន្ទុ សៀវភៅគ្រូប្រចាំថ្នាក់លើប្រព័ន្ធកម្ម VnEdu ១០០%។ បន្ទប់ព័ត៌មានរបស់សាលាឆ្លើយតបបានល្អការចាត់តាំងបង្រៀនកម្មវិធីបញ្ញាសិប្បនិមិត្តដល់សិស្ស។ល។
អាស្រ័យការយកចិត្តទុកវិនិយោគរបស់គ្រប់ថ្នាក់ រួមជាមួយការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងរបស់លោកគ្រូ អ្នកគ្រូនៅគ្រប់សាលា គុណភាពអប់រំលើភូមិឋានកាន់តែប្រសើរឡើង អត្រាសិស្សប្រឡងជាប់សញ្ញាបត្រអនុវិទ្យាល័យ សញ្ញាបត្រវិទ្យាល័យកើនឡើងជាលំដាប់ មានសាលាចំណេះទូទៅជនជាតិអន្តេវាសិកខ្លះមានសិស្សប្រឡងជាប់សញ្ញាបត្រវិទ្យាល័យ ១០០%…។

បណ្ណាល័យរបស់សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកមីស្វៀង។
តាមប្រសាសន៍លោកយ័ញហ្វាងង្វៀន នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ នាពេលខាងមុខ ផ្នែកអប់រំនឹងបន្តដឹកនាំ ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនទីក្រុង ដាក់ចេញឯកសារណែនាំចង្អុលការ ផែនការអនុវត្តភារកិច្ចអប់រំជនជាតិមានប្រសិទ្ធភាព។ ចាត់តាំងបើកវគ្គហ្វឹកហាត់ បំប៉នកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនអំពីវិធីសាស្ត្របង្រៀន ពិនិត្យវាយតម្លៃតាមទិសដៅអភិវឌ្ឍចរិយាសម្បត្តិ សមត្ថភាពសិស្សជនជាតិភាគតិច។ទន្ទឹមនឹងនោះ ម្ចាស់ការសហការជាមួយគ្រប់ផ្នែក វិនិយោគអភិវឌ្ឍប្រព័ន្ធសាលាចំណេះទូទៅជនជាតិអន្តេវាសិក បង្កើនការត្រួតពិនិត្យ ឃ្លាំមើលបណ្តាគ្រឹះស្ថានអប់រំនិងបណ្តុះបណ្តាលនិងសាលាចំណេះទូទៅជនជាតិអន្តេវាសិក ធានាសិទ្ធិទទួលបានសិក្សា ការគិតគូរអំពីជីវភាពនិងបង្កលក្ខណៈដើម្បីសិស្សជនជាតិភាគតិចស្ងប់ចិត្តទៅសាលារៀនសូត្រនិងលត់ដំ៕
ហាថាញ-មុនី