អស់រយៈកាលជាង ១៤ ឆ្នាំ ផ្សារភ្ជាប់ជាមួយវិស័យអប់រំ លោកគ្រូ ត្រឹង សឹមហា គ្រូបង្រៀនសាលាជនជាតិអន្តេវាសិក លិតហោយធឿង ទីក្រុងកឹងធើ តែងខិតខំក្នុងរាល់ម៉ោងបង្រៀន អស់ពីចិត្តស្រឡាញ់សិស្សានុសិស្ស និងខ្នះខ្នែងជួយមិត្តរួមអាជីព។ ជាមួយនឹងស្មារតីឧស្សាហ៍ព្យាយាមរៀនសូត្រ និងចេះផ្លាស់ថ្មីវិធីសាស្ត្របង្រៀន លោកគ្រូបានរួមចំណែកបំផុសនូវក្តីស្រឡាញ់ភាសាខ្មែរក្នុងចំណោមសិស្សានុសិស្ស និងសម្រេចបានស្នាដៃលេចធ្លោជាច្រើន។ ឆ្នាំ ២០២៣ លោកគ្រូមានកិត្តិយសបានខេត្តសុកត្រាំង (ចាស់) ជ្រើសចូលរួមពិធីស្ងើចសរសើរ លោកគ្រូ អ្នកគ្រូនិងថ្នាក់ដឹកនាំគ្រប់គ្រងឆ្នើម អាស្រ័យក្រសួងអប់រំ និងបណ្តុះបណ្តាល ចាត់តាំងនៅរដ្ឋធានីហាណូយ។
លោកគ្រូ ត្រឹង សឹមហា ទទួលប័ណ្ណសរសើរពីក្រសួងអប់រំនិងបណ្តុះបណ្តាល។
បញ្ចប់ការសិក្សាផ្នែកគរុកោសល្យវិចិត្រសិល្បៈនៅឆ្នាំ ២០១២ លោកគ្រូ សឹមហា បានចាប់ផ្តើមការងារបង្រៀននៅសាលាអនុវិទ្យាល័យទូដេម។ ជាមួយនឹងក្តីស្រឡាញ់ភាសា និងអក្សរសាស្ត្រខ្មែរ លោកគ្រូបានតាំងចិត្តរៀនបន្ថែម បរិញ្ញាបត្រទីពីរផ្នែកគរុកោសល្យនិរុត្តសាស្រ្តខ្មែរ នៅសាកលវិទ្យាល័យត្រាវិញ។ ឆ្នាំ ២០១៨ ក្រោយពីបញ្ចប់ការសិក្សា លោកគ្រូបានបញ្ជូនមកបង្រៀននៅសាលាជនជាតិអន្តេវាសិក លិតហោយធឿង រហូតមកទល់បច្ចុប្បន្ន។ លោកគ្រូថែមទាំងបានបញ្ចប់វគ្គប៉ប៉ន់បកប្រែ ស្ថិតក្នុងគម្រោងបណ្តុះបណ្តាលភាសាខ្មែរសម្រាប់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិករបស់ទីក្រុង ដើម្បីលើកកម្ពស់ចំណេះដឹង និងបំណិនវិជ្ជាជីវៈ។ ក្នុងការបង្រៀន លោកគ្រូតែងម្ចាស់ការសិក្សាស្រាវជ្រាវឯកសារ ផ្លាស់ថ្មីវិធីសាស្ត្រឱ្យសមស្របតាមសមត្ថភាពរបស់សិស្ស។ លោកគ្រូ សឹមហា ចែករំលែក៖ “ក្នុងម៉ោងបង្រៀន ខ្ញុំតែងបត់បែនអនុវត្តវិធីសាស្ត្រនានាដូចជា សន្ទនា ធ្វើលំហាត់ មើលរូបភាពឆ្លើយសំណួរ... ដើម្បីបង្កបរិយាកាសរៀនសូត្ររស់រវើក ជួយឱ្យសិស្សងាយយល់និងងាយចាំ។ ជាពិសេស ខ្ញុំថែមទាំងឱ្យប្អូនៗអានសៀវភៅឱ្យបានច្រើន សរសេរអត្ថបទខ្លីៗ បកប្រែពាក្យពីភាសាវៀតណាមទៅខ្មែរ និងពីខ្មែរទៅវៀតណាម ព្រមទាំងលើកទឹកចិត្តស្មារតីដោះដូរយោបល់ និងស្រឡាញ់ការរៀនសូត្រ ដើម្បីឱ្យប្អូនៗកាន់តែស្រឡាញ់មុខវិជ្ជាភាសាខ្មែរ”។ លោកគ្រូផ្តោតសំខាន់លើការសហការរវាងបរិស្ថានអប់រំទាំងបី “គ្រួសារ - សាលារៀន - សង្គម” រក្សាទម្រង់ “មិត្តរួមថ្នាក់ជួយគ្នាឈានឡើង” និងលើកទឹកចិត្តសិស្សរៀនពូកែឱ្យជួយដល់សិស្សខ្សោយជាង។ ចំពោះសិស្សដែលទទួលយកចំណេះដឹងយឺត លោកគ្រូម្ចាស់ការកែតម្រូវវិធីសាស្ត្រ និងឆ្លៀតពេលបង្រៀនបន្ថែម ដើម្បីឱ្យប្អូនៗកាន់តែរីកចម្រើន និងស្រឡាញ់មុខវិជ្ជានេះ។
ជាមួយនឹងសមត្ថភាពមុខជំនាញនិងស្មារតីទទួលខុសត្រូវ លោកគ្រូបានសាលាប្រគល់ភារកិច្ចជ្រើសនិងបំប៉ន់ សិស្សពូកែមុខវិជ្ជាខ្មែរ។ ចាប់ពីឆ្នាំសិក្សា ២០១៧ ដល់ ២០២៤ សិស្សដែលណែនាំដោយលោកគ្រូទទួលបានពានរង្វាន់ថ្នាក់ស្រុកចំនួន ១២ (បីរង្វាន់លេខ ១, មួយង្វាន់លេខ ២, បួនរង្វាន់លេខ ៣ និងបួនរង្វាន់លើកទឹកចិត្ត) និង ១០ រង្វាន់ថ្នាក់ខេត្ត (២ រង្វាន់លេខ ១, ១ រង្វាន់លេខ ២, ៤រង្វាន់លេខ ៣ និង៣រង្វាន់លើកទឹកចិត្ត)។ ឆ្នាំសិក្សា ២០២៥ - ២០២៦ សិស្សរបស់លោកគ្រូ បន្តទទួលបានរង្វាន់ថ្នាក់ក្រុងចំនួន ២ រួមមាន ១រង្វាន់លេខ ៣ និងរង្វាន់លើកទឹកចិត្ត។ ប្អូន ឡឹមធីមីហឿង សិស្សថ្នាក់ទី ៩អា១ សាលាជនជាតិអន្តេវាសិក លិតហោយធឿង បានចែករំលែក៖ “ដំបូងប្អូនមិនទាន់ចេះអក្សរខ្មែរច្រើនទេ។ ចាប់តាំងពីបានលោកគ្រូ សឹមហាណែនាំមក ប្អូនចេះអានសន្សឹមៗ ក្តាប់បានវេយ្យាករណ៍ បំណិនបកប្រែខ្មែរ-វៀតណាម វៀតណាម-ខ្មែរ និងវិធីសាស្ត្ររៀបគម្រោងអត្ថបទ។ នៅពេលប្អូនៗមានចម្ងល់ លោកគ្រូតែងបកស្រាយយ៉ាងយកចិត្តទុកដាក់និងងាយយល់ ដូច្នេះប្អូនៗមានទំនុកចិត្ត និងស្រឡាញ់មុខវិជ្ជាខ្មែរណាស់។ ឆ្នាំនេះ ប្អូនមានទំនុកចិត្តចូលរួមប្រឡងសិស្សពូកែថ្នាក់ទីក្រុងមុខវិជ្ជាភាសាខ្មែរ”។

លោកគ្រូ ត្រឹង សឹមហា ក្នុងម៉ោងបង្រៀនភាសាខ្មែរ។
មិនត្រឹមតែយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សប៉ុណ្ណោះទេ លោកគ្រូថែមទាំងសកម្មចែករំលែកបទពិសោធន៍ ជួយមិត្តរួមអាជីពអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀន។ ឆ្លងតាមរយៈនោះ បានរួមចំណែកជាមួយសមូហភាពសាលាទទួលបានស្នាដៃជាច្រើនក្នុងការប្រឡងមុខជំនាញ ដូចជា៖ ពានរង្វាន់លេខ ១ ថ្នាក់ស្រុកក្នុងការច្នៃឧបករណ៍បង្រៀន ពានរង្វាន់លេខ ២ ថ្នាក់ខេត្តមុខវិជ្ជាប្រវត្តិសាស្ត្រ ។ លោកគ្រូ ត្រឹងស៊ុង ចាងហ្វាងសាលា បានឱ្យតម្លៃ៖ “លោកគ្រូ ត្រឹង សឹមហា គឺជាគ្រូបង្រៀនវ័យក្មេងសកម្ម ខ្នះខ្នែងជួយមិត្តរួមអាជីពនិងសិស្សានុសិស្ស តែងសម្រេចល្អភារកិច្ចដែលបានប្រគល់ជូន។ លោកគ្រូមិនត្រឹមតែអប់រំចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះដល់សិស្សានុសិស្សនូវសេចក្តីស្រឡាញ់ និងស្មារតីថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ។ លោកគ្រូគឺជាគ្រូបង្រៀនវ័យក្មេងពូកែមុខជំនាញ សកម្មក្នុងការសិក្សាស្រាវជ្រាវ បានសមូហភាពសាលា និងសិស្សានុសិស្សស្រឡាញ់រាប់អាន”។
ជាមួយនឹងការខិតខំក្នុងការបង្រៀន ច្រើនឆ្នាំបន្តបន្ទាប់ លោកគ្រូ សឹមហា ទទួលបានចំណាត់ថ្នាក់ជាគ្រូបង្រៀនពូកែថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត យុទ្ធជនប្រឡងប្រណាំងមូលដ្ឋាន និងទទួលបានប័ណ្ណសរសើរជាច្រើនពីគណៈកម្មាធិការប្រជាជនខេត្ត និងក្រសួងអប់រំនិងបណ្តុះបណ្តាល។ ចំពោះលោកគ្រូ សឹមហា សមិទ្ធផលដ៏ធំបំផុតនៃមុខរបរបង្រៀន មិនត្រឹមតែរង្វាន់និងប័ណ្ណសរសើរប៉ុណ្ណោះទេ វឌ្ឍនភាពរបស់សិស្សានុសិស្សគឺជាក្តីរីករាយនៅពេលប្អូនៗមានទំនុកចិត្តប្រើប្រាស់និងផ្តល់នូវតម្លៃនៃភាសា និងអក្សរសាស្ត្ររបស់ជនជាតិខ្លួន។ ជាមួយក្តីស្រឡាញ់អាជីពនិងស្មារតីទទួលខុសត្រូវ លោកគ្រូវ័យក្មេងកំពុងរួមចំណែកលើកកម្ពស់គុណភាពអប់រំ បណ្តុះក្តីស្រឡាញ់ភាសាខ្មែរ និងថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិសម្រាប់យុវជនជំនាន់ក្រោយ៕
យ្វីអាញ-វ៉ាន់តឹន