អនុវត្តកម្មវិធីទិសដៅជាតិនៅតំបន់ជនជាតិភាគតិច ទីក្រុងកឹងធើ បានយកចិត្តទុកដាក់ឧបត្ថម្ភរបររកស៊ីចិញ្ចឹមជីវិត បណ្តុះបណ្តាលរបរ លើកកម្ពស់សមត្ថភាពផលិតដល់ប្រជាជន។ ចាប់ពីគោពូជរហូតដល់បើកថ្នាក់បង្រៀនរបរសមស្រប ប្រភពធនធានពីកម្មវិធីកំពុងបង្កលក្ខណៈបន្ថែម ដើម្បីជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ បង្កើនប្រាក់ចំណូលសន្សឹមៗកាត់បន្ថយភាពក្រីក្រដោយចីរភាព។

ថ្នាក់បណ្តុះបណ្តាលរបរបានចាត់តាំងផ្សារភ្ជាប់នឹងតម្រូវការជាក់ស្តែងនៅភូមិភាគ។
នៅឃុំតាយវុាំង កម្មវិធីទិសដៅជាតិនៅតំបន់ជនជាតិភាគតិចបានអនុវត្តដោយ វិធានការជាច្រើនឧបត្ថម្ភរបររកស៊ីចិញ្ចឹមជីវិត បង្កលក្ខណៈឱ្យប្រជាជនអភិវឌ្ឍការផលិត បង្កើនប្រាក់ចំ ណូល។ ក្នុងនោះ ឧបត្ថម្ភគោមេ គឺជាទម្រង់មួយក្នុងចំណោមទម្រង់ផ្តល់ “សន្ទូច” ជួយឱ្យគ្រួសារមានបទពិសោធន៍ផលិតបន្ថែម ជាជំហានៗលំនឹងមុខរបររកស៊ីចិញ្ចឹមជីវិត។
គ្រួសារបងស្រី គឹមធីឌឿន ភូមិទីបញឹក ជាគ្រួសារ មួយក្នុងចំណោមគ្រួសារបានឧបត្ថម្ភគោ ៣ ក្បាលពីប្រភពទុនរបស់កម្មវិធីឆ្នាំ ២០២៥។ ពេលមានគោមេ គ្រួសារបងស្រីមានលក្ខណៈអភិវឌ្ឍការចិញ្ចឹមសត្វ សំដៅបង្កប្រភពចំណូលយូរអង្វែង។ “បានរដ្ឋឧបត្ថម្ភគោ គ្រួសារខ្ញុំត្រេកអរណាស់។ មាន គោមេចិញ្ចឹម គ្រួសារមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច ខ្នះខ្នែងថែទាំដើម្បីគោកើតកូន រកប្រាក់ចំណូលបន្ថែម” បងស្រី គឺមធីឌឿន បានឱ្យដឹងដូច្នេះ។
មិនត្រឹមតែឧបត្ថម្ភការរកស៊ីចិញ្ចឹមជីវិតប៉ុណ្ណោះទេ ការងារបណ្តុះបណ្តាលរបរក៏បានយកចិត្តទុកដាក់ផងដែរ ដើម្បីជួយប្រជាជនមានចំណេះដឹង និងជំនាញបន្ថែមសម្រាប់ស្វែងរកការងារធ្វើ ឬអភិវឌ្ឍផលិត។ នៅសង្កាត់វិញចូវ ការិយាល័យវប្បធម៌- សង្គម សហការជាមួយមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ-អប់រំជាប្រចាំវិញចូវ បានបណ្តុះបណ្តាលរបរចំណុះកម្មវិធីទិសដៅជាតិ។ មុខរបរបានតម្រង់ទិសបណ្តុះបណ្តាលមានចំនួនច្រើន សមស្របនឹងតម្រូវការជាក់ស្តែង ដូចជា ព័ត៌មានវិទ្យាការិយាល័យដំឡើង និងបញ្ចូលកម្មវិធីកុំព្យូទ័រ ជួសជុលម៉ាស៊ីនកសិកម្ម ចិញ្ចឹមសត្វ វារីវប្បកម្ម និងបច្ចេកទេសដាំដំណាំរួមផ្សំ... ទម្រង់បណ្តុះបណ្តាលបានចាត់តាំងរវៀសរវៃ រួមមានរៀនប្រមូលផ្តុំ និងបណ្តុះបណ្តាលចល័តនៅតាមតំបន់នានាលើភូមិឋាន បង្កភាពងាយស្រួលជូនប្រជាជនចូលរួម។
តាមផែនការ ឆ្នាំ ២០២៦ សង្កាត់វិញចូវ ខិតខំបណ្តុះបណ្តាលរបរកម្រិតបឋម និងរយៈពេលក្រោម ៣ ខែដល់សិក្ខាកាមប្រមាណ ២៨០ នាក់ គិតជាទឹកប្រាក់សរុបជាង ១.១៥៥ ពាន់លានដុងពីកម្មវិធីទិសដៅជាតិបានប្តូរមកអនុវត្តក្នុងឆ្នាំ ២០២៦។
តាមប្រសាសន៍លោក ឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ គោលនយោបាយឧបត្ថម្ភការរកស៊ីចិញ្ចឹមជីវិត បណ្តុះបណ្តាលរបរក្នុងកម្មវិធីទិសដៅជាតិ បានអនុវត្តដើម្បីបង្កលក្ខណៈជូនជនជាតិភាគតិចលើកកម្ពស់សមត្ថភាពផលិត ម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អជីវភាព។ ការឧបត្ថម្ភបានផ្សារភ្ជាប់នឹងតម្រូវការជាក់ស្តែង និងលក្ខណៈរបស់ភូមិឋាននីមួយៗ និងសមត្ថភាពពង្រីកប្រសិទ្ធភាពរបស់ប្រជាជន។
ចាប់ពីគោមេដែលបានផ្តល់ជូនរហូតដល់បើកថ្នាក់បង្រៀនរបរ ប្រភពធនធានពីកម្មវិធីទិសដៅជាតិកំពុងក្លាយជាឱកាសរកស៊ីចិញ្ចឹមជីវិតជាក់ស្តែង ជូនប្រជាជនជាបណ្តើរៗ។ តាមរយៈនោះ ជនជាតិភាគតិចមានលក្ខណៈបន្ថែមពង្រីកកម្លាំងផ្ទៃក្នុងលំនឹងជីវភាព បង្កើនប្រាក់ចំណូល និងរួមចំណែកកសាងភូមិស្រុកកាន់តែអភិវឌ្ឍជាងទៀត៕
ហុងទើ - វិមាន