ក្នុងរយៈពេលកន្លង កិច្ចការសុខុមាលភាពសង្គម ថែទាំសុខភាពជូនប្រជាជន ជាពិសេសអ្នកមានស្ថានភាពលំបាក តែងបានទីក្រុងកឹងធើយកចិត្តទុកដាក់អនុវត្ត។ ក្រៅពីប្រភពធនធានរបស់មជ្ឈិមនិងភូមិភាគ ច្រើនឆ្នាំកន្លង ទីក្រុងថែមទាំងភ្ជាប់ទំនាក់ទំនងជាអង្គការ បុគ្គលនានា ដើម្បីនាំយកសេវាកម្មសុខាភិបាលនិងសម្ភារៈប្រើប្រាស់ចាំបាច់ជូនដល់តំបន់ដាច់ស្រយាល តំបន់ជនជាតិភាគតិច។
ថ្មីៗនេះ នៅសង្កាត់វិញភឿក គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ សហការជាមួយរដ្ឋអំណាចភូមិភាគ បណ្តាអង្គភាពរួមដំណើរ និងក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តទីក្រុងហូជីមិញ ចាត់តាំងកម្មវិធី "ពិនិត្យ ព្យាបាលជំងឺមនុស្សធម៌ ជូនថ្នាំដោយឥតគិតថ្លៃនិងជូនអំណោយសប្បុរសធម៌" ដល់ប្រជាជនមានស្ថានភាពលំបាកនៅតំបន់ព្រំដែនសមុទ្រ។

វេជ្ជបណ្ឌិតស្ម័គ្រចិត្តទីក្រុងហូជីមិញពិនិត្យនិងចាក់ម្ជុលព្យាបាលជូនប្រជាជន។
សង្កាត់វិញភឿកមានប្រជាជនជាង៧០% ជាជនជាតិខ្មែរ។ ជីវភាពប្រជាជន ពិសេសអ្នកវ័យចាស់ អ្នកពិការនិងគ្រួសារក្រ នៅមានការលំបាកច្រើន។ តាមរយៈការតភ្ជាប់របស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង ក្រុមស្ម័គ្រចិត្តទីក្រុងហូជីមិញបានមកដល់ភូមិភាគ នាំមកនូវជំនួយជាក់ស្តែងអំពីសុខាភិបាលនិងសម្ភារៈប្រើប្រាស់ចាំបាច់។ លោកម៉ាជីថ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់វិញភឿក ឱ្យដឹង៖ "ការតភ្ជាប់របស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើជាមួយអ្នកជំនួយ ដើម្បីជួយពិនិត្យជំងឺដល់មាមីងចំនួន៥០០នាក់ក្នុងសង្កាត់ តាមរយៈនេះក៏បង្ហាញពីទឹកចិត្ត ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំទីក្រុងព្រមទាំងថ្នាក់ដឹកនាំសង្កាត់ចំពោះប្រជាជន ដើម្បីជួយឱ្យមាមីងមានជីវភាពរីករាយជាង ព្រមទាំងស្ងប់ចិត្តក្នុងការរស់នៅ និងពលកម្មផលិត"។
ក្នុងរយៈពេល២ថ្ងៃនៃការពិនិត្យព្យាបាលជំងឺ ប្រជាជនដែលមានស្ថានភាពលំបាក ភាគច្រើនជាអ្នកវ័យចាស់និងមាមីងជនជាតិខ្មែរ បានមកកាន់ទីតាំងចាត់តាំងដើម្បីទទួលការពិនិត្យដោយឥតគិតថ្លៃ។ គ្រប់គ្នាសុទ្ធតែរីករាយពេលទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ វេជ្ជបណ្ឌិត។ ក្នុងក្របខ័ណ្ឌនៃកម្មវិធី គណៈចាត់តាំងបានពិនិត្យជំងឺទូទៅ ឆ្លុះអេកូ ស្ទង់អគ្គិសនីបេះដូងនិងជូនថ្នាំដោយឥតគិតថ្លៃដល់អ្នកវ័យចាស់និងប្រជាជនមានស្ថានភាពលំបាកជាង៥០០នាក់។ ក្រៅពីនេះ ១៥០នាក់បានពិនិត្យ ផ្តល់ប្រឹក្សាអំពីមាត់ធ្មេញ; ៣០០នាក់វ័យចាស់បានផ្តល់វ៉ែនតា។ កម្មវិធីក៏បានជូនអំណោយចំនួន៥០០ចំណែករួមមានអង្ករ មី និងនំនេកដល់គ្រួសារមានស្ថានភាពលំបាក។
លោកយាយ ដាវធីណៅ អាយុ៧០ឆ្នាំ ជាគ្រួសារជួបការលំបាក។ កូនៗទៅធ្វើការឆ្ងាយ ប្តីឈឺធ្ងន់ ខណៈសុខភាពរបស់លោកយាយក៏មិនល្អដែរ។ ដូច្នេះ លោកយាយរីករាយយ៉ាងខ្លាំងពេលបានគ្រូពេទ្យ វេជ្ជបណ្ឌិតយកចិត្តទុកដាក់ពិនិត្យជំងឺ។ "ប្តីខ្ញុំក៏ចាស់ដែរ ដើរមិនរួច។ ខ្ញុំជិះកង់មក ផ្ទះនៅឆ្ងាយ ខ្ញុំឈឺញឹកញាប់ត្រូវដេកព្យាបាលនៅមន្ទីរពេទ្យរហូត។ មកទីនេះបានគ្រូពេទ្យ វេជ្ជបណ្ឌិតពិនិត្យ វាស់សម្ពាធឈាមគ្រប់បែបយ៉ាងទាំងអស់។ គ្រូពេទ្យ វេជ្ជបណ្ឌិតក៏សួរអំពីសុខទុក្ខ ខ្ញុំប្រាប់ថា ខ្ញុំឡើងឈាម ឈឺក្រពះ ឈឺសន្លាក់។ មកពិនិត្យជំងឺរួច បានទទួលថ្នាំយកទៅលេបទៀត ខ្ញុំត្រេកអរណាស់។" - លោកយាយ ដាវធីណៅ ឱ្យដឹងដូច្នេះ។
តំណាងក្រុមសប្បុរសជន លោកស្រី ដងបាច់ភុង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភាគហ៊ុនង៉ុកត្រាយហ្វាងយ៉ា ថ្លែងពីទឹកចិត្តចែករំលែកចំពោះការលំបាករបស់ប្រជាជននៅភូមិភាគ។ លោកស្រីឱ្យដឹងថា កម្មវិធីបានអនុវត្តដោយសារការរួមកម្លាំងរបស់អ្នកជំនួយ រួមជាមួយសមាគមអ្នកមានស្រុកកំណើតនៅកឹងធើ។ ជាពិសេស ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតបានរៀបចំការងារផ្ទាល់ខ្លួន មិនខ្លាចផ្លូវឆ្ងាយ នាំយកបរិក្ខារពេទ្យនិងថ្នាំព្យាបាលមកថែទាំសុខភាពប្រជាជន។ "សង្ឃឹមថា កម្មវិធីសប្បុរសធម៌នេះ នឹងជួយឱ្យមាមីងកែលម្អជីវភាព ស្មារតី សុខភាព ក្រៅពីនេះ បានឧបត្ថម្ភមួយផ្នែកសម្រាប់ចំណាយប្រចាំថ្ងៃតាមរយៈអំណោយដែលក្រុមបាននាំមកជូនមាមីង។" - លោកស្រី ដងបាច់ភុង ចែករំលែកជាមួយយើងខ្ញុំ។

អំណោយសប្បុរសធម៌បានប្រគល់ជូនដល់ដៃអ្នកមានស្ថានភាពលំបាក។
តាមលោកស្រី ទ្រេវធីង៉ុកយ៉េម អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ភារកិច្ចសំខាន់មួយរបស់រណសិរ្សគឺតភ្ជាប់អ្នកជំនួយជាមួយប្រជាជន រួមចំណែកអនុវត្តទិសដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។
ក្នុងរយៈពេលកន្លង ដោយការខិតខំរបស់រដ្ឋអំណាចគ្រប់ថ្នាក់ អត្រាគ្រួសារក្រនិងគ្រួសារក្បែរក្រនៅលើភូមិឋានទីក្រុងបានថយចុះ ប៉ុន្តែចំនួនគ្រួសារនៅជួបការលំបាកនៅតែមានចំនួនច្រើន ប្រមាណ៣០.០០០គ្រួសារ។ ដូច្នេះ ការរួមកម្លាំងរបស់អ្នកជំនួយនិងក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតទីក្រុងហូជីមិញមានអត្ថន័យជាក់ស្តែង រួមចំណែកចែករំលែកការលំបាក ថែទាំសុខភាពដើម្បីឱ្យប្រជាជនស្ងប់ចិត្តពលកម្មផលិត៕
ថាញហ៊ុង - សុផន