* អត្ថបទទី ៣ៈ
លោកអាចារ្យទទួលបន្ទុកតួនាទីពីរយ៉ាង
នៅភូមិបឹងទ្រៀក ឃុំលីវទូ ទីក្រុងកឹងធើ ដែលមានជនជាតិខ្មែររស់នៅជាង ៩៩% លោកតាំងរ៉ូវីសា ក្នុងវ័យ ៤០ ឆ្នាំ បានទទួលបន្ទុកតួនាទីសំខាន់ពីរយ៉ាង គឺជាបក្ខជននៅមូលដ្ឋានផង និងជាអាចារ្យនិងជាអ្នកមានប្រិយភាពក្នុងសហគមន៍ផងដែរ។ ដោយស្មារតីខិតខំរៀនសូត្រឥតឈប់ឈរ មានភាពប្រាកដប្រជានិងយកចិត្តទុកដាក់តាំងពីការងារតូចតាចឡើងទៅ លោកបានធ្វើឱ្យជំនឿទុកចិត្តរបស់ជនរួមជាតិទៅជាកម្លាំងសាមគ្គី រួមចំណែកធ្វើឱ្យផ្លាស់ប្តូរទិដ្ឋភាពភូមិស្រុក។
លះបង់កម្លាំងកាយចិត្ត បើកផ្លូវកសាងភូមិស្រុក
ចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ន លោកតាំងរ៉ូវីសា បានចូលរួមបម្រើការងារនិងបំពេញតួនាទីជាច្រើននៅភូមិបឹងទ្រៀក តាំងពីលេខាសាខាសម្ព័ន្ធយុវជន រហូតដល់ប្រធានគណៈការងាររណសិរ្សមាតុភូមិ និងអនុប្រធានគណៈប្រជាជនភូមិ។ ដោយធ្លាប់បានបួសរៀននិងមានការយល់ដឹងអំពីទំនៀមទម្លាប់ ពិធីបុណ្យប្រពៃណីនិងធម៌អាថ៌ លោកតែងផ្តួចផ្តើមចូលរួមជាមួយព្រឹទ្ធាចារ្យក្នុងភូមិ ដើម្បីរៀបចំសកម្មភាពធ្វើបុណ្យកុសល និងពិធីបុណ្យកម្សាន្តភូមិ។ នៅពេលដែលព្រឹទ្ធាចារ្យមានវ័យចាស់ៗ មិនអាចបំពេញភារកិច្ចបានដូចមុន មាមីងខ្មែរក្នុងភូមិបានឯកភាពគ្នា បោះឆ្នោតជ្រើសរើសកម្មាភិបាលដែលមានវ័យ ៤០ ឆ្នាំរូបនេះ ធ្វើជាអ្នកមានប្រិយភាពក្នុងសហគមន៍ និងទទួលតួនាទីជាអាចារ្យវត្ត។ លោកសំណេះសំណាល៖ "ភូមិបឹងទ្រៀកមានគ្រួសារខ្មែរជាង ៩៩ % ដូច្នេះ មាមីងនៅទីនេះរស់នៅមានការសាមគ្គីគ្នាខ្លាំងណាស់ និងគោរពចាស់ទុំក្នុងភូមិស្រុក។ ហេតុនេះ ដើម្បីបំពេញការងារឱ្យបានល្អ ខ្ញុំត្រូវរៀនសូត្រពីចាស់ទុំ ខិតខំជួយមាមីង និងចូលរួមកសាងភូមិស្រុកឱ្យមានសាមគ្គីភាពនិងអភិវឌ្ឍ។ ពិសេស ខ្ញុំតែងចូលរួមកិច្ចប្រជុំជាមួយចាស់ទុំនិងរដ្ឋអំណាច ដើម្បីស្វែងយល់ពីគោលបំណងប្រាថ្នារបស់មាមីង ព្រមទាំងសហការជាមួយរដ្ឋអំណាចនិងអង្គការមហាជន ដើម្បីស្នើជួយឧបត្ថម្ភដល់ប្រជាជនជួបការលំបាកបានទាន់ពេលវេលា"។

លោកតាំងរ៉ូវីសា អ្នកមានប្រិយភាពក្នុងសហគមន៍ជនរួមជាតិខ្មែរនៅឃុំលីវទូ។
ដោយលើកកម្ពស់តួនាទីជាគំរូរបស់បក្ខជន នៅពេលរដ្ឋមានគោលនយោបាយពង្រីកប្រព័ន្ធផ្លូវគមនាគមន៍ជនបទ លោកបានរួមជាមួយព្រឹទ្ធាចារ្យដែលមានប្រិយភាព ចុះទៅតាមផ្ទះអ្នកភូមិ ដើម្បីឃោសនាចលនាប្រជាជនចូលរួមបរិច្ចាគដី និងដំណាំសម្រាប់ពង្រីកផ្លូវ។ លោកបានពន្យល់ដោយភាសាខ្មែរ និងលើកឡើងពីហេតុផលសមស្រប គិតចាប់ពីខែកក្កដា ឆ្នាំ ២០២៥ រហូតមកដល់បច្ចុប្បន្ន លោកកៀរគរប្រជាជនចូលរួមបរិច្ចាគដី ដើម្បីពង្រីកផ្លូវមានប្រវែងជាង ៣.៥០០ ម៉ែត្រ កសាងផ្លូវថ្មីក្នុងភូមិប្រវែង ៨០០ ម៉ែត្រ និងកៀរគរធនធានសម្រាប់កសាងស្ពានបេតុងរឹងមាំជាង ១០ ស្ពាន។
ទន្ទឹមនឹងនោះ ក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៥ លោកបានស្នើរដ្ឋអំណាចជំនួយសាងសង់ផ្ទះមេត្តាធម៌ថ្មី ៣០ ខ្នង និងជួយឱ្យមាមីងក្រីក្ររាប់រយគ្រួសារបានបុលទុនពីគោលនយោបាយសង្គម។ លោកលីហ៊ុយ ប្រជាជនម្នាក់ដែលបានឧបត្ថម្ភសង់ផ្ទះ រៀបរាប់ដោយក្តីរំភើប៖ "គ្រួសារខ្ញុំក្រ គ្មានដីបង្កបង្កើនផល ហើយមានកូនម្នាក់ឈឺធ្ងន់ មិនអាចចេញទៅធ្វើការបាន។ ដូច្នេះ ប្រពន្ធខ្ញុំនិងកូនម្នាក់ទៀតត្រូវទៅធ្វើការរកប្រាក់នៅទីក្រុង។ ដោយឃើញស្ថានភាពគ្រួសារខ្ញុំបែបនេះ លោកវីសា បានស្នើទៅរដ្ឋអំណាច ដើម្បីជួយសាងសង់ផ្ទះថ្មមួយខ្នងរឹងមាំ។ ឥឡូវនេះ ខ្ញុំមានផ្ទះសមរម្យ មិនបារម្ភរឿងផ្ទះស្រក់ភ្លៀងទៀត។ ប្រពន្ធនិងកូនក៏អាចធ្វើការដោយចិត្តស្ងប់ និងមានប្រាក់ចំណូលលំនឹង ម្ល៉ោះហើយជីវភាពគ្រួសារក៏បានប្រសើរឡើងជាបណ្តើរៗ។ ខ្ញុំពិតជាអរគុណចំពោះទឹកចិត្តជួយឧបត្ថម្ភរបស់លោកវីសា"។ ព្រឹទ្ធាចារ្យដែលមានប្រិយភាពបំផុតក្នុងភូមិ លោកតា ត្រឹងលីវ បានសម្តែងមោទនភាពនិងវាយតម្លៃ៖ "ក្មួយវីសា តែងដាក់ផលប្រយោជន៍រួមជាចម្បង ជួយមាមីងដោយស្មោះអស់ពីចិត្ត។ អ្នកណាមានការលំបាកហើយមកសុំជំនួយ ក្មួយតែងជួយតាមលទ្ធភាព។ ការងារដែលក្មួយបំពេញមានភាពច្បាស់លាស់ ជាពិសេសក្មួយតែងតែស្តាប់ ទទួលយកនិងគោរពមតិយោបល់របស់មាមីង"។
រៀនកុំព្យូទ័រ ចុះដល់គ្រប់ខ្នងផ្ទះ ដើម្បីជំរុញការផ្លាស់ប្ដូរឌីជីថល
មិនត្រឹមតែជិតស្និទ្ធជាមួយប្រជាជនក្នុងការងារបុណ្យកុសល និងកិច្ចការក្នុងភូមិស្រុកប៉ុណ្ណោះទេ លោកអាចារ្យបក្ខជនរូបនេះ ថែមទាំងជាកម្លាំងស្នូលឈានមុខក្នុងការជំរុញការផ្លាស់ប្ដូរឌីជីថល។ ដោយសង្កេតឃើញមាមីងខ្មែរដែលមានវ័យចំណាស់ជាច្រើន នៅមានភាពលំបាកក្នុងការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ឬដំឡើងកម្មវិធី VNeID លោកវីសា បានម្ចាស់ការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រការិយាល័យ។ លោកវីសា ចែករំលែក៖ "ខ្ញុំជាបក្ខជន ជាអ្នកមានប្រិយភាពបម្រើការងារនៅភូមិ ទើបគ្រប់កិច្ចការទាំងអស់ ខ្ញុំត្រូវតែធ្វើជាគំរូនិងឈានមុខគេ។ កិច្ចការណាដែលប្រជាជនត្រូវការ ហើយស្ថិតក្នុងសមត្ថភាពរបស់ខ្ញុំដែលអាចធ្វើបាន គឺប្រឹងធ្វើដោយអស់ពីចិត្ត និងមានការទទួលខុសត្រូវ។ ហេតុនេះ ខ្ញុំក៏ចូលរៀនវគ្គបណ្តុះបណ្តាលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីជួយមាមីងធ្វើឯកសារឱ្យបានលឿនតាមដែលអាចធ្វើទៅបាន"។

លោកតាំងរ៉ូវីសា កំពុងបញ្ចូលទិន្នន័យ ធ្វើឯកសារមរណភាពជូនប្រជាជន។
ដោយមានចំណេះដឹងផ្នែកឌីជីថល លោកបានយកកុំព្យូទ័រនិងទម្រង់ឯកសារផ្សេងៗ ចុះទៅគ្រប់ច្រកល្ហក គ្រប់ទីតាំង រួមទាំងសាលារៀន ព្រមទាំងឆ្លៀតពេលដែលមាមីងទៅវត្ត ដើម្បីណែនាំដោយផ្ទាល់។ ប្រជាជននៅភូមិបឹងទ្រៀក តែងចាំច្បាស់នូវរូបភាពកម្មាភិបាលភូមិរូបនេះ ដែលតែងតែជួយសម្រួលការងារជូនប្រជាជននៅគ្រប់ទីកន្លែង។ មិនថាព្រឹកព្រលឹម ឬពេលយប់ជ្រៅ នៅផ្ទះរបស់លោកផ្ទាល់ ឬនៅតាម ផ្លូវនោះទេ ឱ្យតែប្រជាជនមានឯកសារត្រឹមត្រូវតាមច្បាប់ លោកតែងជួយបំពេញព័ត៌មាន បោះពុម្ពទម្រង់ឯកសារដោយឥតគិតថ្លៃ និងចុះហត្ថលេខាបញ្ជាក់ជូនប្រជាជន។
បងកាវពេជ្រ ជាអ្នកភូមិ រៀបរាប់៖ "ថ្ងៃមួយ ខ្ញុំបានទៅសុំធ្វើលិខិតរាយការណ៍មរណភាពរបស់ម្ដាយ ប៉ុន្តែមិនដឹងធ្វើដូចម្តេច ក៏ទៅរកពឹងលោកវីសា។ ពេលខ្ញុំទៅដល់ភ្លាម លោកបានបំពេញព័ត៌មានគ្រប់សព្វ បោះពុម្ពឯកសារចេញមក ហើយចុះហត្ថលេខាបញ្ជាក់ ដោយប្រាប់ឱ្យខ្ញុំយកទៅដាក់នៅឃុំ។ មិនត្រឹមតែខ្ញុំម្នាក់ទេ មាមីងក្នុងភូមិឃុំដែលជួបការលំបាក ហើយទៅពឹងឬសុំឱ្យចុះហត្ថលេខាបញ្ជាក់លើឯកសារ លោកតែងជួយភ្លាមៗដោយមិនប្រកាន់ថានៅផ្ទះ នៅតាមផ្លូវឬនៅទីណានោះទេ ឱ្យតែឯកសារត្រឹមត្រូវតាមច្បាប់ លោកនឹងចុះហត្ថលេខាជូន។ មានកម្មាភិបាលដែលមានប្រិយភាពនិងយកចិត្តទុកដាក់ដូច្នេះ យើងជាប្រជាជនពិតជាសប្បាយរីករាយណាស់"។ ដោយរៀនសូត្រតាមគំរូអ៊ំ តាំងពីកិច្ចការតូចតាចឡើង លោកអាចារ្យ តាំងរ៉ូវីសា បានប្រើប្រាស់ប្រិយភាព សីលធម៌ និងការទទួលខុសត្រូវរបស់បក្ខជន ដើម្បីរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់និងពង្រឹង "ជំហរទឹកចិត្តប្រជាជន" ឱ្យកាន់តែរឹងមាំនៅក្នុងភូមិស្រុក។ ចេញពីមេរៀននៃការពង្រឹង "ជំហរទឹកចិត្តប្រជាជន" របស់កម្មាភិបាលដែលមានប្រិយភាព ការងារកសាងបក្សនៅតំបន់ជនជាតិខ្មែរ បន្តប្រឈមមុខនឹងតម្រូវការជាចាំបាច់ គឺធ្វើយ៉ាងណាដើម្បីស្វែងរក បណ្តុះបណ្តាលនិងរក្សាបញ្ញវន្តវ័យក្មេង ឱ្យបន្តទទួលមរតកនិងបន្តបំផុសស្មារតីបដិវត្តន៍នៅតាមភូមិស្រុកខ្មែរ ?
|
BOX "ជំហរទឹកចិត្តប្រជាជន" មិនមែនជាទស្សនទានបែបអរូបីនោះទេ គឺបានកសាងឡើងពីជំនឿទុកចិត្តរបស់ប្រជាជនចំពោះអ្នកដែលមានភាពជិតស្និទ្ធបំផុតជាមួយពួកគាត់។ ពេលបុគ្គលមួយរូបមានតួនាទីជាបក្ខជនផង និងជាអាចារ្យ ឬជាអ្នកមានប្រិយភាពក្នុងសហគមន៍ផង ពួកគាត់នឹងពង្រីកតួនាទីពីរយ៉ាងដែលមានលក្ខណៈពិសេស មួយផ្នែកគឺផ្សព្វផ្សាយអំពីគោលការណ៍របស់បក្ស មួយផ្នែកទៀតដោយមានប្រិយភាពក្នុងសហគមន៍ ដើម្បីពន្យល់សម្របសម្រួល ដោះស្រាយជម្លោះ និងបង្កការឯកភាពក្នុងសង្គម។ ដោយគ្មានការចាប់បង្ខំឬដាក់កំហិតឡើយ គឺគោរពតាមសេរីជំនឿសាសនា រួមដំណើរជាមួយប្រជាជនដោះស្រាយបញ្ហាពីឫសគល់៕ ថាញឡុង - លីធាន - ពេជ្រសឿន |
(នៅមានបន្ត)
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះនាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
