មិនត្រឹមតែជិតដិតនឹងមូលដ្ឋាន និងក្តាប់ដឹងនូវបំណងប្រាថ្នារបស់មាមីងប៉ុណ្ណោះទេ លោកថាច់ស្វឹងហាយ លេខាសាខាបក្សភូមិកំពង់ជ្រៃ ឃុំចូវថាញ់ ខេត្តវិញឡុង ថែមទាំងជាបុគ្គលគំរូក្នុងពលកម្មផលិតទៀតផង។ លោកទាំងខិតខំអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ទាំងចែករំលែកបទពិសោធន៍ និងចលនាមាមីងឱ្យមោះមុតក្នុងការរកស៊ីដើម្បីលើកកម្ពស់ជីវភាព។

លោកថាច់ស្វឹងហាយ លេខាសាខាបក្សភូមិកំពង់ជ្រៃ ឃុំចូវថាញ់ ខេត្តវិញឡុង។
ចាប់តាំងពីធ្វើជាភ្នាក់ងារនគរបាល ប្រធានអនុសង្កាត់ រហូតដល់ក្លាយជាលេខាសាខាបក្សភូមិកំពង់ជ្រៃ លោកថាច់ស្វឹងហាយ (កើតឆ្នាំ១៩៨៩) តែងតែលើកកម្ពស់ស្មារតីទទួលខុសត្រូវ ស្និទ្ធស្នាល និងជិតដិតនឹងប្រជាជន។ ក្នុងតួនាទីជាថ្នាក់ដឹកនាំសាខាបក្ស លោកតែងចុះទៅតាមគ្រួសារនីមួយៗ ដើម្បីស្វែងយល់ពីបំណងប្រាថ្នា និងជីវភាពរបស់មាមីង ព្រមទាំងផ្សព្វផ្សាយ និងចលនាមាមីងឱ្យអនុវត្តបានល្អនូវគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ សកម្មក្នុងពលកម្មផលិត និងរក្សាសាមគ្គីភាពក្នុងសហគមន៍។ ទន្ទឹមនឹងការងារសាខាបក្ស លោកស្វឹងហាយ ក៏ជាគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ តាមរយៈទម្រង់ផលិតស្រូវគួបផ្សំនឹងការចិញ្ចឹមគោមេបន្តពូជ។
បច្ចុប្បន្ន គ្រួសារគាត់មានផ្ទៃដី ៣,៣ ហិកតា ក្រៅពីការផលិតស្រូវ គាត់ថែមទាំងទាញយកផលចំបើងក្រោយពេលច្រូតកាត់ ដើម្បីធ្វើជាចំណីគោ។ ហ្វូងគោរបស់គាត់បច្ចុប្បន្នមានចំនួន ១១ ក្បាល ក្នុងនោះមានគោមេពូជចំនួន ៥ ក្បាល។ ជារៀងរាល់ឆ្នាំ គ្រួសារគាត់លក់កូនគោបានពី ២ ទៅ ៣ ក្បាល ក្នុងតម្លៃប្រហែល ២០ លានដុងក្នុងមួយក្បាល អាស្រ័យតាមទីផ្សារជាក់ស្តែង។ ដើម្បីម្ចាស់ការលើប្រភពចំណី គ្រួសារគាត់បានប្រើប្រាស់ដី ២ កុង សម្រាប់ដាំស្មៅនិង ១ កុងសម្រាប់ដាំដំណាំរួមផ្សំ។ តាមប្រសាសន៍លោកស្វឹងហាយ ដើម្បីចលនាមាមីងឱ្យអភិវឌ្ឍសេដ្ឋកិច្ច មុនដំបូងខ្លួនគាត់ផ្ទាល់និងគ្រួសារត្រូវតែធ្វើជាគំរូក្នុងការអនុវត្ត។ លើសពីនេះ គាត់តែងចែករំលែកបទពិសោធន៍ជាមួយមាមីងអំពីវិធីប្រើប្រាស់ចំបើង ការដាំស្មៅនិងការចិញ្ចឹមគោមេបន្តពូជ។ លោកស្វឹងហាយ ចែករំលែក៖ “មានធ្វើទើបមានហូប យើងមិនអាចរង់ចាំតែលើគោលនយោបាយឧបត្ថម្ភរបស់បក្សនិងរដ្ឋនោះទេ។ រដ្ឋជួយឧបត្ថម្ភមួយផ្នែក ចំណែកគ្រួសារនីមួយៗត្រូវតែខិតខំឈានឡើងដោយកម្លាំងពលកម្មខ្លួនឯង”។ តាមសម្ដីគាត់ ប្រសិនបើចេះទាញយកផលពីផ្ទៃដីដែលមានស្រាប់ និងប្រភពអនុផលកសិកម្ម ព្រមទាំងជ្រើសរើសទម្រង់ផលិតសមស្រប ប្រជាជនអាចកាត់បន្ថយការចំណាយលើកកម្ពស់ប្រសិទ្ធភាពផលិត និងរក្សាបានស្ថិរភាពជីវភាពជាបណ្តើរៗ។
ដោយស្មារតីស្និទ្ធស្នាល ជិតដិតនឹងប្រជាជន ព្រមទាំងការនិយាយដើរទន្ទឹមនឹងធ្វើ លោកថាច់ស្វឹងហាយ បានបង្កទំនុកចិត្តនិងការឯកភាពពីសំណាក់ប្រជាជន។ មិនត្រឹមតែអនុវត្តល្អនូវតួនាទីជាលេខាសាខាបក្សប៉ុណ្ណោះទេ លោកថែមទាំងបង្ហាញពីការទទួលខុសត្រូវរបស់កម្មាភិបាលមូលដ្ឋាន តាមរយៈការចូលរួមយ៉ាងសកម្មក្នុងពលកម្មផលិត និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ តាមរយៈនោះ បានរួមចំណែកបង្កជាកម្លាំងចលករ ដើម្បីឱ្យប្រជាជនក្នុងភូមិរៀនសូត្រតាម មោះមុតអភិវឌ្ឍសេដ្ឋកិច្ច អនុវត្តបានល្អនូវគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ និងរួមគ្នាស្ថាបនាជីវភាពកាន់តែមានស្ថិរភាព៕
ទីទុយ - ថាច់ធី