មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/09/2026 - 22:42

បុរស​វ័យ​ក្មេង​និង​ថ្នាក់​បង្រៀន​សិល្បៈ​នៅ​វត្ត​ព្រែក​អណ្តើក​ 

ជា​រៀង​រាល់​ពេល​រសៀល​ នៅ​ទី​ធ្លា​វត្ត​ព្រែក​អណ្តើក​ ឃុំ​ញូយ៉ា ទី​ក្រុង​កឹង​ធើ​ តែង​លាន់​ឮ​រំ​ពង​សំឡេង​ស្គរ​ឆៃយ៉ាំ​ និង​ភ្លេង​ពិ​ណ​ពាទ្យ​។ នៅ​ទី​នេះ​ ក្មេង​ៗវ័យ​ជំ​ទង់​ហាត់​រាំ​ឆៃយ៉ាំ​ យក្ស​ ស្វា​ និង​ហាត់​លេង​ឧប​ករណ៍​តន្ត្រី​។ អ្នក​ដែល​បង្ហាត់​ដល់​ប្អូន​ៗគឺ​ប្អូន​ប្រុស​ ត្រៀវ​ ស៊ើង​ញី​ នៅ​ភូមិ​ព្រែក​អណ្តើក​ ឃុំ​ញូយ៉ា ថ្វី​ដ្បិត​តែ​អាយុ​នៅ​ក្មេង​ក៏​ដោយ​ ប៉ុន្តែ​ប្អូន​ចេះ​ស្ទាត់​ជំ​នាញ​ឧប​ករណ៍​តន្ត្រី​ជា​ច្រើន​ប្រ​ភេទ​ ហើយ​បាន​បង្រៀន​ប្រ​គំ​តន្ត្រី​ និង​ក្បាច់​រាំ​ដល់​យុវ​ជន​ដែល​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​ដូច​គ្នា​។

ស៊ើង​ញី​ បាន​ឱ្យ​ដឹង​ ដំ​បូង​ឡើយ​ អ្នក​ដែល​បំ​ផុស​ចំ​ណង់​ចំ​ណូល​ចិត្ត​លើ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដល់​ប្អូន​គឺ​ជី​តា​ប្អូន​។ លោក​តា​បង្រៀន​ប្អូន​កូត​ទ្រ​សោ​ ក្រោយ​មក​បង​ប្រុស​របស់​ប្អូន​ក៏​បាន​បើក​ថ្នាក់​បង្រៀន​ភ្លេង​ពិ​ណ​ពាទ្យ​នៅ​វត្ត​ ម៉្លោះ​ហើយ​ប្អូន​បាន​ចូល​រៀន​ជា​មួយ​បង​ប្រុស​។

ប្អូន​ ត្រៀវ​ ស៊ើង​ញី​ កំ​ពុង​ស្អិត​ស្អាង​សំ​លៀកបំ​ពាក់​ឱ្យ​មិត្ត​ភក្តិមុន​ពេល​សម្តែង​។

ផ្តើម​ពី​អ្វី​ដែល​បាន​លោក​តា​ និង​បង​ប្រុស​បង្ហាត់​បង្រៀន​ ក្តី​ស្រ​ឡាញ់​ចំ​ពោះ​វប្ប​ធម៌​ប្រ​ពៃ​ណី​ក្នុង​ខ្លួន​របស់​ញី​ បាន​ពូន​ផ្តុំ​កាន់​តែ​ខ្លាំង​ឡើង​។ នៅ​ឆ្នាំ​ ២០១៧ នៅ​ពេល​ដែល​វត្ត​ព្រែក​អណ្តើក​បើក​ថ្នាក់​បង្រៀន​របាំ​ ញី​ក៏​បាន​ចូល​រួម​រៀន​ផង​ដែរ​។ ក្រោយ​ពី​ហ្វឹក​ហាត់​បាន​មួយ​រយៈ​ និង​ចេះ​ស្ទាត់​ជំ​នាញ​ក្បាច់​រាំ​ និង​ភ្លេង​ពិ​ណ​ពាទ្យ​ ប្អូន​បាន​ចាប់​ផ្តើម​ណែ​នាំ​បង្រៀន​ដល់​មិត្ត​ភក្តិវិញ​។

ប្អូន​ ត្រៀវ​ ស៊ើង​ញី​ កំ​ពុង​ប្រ​គំ​ភ្លេង​ពិ​ណ​ពាទ្យ​។

ប្អូន​ ស៊ើង​ ហ្វាង​អា​ញ់ ភូមិ​ព្រែក​ឈ្វេង​ ឃុំ​ញូយ៉ា ទី​ក្រុង​កឹង​ធើ​ បាន​ឱ្យ​ដឹង​៖ “ដំ​បូង​ឡើយ​ពេល​ចូល​រៀន​ថ្នាក់​នេះ​ ខ្ញុំ​ជួប​ការ​លំ​បាក​ច្រើន​ណាស់​។ ខ្ញុំ​រៀន​វាយ​ស្គរ​ឆៃយ៉ាំ​ និង​រាំ​របាំ​យក្ស​។ ក្នុង​អំ​ឡុង​ពេល​រៀន​ ត្រូវ​ចាំ​ក្បាច់​រាំ​ជា​ច្រើន​ស្រប​តាម​ចង្វាក់​ស្គរ​ សំឡេង​គង​... ដើម្បី​សម្តែង​ឱ្យ​បាន​ល្អ​។ ក្នុង​ពេល​រៀន​ បង​ញី​តែង​តែ​យក​ចិត្ត​ទុក​ដាក់​បង្រៀន​ក្បាច់​រាំ​នីមួយៗ​ លើក​ទឹក​ចិត្ត​ និង​ណែ​នាំ​ខ្ញុំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំ​ផុត​”។

បច្ចុប្បន្ន​ ថ្នាក់​រៀន​រាំ​មាន​សមា​ជិក​ប្រ​មា​ណ​ ៣០ នាក់​ចូល​រួម​។ ចាប់​ពី​ប្អូន​ៗដែល​ទើប​តែ​ស្គាល់​ក្បាច់​រាំ​មូល​ដ្ឋាន​ រហូត​ដល់​ប្អូន​ៗដែល​អាច​សម្តែង​ដោយ​ទំនុក​ចិត្ត​ក្នុង​បុណ្យ​ទាន​នៅ​វត្ត​ និង​ភូមិ​ភាគ​ គឺ​សុទ្ធ​តែ​បាន​ញី​ណែ​នាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ ក្រៅ​ពី​ថ្នាក់​រៀន​រាំ​ ញី​ក៏​បាន​ណែ​នាំ​បង្រៀន​ដល់​ប្អូន​ៗចំ​នួន​ ៧ នាក់​ទៀត​រៀន​ភ្លេង​ពិ​ណ​ពាទ្យ​ផង​ដែរ​។ ភាព​ស្និទ្ធ​ស្នាល​ និង​ភាព​អត់​ធ្មត់​របស់​ញី​ បាន​ជួយ​ឱ្យ​ប្អូន​ៗកាន់​តែ​ស្រ​ឡាញ់​ និង​ផ្សារ​ភ្ជាប់​ជា​មួយ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​។

ព្រះ​តេជ​ព្រះ​គុណ​ ឡឹម​ ច័ន្ទសំ​ណាង​ ព្រះ​ចៅ​អធិការ​វត្ត​ព្រែក​អណ្តើក​ មាន​សង្ឃ​ដីកា​៖ “មូល​ហេ​តុ​ដែល​វត្ត​បង្ក​លក្ខ​ណៈបង្កើត​ថ្នាក់​បង្រៀន​ទាំង​នេះ​គឺ​ចង់​ថែ​រក្សា​នូវ​វប្ប​ធម៌​ប្រ​ពៃ​ណី​ ដោយ​សារ​បច្ចុប្បន្ន​ប្រ​ភេទ​សិល្បៈ​មួយ​ចំ​នួន​នៅ​តាម​វត្ត​ខ្មែរ​បាន​និង​កំ​ពុង​សា​បរ​លាប​បន្តិច​ម្តង​ៗ។ កាល​ពី​មុន​ វត្ត​បាន​អញ្ជើញ​គ្រូ​បង្រៀន​មក​ណែ​នាំ​ដល់​ប្អូន​ៗ ក្នុង​នោះ​មាន​ទាំង​ប្អូន​ញី​ផង​ដែរ​។ បន្ទាប់​ពី​រៀន​ចប់​ ញី​ក៏​បាន​បន្ត​ឈរ​ថ្នាក់​បង្រៀន​ដល់​ប្អូន​ៗផ្សេង​ទៀត​”។

ក្នុង​ដំ​ណាក់​កាល​បង្រៀន​ ប្អូន​ជួប​ការ​លំ​បាក​មិន​តិច​ទេ​ ប៉ុន្តែ​នៅ​តែ​បន្ត​រក្សា​ដោយ​សារ​តែ​សេច​ក្តី​ស្រ​ឡាញ់​ចំ​ពោះ​វប្ប​ធម៌​ប្រ​ពៃ​ណី​។

ប្អូន​ ត្រៀវ​ ស៊ើង​ញី​ ឱ្យ​ដឹង​បន្ថែម​ ប្អូន​សង្ឃឹម​ថា​នឹង​មាន​យុវ​ជន​កាន់​តែ​ច្រើន​នៅ​ក្នុង​ភូមិ​ស្រុក​មក​ចូល​រួម​ថ្នាក់​រៀន​ ដើម្បី​រួម​គ្នា​ថែ​រក្សា​ និង​លើក​ស្ទួយ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ​។ ប្អូន​សង្ឃឹម​ថា​ ប្អូន​ៗនឹង​មាន​ឱ​កាស​ចូល​រួម​សម្តែង​បម្រើ​ជូន​បង​ប្អូន​មា​មីង​នៅ​ក្នុង​ពិ​ធី​បុណ្យ​ទាន​នា​នា​ដូច​ជា​ បុណ្យ​កឋិន​ទាន​ បុណ្យ​អក​អំ​បុក​ បុណ្យ​ភ្ជុំ​បិណ្ឌ​ (សែន​ដូន​តា​) ដើម្បី​រួម​ចំ​ណែក​ព្រួត​ដៃ​អភិ​រក្ស​វប្ប​ធម៌​របស់​ជន​ជាតិ​៕

វុឌ្ឍា -វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ