ផ្តើមពីមនុស្សម្នាក់គ្មានដីផលិត ដើមទុនបន្តិចបន្តួច ត្រូវចាកចេញពីស្រុកកំណើតទៅធ្វើការឈ្នួលគេ បងឌិញវ៉ាំងយីម នៅភូមិព្រែកឈ្វែង ឃុំញូយ៉ា ទីក្រុងកឹងធើ បានខិតខំឈានឡើងបន្តិចម្តងៗ កសាងជីវភាពលំនឹងនៅលើទឹកដីស្រុកកំណើតរបស់ខ្លួន។ ដោយឆន្ទៈជម្នះការលំបាក ស្មារតីប្រឹងប្រែងរៀនសូត្រ និងហ៊ានគិត ហ៊ានធ្វើ បងក៏បានក្លាយជាកសិករផលិត និងធ្វើអាជីវកម្មពូកែម្នាក់នៅភូមិភាគ។
នៅប៉ុន្មានឆ្នាំដំបូងទើបរៀបការ ជីវភាពរបស់បងយីម ជួបការលំបាកខ្លាំង។ គ្មានដីធ្វើស្រែចម្ការ ដើមទុនបន្តិចបន្តួច បងឡើងទៅទីក្រុងហូជីមិញធ្វើកម្មករអស់រយៈពេល ៤ ឆ្នាំ ដើម្បីរកប្រាក់ចំណូល និងសន្សំសំចៃ។ ពេលត្រឡប់មកស្រុកកំណើតវិញ បងបានយកប្រាក់សន្សំសំចៃទាំងនោះមកទិញដីបាន២កុង សាងសង់ខ្ទមស្លឹកមួយខ្នងសម្រាប់គ្រួសាររស់នៅ។ ដោយមិនទាន់មានបទពិសោធន៍ក្នុងការផលិតកសិកម្ម បងក៏រត់ម៉ូតូឌុបបន្ថែមដើម្បីរកប្រាក់ចំណូល។ បងយីម បានចែករំលែក៖ “ខ្ញុំកំព្រាឪពុកម្តាយតាំងពីតូច ធំឡើងទៅធ្វើកម្មករ ដូច្នេះពេលត្រឡប់មកស្រុកកំណើតតាមគ្រូសារ អ្វីៗក៏ថ្មីទាំងអស់។ ខ្ញុំមិនទាន់ចេះធ្វើស្រែ ដាំដំណាំ ឬចិញ្ចឹមសត្វ ដូច្នេះបានត្រឹមតែរត់ម៉ូតូឌុប។ ព្រឹកជូនកូនទៅរៀនរួច ខ្ញុំក៏ឆ្លៀតពេលរត់ម៉ូតូឌុបដើម្បីរកប្រាក់ចំណូលបន្ថែម”។

បងឌិញវ៉ាំងយីម កំពុងថែទាំហ្វូងគោ។
មិនធុញទ្រាន់ចំពោះការលំបាក បងក៏បានកំណត់ច្បាស់ បើចង់ចាកភាពក្រីក្រ គឺត្រូវតែមានចំណេះដឹង និងចេះធ្វើការរកស៊ី។ ឱ្យតែដឹងថាទីណាមានទម្រង់ផលិតមានប្រសិទ្ធភាពគឺបងតែងតែទៅទស្សនា និងរៀនសូត្របទពិសោធន៍។ ពេលសន្សំសំចៃបានទុនបន្តិចបន្តួច បងវិនិយោគទិញម៉ាស៊ីនកិនស្រូវ។ ផ្តើមពីប្រភពកន្ទក់ដែលសល់ពីការកិនស្រូវ បងបានច្នៃធ្វើជាចំណីសម្រាប់ចិញ្ចឹមជ្រូក និងគោ ដើម្បីបង្កប្រាក់ចំណូលបន្ថែមបន្តិចម្តងៗ។ ដោយឃើញពីប្រសិទ្ធភាពនៃការផលិត បងយីម បានចូលរួមវគ្គហ្វឹកហ្វឹនស្តីពីការធ្វើស្រូវគុណភាពខ្ពស់ ដាំដំណាំរួមផ្សំនិងចិញ្ចឹមជ្រូក គោ មាន់ និងកង្កែប។ នៅឆ្នាំ ២០១៣ ដោយមានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង បងបានជួលដីចំនួន ១០ កុងធ្វើស្រូវ ២ កុងដាំដំណាំ និងរួមផ្សំជាមួយការចិញ្ចឹមសត្វ។ ចាប់តាំងពីជ្រើសរើសពូជ និងកែប្រែដី ថែទាំដំណាំ រហូតដល់ការបង្ការ និងទប់ស្កាត់ជំងឺលើការចិញ្ចឹមសត្វ បងតែងតែរៀនសូត្រ និងអនុវត្តយ៉ាងប្រុងប្រយ័ត្ន។ បងយីម បានឱ្យដឹង៖ “បទពិសោធន៍ដែលរៀនសូត្របាន ខ្ញុំបានកត់ត្រាទុកក្នុងសៀវភៅ រួចយកទៅអនុវត្តក្នុងការផលិតបន្តិចម្តងៗ។ ពេលឃើញមានប្រសិទ្ធភាព ខ្ញុំក៏បន្តជួលដីបន្ថែមពី ១០ កុង ដល់ ៥០ កុងដើម្បីធ្វើស្រូវ។ ប្រាក់ដែលសន្សំបាន ខ្ញុំទុកទិញដីដើម្បីពង្រីកការផលិត”។
មិនត្រឹមតែធ្វើស្រូវប៉ុណ្ណោះទេ បងបានជួលដីបន្ថែម ៥ កុងទៀតដើម្បីដាំខ្ទឹមស្លឹក ឃ្លោក គូឆាយ ស្ពៃក្តោប...។ បងបានអនុវត្តប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ និងប្រើប្រាស់ផ្ទាំងគម្របកសិកម្ម ដើម្បីកាត់បន្ថយការចំណាយ កម្លាំងពលកម្ម និងលើកកម្ពស់ប្រសិទ្ធភាពផលិត។ ការចិញ្ចឹមសត្វក៏ត្រូវបានពង្រីកផងដែរ ចាប់ពីជ្រូក ៤ ក្បាលដល់ ២០ ក្បាល ពីគោ ២ ក្បាលដល់ ៦ ក្បាល និងពពែពី ២ ក្បាលដល់ ១០ ក្បាល។ ដោយផ្អែកលើពាក្យស្លោក “ចំណាយកម្លាំង យកចំណេញ យកខ្លីចិញ្ចឹមវែង” បន្ទាប់ពីការខិតខំប្រឹងប្រែងធ្វើការជាច្រើនឆ្នាំមក បងយីមសន្សំបានដីធ្វើស្រែចំនួន ៤០ កុង ដីដាំដំណាំ ៥ កុង និងបានសង់ផ្ទះសម្បែងសមរម្យ។ បងថែមទាំងបានវិនិយោគលើម៉ាស៊ីនកិនស្រូវដែលមានកម្លាំងថាមពលធំជាងមុន ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាជន និងទាញយកប្រភពកន្ទក់សម្រាប់បម្រើឱ្យការចិញ្ចឹមសត្វផងដែរ។

ទម្រង់ចិញ្ចឹមពពែរបស់បង យីម កំពុងផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
លោកស្រី ង្វៀងហុងក្វាង ប្រធានសមាគមកសិករឃុំញូយ៉ា មានប្រសាសន៍ បងយីម គឺជាកសិករខ្មែរគំរូម្នាក់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ផ្តើមពីគ្មានដីសម្រាប់ផលិត មិនចេះធ្វើស្រែ ដាំដំណាំ និងចិញ្ចឹមសត្វ បងបានឈានឡើងក្លាយជាគ្រួសារមានជីវភាពធូរធារ និងធ្វើមានបាននៅក្នុងភូមិភាគ។ មិនត្រឹមតែគិតគូរលើការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ បងថែមទាំងចែករំលែកបទពិសោធន៍ និងវិធីធ្វើដែលមានប្រសិទ្ធភាពដល់ប្រជាជននៅក្នុងភូមិស្រុកទៀតផង។ ដំណើរការរបស់បងឌិញវ៉ាំងយីម បង្ហាញឱ្យឃើញថា ជាមួយឆន្ទៈជម្នះការលំបាក នឹងស្មារតីប្រឹងប្រែងរៀនសូត្រ និងការប្តេជ្ញាចិត្តក្នុងពលកម្ម កសិករអាចបំប្លែងកង្វះខាត់ដំបូងឱ្យទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។ សមិទ្ធិផលនាពេលនេះ មិនត្រឹមតែជួយឱ្យគ្រួសាររបស់បងមានជីវភាពលំនឹងប៉ុណ្ណោះទេ ថែមទាំងបានរីកសាយភាយនូវស្មារតីខ្លួនទីពឹងខ្លួន ហ៊ានគិត ហ៊ានធ្វើក្នុងជនរួមជាតិខ្មែរនៅភូមិភាគ៕
លីធាន-ត្រឹងរ៉ូន