មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/08/2026 - 06:13

អ្នក​មាន​ប្រិយ​ភាព​ លះ​បង់​អស់​ពី​ចិត្ត​ដើម្បី​ភូមិ​ស្រុក​ 

ដោយ​មាន​ភាព​ជិត​ស្និទ្ធ​ យក​ចិត្ត​ទុក​ដាក់​និង​តែង​គិត​គូរ​ពី​ជីវ​ភាព​រស់​នៅ​របស់​មា​មីង​ខ្មែរ​ លោ​កថា​ច់វ៉ើង អាយុ​ ៧៣ ឆ្នាំ​ ជា​អ្នក​មាន​ប្រិយ​ភាព​នៅ​ភូមិ​វាល​ ឃុំ​ត្រា​កូង ខេត្ត​វិញ​ឡុង​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ តែង​រួម​ដំ​ណើរ​ជា​មួយ​ប្រ​ជា​ជន​។ ចាប់​ពី​ការ​ឃោស​នា​ អប់​រំ​ ផ្សព្វ​ផ្សាយ​និង​ចលនា​ប្រ​ជា​ជន​ រហូត​ដល់​ការ​កៀរ​គរ​ធ្វើ​ផ្លូវ​ ជួយ​សាង​សង់​លំ​នៅ​ឋាន​ និង​ជំ​រុញ​ការ​ផលិត​ លោក​បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ភូមិ​ស្រុក​កាន់​តែ​មាន​ការ​រីក​ចម្រើន​។

មុន​ពេល​ចូល​និវត្តន៍​ លោ​កថា​ច់វ៉ើង ធ្លាប់​បំ​ពេញ​ការ​ងារ​នៅ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​ឃុំ​។ បន្ទាប់​មក​ លោក​បាន​បន្ត​ចូល​រួម​ការ​ងារ​រណ​សិរ្ស​នៅ​ភូមិ​ ហើយ​បាន​ទទួល​ស្គាល់​ជា​អ្នក​មាន​ប្រិយ​ភាព​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៤ មក​។ លោក​តែង​ចុះ​ទៅ​តាម​ផ្ទះ​ប្រ​ជា​ជន​ ដើម្បី​ជួប​សំ​ណេះ​សំ​ណាល​ ស្វែង​យល់​ពី​គោល​បំ​ណង​ ក្ដី​ប្រាថ្នា​របស់​ប្រ​ជា​ជន​ ផ្សព្វ​ផ្សាយ​ពី​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​ជំ​រុញ​ឱ្យ​ប្រ​ជា​ជន​សាមគ្គី​ គោរព​និង​អនុ​វត្ត​តាម​បទ​ប្បញ្ញត្តិ​នា​នា​របស់​ភូមិ​ភាគ​។ តាម​រយៈ​ការ​ងារ​ទាំង​នេះ​ លោក​បាន​រួម​ចំ​ណែក​ពង្រឹង​ជំនឿ​ទុក​ចិត្ត​របស់​ប្រ​ជា​ជន​ និង​រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​ក្នុង​ភូមិ​ស្រុក​ឱ្យ​បាន​ល្អ​ប្រ សើរ។

លោ​កថា​ច់វ៉ើង ពិ​និត្យ​សំ​ណង់​ដង​ផ្លូវ​ ៣,៥ ម៉ែ​ត្រ​ ក្នុង​ភូមិ​ដែល​កំ​ពុង​ដំ​ណើរ​ការ​។

ក្នុង​អំ​ឡុង​ពេល​ដំ​បូង​ដែល​លោក​ចូល​រួម​ការ​ងារ​ ភូមិ​វាល​នៅ​មាន​ការ​លំ​បាក​ច្រើន​។ តំ​បន់​នេះ​មាន​ប្រ​ព័ន្ធ​ព្រែក​ប្រ​ឡាយ​ខ្វាត់​ខ្វែង​ ប្រ​ជា​ជន​ភាគ​ច្រើន​ប្រ​កប​របរ​កសិ​កម្ម​។ ផ្លូវ​បេតុង​ជា​ច្រើន​ខ្សែ​ដែលក​សាង​តាម​រយៈ​កម្ម​វិធី​ ១៣៥ បាន​ខូច​ទ្រុឌ​ទ្រោម​ ធ្វើ​ឱ្យ​ការ​ធ្វើ​ដំ​ណើរ​និង​ដឹក​ជញ្ជូន​កសិ​ផល​ជួប​ការ​លំ​បាក​។ ស្នា​ដៃ​មួយ​ដែល​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ គឺ​ការ​ដែល​លោក​បាន​ចលនា​ប្រ​ជា​ជន​ ចូល​រួម​ធ្វើ​ផ្លូវ​តាម​បណ្តោ​យមាត់​ប្រ​ឡាយ​ប្រ​វែង​ជាង​ ២.០០០ ម៉ែ​ត្រ​។ ដើម្បី​មាន​ដី​ស្អាត​សម្រាប់​ធ្វើ​ផ្លូវ​ លោក​បាន​ចុះ​ទៅ​ជួប​ម្ចាស់​ដី​តាម​គ្រួ​សារ​នីមួយៗ​ ដើម្បី​អំ​ពាវ​នាវ​ ឱ្យ​បរិច្ចាគ​ដី​។ មាន​គ្រួ​សារ​មួយ​ចំ​នួន​មិន​ទាន់​យល់​ព្រម​ លោក​បាន​អត់​ធ្មត់​ចុះ​ទៅ​ជួប​ជា​ច្រើន​លើក​ ពន្យល់​ពី​ផល​ប្រ​យោជន៍​ដែល​ផ្លូវ​នេះ​នឹង​ផ្តល់​ជូន​ប្រ​ជា​ជន​។ ទី​បំ​ផុត​ គ្រួ​សា​រទាំង​នោះ​បាន​យល់​ព្រម​ រួម​ចំ​ណែក​បរិច្ចាគ​ដី​និង​កម្លាំង​ពល​កម្ម​។

តាម​ស្មារតី​អ្នក​មាន​ប្រាក់​ចូល​រួម​ប្រាក់​ អ្នក​គ្មាន​ប្រាក់​ចូល​រួម​ជា​កម្លាំង​ពល​កម្ម​ ក៏​កៀរ​គរ​ថវិកា​បាន​ជាង​ ៦០ លាន​ដុង​សម្រាប់​ចាក់​ក្រួស​ធ្វើ​ផ្លូវ​។ ក្នុង​អំ​ឡុង​ពេល​ធ្វើ​ផ្លូវ​ ភរិយា​របស់​លោក​បាន​ចម្អិន​អា​ហារ​ជូន​អ្នក​ភូមិ​ជិត​ ៣០ នាក់​ ដែល​ចូល​រួម​ធ្វើ​ផ្លូវ​រៀង​រាល់​សប្តា​ហ៍។ អា​ហារ​សាមញ្ញ​ទាំង​នេះ​ បាន​រួម​ចំ​ណែក​ភ្ជាប់​ស្មារតី​សាមគ្គី​របស់​ប្រ​ជា​ជន​ និង​ជួយ​ឱ្យ​ការក​សាង​ផ្លូវ​សម្រេច​ដោយ​ជោគ​ជ័យ​។

មិន​ត្រឹម​តែ​ចលនា​ប្រ​ជា​ជន​ធ្វើ​ផ្លូវ​ប៉ុណ្ណោះ​ទេ​ លោ​កថា​ច់វ៉ើង ក៏​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន​ ដើម​ទុន​និង​ជីវ​ភាព​រស់​នៅ​។ លោក​មិន​អាច​ចាំ​អស់​ ថា​មាន​ប៉ុន្មាន​គ្រួ​សារ​ដែល​ធ្លាប់​ទទួល​បាន​ការ​ជួយ​ពី​លោក​នោះ​ទេ​ ប៉ុន្តែ​រាល់​ពេល​មាន​គ្រួ​សារ​ណា​ជួប​ការ​លំ​បាក​ លោក​តែង​តែ​ព្យា​យាម​ផ្តល់​យោបល់​ និង​ស្វែង​រក​ការត​ភ្ជាប់​ ដើម្បី​ឱ្យ​ប្រ​ជា​ជន​អាច​ទទួល​បាន​ការ​ឧប​ត្កម្ភតាម​គោ​លន​យោ​បាយ​សម​ស្រប​។

ក្នុង​ឆ្នាំ​ ២០២៥ គ្រួ​សា​របង​ស្រី​ថា​ច់ធី​ថា​ បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​រដ្ឋ​សម្រាប់​សាង​សង់​ផ្ទះ​។ ផ្ទះ​ចាស់​មាន​ភាព​ទ្រុឌ​ទ្រោម​ ខណៈ​ដែល​ពីរ​នាក់​ប្តី​ប្រ​ពន្ធ​បង​ប្រ​កប​របរ​ធ្វើ​ការ​ឈ្នួល​ ប្រាក់​ចំ​ណូល​បាន​ត្រឹម​គិត​គូរ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ​។ បង​ស្រី​ថា​ ចែក​រំលែក​៖ "ពេល​ទទួល​បាន​ការ​ជួយ​សាង​សង់​ផ្ទះ​ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​។ លោក​ពូ​វ៉ើង តែង​មក​លើក​ទឹក​ចិត្ត​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ឱ្យ​ខិត​ខំ​ប្រ​កប​របរ​រក​ស៊ី​ និង​ចិញ្ចឹម​សត្វ​។ ដោយ​សារ​តែ​ការ​លើក​ទឹក​ចិត្ត​នេះ​ ទើប​គ្រួ​សារ​ខ្ញុំ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ ហើយ​ខ្ញុំ​សូម​អរ​គុណ​បក្ស​ រដ្ឋ​យ៉ាង​ក្រៃ​លែង​ដែល​ជួយ​ឱ្យ​ខ្ញុំ​មាន​ផ្ទះ​សម្បែង​រឹង​មាំ​ដូច្នេះ​"។ ចំ​ណែក​គ្រួ​សា​របង​ថា​ច់ថា​យ ក៏​បាន​ទទួល​ការ​ឧបត្ថម្ភ​សង់​លំ​នៅ​ឋាន​ និង​បាន​ឧបត្ថម្ភ​បុល​ទុន​សម្រាប់​ដាំ​ដំ​ណាំ​និង​ចិញ្ចឹម​សត្វ​។ ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​លោ​កថា​ច់វ៉ើង ទើប​គ្រួ​សារ​គាត់​បាន​លំ​នឹង​ក្នុង​ការ​ផលិត​ ហើយ​ឥ​ឡូវ​នេះ​ ក៏​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។

លោ​កថា​ច់វ៉ើង សួរ​សុខ​ទុក្ខ​និង​លើក​ទឹក​ចិត្ត​គ្រួ​សា​របង​ស្រី​ថា​ច់ធី​ថា​។

លោក​វ៉​ថា​ញ់ចៀង លេខា​សាខា​បក្ស​ភូមិ​វាល​ បាន​ឱ្យ​ដឹង​ លោ​កថា​ច់វ៉ើង តែង​បាន​ប្រ​ជា​ជន​គោរព​ស្រ​ឡាញ់​ ជឿ​ទុក​ចិត្ត​ និង​ស្តាប់​យោបល់​។ នៅ​ពេល​ជួប​ការ​លំ​បាក​ មា​មីង​តែង​មករ​គាត់​ ដើម្បី​សុំ​ការ​ណែ​នាំ​និង​ការ​ជំនួយ​។ ទោះ​បី​មាន​វ័យ​ចាស់​ក៏​ដោយ​ លោក​នៅ​តែ​សកម្ម​ក្នុង​ការ​សិក្សា​រៀន​សូ​ត្រ​ និង​ចេះ​ប្រើ​ប្រាស់​កុំ​ព្យូទ័រយ៉ាង​ជំ​នាញ​ដើម្បី​បម្រើ​ការ​ងារ​។ លោក​វ៉​ថា​ញ់ចៀង មាន​ប្រ​សាសន៍​៖ "ប្រ​ជា​ជន​គោរព​ស្រ​ឡាញ់​ និង​ជឿ​ទុក​ចិត្ត​លោ​កថា​ច់វ៉ើងខ្លាំង​ណាស់​។ ចំ​ពោះ​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក​គាត់​តែង​រិះ​រក​វិធី​ជួយ​ ដើម្បី​ឱ្យ​ប្រ​ជា​ជន​មា​នល​ក្ខណៈ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​"។

តាម​ប្រ​សាសន៍​លោក​វ៉​ថា​ញ់ចៀង គ្រួ​សារ​របស់​លោ​កថា​ច់វ៉ើង ជា​គ្រួ​សារ​គំ​រូ​មួយ​ក្នុង​ការ​ចិញ្ចឹម​កូន​ចៅ​រៀន​សូ​ត្រ​។ កូន​ទាំង​ ៣ នាក់​របស់​គាត់​ សុទ្ធ​តែ​បាន​រៀន​សូ​ត្រ​បាន​ចប់​ចុង​ចប់​ដើម​ ហើយ​បច្ចុប្បន្ន​កំ​ពុង​បម្រើ​ការ​ងារ​នៅ​តាម​ស្ថា​ប័ន​រដ្ឋ​។ គ្រួ​សា​រលោក​បាន​ទទួល​ស្គាល់​ជា​គ្រួ​សារ​សង្វាត​រៀន​សូ​ត្រ​ និង​ទទួល​បាន​ប័ណ្ណ​សរសើរ​របស់​មជ្ឈិម​ស្តី​ពី​គ្រួ​សារ​វប្ប​ធម៌​គំ​រូ​ឆ្នើម​ ព្រម​ទាំង​ប័ណ្ណ​សរ​សើ​រនិង​លិខិត​សរសើរ​ជា​ច្រើន​ពី​ខេត្ត​និង​ស្រុក​។

លោ​កថា​ច់វ៉ើង ចែក​រំលែក​៖ "ក្នុង​នាម​ជា​អ្នក​មាន​ប្រិយ​ភាព​ គឺ​ត្រូវ​តែ​ជិត​ដិត​នឹង​ប្រ​ជា​ជន​ ជ្រាប​ច្បាស់​ថា​ប្រ​ជា​ជន​ត្រូវ​ការ​អ្វី​។ ឃើញ​ប្រ​ជា​ជន​នៅ​លំ​បាក​ យើង​ត្រូវ​រិះ​រក​វិធី​ចលនា​ និង​ស្នើ​សុំ​ការ​ឧបត្ថម្ភ​ដើម្បី​ជួយ​ដល់​ពួក​គាត់​។ នៅ​ពេល​ប្រ​ជា​ជន​មាន​ជីវ​ភាព​ធូរ​ធារ​ ភូមិ​ស្រុក​មាន​ការ​រីក​ចម្រើន​ យើង​ក៏​រីក​រាយ​សប្បាយ​ចិត្ត​ដែរ​"។ បច្ចុប្បន្ន​ នៅ​ភូមិ​វាល​មិន​នៅ​មាន​ផ្ទះ​បណ្តោះ​អា​សន្ន​ទៀត​ហើយ​ នៅ​សល់​តែ​៥គ្រួ​សារ​ក្រី​ក្រ​និង​៤៣គ្រួ​សារ​ក្បែរ​ក្រី​ក្រ​; សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​ភូមិ​បាន​រក្សា​លំ​នឹង​។

បច្ចុប្បន្ន​ ផ្លូ​វ​មាន​ទទឹង​ ៣,៥ ម៉ែ​ត្រ​ និង​ប្រ​វែង​ប្រ​មា​ណ​ ៤.០០០ ម៉ែ​ត្រ​ កំ​ពុង​បាន​រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​។ ទោះ​មាន​វ័យ​ ៧០ ឆ្នាំ​ប្លាយ​ក៏​ដោយ​ លោ​កថា​ច់វ៉ើង តែង​ចុះ​ទៅ​កាន់​សំ​ណង់​ជា​ប្រ​ចាំ​ដើម្បី​ពិ​និត្យ​ការ​ងារ​ និង​លើក​ទឹក​ចិត្ត​ប្រ​ជា​ជន​។ សម្រាប់​លោក​ ប្រិយ​ភាព​មិន​ត្រឹម​ឋិត​នៅ​លើ​លិខិត​ទទួល​ស្គាល់​នោះ​ទេ​ នៅ​ទាំង​ឋិត​លើ​សកម្ម​ភាព​ជាក់​ស្តែង​ក្នុង​ជីវិត​ប្រ​ចាំ​ថ្ងៃ​។ ចាប់​ពី​ផ្ទះ​សម្បែង​ ផ្លូវ​ថ្នល់​ រហូត​ដល់​ជីវ​ភាព​និង​ការ​ប្រ​កប​របរ​រក​ស៊ី​របស់​ប្រ​ជា​ជន​ លោក​តែង​រួម​ចំ​ណែក​យ៉ាង​ស្ងៀម​ស្ងាត់​ ដើម្បី​ធ្វើ​ឱ្យ​ភូមិ​ស្រុក​កាន់​តែ​មាន​ភាព​រីក​ចម្រើន​៕

ពេជ្រ​ សឿន​

ចែករំលែកអត្ថបទ