មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

12/08/2026 - 08:14

យុវ​ជន​មាន​ទេព​កោស​ល្យ 

កើត​និង​ធំ​ដឹង​ក្តី​នៅ​ឃុំ​ឌិញហ្វា ខេត្ត​អាង​យ៉ាង បច្ចុប្បន្ន កំ​ពុង​បង្កើត​អា​ជីព​នៅ​ទី​ក្រុង​កឹង​ធើ។ ដោយ​ស្មារតី​ស្វ័យ​សិក្សា​និង​ព្យា​យាម​ច្បាម​អា​ជីព ប្អូន​យ័ញ​ថាញ់​ដាក (កើត​ឆ្នាំ​២០០០) បាន​បញ្ជាក់​ពី​សមត្ថ​ភាព​របស់​ខ្លួន​ជា​បណ្តើរៗ។ មាន​ចំ​ណេះ​ជំ​នាញ​រឹង​មាំ មួយ​អន្លើ​ដោយ​ការ​ព្យា​យាម​លត់​ដំ ជួយ​ឱ្យ​យុវ​ជន​វ័យ​ក្មេង​មាន​ទំ​នុក​ចិត្ត​បន្តិច​ម្តងៗ​តាម​រយៈ​ការ​ងារ​ដែល​ប្អូន​ដាក់​កាយ​ទាំង​ស្រុង។

 ប្អូន យ័ញ​ថាញ់​ដាក កំ​ពុង​គូរ​ក្បាច់​លើ​ទូក-ង។

ថាញ់​ដាក​មាន​និស្ស័យ​ជា​មួយ​របរ​បោះ​ទូក​-ង ចាប់​ផ្តើម​នៅ​ឆ្នាំ ២០២៤ ពេល​ប្អូន​ចូល​រួម​បោះ​ទូក​-ង​នៅ​វត្ត​ស្រ​ឡូង។ កាល​នោះ ការ​ងារ​របស់​ប្អូន​គ្រាន់​តែ​ជំ​នួយ​ការ​ឱ្យ​មេ​ជាង ប៉ុន្តែ​ដោយ​សារ​ការ​តស៊ូ​រៀន​សូត្រ​សន្សំ​បទ​ពិ​សោធន៍ ហើយ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​របរ​បោះ​ទូ​ករ​ហូត​មក​ទល់​នឹង​បច្ចុប្បន្ន។

ប្អូន​យ័ញ​ថាញ់​ដាក ចែក​រំលែក៖ “ពី​ក្មេង​ខ្ញុំ​បាន​ឪ​ពុក​នាំ​ទៅ​វត្ត​មើល​ជាង​បោះ​ទូក ហើយ​ស្រ​ឡាញ់​ចូល​ចិត្ត​តាំង​ពី​កាល​ណា​មក​មិន​ដឹង​ផង។ លុះ​ដល់​ឆ្នាំ​២០២៤ បន្ទាប់​ពី​ព្រះ​ចៅ​អធិ​ការ​វត្ត​ស្រ​ឡូង ជួល​ជាង​មក​បោះ​ទូក ពេល​នោះ​ព្រះ​អង្គ​ទៅ​ជាវ​បន្ទះ​ក្តារ រួច​ពឹង​ជាង​ជួយ​ណែ​នាំ​យើង​ខ្ញុំ​បោះ។ ផ្តើម​ពី​នោះ ខ្ញុំ​រឹត​តែ​ស្រ​ឡាញ់​ចូល​ចិត្ត​ខាង​វិស័យ​បោះ​ទូក។ ដំ​បូង ដោយ​សារ​មិន​ទាន់​មាន​ខ្នាត​សុក្រឹត ម៉្លោះ​ហើយ បោះ​ទូក​ពុំ​ទាន់​បាន​ល្អ​នៅ​ឡើយ ដូច្នេះ ត្រូវ​តែ​បោះ​បណ្តើរ ជួស​ជុល​បណ្តើរ ដើម្បី​ដក​បទ​ពិ​សោធន៍”។

ឆ្នាំ​ ២០២៥ ថាញ់​ដាក បន្ត​រៀន​សូត្រ​អំ​ពី​បច្ចេក​ទេស​កែ​តម្រូវ​ទូក​ពី​ជាង​ចំ​ណាន ពេល​ចូល​រួម​ជួស​ជុល​ទូក​លុង​របស់​វត្ត​ព្រែក​អណ្តើក។ អា​ស្រ័យ​មេ​រៀន​ដ៏​មាន​តម្លៃ​ទាំង​នេះ ជួយ​ឱ្យ​ថាញ់​ដាក​កាន់​តែ​មាន​ចំ​ណេះ​ជំ​នាញ​រឹង​មាំ។ គិត​ត្រឹម​តែ​ក្នុង​ឆ្នាំ​នេះ ថាញ់​ដាក បាន​ព្រះ​ចៅ​អធិ​ការ​នា​នា​វត្ត​ទំ​នុក​ចិត្ត​អញ្ជើញ​ទៅ​បោះ​ទូក​ថ្មី ៣ គ្រឿង និង​ជួស​ជុល ៩ គ្រឿង ដើម្បី​ត្រៀម​បាន​ល្អ​សម្រាប់​ចូល​រួម​អុំ​ក្នុង​ពិ​ធី​បុណ្យ​ប្រ​ណាំង​ទូក​-ង។ ក្រៅ​ពី​បោះ​ទូក-ង ថាញ់​ដាក ថែម​ទាំង​ចេះ​ឆ្លាក់​ក្បាច់ គូរ​គំ​នូរ​និង​គូរ​ប្លង់។

ប្អូន​ថា​ញ់ដា​ក ឱ្យ​ដឹង៖ “ខ្ញុំ​រៀន​ឆ្លាក់​ក្បាច់​និង​គូរ​គំ​នូរ​តាំង​ពី​ឆ្នាំ ២០១៥ លុះ​ដល់​ឆ្នាំ ២០២០ ទើប​ចេញ​ប្រ​កប​របរ។ ធ្វើ​បណ្តើ រៀនប​ណ្តើរ បង្កើន​បទ​ពិ​សោធន៍​ដោយ​ខ្លួន​ឯង។ ឆ្នាំ ២០២៤ ខ្ញុំ​បាន​ទទួល​ការ​ងារ​នៅ​វត្ត​សិរី​នគរ​ជុំ​អំ​ពូ​យារ (ឃុំ​ញ៉ូ​យ៉ា) សព្វ​ថ្ងៃ ខ្ញុំ​កំ​ពុង​បោះ​ទូក​ឱ្យ​វត្ត​ពពុះ​ទឹក វត្ត​ពេជ្រ​មង្គល និង​ឆ្លាក់​ក្បាច់​នៅ​វត្ត​ព្រែក​អណ្តើក”។

មិន​តែ​ប៉ុណ្ណោះ ថាញ់​ដាក នៅ​ទាំង​ចូល​រួម​ក្នុង​គណៈ​បង្វឹក​ក្រុម​ទូក​-ង​វត្ត​ព្រែក​អណ្តើក។ ក្នុង​តួ​នា​ទី ជា​គ្រូ​បង្វឹក ថាញ់​ដាក រួម​ជា​មួយ​ក្រុម​បង្វឹក​និង​កី​ឡា​ករ​ត្រៀម​បាន​ល្អ​សម្រាប់​ការ​ចូល​រួម​ក្នុង​ពិ​ធី​ប្រ​ណាំង​ទូក​-ង​ទី​ក្រុង​កឹង​ធើ ឆ្នាំ​២០២៥។ នេះ​គឺ​ជា​ឆ្នាំ​ដំ​បូង​ដែល​ក្រុម​ទូក​របស់​វត្ត​បាន​វិល​មក​កាន់​ការ​ប្រ​កួត បន្ទាប់​ពី​អវត្ត​មាន​ជា​ច្រើន​ទស​វត្សរ៍ ហើយ​ទទួល​បាន​ជ័យ​លា​ភី​លេខ​២។

ព្រះ​តេជ​ព្រះ​គុណ ឡឹម​ច័ន្ទ​សំ​ណាង ប្រ​ធាន​ព្រះ​សង្ឃ​វត្ត​ព្រែក​អណ្តើក ឃុំ​ញ៉ូ​យ៉ា បញ្ជាក់៖ “ថាញ់​ដាក គឺ​ជា​អ្នក​មាន​ការ​ត​ស៊ូ​រៀន​សូត្រ។ ពេល​បាន​រៀម​ច្បង ណែ​នាំ ប្អូន​តែង​យក​ចិត្ត​ទុក​ដាក់ ហើយ​យក​មក​ហ្វឹក​ហាត់​បន្ថែម​ដោយ​ខ្លួន​ឯង។ ទោះ​បី​វ័យ​នៅ​ក្មេង ប៉ុន្តែ ដាក​អាច​ទទួល​ធ្វើ​ការ​ងារ​ជា​ច្រើន មាន​ដូច៖ ឆ្លាក់​ក្បាច់ គូរ​គំ​នូរ​និង​បោះ​ទូក។ ប្រ​ការ​ដែល​អាត្មា​ភាព​គាប់​ចិត្ត​បំ​ផុត គឺ​ប្អូន​ធ្វើ​ការ​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ បើ​ទទួល​ការ​ងារ​អ្វី ខំ​ប្រឹង​ធ្វើ​លុះ​ត្រា​សម្រេច​រួច​រាល់ មិន​ទុក​ចោល​ពាក់​កណ្តាល​ការ​ទេ”៕

                                              វឌ្ឍា-​មុនី​

ចែករំលែកអត្ថបទ