ក្នុងតួនាទីជាប្រធានមណ្ឌល ១៩ សង្កាត់វីតឹង ទីក្រុងកឹងធើ លោកយ័ញត្វឹង តែងជាទីបង្អែកគួរឱ្យទំនុកចិត្ត និងទទួលបានការស្រឡាញ់រាប់អានពីសំណាក់ប្រជាជន។ ជាច្រើនឆ្នាំមកនេះ លោកបានខិតខំយ៉ាងពេញទំហឹងក្នុងការជួយជ្រោមជ្រែង និងចលនាប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចសន្សឹមៗលំនឹងជីវភាព រួមចំណែកកសាងមណ្ឌលតាំងទីលំនៅឱ្យកាន់តែរីកចម្រើន។

លោកយ័ញត្វឹង (ខាងស្តាំ) តែងចុះទៅលើកទឹកចិត្តមាមីងឱ្យយកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ច។
រយៈពេលជាង ១២ ឆ្នាំផ្សារភ្ជាប់ជាមួយនឹងការងារនៅមូលដ្ឋាន លោកយ័ញត្វឹង តែងយល់ច្បាស់ពីស្ថានភាពគ្រួសារនីមួយៗពិសេសគឺគ្រួសារដែលមានជីវភាពខ្វះខាត។ លោកតែងចុះទៅតាមផ្ទះ ដើម្បីក្តាប់ពីបំណងប្រាថ្នានិងលើកឡើងនូវសំណើបានទាន់ពេលវេលាជូនរដ្ឋអំណាចភូមិភាគ ព្រមទាំងជួយប្រជាជនឱ្យទទួលបាននូវគោលនយោបាយឧបត្ថម្ភនានារបស់រដ្ឋ។ ជាពិសេស លោកតែងតែយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលបំផុតក្នុងការជួយគ្រួសារក្រីក្រ បានបុលទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ លោកត្វឹង ឱ្យដឹង៖ “ចង់ជួយមាមីងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព ចាំបាច់ត្រូវតែមានដើមទុននិងមានទម្រង់រកស៊ីប្រកបដោយប្រសិទ្ធភាព។ ហេតុដូច្នេះ នៅពេលក្តាប់បានបំណងប្រាថ្នារបស់មាមីង ខ្ញុំតែងតែជួយជ្រោមជ្រែងបុលទុន ព្រមទាំងពិគ្រោះយោបល់ជ្រើសរើសទម្រង់ ដូចជា៖ ការចិញ្ចឹមជ្រូក ដាំដំណាំរួមផ្សំ ចិញ្ចឹមអន្ទង់ ចិញ្ចឹមត្រី និងអនុវត្តវិទ្យាសាស្ត្របច្ចេកទេសទៅក្នុងការផលិត។ អាស្រ័យហេតុនោះ មាមីងបានប្រើប្រាស់ប្រភពទុនយ៉ាងមានប្រសិទ្ធភាព មានប្រាក់ចំណូលលំនឹង ហើយចាកផុតពីភាពក្រីក្រជាបណ្តើរៗ”។
ទន្ទឹមនឹងនោះ លោកត្វឹង នៅទាំងចំណាយពេលយ៉ាងច្រើនដើម្បីជួយដល់គ្រួសារក្រីក្រ និងគ្រួសារដែលមានស្ថានភាពលំបាកខ្លាំង ឱ្យទទួលបានកម្មវិធីឧបត្ថម្ភសាងសង់លំនៅឋាន។ នៅក្នុងឆ្នាំ ២០២៦ នេះ លោកបានរួមជាមួយអង្គការមហាជន ចុះត្រួតពិនិត្យប្រគល់ផ្ទះមហាសាមគ្គីចំនួន ៥ ខ្នង ជូនគ្រួសារក្រីក្រ បានដោះស្រាយដាច់ស្រឡះនូវស្ថានភាព ផ្ទះទ្រុឌទ្រោមនៅក្នុងមណ្ឌល ១៩។ បងស្រីធីចាញ់ នៅមណ្ឌល ១៩ ឱ្យដឹង៖ “លោកយ័ញត្វឹង យកចិត្តទុកដាក់ចំពោះមាមីងខ្មែរយើងណាស់! លោកតែងតែជួយអ្នករាល់គ្នាដោយអស់ពីចិត្តពីថ្លើម ឱ្យតែមានការលំបាកមកពឹងពាក់ គឺលោកស្ម័គ្រចិត្តជួយភ្លាម ម៉្លោះហើយមាមីងណាក៏គោរពស្រឡាញ់លោកដែរ។ អាស្រ័យបានលោកត្វឹងជួយ ទើបខ្ញុំបានរដ្ឋសង់ផ្ទះជូន បានបុលទុន ៣០ លានដុង និងផ្តល់ជ្រូកពូជចំនួន ៥ ក្បាលយកមកចិញ្ចឹម។ ឥឡូវនេះ បន្ទាប់ពីលក់ជ្រូកមួយល្បះរួច ខ្ញុំបានទិញជ្រូក ១០ ក្បាលទៀតមកចិញ្ចឹមបន្ត ម្ល៉ោះហើយជីវភាពក៏បានលំនឹង”។
ក្រៅពីនោះ លោកត្វឹងនៅទាំងខ្នះខ្នែងចលនាប្រជាជនរួមកម្លាំងកសាងជនបទថ្មី។ ជាមួយនឹងគោលលំនាំ “ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនទទួលផល” រួមជាមួយនឹងប្រជាប្រិយភាពរបស់ខ្លួន លោកបានព្យាយាមចុះទៅតាមផ្ទះនីមួយៗ ដើម្បីឃោសនា ចលនាប្រជាជនបរិច្ចាគដី កាប់ឆ្ការដើមឈើនិងរុះរើរបងដើម្បីពង្រីកផ្លូវគមនាគមន៍។ មកទល់ពេលនេះ ខ្សែផ្លូវនៅក្នុងមណ្ឌល ១៩ ត្រូវបានពង្រីកធំទូលាយ បង្កលក្ខណៈងាយស្រួលសម្រាប់ការ ធ្វើដំណើរដឹកជញ្ជូនទំនិញ និងអភិវឌ្ឍការផលិត។ លោកត្វឹង ចែករំលែក៖ “ជាច្រើនឆ្នាំមកនេះ ខ្ញុំតែងចាត់ទុកផលប្រយោជន៍របស់ប្រជាជនធំជាងគេបង្អស់ រាល់ការងារដែលខ្ញុំធ្វើគឺដើម្បីប្រជាជន ដូច្នេះ នៅពេលឃើញមាមីងរស់នៅចេះសាមគ្គី ចេះជួយគ្នាទៅវិញទៅមក និងរស់នៅគោរពតាមសេចក្ដីកំណត់នៃច្បាប់ គឺខ្ញុំសប្បាយចិត្តណាស់ ហើយមានកម្លាំងចិត្តបន្ថែមទៀតដើម្បីបំពេញភារកិច្ចឱ្យបានល្អ”។
ផ្ដើមពីសកម្មភាពសាមញ្ញ ជាក់ស្ដែង ប្រធានមណ្ឌលយ័ញត្វឹង បានរួមចំណែកយ៉ាងសំខាន់ក្នុងការនាំយកនូវគោលនយោបាយសន្តិសុខសង្គមទៅចំមុខសញ្ញា ដាស់ភ្ញោកឆន្ទៈឈានឡើងរបស់ប្រជាជន និងកសាងធ្លុងមហាសាមគ្គីនៅក្នុងសហគមន៍។ ទង្វើរបស់លោកត្វឹង មិនត្រឹមតែសាយភាយនូវតម្លៃដ៏ល្អប្រពៃប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកសាងមណ្ឌលតាំងទីលំនៅឱ្យកាន់តែរីកចម្រើន និងជីវភាពជនរួមជាតិខ្មែរ កាន់តែសម្បូរធូរធារនិងសុភមង្គល៕
យ្វីអាញ - ថាច់ធី