រយៈពេលកន្លង ការអភិវឌ្ឍក្រុមសហការរបស់បណ្តាសមាគមនៅទីក្រុងកឹងធើ នាំមកនូវប្រសិទ្ធភាពជាក់ស្តែង រួមចំណែកបង្កើនប្រាក់ចំណូល លំនឹងជីវភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ នៅតាមភូមិភាគដែលមានជនជាតិភាគតិចរស់នៅកុះករ ក្រុមសហការកាន់តែអះអាងច្បាស់ពីតួនាទីជាទី "បង្អែក" ជួយឱ្យសមាជិកនិងកសិករ ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។

សមាជិកក្រុមសហការដាំដំណាំរួមផ្សំផ្នោរធំ កំពុងខ្នះខ្នែងថែបន្លែបង្ការ។
នៅសង្កាត់វិញភឿក សមាគមសហព័ន្ធនារីសង្កាត់បានចលនា និងជំនួយបង្កើតក្រុមសហការដាំដំណាំរួមផ្សំផ្នោរធំ នៅមណ្ឌលតឹងណាម មានសមាជិកាចូលរួម ១០ រូប សរុបផ្ទៃដីផលិតជាង ១ ហិកតា។ ក្រុមផ្ដុំកម្លាំងដាំដំណាំរួមផ្សំដូចជា ម្ទេស ននោង ម្រះ និងខ្ទឹមក្រហម សមស្របនឹងលក្ខណៈដីធ្លីនៅភូមិភាគ និងតម្រូវការទីផ្សារ។ មិនត្រឹមតែចងសម្ព័ន្ធផលិតប៉ុណ្ណោះទេ សមាជិកាទាំងឡាយនៅទាំងបានជួយឧបត្ថម្ភបុលទុនអនុគ្រោះតាមតម្រូវការ ចាប់ពី ៥ ដល់ ៥០ លានដុង/គ្រួសារ ព្រមទាំងចូលរួមវគ្គបណ្តុះបណ្តាលផ្ទេរជូនវិទ្យាសាស្ត្របច្ចេកទេសដាំដុះ និងចិញ្ចឹមសត្វ។
អាស្រ័យហេតុនោះ មានសមាជិកាជាច្រើនបានវិនិយោគ ពង្រីកការផលិត និងលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច។ ជាក់ស្តែងដូច បងស្រីឡឹមធីលី សមាជិកាក្រុមសហការដាំដំណាំរួមផ្សំផ្នោរធំ ដែលផ្សារភ្ជាប់នឹងរបរដាំដំណាំរួមផ្សំជិត ២០ ឆ្នាំមកហើយ។ បច្ចុប្បន្ន បងស្រីកំពុងបង្កបង្កើនផលលើផ្ទៃដី ៣ កុង ដោយដាំដំណាំជាច្រើនប្រភេទដូចជា៖ ល្ពៅ ត្រាវ ម្ទេស។ ក្នុងមួយរដូវៗ បន្ទាប់ពីទូទាត់រួច គ្រួសារបងស្រីទទួលបានប្រាក់ចំណេញពី ៥ ទៅ ៦ លានដុង។ បងស្រីលី ចែករំលែក៖ “ខ្ញុំយល់ឃើញថា ការដាំឆ្លាស់វេនគ្នានូវមុខដំណាំរួមផ្សំទាំងនេះ ចំណាយដើមទុនតិច ហើយមិនបាច់ចំណាយកម្លាំងច្រើនទេ ហើយមានប្រាក់ចំណូលរាល់ថ្ងៃទៀតផង។ អាស្រ័យបានចូលរួមក្នុងក្រុមសហការ យើងខ្ញុំទទួលបានការឧបត្ថម្ភដើមទុន និងការណែនាំបច្ចេកទេស ទើបការផលិតមានភាពងាយស្រួលជាងមុន ហើយប្រសិទ្ធភាពក៏ស្ថិរភាពជាងមុនដែរ”។

អាស្រ័យបានអនុវត្តបច្ចេកទេសពីវគ្គហ្វឹកហាត់នានា ទើបទម្រង់ចិញ្ចឹមជ្រូករបស់បងស្រី ថាច់ធីថេន សម្រេចបានប្រសិទ្ធភាពសេដ្ឋកិច្ច។
ក្នុងពេលនោះ នៅសង្កាត់ខាញ់ហ្វា សមាគមកសិករសង្កាត់បានបង្កើតក្រុមសហការចិញ្ចឹមជ្រូកកិញម៉ើយសុក មណ្ឌលង្វៀងអ៊ុក ដោយមានសមាជិកចូលរួមប្រមាណ ២០ រូប។ គ្រួសារនីមួយៗចិញ្ចឹមជ្រូកចាប់ពី ១០ ក្បាលឡើងទៅ ព្រមទាំងគួបផ្សំដាំដំណាំរួមផ្សំ និងចិញ្ចឹមជលផលដូចជាបង្គា និងត្រី រួមចំណែកប្រើប្រាស់ផ្ទៃដីផលិតឱ្យមានប្រសិទ្ធភាព និងបង្កើនប្រាក់ចំណូល។
ជាតួយ៉ាងគឺបងស្រី ថាច់ធីថេន ជាសមាជិកកសិករដ៏សកម្មម្នាក់របស់ក្រុមសហការ។ បច្ចុប្បន្ន គ្រួសារបងស្រីចិញ្ចឹមជ្រូកជាង ២០ ក្បាល នៅពេលលក់ចេញ ទទួលបានប្រាក់ចំណេញប្រមាណ ១ លានដុងក្នុងមួយក្បាល បន្ទាប់ពីទូទាត់ការចំណាយរួច។ ក្រៅពីនោះ បងស្រីនៅទាំងរួមផ្សំចិញ្ចឹមបង្គានាគ និងកង្កែបទៀតផង។ អាស្រ័យការអនុវត្តបច្ចេកទេសចិញ្ចឹមសត្វបានសមស្រប ម្ចាស់ការក្នុងការបង្ការជំងឺ និងទាញយកប្រភពចំណីនៅនឹងកន្លែង ទម្រង់សេដ្ឋកិច្ចចម្រុះរបស់បងស្រីបាននាំមកនូវប្រាក់ចំណូលស្ថិរភាព ហើយលើកកម្ពស់ជីវភាពគ្រួសារជាបណ្តើរៗ។ បងស្រីថេន បានឱ្យដឹង៖ “អាស្រ័យបានចូលរួមបណ្តាវគ្គហ្វឹកហាត់បច្ចេកទេសចិញ្ចឹមសត្វ និងការបង្ការជំងឺសត្វចិញ្ចឹម ទើបហ្វូងជ្រូករបស់គ្រួសារខ្ញុំតែងធាត់ធំល្អ ហើយប្រាក់ចំណូលរបស់គ្រួសារក៏មានស្ថិរភាពជាងមុនដែរ”។
លោកដាំងតឹងយ៉ាង - អនុប្រធានសមាគមកសិករទីក្រុងកឹងធើ បានឱ្យដឹង៖ “ការអភិវឌ្ឍបណ្តាក្រុមសហការ បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរគំនិតក្នុងការផលិតរបស់កសិករ ដោយប្តូរពីលក្ខណៈតូចតាចមកជាការចងសម្ព័ន្ធ សហការគ្នា។ រយៈពេលកន្លង សមាគមកសិករទីក្រុងបានសកម្មឃោសនា ចលនា និងណែនាំបង្កើតក្រុមសហការបានចំនួន ៧៧ ក្រុម ក្នុងវិស័យកសិកម្ម ដោយទាក់ទាញសមាជិកជាង ៣០.០០០ រូបឱ្យចូលរួមក្នុងបណ្តាក្រុមសហការ និងសហករណ៍។ នាពេលខាងមុខ សមាគមនឹងបន្តរួមដំណើរ ឧបត្ថម្ភសមាជិកអំពីប្រភពដើមទុន បច្ចេកទេស និងចងសម្ព័ន្ធក្នុងការប្រើប្រាស់ផលិតផល ដើម្បីពង្រីកបន្ថែមទៀតនូវតួនាទីរបស់សេដ្ឋកិច្ចសមូហភាព ក្នុងការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព”។
អាចឃើញថា បណ្តាក្រុមសហការមិនត្រឹមតែជួយដល់បណ្តាសមាជិកចងសម្ព័ន្ធផលិតប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈចែករំលែកបទពិសោធន៍ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទៀតផង។ តាមរយៈការរួមដំណើររបស់អង្គការសមាគម ចាប់ពីការជួយឧបត្ថម្ភដើមទុន ហ្វឹកហាត់បច្ចេកទេស រហូតដល់ការភ្ជាប់ទំនាក់ទំនងរកច្រកចេញ បណ្តាទម្រង់សេដ្ឋកិច្ចសមូហភាពកាន់តែពង្រីកប្រសិទ្ធភាពយ៉ាងច្បាស់ក្រឡែត។ តាមនោះ បានរួមចំណែកលើកកម្ពស់ប្រាក់ចំណូល កែលម្អជីវភាពរបស់សមាជិក និងអនុវត្តមានប្រសិទ្ធភាពនូវទិសដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅភូមិភាគ៕
ហុងទើ- ថាច់ធី