គ្រួសារបងថាច់ហ៊ុង អាយុ ៥៧ ឆ្នាំ នៅភូមិទង់ហឹង ឃុំង៉ៃតឺ ខេត្តវិញឡុង ជាគ្រួសារមួយអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារមានប្រសិទ្ធភាព។ ដោយការច្នៃប្រតិដ្ឋ ចេះទាញយកសក្តានុភាពដីធ្លី គួបផ្សំនឹងការចិញ្ចឹមប្រចៀវយកលាមកឱ្យការដាំចម្ការ គ្រួសារគាត់ក៏បង្កបានប្រភពចំណូលស្ថិរភាព។
បច្ចុប្បន្ន គ្រួសារបងថាច់ហ៊ុង មានដីកសិកម្មចំនួន ១៤ កុង។ ក្នុងនោះ ដីស្រែ ១០ កុង និងដីចម្ការ៤កុង។ លើផ្ទៃដីចម្ការនេះ បងហ៊ុងបានដាំក្រូចពោធិ៍សាត់សំបកក្រាស់ ២ កុង។ ចំណែកផ្ទៃដីដែលនៅសល់ គាត់សង់រោងចិញ្ចឹមប្រចៀវយកលាមក ព្រមទាំងដាំឈើហូបផ្លែផ្សេងៗទៀត ដើម្បីបម្រើតម្រូវការក្នុងគ្រួសារ។

បងថាច់ហ៊ុង កំពុងបង្គាយហាលលាមកប្រចៀវឱ្យស្ងួត មុនពេលកើបដាក់ចូលបាវរក្សាទុក។
និយាយអំពីការចាប់យករបរនេះ បងហ៊ុងឱ្យដឹងថា បច្ចេកទេសចិញ្ចឹមប្រចៀវយកលាមកនេះ គឺអាស្រ័យឪពុកក្មេកគាត់នៅឯភូមិតាអោក (ស្រុកកូវកែចាស់) ជួយបង្ហាញណែនាំ។ ពីដំបូង គាត់សង់រោងប្រចៀវដោយប្រើគ្រឿងឈើនិងស្លឹករបស់គ្រួសារដែលមានស្រាប់ ទើបចំណាយទុនតិចតួច។ លុះមកដល់ឆ្នាំ ២០០៦ ដើម្បីឱ្យរោងប្រចៀវមានភាពរឹងមាំនិងប្រើប្រាស់បានយូរ គាត់បានផ្លាស់ប្តូរមកសង់ដោយសសរចាក់បេតុង និងប្រកដំបូលស័ង្កសីវិញ ដោយចំណាយថវិកាវិនិយោគនៅពេលនោះអស់ប្រមាណ ១៥ លានដុង។
និយាយអំពីបច្ចេកទេសចិញ្ចឹមប្រភេទសត្វនេះ បងថាច់ហ៊ុង បានឱ្យដឹង៖ “ការចិញ្ចឹមប្រចៀវ គឺគ្មានចំណាយកម្លាំងថែទាំ ឬចំណាយប្រាក់ទិញចំណីដូចសត្វចិញ្ចឹមដទៃនោះទេ ពីព្រោះប្រចៀវចេះហើរទៅរកចំណីដោយខ្លួនវា មានដូចមូស និងសត្វល្អិតផ្សេងៗជាដើម។ ទោះជាយ៉ាងណាក៏ដោយ អ្នកចិញ្ចឹមត្រូវតែចុះពិនិត្យរោងជារៀងរាល់ថ្ងៃ ដើម្បីការពារកុំឱ្យពស់ សត្វទីទុយ ឬសត្វខ្លែង ចូលមករំខាន ពីព្រោះប្រចៀវជាសត្វឆាប់ផ្អើលណាស់។ ប្រសិនបើប្រចៀវត្រូវផ្អើលហើរចោលរោងនោះ គឺប្រហែលកន្លះខែក្រោយទើបហើរត្រឡប់មកវិញ។ ជាធម្មតា ក្នុងមួយថ្ងៃៗ ខ្ញុំប្រមូលលាមកប្រចៀវបានប្រមាណពី ២ ដល់ ៣ គីឡូក្រាម ដោយលក់ក្នុងតម្លៃជាង ៦០.០០០ ដុងក្នុងមួយគីឡូក្រាម។ តាមបទពិសោធន៍ដែលខ្ញុំតាមដានច្រើនឆ្នាំមកនេះ នៅរដូវវស្សានឹងប្រមូលលាមកប្រចៀវបានច្រើនជាងរដូវប្រាំង ពីព្រោះនៅរដូវប្រាំង ប្រចៀវមួយចំនួនច្រើនតែទុំដេកតាមមែកឈើធម្មជាតិ មិនសូវត្រឡប់មករោងប្រចៀវវិញទេ ទើបធ្វើឱ្យបរិមាណលាមកប្រមូលថយចុះបន្តិច”។

ដោយសារមានជីលាមកប្រចៀវដាក់ទៀងទាត់ ចម្ការក្រូចពោធិ៍សាត់សំបកក្រាស់ ២ កុងរបស់គ្រួសារបងហ៊ុង តែងលូតលាស់ល្អ ជួយសំចៃប្រាក់ទិញជីប្រហែល ២០ លានដុងក្នុងមួយឆ្នាំ។
ជីលាមកប្រចៀវ ត្រូវបានវាយតម្លៃថា ជាប្រភពជីសរីរាង្គជីវសាស្ត្រល្អសម្រាប់ដំណាំ ពិសេសគឺដំណាំឈើហូបផ្លែ។ បងថាច់ហ៊ុង បានបន្ថែមថា៖ “ខ្ញុំដាំក្រូចពោធិ៍សាត់សំបកក្រាស់ ២ កុង ដោយសារមានប្រភពជីលាមកប្រចៀវដាក់ជាទៀងទាត់ ទើបចម្ការក្រូចខ្ញុំលូតលាស់ល្អ ស្លឹកបៃតងស្រស់ និងផ្លែធំរលោងស្អាត ដោយម្ចាស់ការលើប្រភពជីដែលមានគុណភាពនេះ រៀងរាល់ឆ្នាំ គ្រួសារខ្ញុំសំចៃថវិកាទិញជីប្រហែល ២០ លានដុង”។
វាយតម្លៃអំពីទម្រង់នេះ បងស្រីថាច់ធីសូណាត ប្រធានគណៈប្រជាជនភូមិទង់ហឹង បានឱ្យដឹង៖ “ទម្រង់ចិញ្ចឹមប្រចៀវគួបផ្សំនឹងដាំក្រូច អាចនិយាយបានថាជាការរួមផ្សំប្រកបដោយភាពច្នៃប្រតិដ្ឋរបស់កសិករខ្មែរ ក្នុងខណៈពេលដែលទីផ្សារជីកសិកម្មនៅក្នុងប្រទេសមានការឡើងថ្លៃខ្ពស់។ ដោយស្មារតីហ៊ានគិត ហ៊ានធ្វើ និងអនុវត្តជាក់ស្តែង បងថាច់ហ៊ុង បានបង្កនូវជំនឿទុកចិត្ត និងមោទនភាពសម្រាប់កសិករនៅក្នុងភូមិ ចំពោះទម្រង់ធ្វើមានពីវិស័យកសិកម្មនេះ។ ទម្រង់នេះមិនត្រឹមតែបង្កប្រភពចំណូលបង្គួរដល់គ្រួសារបងហ៊ុងប៉ុណ្ណោះទេ ថែមទាំងទាក់ទាញគ្រួសារជាច្រើននៅភូមិជិតខាងមកទស្សនានិងរៀនសូត្របទពិសោធន៍ទៀតផង។ តាមរយៈនោះ ជួយឱ្យមាមីងចេះប្រើប្រាស់ជីលាមកប្រចៀវទៅក្នុងការដាំដុះជាក់ស្តែង ដើម្បីកាត់បន្ថយការពឹងផ្អែកលើជីនិងថ្នាំការពាររុក្ខជាតិលើទីផ្សារទាំងស្រុង សំចៃបានថវិកាវិនិយោគក្នុងការដាំដុះ”៕
ថាច់ធី