17/07/2026 - 21:13

អ្នក​រក​ច្រក​ចេញ​សម្រាប់​តំ​បន់​ដាំ​បន្លែ​ 

ជា​រៀង​រាល់​ព្រឹក​ នៅ​ទី​តាំង​ប្រ​មូល​បន្លែ​ភូមិ​មាត់​ជំ​នីក​ ឃុំ​ទីវ​កឹង​ ខេត្ត​វិញ​ឡុង​ ប្រ​ជា​ជន​បាន​ដឹក​កន្ត្រ​កជីរ​រណា​និង​ម្អម​មក​ពី​គ្រប់​ទិស​ទី​ ដើម្បី​ឱ្យ​ទាន់​ពេល​ថ្លឹង​ឡើង​រថ​យន្ត​របស់​ឈ្មួញ​ប្រ​មូល​ទិញ​។ តិច​មាន​អ្នក​ដឹង​ថា​ ដើម្បី​ឱ្យ​បន្លែ​មាន​ច្រក​ចេញ​លំ​នឹង​ដូច​សព្វ​ថ្ងៃ​នេះ​ គឺ​ជា​លទ្ធ​ផល​នៃ​ការ​ខិត​ខំ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​របស់​បង​ ហ្វិញ​វ៉ាំង​ភាព​ ជា​អ្នក​ធ្លាប់​បោះ​បង់​មុខ​របរ​ដាំ​បន្លែ​ ដោយ​សារ​តែ​ដំ​ណាំ​បាន​ផល​ប៉ុន្តែ​តម្លៃ​ធ្លាក់​ចុះ​។ ក្រោយ​មក​បង​បាន​ក្លាយ​ជា​ស្ពាន​តភ្ជាប់​រវាង​កសិ​ករ​និង​អា​ជីវ​កម្ម​ ក្នុង​ការ​រក​ច្រក​ចេញ​សម្រាប់​តំ​បន់​ដាំ​បន្លែ​។

បង​ហ្វិញ​វ៉ាំង​ភាព​ ក្បែរ​កន្ត្រ​កបន្លែ​ដែល​ទើប​ប្រ​មូល​មក​របស់​ក្រុម​សហ​ការ​។

ប្រ​មា​ណ​ម៉ោង​ ៧ ព្រឹក​ បរិវេណ​ផ្ទះ​របស់​បង​ ហ្វិញ​វ៉ាំង​ភាព​ មាន​សភាព​អ៊ូ​អរ​ដោយ​សំឡេង​ម៉ូតូដែល​ដឹក​បន្លែ​មក​ជា​បន្ត​បន្ទាប់​។ កន្ត្រ​កបន្លែ​ដែល​នៅ​សើម​ដោយ​ទឹក​សន្សើម​ពេល​ព្រឹក​ ​បាន​យក​មក​ថ្លឹង​ បែង​ចែក​តាម​ប្រ​ភេទ​ដើម្បី​លើក​ដាក់​ឡើង​រថ​យន្ត​។ ឈរ​សម្លឹង​មើល​រថ​យន្ត​ចាប់​ផ្តើម​ចេញ​ដំ​ណើរ​ បង​បាន​ញញឹម​ដោយ​ក្តី​ពេញ​ចិត្ត​។ សម្រាប់​បង​ រថ​យន្ត​នោះ​មិន​ត្រឹម​តែ​ដឹក​កសិ​ផល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ដឹក​នូវ​ក្តី​សង្ឃឹម​និង​ទំនុក​ចិត្ត​របស់​កសិ​ករ​ដាំ​បន្លែ​អំ​ពី​ច្រក​ចេញ​លំ​នឹង​ផង​ដែរ​។

បង​ហ្វិញ​វ៉ាំង​ភាព​ កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​កសិ​ករ​ កាល​ពី​មុន​ បង​បាន​ដាំ​បន្លែ​លើ​ផ្ទៃ​ដី​ប្រ​មាណ​ ៣ កុង​ ដើម្បី​អភិវឌ្ឍ​ន៍ជីវ​ភាព​គ្រួ​សារ​។ ប៉ុន្តែ​ ដូច​គ្រួ​សារ​កសិ​ករ​ជា​ច្រើន​ក្នុង​តំ​បន់​ដែរ​ ការ​លក់​ចេញ​គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ឈ្មួ​ញក​ណ្តា​ល។ មាន​រដូវ​ខ្លះ​ បន្លែ​ដល់​ប្រ​មូល​ផល​តែ​លក់​មិន​ចេញ​ ហើយ​តម្លៃ​ធ្លាក់​ចុះ​។ ទន្ទឹម​នឹង​នោះ​ ស្រូវ​និង​ដូង​ដែល​ជា​ដំ​ណាំ​សំ​ខាន់​របស់​ភូមិ​ភាគ​ក៏​បន្ត​ធ្លាក់​ថ្លៃ​ជា​បន្ត​បន្ទាប់​ ធ្វើ​ឱ្យ​ជីវ​ភាព​របស់​ប្រ​ជា​ជន​កាន់​តែ​លំ​បាក​។  "ខ្ញុំ​គិត​ថា​ បើ​ផលិត​បាន​តែ​គ្មាន​ច្រក​ចេញ​ នោះ​កសិ​ករ​មិន​ហ៊ាន​បន្ត​ប្រ​កប​របរ​ដាំ​បន្លែ​យូរ​អង្វែង​ឡើយ​។ បើ​ចង់​ឱ្យ​មា​មីង​កសិ​ករ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​បង្ក​បង្កើន​ផល​ ត្រូវ​តែ​ស្វែង​រក​ច្រក​ចេញ​មុន​សិន​" - បង​ភាព​ រំលឹក​ឡើង​ដូច្នេះ​។

ផ្ដើម​ពី​ការ​គិត​បែប​នោះ​ បង​ចាប់​ផ្តើម​ស្វែង​រក​ទី​ផ្សារ​សម្រាប់​បន្លែ​។ ឮ​ដំណឹង​ថា​ នៅ​ទី​ណា​មាន​អា​ជីវ​កម្ម​ត្រូវ​ការ​ប្រ​ភព​ផ្គត់​ផ្គង់​បន្លែ​ បង​ក៏​ធ្វើ​ដំ​ណើរ​ទៅ​ជួប​ភ្លាម​។ មាន​ម្ដង​ ពេល​ដឹង​ថា​អា​ជីវ​កម្ម​មួយ​កំ​ពុង​ចុះ​មក​ពិ​និត្យ​ពី​តំ​បន់​ផលិត​ បង​បាន​ជិះ​ម៉ូតូជិត​ ២០ គី​ឡូ​ម៉ែ​ត្រ​ដើម្បី​ទៅ​ជួប​ ដោយ​សង្ឃឹម​ថា​អា​ជីវ​កម្ម​នឹង​អាច​ចុះ​កិច្ច​សន្យា​ប្រ​មូល​ទិញ​បន្លែ​ពី​មា​មីង​កសិ​ករ​។ នៅ​ថ្ងៃ​នោះ​ បង​ត្រូវ​អង្គុយ​រង់​ចាំ​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ ព្រោះ​តំ​ណាង​អា​ជីវ​កម្ម​ជាប់​ប្រ​ជុំ​។ លុះ​ពេល​បាន​ជួប​ហើយ​ អ្វី​ដែល​បង​ទទួល​បាន​នៅ​តែ​ជា​ការ​បដិសេធ​ន៍។ មូល​ហេ​តុ​ គឺ​តំ​បន់​ផលិត​នៅ​មាន​ទ្រង់​ទ្រាយ​យតូច​ បរិមាណ​ផល​មិន​ទាន់​លំ​នឹង​ ហើយ​ក៏​មិន​ទាន់​មាន​អង្គ​ភាព​ណា​មួយ​ជំ​ហរ​ចង​សម្ព័ន្ធ​ភ្ជាប់​ទំ​នាក់​ទំនង​ ដូច្នេះ​ អា​ជីវ​កម្ម​មិន​ទាន់​អាច​ចុះ​កិច្ច​សន្យា​។ បង​ភាព​ សំ​ណេះ​សំ​ណាល​៖ "ខ្ញុំ​ក៏​មាន​អា​រម្មណ៍​សោក​ស្តាយ​ដែរ​ ប៉ុន្តែ​បើ​ខ្ញុំ​បោះ​បង់​ នោះ​មា​មីង​កសិ​ករ​នឹង​ពឹង​អ្នក​ណា​? ដូច្នេះ​ ខ្ញុំ​ក៏​ត្រ​ឡប់​មក​វិញ​ដើម្បី​ចលនា​ឱ្យ​មា​មីង​ចូល​រួម​បន្ថែម​ ហើយ​បន្ត​ស្វែង​រក​អា​ជីវ​កម្ម​ផ្សេង​ទៀត​"។ 

មិន​ធ្លាក់​ទឹក​ចិត្ត​ បង​បាន​អត់​ធ្មត់​ចុះ​ទៅ​ដល់​គ្រួ​សារ​កសិ​ករ​ដាំ​បន្លែ​ ដើម្បី​ជំ​រុញ​ឱ្យ​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះ​ និង​ឯក​ភាព​លើ​ដំ​ណើរ​ការ​ផលិត​ឱ្យ​ស្រប​តាម​ស្តង់​ដារ​តែ​មួយ​ ក្នុង​គោល​បំ​ណង​បង្កើត​តំ​បន់​ផលិត​ប្រ​មូល​ផ្តុំ​។ នៅ​ពេល​ផ្ទៃ​ដី​និង​បរិមាណ​ផល​ឆ្លើយ​តប​តាម​តម្រូវ​ការ​ បង​ក៏​បន្ត​ភ្ជាប់​ទំ​នាក់​ទំនង​ជា​មួយ​អា​ជីវ​កម្ម​ម្តង​ទៀត​។ បន្ទាប់​ពី​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ជា​ច្រើន​លើក​ ការ​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​មិន​រា​ថយ​របស់​បង​ ទី​បំ​ផុត​ក៏​ទទួល​បាន​ផ្លែ​ផ្កា​។ នៅ​ដើម​ឆ្នាំ​ ២០២៦ ក្រុម​សហ​ការ​ប្រ​មូល​ទិញ​បន្លែ​ ត្រូវ​បាន​បង្កើត​ឡើង​ស្រប​តាម​អនុ​ក្រឹត្យ​លេខ​ ៧៧ របស់​រដ្ឋា​ភិបាល​។ ការ​ដឹក​ជញ្ជូន​លើក​ដំ​បូង​ ប្រ​មូល​បាន​បន្លែ​ប្រ​មា​ណ​ជាង​ ២ តោន​ ពី​គ្រួ​សារ​កសិ​ករ​រាប់​សិប​គ្រួ​សារ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ សម្រាប់​បង​ភាព​ នោះ​គឺ​ជា​រយះ​ដ៏​សំ​ខាន់​មួយ​ដែល​បង​មិន​អាច​បំ​ភ្លេច​បាន​។  "បន្ទាប់​ពី​យក​បន្លែ​មក​ថ្លឹង​រួច​ហើយ​ គ្មាន​នរណា​ម្នាក់​ប្រ​ញាប់​ត្រ​ឡប់​ទៅ​ផ្ទះ​ឡើយ​។ ម្នាក់​ៗឈរ​ជា​ក្រុម​ៗនៅ​ទី​តាំង​ប្រ​មូល​បន្លែ​ ជជែក​គ្នា​ ទាំង​សម្លឹង​មើល​ទៅ​ផ្លូវ​ធំ​ រង់​ចាំ​រថ​យន្ត​របស់​អា​ជីវ​កម្ម​មក​ដឹក​បន្លែ​។ ពេល​រថយ​ន្តមកដល់  បរិយាកាស​នៅ​ទី​នេះ​ហាក់​ដូច​ជា​ផុះ​ឡើង​ដោយ​ក្តី​សប្បាយ​រីក​រាយ​។ គ្រប់​គ្នាញ​ញឹម​និង​និយាយ​គ្នា​យ៉ាង​អ៊ូ​អរ​ ហើយ​មាន​អ្នក​ខ្លះ​ថែម​ទាំង​ទះ​ដៃ​អប​អរ​សា​ទរ​ ព្រោះ​នេះ​ជា​លើក​ដំ​បូង​ដែល​បន្លែ​របស់​ពួក​គាត់​ បាន​អា​ជីវ​កម្ម​មក​ប្រ​មូល​ទិញ​ដល់​កន្លែង​។ នៅ​ពេល​នោះ​ ខ្ញុំ​ដឹង​ថា​ រាល់​ការ​ធ្វើ​ដំ​ណើរ​និង​ការ​រង់​ចាំ​របស់​ខ្ញុំ​កន្លង​មក​ គឺ​មាន​តម្លៃ​ខ្លាំង​ណាស់​" បង​ភាព​ រំលឹក​ទាំង​ក្តី​រំភើប​ដូច្នេះ​។

កសិ​ករ​សស្រាក់​សស្រាំ​ក្នុង​ការ​ថែ​ទាំ​បន្លែ​ បន្ទាប់​ពី​មាន​ច្រក​ចេញ​ស្ថិរ​ភាព​។

ផ្ដើម​ពី​ការ​ដឹក​ជើង​ដំ​បូង​មាន​បន្លែ​ត្រឹម​ប្រ​មា​ណ​ជាង​ ២ តោន​ បច្ចុប្បន្ន​ ក្រុម​សហ​ការ​ប្រ​មូល​ទិញ​បន្លែ​ បាន​ភ្ជាប់​កិច្ច​សហ​ការ​ជា​មួយ​គ្រួ​សារ​ប្រ​ជា​កសិ​ករ​ចំ​នួន​ ៨៤ គ្រួ​សារ​ បង្កើត​តំ​បន់​ដាំ​បន្លែ​ប្រ​មា​ណ​ ៣០ ហិក​តា​ ដោយ​ផ្គត់​ផ្គង់​ជីរ​រណា​និង​ម្អម​ប្រ​មា​ណ​ ១៦ តោន​ក្នុង​មួ​យស​ប្តា​ហ៍ តាម​កិច្ច​សន្យា​។ រៀង​រាល់​ថ្ងៃ​ បង​ភាព​ តែង​មាន​វត្ត​មាន​នៅ​តាម​ចម្ការ​ស្រែ​ ដើម្បី​ណែ​នាំ​កសិ​ករ​ថែ​ទាំ​ ប្រ​មូល​ផល​និង​បែង​ចែក​កសិ​ផល​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​បច្ចេក​ទេស​ ដើម្បី​រក្សា​គុណ​ភាព​បន្លែ​ឱ្យ​ស្រប​តាម​តម្រូវ​ការ​របស់​អា​ជីវ​កម្ម​។ ចាប់​ពី​ពេល​នេះ គ្រួ​សារ​កសិ​ករ​ជា​ច្រើន​មិន​នៅ​ព្រួយ​បា​រម្ភ​និង​រង់​ចាំ​ឈ្មួ​ញក​ណ្តា​លដូច​មុន​ទៀត​។ បង​ថា​ច់ផល្លា​ ស្នាក់​នៅ​ភូមិ​ដាយ​ត្រឿង​ ចែក​រំលែក​៖ "ចាប់​តាំង​ពី​ខ្ញុំ​ចូល​រួម​ជា​មួយ​ក្រុម​សហ​ការ​ប្រ​មូល​ទិញ​បន្លែ​ គ្រួ​សារ​ខ្ញុំ​លែង​បា​រម្ភ​បន្លែ​ដល់​ពេល​ប្រ​មូល​ផល​ គ្មាន​អ្នក​ទិញ​ដូច​មុន​។ មាន​ច្រក​ចេញ​លំ​នឹង​ យើង​ខ្ញុំ​ក៏​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ដាំ​ដុះ​ ហើយ​ប្រាក់​ចំ​ណូល​ក៏​ប្រសើរ​ឡើង​ដែរ​"។

លោក​ង្វៀង​វ៉ាំង​តាម​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ទីវ​កឹង​ បាន​ឱ្យ​ដឹង​ បង​ហ្វិញ​វ៉ាំង​ភាព​ គឺ​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​ភ្ជាប់​កិច្ច​សន្យា​ជា​មួយ​អា​ជីវ​កម្ម​ ដើម្បី​រក​ច្រក​ចេញ​លំ​នឹង​សម្រាប់​កសិ​ផល​នៅ​ភូមិ​ភាគ​។ ដោយ​ការ​ហ៊ាន​ផ្លាស់​ប្តូរ​របៀប​ធ្វើ​ និង​មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ ទម្រង់​ក្រុម​សហ​ការ​ប្រ​មូល​ទិញ​បន្លែ​នេះ​ ក៏៏បាន​បង្កើត​តំ​បន់​ផលិត​ប្រ​មូល​ផ្តុំ​ បង្កើន​តម្លៃ​ដំ​ណាំ​បន្លែ​ បង្កើត​ឱ​កាស​ការ​ងារ​បន្ថែម​ជូន​ប្រ​ជា​ជន​ និង​រួម​ចំ​ណែក​អភិវឌ្ឍ​ន៍វិស័យ​កសិ​កម្ម​ តាម​ទិស​ដៅ​ចង​សម្ព័ន្ធ​ស្ថិរ​ភាព។

ចាប់​ពី​ការ​ដឹក​ជញ្ជូន​លើក​ដំ​បូង​មាន​បន្លែ​ត្រឹម​ប្រ​មា​ណ​ ២ តោន​ បច្ចុប្បន្ន​មាន​បរិមាណ​ប្រ​មា​ណ​ ១៦ តោន​ក្នុង​មួ​យស​ប្តា​ហ៍ គឺ​ជា​ដំ​ណើរ​នៃ​ការត​ស៊ូ​របស់​កសិ​ករ​ម្នាក់​ដែល​ហ៊ាន​គិត​ ហ៊ាន​ធ្វើ​។ អ្វី​ដែល​បង​ហ្វិញ​វ៉ាំង​ភាព​ នាំ​មក​ឱ្យ​តំ​បន់​ដាំ​បន្លែ​នៅ​ស្រុក​កំ​ណើត​របស់​គាត់​ មិន​ត្រឹម​តែ​កិច្ច​សន្យា​ប្រ​មូល​ទិញ​កសិ​ផល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​នាំ​មក​នូវ​ជំនឿ​ជឿ​ជាក់​ដល់​កសិ​ករ​ឱ្យ​ហ៊ាន​វិនិយោគ​លើ​ការ​ផលិត​ បន្ត​ប្រ​កប​របរ​កសិ​កម្ម​និង​រួម​គ្នា​កសាង​តំ​បន់​ដាំ​បន្លែ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ដោយ​ស្ថិរ​ភាព​៕

ពេជ្រ​ សឿន​

ចែករំលែកអត្ថបទ