កីឡា - ទេសចរណ៍ ទេសចរណ៍

04/09/2026 - 06:13

ស្វែង​យល់​ភាព​ទាក់​ទាញ​នៃ​ទេស​ចរណ៍​នៅ​កឹង​ធើ​ 

ដោយ​មាន​ទិដ្ឋភាព​ព្រែក​ទន្លេ​ប្រ​កប​ដោយ​លក្ខ​ណៈពិ​សេស​ដោយ​ឡែក​ ទី​តាំង​ទេស​ចរណ៍​ជីវ​ស្ថាន​បៃ​តង​ត្រ​ជាក់​ ផ្សារ​អណ្តែ​តកៃ​រុាំង មាន​ភាព​អ៊ូ​អរ​ជា​មួយ​នឹង​បរិយាកាស​ពិ​ធី​បុណ្យ​ និង​បរិយាកាស​វប្ប​ធម៌​ខ្មែរ​ដែល​សម្បូរ​ដោយ​អត្ត​សញ្ញា​ណ​ ទី​ក្រុង​កឹង​ធើ​ កំ​ពុង​ផ្ដល់​ជូន​ភ្ញៀវ​ទេស​ចរ​នូវ​ដំ​ណើរ​ឆ្លង​បទ​ពិសោធន៍​ គួរ​ឱ្យ​ចាប់​អា​រម្មណ៍​។ ចាប់​ពី​ស្វែង​យល់​តំ​បន់​ស្រែ​ចម្ការ​ ភ្លក់​រស​ជាតិ​ផលិត​ផល​ពិ​សេស​ រហូត​ដល់​ថត​រូប​នឹង​ឈុត​សម្លៀកបំ​ពាក់​ប្រ​ពៃ​ណី​ រាល់​ដំ​ណើរ​កម្សាន្ត​ទាំង​អស់​តែង​បន្សល់​នូវ​ស្លាក​ស្នាម​ដែល​មិន​អាច​បំ​ភ្លេច​ក្នុង​ចិត្ត​ភ្ញៀវ​ទេស​ចរ​។

​ ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​ចម្ការ​ទំ​ពាំង​បាយ​ជូរ​មិញ​ធៀង នៅ​សង្កាត់​សុក​ត្រាំង​ ទី​ក្រុង​កឹង​ធើ​។

ពេលមក​ដល់​កឹង​ធើ​ កំ​ពង់​ផែ​និញកេវ​ គឺ​ជា​កន្លែង​ឈប់​សម្រាក​ដែល​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​បាន​ជ្រើស​រើស​។ បរិយាកាស​ក្បែរ​មាត់​ទន្លេ​ ដ៏​ត្រ​ជាក់​ ទេ​សភាព​មនោ​រម្យ​ បង្ក​ភាព​ទាក់​ទាញ​ពិ​សេស​ដោយ​ឡែក​។ ភ្ញៀវ​ទេស​ចរ​អាច​ដើរ​លំ​ហែ​ គយ​គន់​ទេ​សភាព​ ភ្លក់​រស​ជាតិ​ម្ហូប​អា​ហារ​ ឬ​ឆ្លង​បទ​ពិសោធន៍​ ជិះ​នា​វា​ទេស​ចរណ៍​តាម​ដង​ទន្លេ​។ ចំ​ពោះ​ដំ​ណើរ​ស្វែង​យល់​ពី​ផ្សារ​អណ្តែ​តកៃ​រុាំង នឹង​នាំ​មក​ជូន​ភ្ញៀវ​ទេស​ចរ​នូវ​បទ​ពិសោធន៍​ពិ​សេស​ដោយ​ឡែក​នៃ​តំ​បន់​ព្រែក​ទន្លេ​។ នៅ​ទី​នេះ​ ភ្ញៀវ​ទេស​ចរ​នឹង​ឃើញ​ ទូក​ជា​ច្រើន​ដែល​ផ្ទុក​ពេញ​ដោយ​ផ្លែ​ឈើ​ និង​កសិ​ផល​ដែល​ឈប់​សំ​ចត​នៅ​ជាប់​ៗគ្នា​លើ​ផ្ទៃ​ទឹក​ បង្ក​ជា​ទស្សនីយ​ភាព​ដ៏​រស់​រវើក​។ ភ្ញៀវ​ទេស​ចរ​អាច​ស្រស់​ស្រូប​អា​ហារ​ពេល​ព្រឹក​ ពិ​សា​កាហ្វេ​ និង​គយ​គន់​ព្រះ​អាទិត្យ​រះ​នៅ​លើ​ទូក​តែ​ម្តង​។ បង​ង្វៀង​ថាញ​ដុង​ ភ្ញៀវ​ទេស​ចរ​មក​ពី​ហាណូយ​ ឱ្យ​ដឹង​៖ “លើក​ដំ​បូង​មក​ទី​ក្រុង​កឹង​ធើ​ នៅ​ពេល​ល្ងាច​ខ្ញុំ​ដើរ​កម្សាន្ត​នៅ​លើ​ស្ពាន​ស្នេហា​ រួច​ជិះ​នា​វា​ទេស​ចរណ៍​គយ​គន់​ទេ​សភាព​កំ​ពង់​ផែ​និញកេវ​។ ពេល​ព្រឹក​ ខ្ញុំ​ជិះ​ទូក​ទៅ​ទស្សនា​ផ្សារ​អណ្តែ​តកៃ​រុាំង ភ្លក់​រស​ជាតិ​ម្ហូប​អា​ហារ​សាមញ្ញ​ និង​ផឹក​កាហ្វេ​ ទស្សនា​ទេ​សភាព​ព្រែក​ទន្លេ​។ ចាក​ចេញ​ពី​ទី​ក្រុង​ ខ្ញុំ​ទៅ​ទស្សនា​ចម្ការ​ឈើ​ហូប​ផ្លែ​ ទស្សនា​វត្ត​ខ្មែរ​… ពិត​ជា​ដំ​ណើរ​កម្សាន្ត​ដែល​ពោរ​ពេញ​ដោយ​ចំ​ណាប់​អា​រម្មណ៍​”។

បន្ទាប់​ពី​ចាក​ចេញ​ពី​ទី​ក្រុង​ ភ្ញៀវ​ទេស​ចរ​អាច​សម្រប​ខ្លួន​ក្នុង​បរិយាកាស​បៃ​តង​ត្រ​ជាក់​នៃ​ទី​តាំង​ទេស​ចរណ៍​ជីវ​ស្ថាន​តំ​បន់​ស្រែ​ចម្ការ​។ នៅ​តាម​ចម្ការ​ឈើ​ហូប​ផ្លែ​ ភ្ញៀវ​ទេស​ចរ​អាច​បេះ​ផ្លែ​ឈើ​ដោយ​ផ្ទាល់​ដៃ​ និង​ភ្លក់​រស​ជាតិ​នៅ​នឹង​ចម្ការ​តែ​ម្តង​ ថត​រូប​នៅ​តាម​ជួរ​ដើម​ឈើ​បៃ​តង​ស្រស់​។ ដំ​ណើរ​កម្សាន្ត​ កាន់​តែ​មាន​ភាព​ទាក់​ទាញ​អា​រម្មណ៍​ជាង​ទៀត​ពេល​ ភ្ញៀវ​ទេស​ចរ​មក​ដល់​វត្ត​អា​រាម​ខ្មែរ​ ដូច​ជា​៖ វត្ត​សំ​ រោង​ វត្ត​មហា​ទប់​ វត្ត​ឃ្លាំង​… ដែល​លេច​ធ្លោ​ដោយ​ស្ថា​បត្យ​កម្ម​ពិ​សេស​ដោយ​ឡែក​ក្បូរ​ក្បាច់​រចនា​ល្អ​ប្រ​ណីត​ និង​មាន​បរិយាកាស​ស្ងប់​ស្ងាត់​ ស្ថិត​នៅ​សង្កាត់​ភូ​ឡើយ​ និង​សង្កាត់​សុក​ត្រាំង​។ នេះ​មិន​ត្រឹម​តែ​ជា​កន្លែង​ទស្សនា​កម្សាន្ត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​ភ្ញៀវ​ទេស​ចរ​យល់​ដឹង​បន្ថែម​អំ​ពី​ជីវ​ភាព​វប្ប​ធម៌​ និង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​។ បង​ស្រី​ធី​ថាញ​ ភ្ញៀវ​ទេស​ចរ​មក​ពី​អាង​យ៉ាង​ ឱ្យ​ដឹង​៖ “ខ្ញុំ​ចាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ចំ​ពោះ​ទេ​សភាព​ និង​ស្ថា​បត្យ​កម្ម​វត្ត​សំ​រោង​ បដិ​មា​ព្រះ​ពុទ្ធ​ទ្រង់​បរិនិព្វាន​ ព្រម​ទាំង​ស្ថា​បត្យ​កម្ម​ និង​ក្បូរ​ក្បាច់​រចនា​ដែល​ដិត​ដាម​ដោយ​ វប្ប​ធម៌​ខ្មែរ​។ ពិ​សេស​ បាន​ស្លៀក​ពាក់​សម្លៀកបំ​ពាក់​ខ្មែរ​ដើម្បី​ថត​រូប​អនុ​ស្សាវ​រី​យ៍ គឺ​ជា​ការ​ឆ្លង​បទ​ពិសោធន៍​ដ៏​ជា​ទី​គាប់​ចិត្ត​។ ដំ​ណើរ​កម្សាន្ត​នេះ​មិន​ត្រឹម​តែ​ជួយ​ ឱ្យ​ខ្ញុំ​បាន​ទស្សនា​សម្រាក​លំ​ហែ​កាយ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​យល់​ដឹង​បន្ថែម​អំ​ពី​វប្ប​ធម៌​ខ្មែរ​ទៀត​ផង”។

ម្ហូប​អា​ហារ​ក៏​រួម​ចំ​ណែក​បង្ក​ភាព​ទាក់​ទាញ​នៃ​ដំ​ណើរ​ទស្សនា​ផង​ដែរ​ ទន្ទឹម​នឹង​ផ្លែ​ឈើ​ស្រស់​នៅ​តាម​ចម្ការ​ ភ្ញៀវ​ទេស​ចរ​នៅ​ទាំង​មាន​ឱ​កាស​ភ្លក់​រស​ជាតិ​ម្ហូប​អា​ហារ​ពិ​សេស​ជា​ច្រើន​មុខ​ទៀត​នៅ​តំ​បន់​ខាង​លិច​ ចាប់​ពី​នំ​បញ្ចុក​រហូត​ដល់​នំ​តា​វសា​ និង​ម្ហូប​អា​ហារ​សាមញ្ញ​ដែល​មាន​រស​ជាតិ​ភូមិ​ភាគ​។ ជា​មួយ​នឹង​ការ​រួម​បញ្ចូល​រវាង​ព្រែក​ទន្លេ​ ស្រែ​ចម្ការ​  ម្ហូប​អា​ហារ​ និង​វប្ប​ធម៌​ពិ​សេស​ ទី​ក្រុង​កឹង​ធើ​កំ​ពុង​បង្ក​ស្លាក​ស្នាម​កាន់​តែ​ខ្លាំង​ក្នុង​ចិត្ត​ភ្ញៀវ​ទេស​ចរ​ និង​ក្លាយ​ជា​ទី​តាំង​ទេស​ចរណ៍​ដ៏​ទាក់​ទាញ​នៅ​ភាគ​ខាង​លិច​៕

                               យ្វី​អាញ​ - វិមាន​

ចែករំលែកអត្ថបទ