02/07/2026 - 17:13

ផ្ដើម​ពី​គល់​ឈើ​ដែល​គេ​បោះ​ចោល បង្កើត​បាន​អា​ជីព​ចម្លាក់​ 

ផ្ដើម​ពី​គល់​ឈើ​មួយ​គល់​ដែល​គេ​បោះ​ចោល​នៅ​ក្បែរ​វាល​ស្រែ ជា​មួយ​ពន្លាក​ចាស់​មួយ និង​ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​យុវ​ជន​ខ្មែរ​ម្នាក់​នៅ​ឃុំ​កូវ​កែ បាន​ក្លាយ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ដំ​ណើរ​បង្កើត​អា​ជីព​ចម្លាក់​។ បន្ទាប់​ពី​បាន​ប្រ​កប​របរ​នេះ​អស់​រយៈ​ពេល​ជាង ១៥ ឆ្នាំ បង​ថាច់ សុខ មិន​ត្រឹម​តែ​បង្កើត​បាន​ផលិត​ផល​ចម្លាក់​ពី​គល់​ឈើ ដែល​មាន​តម្លៃ​រាប់​សិប​លាន​ដុង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​បង្កើត​ការ​ងារ​ធ្វើ​និង​បង្រៀន​របរ​ចម្លាក់​ឈើ​ដល់​យុវ​ជន​នៅ​ភូមិ​ភាគ​ទៀត​ផង។

បង​ថាច់​សុខ កំ​ពុង​ផ្ចិត​ផ្ចង់​ដាប់​ឆ្លាក់​គល់​ឈើ​បង្កើត​ជា​ផលិត​ផល។

បាន​មក​ដល់​មូល​ដ្ឋាន​របស់​បង​ថាច់​សុខ នា​ពេល​បច្ចុប្បន្ន ប្រ​ហែល​ជា​ពិ​បាក​នឹង​ជឿ​ថា គល់​ឈើ​ដែល​គេ​ចាត់​ទុក​ថា​គ្មាន​តម្លៃ បាន​ត្រឹម​តែ​ធ្វើ​អុស អាច​ក្លាយ​ទៅ​ជា​រូប​ចម្លាក់ រូប​សត្វ​តំ​ណាង​សិរី​មង្គល និង​ជា​ផលិត​ផល​វិចិត្រ​កម្ម​ដ៏​ប្រ​ណីត។ ដោយ​ស្មារតី​តស៊ូ​អត់​ធ្មត់ និង​ស្នា​ដៃ​ដ៏​ប៉ិន​ប្រ​សប់​របស់​យុវ​ជន​រូប​នេះ បាន​"បញ្ចូល​ព្រលឹង" ទៅ​លើ​គល់​ឈើ ធ្វើ​ឱ្យ​ចំ​ណង់​ចំ​ណូល​ចិត្ត​តាំង​ពី​ដើម ក្លាយ​ជា​មុខ​របរ​ដែល​ផ្តល់​ចំ​ណូល​លំ​នឹង​ដល់​គ្រួ​សារ និង​បង្ក​ការ​ងារ​ធ្វើ​ដល់​យុវ​ជន​នៅ​ភូមិ​ភា​គជា​ច្រើន​នាក់។

តាំង​ពី​នៅ​ក្មេង បង​ថាច់​សុខ ចូល​ចិត្ត​ស្នា​ដៃ​ចម្លាក់​គល់​ឈើ​នេះ​យ៉ាង​ខ្លាំង​។ រាល់​ពេល​បាន​ឃើញ​ស្នា​ដៃ​ស្អាតៗ គាត់​តែង​ស្រ​មៃ​ថា នៅ​ថ្ងៃ​ណា​មួយ បើ​មាន​លទ្ធ​ភាព​នឹង​ទិញ​រូប​ចម្លាក់​តូចៗ​ខ្លះ​មក​ដាក់​តាំង​លម្អ​នៅ​ផ្ទះ។ ក្តី​ស្រ​ឡាញ់​នោះ​កាន់​តែ​រីក​ធំ​ឡើង​តាម​ពេល​វេលា ប៉ុន្តែ​ជីវ​ភាព​លំ​បាក​ធ្វើ​ឱ្យ​ក្តី​សុ​បិន​របស់​បង​នៅ​តែ​ក្នុង​ចិត្ត​ប៉ុណ្ណោះ។ បង​សុខ រំ​លឹក​៖ "ថ្ងៃ​មួយ​ពេល​ទៅ​ស្រែ ខ្ញុំ​ឃើញ​គល់​ឈើ​មួយ​ដែល​គេ​ដុត​ឆេះ​អស់​ជិត​ពាក់​កណ្តាល។ មាន​អា​រម្មណ៍​នឹក​ស្តាយ ខ្ញុំ​ក៏​យក​វា​មក​ផ្ទះ រួច​យក​ពន្លាក​ចាស់​មួយ មក​សាក​ល្បង​ឆ្លាក់​តាម​គំ​និត​របស់​ខ្លួន។ បន្ទាប់​ពី​ព្យា​យាម​អស់​ជា​ច្រើន​ថ្ងៃ ទើប​ខ្ញុំ​អាច​ឆ្លាក់​បាន​រូប​សត្វ​ចំ​នួន​បួន​ជា​ស្នា​ដៃ​ដំ​បូង"។

ប្រ​ការ​ដែល​ធ្វើ​ឱ្យ​បង​ភ្ញាក់​ផ្អើល​នោះ​គឺ ខណៈ​ដែល​ស្នា​ដៃ​នោះ​មិន​ទាន់​បញ្ចប់​រួច​រាល់​ផង ក៏​មាន​អ្នក​ដំ​ណើរ​ម្នាក់​ឆ្លង​កាត់​តាម​ផ្លូវ​ជាតិ​លេខ ៦០ បាន​ឈប់​សួរ​ទិញ​ក្នុង​តម្លៃ ២ លាន​ដុង។ បង​ក៏​បន្ត​កែ​កុន ថែម​ថយ និង​សម្រិត​សម្រាំង​យ៉ាង​មត់​ចត់ មុន​នឹង​ប្រ​គល់​ឱ្យ​អតិ​ថិ​ជន។ ភាព​ជោគ​ជ័យ​ពី​ស្នា​ដៃ​ដំ​បូង បាន​ធ្វើ​ឱ្យ​បង​យល់​ថា ការ​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​តែ​មួយ​មុខ​គឺ​មិន​គ្រប់​គ្រាន់​នោះ​ទេ។ ប្រ​សិន​បើ​ចង់​ប្រ​កប​របរ​នេះ​ឱ្យ​បាន​យូរ​អង្វែង ត្រូវ​តែ​សិក្សា​រៀន​សូ​ត្រ​ឱ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​បង្កើន​ជំនាញ​វិជ្ជា​ជី​វៈ។ គំនិត​នេះ បាន​ជំ​រុញ​ឱ្យ​បង​សម្រេច​ចិត្ត​ទៅ​រៀន​ចម្លាក់​នៅ​វត្ត​សំ​ណឹង​ធំ (ឃុំ​កូវ​កែ)។ "ដំ​បូង​ឡើយ ខ្ញុំ​គ្រាន់​តែ​ចង់​បំ​ពេញ​ក្តី​ស្រ​ឡាញ់​របស់​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ដឹង​តាំង​ពី​ពេល​ណា​មក​ទេ​របរ​នេះ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ខ្ញុំ។ ប្រ​ហែល​ជា​ខ្ញុំ​មាន​និស្ស័យ​ជា​មួយ​របរ​នេះ"។ បង​សុក បាន​ចែក​រំលែក​ដូច្នេះ​។

ដំ​ណាក់​កាល​នោះ ជីវ​ភាព​គ្រួ​សារ​របស់​បង​នៅ​លំ​បាក​ខ្លាំង។ ពេល​ថ្ងៃ បង​ត្រូវ​ជួស​ជុល​និង​ប៉ះ​កង់​ដើម្បី​រក​ចំ​ណូល​ចិញ្ចឹម​ជី​វិត លុះ​ពេល​យប់ ទើប​មាន​ឱ​កាស​ទៅ​រៀន​ជំ​នាញ​ចម្លាក់​ឈើ​នៅ​ឯ​វត្ត។ បន្ទាប់​ពី​ខិត​ខំ​សិក្សា​អស់​រយៈ​ពេល​ជាង ៣ ខែ ក្រោម​ការ​ណែ​នាំ​របស់​ព្រះ​អង្គ​គ្រូ នាម​សី វត្ត​សំ​ណឹង​ធំ បង​ក៏​ស្ទាត់​ជំ​នាញ​បន្តិច​ម្តងៗ ចាប់​ពី​ការ​ជ្រើស​រើស​គល់​ឈើ ការ​បង្កើត​ទម្រង់​រូប​រាង រហូត​ដល់​ការ​ដាប់​ឆ្លាក់​និង​បង្កើន​ប្រ​ណីត​ភាព​ផលិត​ផល​ចម្លាក់។ តាម​ការ​ចែក​រំលែក​របស់​បង ដំ​ណាក់​កាល​ពិ​បាក​បំ​ផុត​គឺ​ការ​បង្កើត​ទម្រង់​ដំ​បូង។ ជាង​ចម្លាក់​ត្រូវ​មាន​សមត្ថ​ភាព​ស្រមៃ​ឱ្យ​ឃើញ​ជា​មុន​ថា រូប​ចម្លាក់​នឹង​លេច​ចេញ​ជា​រូប​រាង​បែប​ណា​ពី​គល់​ឈើ ឫស​ឈើ​នី​មួយៗ​។ គ្រាន់​តែ​ដាក់​ពន្លាក​ដាប់​ឆ្លាក់​ខុស​មួយ​កន្លែង ក៏​អាច​ធ្វើ​ឱ្យ​គល់​ឈើ​ទាំង​មូល​ខូច​ក៏​ថា​បាន។ បង​សុខ សំ​ណេះ​សំ​ណាល៖ "គល់​ឈើ​មួយ​ៗសុទ្ធ​តែ​មាន​ទម្រង់​រូប​រាង​និង​លក្ខណៈ​ពិ​សេស​ដោយ​ឡែកៗ ជាង​ចម្លាក់​ត្រូវ​មើល​ឱ្យ​ឃើញ​ភិន​ភាគ រូប​រាង​ដែល​ត្រូវ​បង្កើត​ស្នា​ដៃ​នៅ​ក្នុង​គល់​ឈើ​ជា​មុន​សិន មុន​នឹង​ចាប់​ផ្តើម​ដាក់​ពន្លាក​ដាប់​ឆ្លាក់"។

ឆ្នាំ ២០១១ បង​ក៏​ចាប់​ផ្តើម​ចាប់​យក​អា​ជីព​ជា​ជាង​ចម្លាក់​ឈើ។ សិប្ប​កម្ម​របស់​បង ភាគ​ច្រើន​បាន​អតិថិ​ជន​យក​គល់​ឈើ​មក​ឱ្យ​ឆ្លាក់​តាម​តម្រូវ​ការ។ ដោយ​សារ​ភាព​ល្អិត​ល្អន់​ ភាព​ស្មោះ​ត្រង់​ក្នុង​ការ​ងារ​និង​ការ​ខិត​ខំ​រៀន​សូត្រ​ឥត​ឈប់​ឈរ ផលិត​ផល​ចម្លាក់​របស់​បង​កាន់​តែ​ទទួល​បាន​ការ​ទុក​ចិត្ត​និង​ដឹង​ស្គាល់​កាន់​តែ​ទូ​លំ​ទូ​លាយ។ អតិថិ​ជន​របស់​បង មិន​ត្រឹម​តែ​នៅ​ក្នុង​ខេត្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មក​ពី​កឹង​ធើ បាក​លីវ ទី​ក្រុង​ហូជី​មិញ និង​តំ​បន់​ផ្សេងៗ​ជា​ច្រើន​ទៀត។ សម្រាប់​ស្នា​ដៃ​ខ្នាត​ធំ ទាម​ទារ​បច្ចេក​ទេស​ខ្ពស់ ហើយ​ថ្លៃ​ឈ្នួល​សម្រាប់​ស្នា​ដៃ​ខ្លះ​មាន​តម្លៃ​ដល់​ទៅ ៤០ លាន​ដុង។ បន្ទាប់​ពី​បាន​សន្សំ​បទ​ពិ​សោធន៍ និង​ដើម​ទុន​អស់​ជា​ច្រើន​ឆ្នាំ បង​បាន​វិនិ​យោគ​ទិញ​ម៉ា​ស៊ីន​ក្រ​ឡឹង​ធុន​តូច​ធំ​ចំ​នួន ៣ គ្រឿង​ ដើម្បី​ពង្រីក​ការ​ផលិត ដោយ​បង្កើត​បាន​ផលិត​ផល​ជា​ច្រើន​ប្រ​ភេទ ដូច​ជា ថូ​ផ្កា ស្គរ ជើង​ទៀន បង្កាន់​ដៃ​ជណ្តើរ​និង​ផលិត​ផល​ផ្សេងៗ​ជា​ច្រើន​ទៀត។ សិប្ប​កម្ម​របស់​បង បង្ក​បាន​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​ដល់​កម្ម​ករ​ជន​បទ​ជា​ច្រើន​នាក់ ដោយ​មាន​ប្រាក់​ចំ​ណូល​ប្រ​មាណ ២៥០​.០០០ ដុង​ក្នុង​ម្នាក់​មួយ​ថ្ងៃ។ មិន​ត្រឹម​តែ​រួម​ចំ​ណែក​លើក​ស្ទួយ​សេដ្ឋ​កិច្ច​គ្រួ​សារ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​យក​ចិត្ត​ទុក​ដាក់​បង្ហាត់​បង្រៀន​និង​ផ្ទេរ​ជំ​នាញ​ដល់​យុវ​ជន​ដែល​មាន​ចំ​ណាប់​អា​រម្មណ៍​លើ​របរ​ចម្លាក់​ឈើ​នេះ​ផង។

លោ​កថាច់​រិន្ទ​ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​កណ្ដាល បាន​បញ្ជាក់​ឱ្យ​ដឹង បង​ថាច់​សុខ ជា​យុវ​ជន​ម្នាក់​ដែល​ឧស្សាហ៍​ព្យា​យាម និង​ខិត​ខំ​ជម្នះ​ការ​លំ​បាក​ក្នុង​ជីវ​ភាព ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ។ ក្រៅ​ពី​ប្រ​កប​របរ​ចម្លាក់ បង​នៅ​ទាំង​ដាំ​ដូង ធ្វើ​ស្រែ​និង​ចិញ្ចឹម​ជ្រូក​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។ ជា​ពិ​សេស គាត់​បាន​បង្កើត​ការ​ងារ​ជូន​យុវ​ជន​នៅ​ភូមិ​ភាគ ហើយ​តែង​ស្ម័គ្រ​ចិត្ត​បង្ហាត់​បង្រៀន​និង​ផ្ទេរ​ចំ​ណេះ​ជំ​នាញ​ដល់​យុវ​ជន​នៅ​ភូមិ​ស្រុក​ផង​ដែរ​។

ចំ​ណុច​ដែល​ធ្វើ​ឱ្យ​បង​ថាច់​សុខ មាន​មោទ​នភាព មិន​ត្រឹម​តែ​បង្ក​បាន​ផលិត​ផល​ដែល​មាន​តម្លៃ​ខ្ពស់ ឬ​សិប្ប​កម្ម​របស់​បង​កាន់​តែ​រីក​ចម្រើន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​យុវ​ជន​បន្ត​ស្នង​អា​ជីព​ចម្លាក់​ឈើ​ពី​បង​និង​រក​បាន​ប្រាក់​ចំ​ណូល។ សម្រាប់​បង​ការ​រក្សា​របរ​នេះ និង​ផ្ទេរ​ចំ​ណង់​ចំ​ណូល​ចិត្ត​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ គឺ​ជា​វិធី​មួយ​ដើម្បី​ឱ្យ​គល់​ឈើ​ដែល​ហាក់​ដូច​ជា​គ្មាន​វិញ្ញាណ បន្ត​បាន "បញ្ចូល​ព្រ​លឹង" ក្លាយ​ទៅ​ជា​ផលិត​ផល​ថ្មីៗ ដ៏​មាន​តម្លៃ​កើត​ចេញ​ពី​ថ្វី​ដៃ​ដ៏​ប៉ិន​ប្រ​សប់ ការ​ឧស្សាហ៍​ព្យា​យាម និង​គំ​និត​ច្នៃ​ប្រ​តិដ្ឋ៕   

 អត្ថ​បទ​, រូប​ថត​៖ ពេជ្រ​ សឿន​

ចែករំលែកអត្ថបទ