(អ.ឡ) - នាថ្ងៃទី ១ ខែកក្កដា ការិយាល័យនយោបាយ បានចាត់តាំងសន្និសីទទូទាំងប្រទេសបូកសរុបបណ្ដោះអាសន្ន រយៈពេល ១ ឆ្នាំ ដំណើរការទម្រង់អង្គការរួមនៃប្រព័ន្ធនយោបាយនិងទម្រង់រដ្ឋអំណាច ៣ ថ្នាក់។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូឡឹម; នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោកឡេមិញហឹង; ប្រធានរដ្ឋសភា លោកត្រឹងថាញមឹង; ប្រចាំការគណៈលេខាបក្ស លោកត្រឹងកឹមទូ; លេខាមជ្ឈិមបក្សនិងជាប្រធានគណៈចាត់តាំងមជ្ឈិម លោក ង្វៀងយ៉ីង៉ុក បានអញ្ជើញចូលរួមជាអធិបតីក្នុងសន្និសីទ។
សន្និសីទនេះបានចាត់តាំងឡើងផ្ទាល់នៅសាលប្រជុំយ្វៀងហុង អគាររដ្ឋសភា និងតភ្ជាប់បណ្ដាញទៅកាន់ចំណុចទីតាំងចំនួន ៣.៦៥១ កន្លែង នៅតាមបណ្តាក្រសួង គណៈ ផ្នែក អង្គការមហាជនថ្នាក់មជ្ឈិម ទីស្នាក់ការបណ្តាខេត្ត ទីក្រុង ទីស្នាក់ការឃុំ សង្កាត់ និងតំបន់សេដ្ឋកិច្ចពិសេសទូទាំងប្រទេស ដោយមានតំណាងចូលរួមសរុបចំនួន ៥៥៧.០៩៩ រូប។
នៅចំណុចទីតាំងតភ្ជាប់បណ្ដាញទីក្រុងកឹងធើ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ជីមថុងញឹក សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អគ្គមេបញ្ជាការរង និងជាសេនាធិការយោធភូមិភាគ ៩; លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ; លោកទ្រឿងកាញ់ត្វៀង អនុលេខានៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ; លោកស្រី ហូធីកឹមដាវ អនុលេខានៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ និងបណ្តាអនុលេខានៃគណៈកម្មាធិការបក្សទីក្រុងរួមមាន៖ លោកង្វៀងត្វឹងអាញ, លោកត្រឹងវ៉ាំងហ្វៀង ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម បណ្តាមន្ទីរ គណៈ ផ្នែក ឃុំ សង្កាត់ ចូលរួមសន្និសីទ។

សន្និសីទទូទាំងប្រទេសបូកសរុបរយៈពេល ១ ឆ្នាំ ដំណើរការទម្រង់អង្គការរួមនៃប្រព័ន្ធនយោបាយ និងទម្រង់រដ្ឋអំណាច ៣ ថ្នាក់។ រូបថត៖ ភឿងហ្វា។
កន្លងរយៈពេល១ឆ្នាំដំណើរការ ទម្រង់រដ្ឋអំណាច ៣ ថ្នាក់ ជាមូលដ្ឋានសម្រេចបាននូវទិសដៅនានាដែលបានដាក់ចេញក្នុងដំណាក់កាលដំបូង; ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋដំណើរការប្រកបដោយស្ថិរភាព និងរលូន; សុពលភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋត្រូវបានលើកកម្ពស់ជាជំហានៗ; គុណភាពនៃការបម្រើប្រជាជននិងអាជីវកម្មបន្តបានកែលម្អ។
លទ្ធផលជំហានដំបូងបានបញ្ជាក់ពីភាពត្រឹមត្រូវ និងចក្ខុវិស័យយុទ្ធសាស្ត្រនៃគោលការណ៍ផ្លាស់ថ្មីអង្គការប្រព័ន្ធគ្រប់គ្រងរដ្ឋ បង្កើតជាមូលដ្ឋានគ្រឹះដើម្បីធ្វើឱ្យសុក្រឹតទម្រង់រដ្ឋអំណាច ៣ ថ្នាក់ លើកកម្ពស់គុណភាពអភិបាលកិច្ចជាតិ និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិក្នុងដំណាក់កាលថ្មី។

ថ្នាក់ដឹកនាំយោធភូមិភាគ ៩ គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង និងបណ្តាមន្ទីរ គណៈ ផ្នែកនានា អញ្ជើញចូលរួមសន្និសីទនៅចំណុចតភ្ជាប់បណ្តាញទីក្រុងកឹងធើ។
រដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់លើការធ្វើឱ្យសុក្រឹតស្ថាប័ន ធ្វើឱ្យជាក់ច្បាស់រាល់គោលការណ៍របស់បក្សស្តីពីការរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋ ផ្លាស់ថ្មីទម្រង់រដ្ឋអំណាចភូមិភាគ និងជំរុញខ្លាំងការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ។
ផ្អែកលើមូលដ្ឋាននៃការត្រួតពិនិត្យឡើងវិញនូវលិខិតបទដ្ឋានគតិយុត្តចំនួន ៥.០៧៦ ច្បាប់ រដ្ឋាភិបាលបានដាក់ជូនរដ្ឋសភាដើម្បីប្រកាសឱ្យប្រើច្បាប់ និងសេចក្តីសម្រេចចិត្តចំនួន ១១៦ ច្បាប់ និងបានប្រកាសឱ្យប្រើតាមសមត្ថកិច្ចនូវអនុក្រឹត្យចំនួន ៤៦៧ ច្បាប់ បង្កើតជារបៀងគតិយុទ្ធព្រមៗគ្នាសម្រាប់ទម្រង់អង្គការថ្មី។
អាស្រ័យហេតុនោះ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋចាប់ពីថ្នាក់មជ្ឈិមរហូតដល់មូលដ្ឋាន បានរក្សាដំណើរការប្រកបដោយស្ថិរភាព និងរលូន មិនទុកឱ្យមានចន្លោះប្រហោងគតិយុត្ត ចន្លោះប្រហោងនៃការគ្រប់គ្រង ឬការរអាក់រអួលក្នុងការដោះស្រាយការងារជូនប្រជាជន និងអាជីវកម្ម តាមរយៈនោះបានបញ្ជាក់ពីសមត្ថភាពចង្អុលការ ដឹកនាំរបស់រដ្ឋាភិបាល ព្រមទាំងសមត្ថភាពបន្ស៊ាំខ្លួននៃប្រព័ន្ធរដ្ឋបាលរដ្ឋចំពោះមុខតម្រូវការកែទម្រង់យ៉ាងស៊ីជម្រៅ។
តាមរយៈការធ្វើឱ្យសុក្រឹតអង្គការ និងការប្រកាសឱ្យប្រើបណ្តាអនុក្រឹត្យកំណត់ពីតួនាទី ភារកិច្ច សិទ្ធិអំណាច និងរចនាសម្ព័ន្ធអង្គការ ទម្រង់ក្រសួងគ្រប់គ្រងពហុផ្នែក និងពហុវិស័យ បន្តបានធ្វើឱ្យសុក្រឹត; ការទទួលខុសត្រូវរវាងបណ្តាស្ថាប័នត្រូវបានបែងចែកយ៉ាងច្បាស់លាស់ជាង លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហការអន្តរផ្នែក និងជំនះស្ថានភាពរុញច្រាន ឬត្រួតគ្នាក្នុងការអនុវត្តភារកិច្ច។

ឧត្តមសេនីយ៍ត្រី ជីមថុងញឹក សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អគ្គមេបញ្ជាការរង និងជាសេនាធិការយោធភូមិភាគ ៩; លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ អញ្ជើញចូលរួមសន្និសីទនៅចំណុចតភ្ជាប់បណ្ដាញទីក្រុងកឹងធើ។
រដ្ឋាភិបាលផ្តោតលើការធ្វើឱ្យសុក្រឹតស្ថាប័ន ជំរុញខ្លាំងការធ្វើវិមជ្ឈការ វិសហមជ្ឈការ និងការបែងចែកសមត្ថកិច្ចផ្សារភ្ជាប់នឹងទម្រង់រដ្ឋអំណាច ៣ ថ្នាក់។ មកទល់ពេលនេះ រដ្ឋាភិបាល បណ្តាក្រសួង និងស្ថាប័នស្មើក្រសួង បានប្រកាសឱ្យប្រើលិខិតបទដ្ឋានគតិយុត្តមួយចំនួនធំ; បានធ្វើវិមជ្ឈការដល់ភូមិភាគនូវភារកិច្ចចំនួន ១.៤៦១ (រួមមានភារកិច្ចថ្នាក់ខេត្តចំនួន ១.៣៨២ និងភារកិច្ចថ្នាក់ឃុំចំនួន ៧៩)។
តាមរយៈការត្រួតពិនិត្យ និងវាយតម្លៃចំនួន ២ លើក បណ្តាភារកិច្ចដែលបានធ្វើវិមជ្ឈការ ជាមូលដ្ឋានធានាបាននូវលទ្ធភាពអនុវត្ត និងសមស្របទៅនឹងសមត្ថភាពអនុវត្តរបស់ភូមិភាគ។ ការបញ្ឈប់សកម្មភាពរបស់ថ្នាក់ស្រុក បានអនុវត្តព្រមៗគ្នា និងមិនទុកឱ្យមានចន្លោះប្រហោងក្នុងការគ្រប់គ្រងរដ្ឋ។
ក្នុងចំណោមភារកិច្ចសរុបចំនួន ១.១៦៤ របស់ថ្នាក់ស្រុកនាពេលមុន មានភារកិច្ចចំនួន ៨៥៩ (ស្មើនឹង ៧៣,៨%) ត្រូវបានផ្ទេរជូនថ្នាក់ឃុំ, ភារកិច្ចចំនួន ១៨៨ (ស្មើនឹង ១៦,២%) ផ្ទេរជូនថ្នាក់ខេត្ត និងភារកិច្ចចំនួន ១១៧ (ស្មើនឹង ១០%) ត្រូវបានកែសម្រួល ឬលុបចោល។ តាមរយៈនោះ ថ្នាក់ឃុំពិតជាបានក្លាយជាមជ្ឈមណ្ឌលដំណើរការនៅមូលដ្ឋាន នៅពេលទទួលរ៉ាប់រងផ្ទាល់នូវភារកិច្ចយ៉ាងតិចចំនួន ៩៣៨។
ទន្ទឹមនឹងការផ្ទេរប្រគល់សមត្ថកិច្ច រដ្ឋាភិបាល និងបណ្តាក្រសួង ផ្នែក បានផ្តោតលើការណែនាំ បណ្តុះបណ្តាល និងជំនួយដល់ភូមិភាគក្នុងការធ្វើឱ្យសុក្រឹតប្រព័ន្ធគ្រប់គ្រងរដ្ឋ ធ្វើឱ្យសុក្រឹតបែបបទវិជ្ជាជីវៈ និងលើកកម្ពស់គុណភាពកងជួរកម្មាភិបាល អ្នករដ្ឋការ។
តាមរយៈដំណើរការអនុវត្តភារកិច្ចទៅតាមសមត្ថកិច្ចថ្មី សមត្ថភាពគ្រប់គ្រង ដឹកនាំ និងចាត់តាំងអនុវត្តរបស់រដ្ឋអំណាចភូមិភាគបានលើកកម្ពស់ជាជំហានៗ; កងជួរកម្មាភិបាល អ្នករដ្ឋការកាន់តែមានភាពម្ចាស់ការជាងក្នុងការដោះស្រាយការងារ ឆ្លើយតបបានកាន់តែល្អប្រសើរនូវតម្រូវការអភិបាលកិច្ចនៅភូមិភាគក្នុងលក្ខខណ្ឌថ្មី។

ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែក និងអង្គការមហាជន អញ្ជើញចូលរួមសន្និសីទនៅចំណុចទីតាំងតភ្ជាប់បណ្តាញនៅទីក្រុងកឹងធើ។
ទោះជាយ៉ាងណាក៏ដោយ ការដំណើរការទម្រង់រដ្ឋអំណាចភូមិភាគ ២ ថ្នាក់ នៅតែជួបប្រទះនូវបញ្ហាប្រឈមជាច្រើន។ បន្ទាប់ពីការផ្លាស់ប្តូរទម្រង់រដ្ឋអំណាច់ពី ៤ ថ្នាក់ មកត្រឹម ៣ ថ្នាក់ សម្ពាធការងារនៅថ្នាក់ឃុំបានកើនឡើងយ៉ាងខ្លាំង ដោយសារទំហំផ្ទៃដី និងចំនួនប្រជាជនបានពង្រីកក្រោយការរួមបញ្ចូល ប៉ុន្តែសមត្ថភាពរបស់កម្មាភិបាលមិនទាន់ឆ្លើយតបបានស្មើគ្នានៅឡើយ។
តាមរយៈការត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៃកងជួរកម្មាភិបាល អ្នករដ្ឋការនៅថ្នាក់ឃុំនាពេលបច្ចុប្បន្នបានបង្ហាញថា កងជួរនេះបានបង្កើតឡើងពីប្រភពផ្សេងៗគ្នា (កម្មាភិបាល អ្នករដ្ឋការថ្នាក់ខេត្ត ថ្នាក់ស្រុកចាស់ ថ្នាក់ឃុំចាស់ បុគ្គលិក អ្នកជំនួយការនៅថ្នាក់ឃុំ) មានកម្រិតវប្បធម៌ សមត្ថភាព និងជំនាញអនុវត្តភារកិច្ចមិនស្មើគ្នា ដោយភាគច្រើនគឺជាប្រភពកម្មាភិបាល អ្នករដ្ឋការថ្នាក់ឃុំចាស់ (អត្រា ៦៨,៨%) ដូចនេះមិនទាន់ឆ្លើយតបនឹងតម្រូវការផ្នែកជំនាញ និងវិជ្ជាជីវៈតាមមុខតំណែងការងារ។
ចំនួនកម្មាភិបាល អ្នករដ្ឋការដែលបានចាត់ពីថ្នាក់ខេត្ត និងថ្នាក់ស្រុកចាស់ មានចំនួនប្រហែល ៣០%។ ក្នុងនោះ ភាគច្រើនជាកម្មាភិបាលដឹកនាំនៃបណ្តាស្ថាប័នជំនាញថ្នាក់ខេត្ត និងថ្នាក់ដឹកនាំថ្នាក់ស្រុកចាស់ ត្រូវបានចាត់តាំងឱ្យធ្វើជាថ្នាក់ដឹកនាំស្នូលនៅថ្នាក់ឃុំថ្មី។ ថ្នាក់ឃុំជាច្រើននៅខ្វះខាតអ្នករដ្ឋការដែលមានកម្រិតវិជ្ជាជីវៈស៊ីជម្រៅក្នុងបណ្តាវិស័យដូចជា ដីធ្លី សំណង់ ហិរញ្ញវត្ថុ យុត្តិធម៌ និងបច្ចេកវិទ្យាព័ត៌មាន៕
ក្វឹកថាយ - សុផន