ធ្លាប់ស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ ជីវភាពបានមុខខ្វះក្រោយ មានគ្រួសារជនរួមជាតិខ្មែរជាច្រើននៅភូមិភូឌឹក ឃុំឡុងភូ ទីក្រុងកឹងធើ ឈានឡើងលំនឹងជីវភាព ដោយឆន្ទៈជម្នះលំបាក និងការខិតខំប្រឹងប្រែងព្យាយាមពលកម្ម។

បងស្រីផាងធីមីលី ជាមួយទម្រង់ចិញ្ចឹមសត្វរបស់គ្រួសារ។
ពីមុន គ្រួសារបងស្រីផាងធីមីលី ស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្ររបស់ភូមិភាគ។ មានដីផលិតតិចតួច ជីវភាពគ្រួសារជួបការលំបាកច្រើន។ ដើម្បីកែលម្អជីវភាព បង្កើនប្រាក់ចំណូលលើផ្ទៃ ដីទាំងនេះ បងស្រីអនុវត្តទម្រង់ដាំដំណាំ ចិញ្ចឹមមាន់ ទានិងត្រី។
ឆ្នាំ ២០២៣ គ្រួសារគាត់បានធនាគារគោលនយោបាយសង្គមឧបត្ថម្ភបុលទុនដើម្បីពង្រីកការផលិត។ លុះឆ្នាំ ២០២៤ គាត់បុលទុនបន្ថែម ៥០ លានដុង ដើម្បីពង្រីកទ្រង់ទ្រាយចិញ្ចឹម។ មានដើមទុន គ្រួសារគាត់វិនិយោគចិញ្ចឹមទាកាប៉ាបារាំង កែប្រែស្រះចិញ្ចឹមត្រី។ បងស្រី ផាងធីមីលី នៅភូមិភូឌឹក ចែករំលែក៖ “ពីមុន ជីវភាពគ្រួសារខ្ញុំជួបការលំបាកខ្លាំងណាស់។ អាស្រ័យបានរដ្ឋឧបត្ថម្ភបុលទុន គ្រួសារខ្ញុំមានលក្ខណៈពង្រីកការ ចិញ្ចឹមសត្វនិងដាំដុះ តួយ៉ាងដូចចិញ្ចឹមជ្រូក គោ មាន់ ទានិងដាំដុះ ដើម្បីបង្កើនប្រាក់ចំណូល។ ផ្តើមពីនោះ សេដ្ឋកិច្ចគ្រួសារមានភាពលំនឹងជាសន្សឹមៗ ឈានឡើងចាកផុតពីភាពក្រីក្រ”។
អាស្រ័យស៊ូទ្រាំលំបាកខិតខំពលកម្មនិងប្រើប្រាស់ទុនមានប្រសិទ្ធភាព សេដ្ឋកិច្ចគ្រួសារកាន់តែមានភាពលំនឹងពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយឡែកឆ្នាំកន្លង គ្រួសារគាត់រកបានប្រាក់ចំណូលប្រមាណ ២០០ លានដុង។
មានគំរូមួយទៀតនៅភូមិភូឌឹក ប្តីប្រពន្ធបងថាច់ធននិងបងស្រីត្រឹងធីដឿក ក៏ជាគ្រួសារមួយក្នុងចំណោមគ្រួសារគំរូជម្នះលំបាកឈានឡើងចាកផុតពីភាពក្រីក្រនៅភូមិភាគ។ ពីមុន ដោយសារគ្មានដីផលិត ប្តីប្រពន្ធគាត់ត្រូវទៅធ្វើការឈ្នួល គ្រប់យ៉ាងដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
នៅឆ្នាំ ២០១៦ គ្រួសារគាត់ទទួលបានប្រភពទុនអនុគ្រោះ ៥០ លានដុង ផ្តើមពីប្រភពទុននេះ គ្រួសារគាត់វិនិយោគចិញ្ចឹមគោដើម្បីសន្សំសំចៃផលិត។ ក្រោយពីបានស្វែងយល់គ្រួសារគាត់សម្រេចចិត្តប្តូរមកប្រមូលទិញអេតចាយនិងបើកតៀមលក់ឥវ៉ាន់។ ទោះបីការងារនឿយហត់ ប៉ុន្តែផ្តល់ប្រាក់ចំណូលលំនឹង។ ជារៀងរាល់ថ្ងៃ បន្ទាប់ពីទូទាត់ចំណាយ គ្រួសារគាត់រកបានប្រាក់ចំណូល ប្រមាណ ២០០ ពាន់ដុង ជាជំហានៗមានជីវភាព លំនឹងនិងឈានឡើងចាកផុតពីភាពក្រីក្រ។
លោក ត្រឹងវ៉ាំងហ្វែ ប្រធានគណៈប្រជាជនភូមិភូឌឹក ឱ្យដឹង៖”គ្រួសារមីងផាងធីមីលី និងគ្រួសារបងថាច់ធន គឺជាគំរូឈានឡើងចាកផុតពីភាពក្រីក្ររបស់ភូមិភាគ។ ដោយការខិតខំប្រឹងប្រែង ស៊ូទ្រាំលំបាកពលកម្មផលិតនិងប្រើប្រាស់ប្រភពទុនអនុគ្រោះរបស់រដ្ឋមានប្រសិទ្ធភាព គ្រួសារទាំងពីរនេះ ជាជំហានៗពង្រីកសេដ្ឋកិច្ច លំនឹងជីវភាព។ ប្រការគួរឱ្យកត់សម្គាល់ គឺគាត់មានឆន្ទៈឈានឡើង មិនរង់ចាំឬសំអាងទៅលើការឧបត្ថម្ភរបស់រដ្ឋ ប៉ុន្តែមានភាពម្ចាស់ការស្វែងរកទិសដៅធ្វើការរកស៊ីសមស្រប ដើម្បីបង្កើនប្រាក់ចំណូល។ ផ្តើមពីជីវភាពលំបាកជាជំហានៗឈានឡើងលំនឹងជីវភាព។ នេះគឺ សក្ខីភាពបញ្ជាក់ពីឆន្ទៈនិងស្មារតីខិតខំប្រឹងប្រែងពលកម្មផលិតរបស់ប្រជាជននៅភូមិភាគ៕
វឌ្ឍា-មុនី