ចាប់ពីថ្ងៃដែលខ្នះខ្នែងរកស៊ីពីការលក់នំបញ្ចុកទឹកសម្លខួរក្ដាម ប្រាក់ចំណូលមិនទៀងទាត់ បងស្រី គឹមធីភូមី នៅភូមិ ២ ឃុំទីវកឹង ខេត្តវិញឡុង បានខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ តាមរយៈមុខរបរផលិតគុយទាវបែបប្រពៃណី។ ភាពឧស្សាហ៍ព្យាយាម អត់ធ្មត់ និងការប្តេជ្ញាចិត្តចាកផុតពីភាពក្រីក្រ បានជួយឱ្យនារីខ្មែររូបនេះ កសាងបានមូលដ្ឋានផលិតស្ថិរភាព និងបង្កការងារធ្វើដល់ពលករនៅភូមិភាគជាច្រើននាក់។

បងស្រីគឹមធីភូមី បានណែនាំអំពីការកាត់សរសៃគុយទាវ ដែលជាជំហានសំខាន់មួយកំណត់សម្រេចគុណភាពផលិតផល។
រៀងរាល់ថ្ងៃ ចាប់តាំងពីព្រឹកព្រលឹម មូលដ្ឋានផលិតគុយទាវនិងហ្មុក (ចាលួរ) របស់បងស្រី គឹមធីភូមី មានសកម្មភាពយ៉ាងមមាញឹក។ សំឡេងម៉ាស៊ីនដំណើរការលាយឡំជាមួយចង្វាក់ការងាររហ័សរហួនរបស់កម្មករ បង្កបរិយាកាសការងារយ៉ាងសកម្មនៅតំបន់ជនបទមួយ។ ក្នុងដំណើរការនៃសកម្មភាពការងារដ៏មមាញឹកនោះ បងស្រីនៅតែយកចិត្តទុកដាក់ពិនិត្យគុយទាវគ្រប់ដំណើរការនៃសង្វាក់ផលិត ដោយដាក់កាយចិត្តទៅលើផលិតផលរបស់ខ្លួន។
តិចមានអ្នកណាដឹងថា ដើម្បីមានជីវភាពនិងមូលដ្ឋានផលិតដូចសព្វថ្ងៃនេះ គ្រួសារបងស្រីធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន។ កាលពីមុន ប្រភពចំណូលសំខាន់របស់គ្រួសារពឹងផ្អែកលើការលក់នំបញ្ចុកទឹកសម្លខួរក្ដាមតូចមួយ ក្បែរចិញ្ចើមថ្នល់នៅមុខផ្ទះម្ដាយក្មេក ចំណែកស្វាមីប្រកបរបរជួសជុលម៉ូតូ មានប្រាក់ចំណូលមិនទៀងទាត់។ ជីវភាពខ្វះមុខខ្វះក្រោយ ធ្វើឱ្យការចំណាយប្រចាំថ្ងៃក្លាយជាបន្ទុកដ៏ធ្ងន់។ មិនចង់រស់នៅក្នុងភាពក្រីក្រតទៅទៀត ប្ដីប្រពន្ធបងស្រីតែងនឹកគិតស្វែងរកមុខរបរលំនឹង ដើម្បីផ្លាស់ប្តូរជីវភាព។
ឱកាសបានមកដល់នៅពេលបានសាច់ញាតិណែនាំឱ្យទៅរៀនមុខរបរផលិតគុយទាវ នៅស្រុកវុងលីម (ខេត្តវិញឡុងចាស់)។ ចាប់ពីការជ្រើសរើសអង្ករ កិនម្សៅ ចំហុយនិងហាលគុយទាវ រហូតដល់ការកាត់សរសៃ គ្រប់ដំណាក់ការទាមទារភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់។ បងស្រីភូមី ចែករំលែក៖ "ដំបូងៗបរាជ័យច្រើនដងណាស់ដែរ រៀនបណ្ដើរធ្វើបណ្ដើរ ពេលខ្លះត្រូវចាប់ផ្តើមធ្វើសាជាថ្មី អ្វីដែលពិបាកជាងគេ គឺការស្វែងរកទីផ្សារលក់ផលិតផល ព្រោះអតិថិជនមិនទាន់ជឿទុកចិត្ត។ ប៉ុន្តែខ្ញុំគិតថា ប្រសិនបើបោះបង់ គ្រួសារនឹងនៅតែលំបាក ដូច្នេះត្រូវខំប្រឹងជម្នះ។ ដើម្បីអនាគតគ្រួសារ ប្ដីប្រពន្ធខ្ញុំក៏លើកទឹកចិត្តគ្នាឱ្យខិតខំប្រកបរបរនេះបន្តទៅមុខ"។
មានជំនាញក្នុងដៃ ប៉ុន្តែខ្វះដើមទុន ចំណែកត្បាលកិនម្សៅបានមិត្តភក្តិឱ្យខ្ចី ដើម្បីចាប់ផ្ដើមការផលិត។ នៅដំណាក់កាលដំបូង ក្នុងមួយថ្ងៃផលិតបានតែ ២០ - ៣០ គីឡូក្រាមប៉ុណ្ណោះ ហើយផលិតផលដែលផលិតបានយកទៅលក់តាមភូមិនិងនៅផ្សារទីវកឹង។ ដំណាក់ការជាច្រើននៅតែធ្វើដោយដៃ ហើយទីធ្លាតូចមុខផ្ទះក្លាយជាកន្លែងហាលគុយទាវ។ ដោយផ្តោតសំខាន់លើគុណភាព គុយទាវមូលដ្ឋានផលិតរបស់បងស្រី កាន់តែទទួលបានការជឿទុកចិត្តពីអតិថិជន។ ផ្ដើមពីការផលិត ២០-៣០ គីឡូក្រាមក្នុងមួយថ្ងៃ សព្វថ្ងៃមូលដ្ឋានផលិតគុយទាវរបស់បងស្រីបានរីកចម្រើនជាបន្តបន្ទាប់ រហូតដល់បង្កើនការផលិតឡើងដល់ ៥០០ គីឡូក្រាមក្នុងមួយថ្ងៃ។ ដោយមើលឃើញតម្រូវការទីផ្សារកើនឡើង គ្រួសារបងស្រី ក៏បានពង្រីកការផលិតហ្មុក (ចាលួរ) បន្ថែមទៀត និងបង្កការងារធ្វើជាប្រចាំដល់កម្មករជនបទ ៦ នាក់ ដោយមានប្រាក់ចំណូលពី ៧-៨ លានដុងក្នុងម្នាក់ៗក្នុងមួយខែ។
បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ចាប់ពីដៃទទេ គ្រួសារបងស្រីកសាងបានមូលដ្ឋានផលិតមួយដ៏រឹងមាំ និងសន្សំប្រាក់ទិញបានដីជាប់ផ្លូវធំជាង ១.០០០ ម៉ែត្រការ៉េ ដើម្បីពង្រីកសកម្មភាពផលិត។ ចាប់តាំងពីឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន មូលដ្ឋានផលិតគុយទាវ និងផលិតហ្មុក (ចាលួរ) របស់បងស្រី បានរីកចម្រើនឥតឈប់ឈរ ក្លាយជាអាស័យដ្ឋានមួយដែលអតិថិជននៅភូមិភាគនិងទីជិតឆ្ងាយដឹងស្គាល់ច្រើន។
អ្នកស្រី ឡេធីធូហឿង ប្រធានគណៈប្រជាជនភូមិ២ បានឱ្យដឹង បងស្រីគឹមធីភូមី គឺជាគំរូនារីខ្មែរម្នាក់ ដែលបានជម្នះការលំបាកនិងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារដោយជោគជ័យ។ "អ្វីដែលគួរឱ្យកោតសរសើរចំពោះបងស្រីភូមី គឺស្មារតីចេះស្វែងយល់រៀនសូត្រនិងឆន្ទៈក្នុងការប្រកបមុខរបរ។ មិនត្រឹមតែធ្វើឱ្យជីវភាពគ្រួសារមានភាពលំនឹងប៉ុណ្ណោះទេ ថែមទាំងបង្កការងារធ្វើនិងជួយដល់ពលករនៅភូមិភាគរកបានប្រាក់ចំណូលនៅស្រុកកំណើតទៀតផង"- អ្នកស្រី ធូហឿង បានបញ្ជាក់ដូច្នេះ។
ផ្ដើមពីនារីម្នាក់ដែលធ្លាប់តស៊ូរកស៊ីដើម្បីចិញ្ចឹមជីវិតដោយលំបាក រហូតក្លាយជាម្ចាស់មូលដ្ឋានផលិតគុយទាវនិងបង្កបានការងារធ្វើដល់ជាច្រើនអ្នក ដំណើរសាងអាជីពរបស់បងស្រី គឹមធីភូមី គឺជាភស្តុតាងដ៏រស់រវើកបង្ហាញពីឆន្ទៈតស៊ូរបស់នារីខ្មែរ។ ដោយកម្លាំងពលកម្ម ការឧស្សាហ៍ព្យាយាមមិនបោះបង់ បងស្រីបានធ្វើឱ្យជីវភាពគ្រួសារមានការផ្លាស់ប្តូរគួរឱ្យកោតសរសើរ នៅលើទឹកដីកំណើតរបស់ខ្លួន៕
អត្ថបទ, រូបថត៖ ពេជ្រសឿន