01/06/2026 - 20:27

ផ្ដើមពីមុខរបរដាល់អំបុកចិញ្ចឹមជីវិត រហូតដល់មានជីវភាពធូរធារដោយសារប្រភពទុនគោលនយោបាយ 

ធ្លាប់​ឆ្លង​កាត់​បណ្ដា​ខែ​ឆ្នាំ​ដ៏​លំ​បាក​លំ​បិន ពីរ​នាក់​ប្តី​ប្រ​ពន្ធ​បង​គៀង​សុធន​និង​បង​ស្រី​ស៊ើង​ធី​ហាយ នៅ​អនុ​សង្កាត់​អង្គុលី​ខាង​ជើង សង្កាត់​ដុង​ថាញ់ ខេត្ត​វិញ​ឡុង បាន​ប្រ​កប​មុខ​របរ​គ្រប់​បែប​យ៉ាង ចាប់​តាំង​ពី​ធ្វើ​ការ​ឈ្នួល​គ្រប់​ការ​ងារ​រហូត​ដល់​ការ​ក្រោក​តាំង​ពី​ព្រ​លឹម​ដើម្បី​ដាល់​អំ​បុក​ចិញ្ចឹម​ជី​វិត​។ ប៉ុន្តែ​ដោយ​សារ​អំ​បុក ដែល​ជា​ផលិត​ផល​ពិ​សេស​បំ​ពាក់​នូវ​ដួង​ព្រ​លឹង​វប្ប​ធម៌​ស្រុក​កំ​ណើត- រួម​នឹង​ការ​ជំ​នួយ​កម្លាំង​ពី​ប្រ​ភព​ទុន​គោល​នយោ​បាយ ពីរ​នាក់​ប្តី​ប្រ​ពន្ធ​នេះ​បាន​បង្កើត​នូវ​រឿង​រ៉ាវ​ជម្នះ​ការ​លំ​បាក​ដែល​គួរ​ឱ្យ​កោត​សរ​សើរ ជា​មួយ​នឹង​ចំ​ណូល​ស្ថិរ​ភាព​ពី ៥០០​.០០០ ដល់​ ៦០០​.០០០ ដុង​ក្នុង​មួយ​ថ្ងៃ។

បង​គៀង​សុធន​ កំ​ពុង​ត្រៀម​អំ​បុក​ដើម្បី​ព្រឹក​ស្អែក​ប្រ​គល់​ឱ្យ​ម៉ូយ។

ក្រោយ​ពេល​រៀប​ការ​កាល​ឆ្នាំ ១៩៩០ ជីវ​ភាព​របស់​បង​គៀង​សុ​ធន​និង​បង​ស្រី​ស៊ើង​ធី​ហាយ នៅ​អនុ​សង្កាត់​អង្គុ​លី​ខាង​ជើង ជួប​ការ​លំ​បាក​យ៉ាង​ខ្លាំង។ ភាព​ក្រី​ក្រ​ហាក់​ដូច​ជា "តោង​ស្អិត" ជាប់​នឹង​គ្រួ​សារ​វ័យ​ក្មេង​នេះ ពេល​ដែល​ប្រាក់​ចំ​ណូល​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ធ្វើ​ការ​ឈ្នួល​មិន​ប្រា​កដ​ប្រ​ជា។ ទោះ​បី​ជា​មាន​ការ​លំ​បាក​យ៉ាង​ណា​ក៏​ដោយ​ ប្តី​ប្រ​ពន្ធ​គាត់​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​គ្រប់​បែប​យ៉ាង ចាប់​តាំង​ពី​ធ្វើ​ការ​ឈ្នួល ដក​ស្មៅ ស្ទូង​ស្រូវ រហូត​ដល់​ការ​ជីក​អណ្ដូង ស្តារ​ភក់​ជា​ដើម។

ទោះ​បី​ជា​លំ​បាក​នឿយ​ហត់​យ៉ាង​ណា​ក៏​ដោយ បង​សុ​ធន​ នៅ​តែ​តស៊ូ​ព្យា​យាម​ជា​មួយ​មុខ​របរ​ដាល់​អំ​បុក​ប្រ​ពៃ​ណី​ ដោយ​សង្ឃឹម​ថា ​មាន​ប្រាក់​ចំ​ណូល​បន្ថែម​សម្រាប់​ចិញ្ចឹម​កូនៗ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កម្លាំង​ពល​កម្ម​ដែល​បាន​ចំ​ណាយ​ទៅ​ទាំង​ប៉ុន្មាន ក៏​គ្រាន់​តែ​ល្មម​សម្រាប់​ដោះ​ស្រាយ​ការ​ហូប​ចុក​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ ភាព​ក្រី​ក្រ​នៅ​តែ​បន្ត​ដេញ​ប្រ​តោង​គ្រួ​សារ​បង​ដ​ដែល។

របត់​ជីវិត​ថ្មី​បាន​មក​ដល់​គ្រួ​សារ​របស់​បង នៅ​ពេល​ដែល​ទទួល​បាន​ប្រ​ភព​ទុន​បុល​ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម។ ចាប់​ផ្ដើម​ពី​ដើម​ទុន​ដំ​បូង​ត្រឹម​តែ ១លាន​ដុង រួច​កើន​ឡើង​ជា​បន្ត​បន្ទាប់​ដល់​រាប់​សិប​លាន​ដុង បាន​បង្ក​ឱ​កាស​ឱ្យ​គ្រួ​សារ​អាច​ដក​ដង្ហើម​ធូរ​ស្រាល​ឡើង​វិញ។ ជា​មួយ​នឹង​អត្ត​ចរិត​ព្យា​យាម ឧស្សាហ៍ និង​មិន​បោះ​បង់ បង​សុធន​បាន​ប្រើ​ប្រាស់​ប្រ​ភព​ទុន​នេះ​ធ្វើ​ជា​កម្លាំង​ចល​ករ ដើម្បី​ប្រ​មូល​ទិញ​អំ​បុក​បន្ថែម​សម្រាប់​យក​ទៅ​លក់​រាយ​ផង និង​បោះ​ដុំ​ឱ្យ​ម៉ូយ​ធ្លាប់​ស្គាល់​ផង។

នៅ​ពេល​មាន​ការ​ជំ​នួយ​កម្លាំង​ពី​ប្រ​ភព​ទុន មុខ​របរ​អា​ជីវ​កម្ម​បាន​ឈាន​ដល់​ភាព​លំ​នឹង​ជា​បណ្តើរៗ។ បង​បាន​បន្ត​ពង្រីក​ទ្រង់​ទ្រាយ មិន​បង្អង់​ត្រឹម​ការ​លក់​អំ​បុក​ប៉ុណ្ណោះ​ទេ គាត់​ថែម​ទាំង​បើក​ហាង​លក់​ទំ​និញ​ចាប់​ហួយ​បន្ថែម​នៅ​ផ្ទះ ដើម្បី​ធ្វើ​ឱ្យ​ប្រ​ភព​ចំ​ណូល​របស់​គ្រួ​សារ​កាន់​តែ​សម្បូរ​បែប។

បង​ស្រី​ស៊ើង​ធី​ហាយ​ កំ​ពុង​រែង​និង​រើស​សម្រិត​សម្រាំង​អំ​បុក ដើម្បី​ឱ្យ​ផលិត​ផល​ធា​នា​បាន​នូវ​គុណ​ភាព​មុន​ពេល​នាំ​ទៅ​ប្រ​គល់​ឱ្យ​ម៉ូយ។

ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ដូច​សព្វ​ថ្ងៃ​នេះ មិន​អាច​មិន​រំលឹក​ដល់​ការ​រួម​ដំ​ណើរ​របស់​បង​ស្រី​ស៊ើង​ធី​ហាយ ដែល​ជា​ភរិ​យា​ដ៏​ឧស្សាហ៍​ព្យា​យាម​ តែង​តែ​នៅ​ក្បែរ​និង​ជា​បង្អែក​យ៉ាង​មាំ​ជា​និច្ច។ រាល់​ថ្ងៃ បង​ស្រី​ហាយ គឺ​អ្នក​គ្រប់​គ្រង​ហាង​លក់​ចាប់​ហួយ​នៅ​ផ្ទះ ព្រម​ទាំង​ទទួល​បន្ទុក​ការ​ងារ​រែង​រើស​និង​ច្នៃ​អំ​បុក​យ៉ាង​ផ្ចិត​ផ្ចង់។ បង​ស្រី​ហាយ បាន​ចែក​រំលែក៖ “ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​នៅ​ផ្ទះ​មើល​ការ​ខុស​ត្រូវ​ហាង​ផង និង​រែង​អំ​បុក​ឱ្យ​បាន​ស្អាត​ល្អ​ផង ដោយ​មិន​ទុក​ឱ្យ​អំ​បុក​មាន​លាយ​អង្កាម ឬ​គ្រាប់​ស្កក​ឡើយ ដើម្បី​ធា​នា​ផលិត​ផល​ដល់​ដៃ​អតិ​ថិ​ជន​មាន​គុណ​ភាព​ល្អ​បំ​ផុត”។

ក្នុង​ពេល​ដែល​បង​ស្រី​ហាយ​ មើល​ការ​ខុស​ត្រូវ​ការ​ងារ​នៅ​ផ្ទះ បង​សុធន​ទទួល​រ៉ាប់​រង​ផ្នែក​ត​ភ្ជាប់​ទី​ផ្សារ និង​ដឹក​ជញ្ជូន។ បង​សុ​ធន​ តែង​តែ​ដឹក​អំ​បុក​ទៅ​ប្រ​គល់​ឱ្យ​ម៉ូយ​ធ្លាប់​ស្គាល់​នៅ​សង្កាត់​កៃ​ខេ អូរ​ម៉ូង និង​ប៊ិញ​ធ្វី (ទី​ក្រុង​កឹង​ធើ)។

ជា​មួយ​នឹង​តម្លៃ​ដ៏​សម​រម្យ គឺ​ប្រ​ហែល​ ៤០​.០០០ ដុង​/គី​ឡូ​ក្រាម​សម្រាប់​ការ​លក់​រាយ​និង ៣៥.​០០០ ដុង​/គី​ឡូ​ក្រាម​ប្រ​សិន​បើ​លក់​ដុំ ផលិត​ផល​របស់​គ្រួ​សារ​គាត់​តែង​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ពី​អតិ​ថិ​ជន។ ជា​មធ្យម​រៀង​រាល់​ថ្ងៃ គ្រួ​សារ​បង​សុធន​ បាន​ផ្គត់​ផ្គង់​អំ​បុក​ទៅ​កាន់​ទី​ផ្សារ​ពី ៥០ ដល់ ១០០ គី​ឡូ​ក្រាម។ ជា​ពិ​សេស ក្នុង​ឱ​កាស​បុណ្យ​អក​អំ​បុក ចំ​នួន​នេះ​បាន​កើន​ឡើង​រហូត​ដល់ ៤០០ ដល់ ៥០០ គី​ឡូ​ក្រាម​ក្នុង​មួយ​ថ្ងៃ ដោយ​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​ខ្ពស់​សម្រាប់​គ្រួ​សារ។

ពេល​និយាយ​អំ​ពី​មោទ​នភាព​ចំ​ពោះ​របរ​ប្រ​ពៃ​ណី បង​គៀង​សុ​ធន​ បាន​ឱ្យ​ដឹង៖ "ខ្ញុំ​មាន​មោទ​នភាព​ខ្លាំង​ណាស់​ចំ​ពោះ​របរ​លក់​អំ​បុក​នេះ! ពី​ព្រោះ​ការ​ខិត​ខំ​រក្សា​របរ​នេះ មិន​ត្រឹម​តែ​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​សម្រាប់​គ្រួ​សារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កើត​ជា​កម្លាំង​ចល​ករ​ឱ្យ​ខ្ញុំ​ថែ​រក្សា​របរ​ប្រ​ពៃ​ណី​បាន​យូរ​អង្វែង​ទៀត​ផង។ ទោះ​បី​ជា​អតិ​ថិ​ជន​ទិញ​តិច​ឬ​ច្រើន ឱ្យ​តែ​មាន​តម្រូវ​ការ​គឺ​ខ្ញុំ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ដឹក​ជញ្ជូន​ទៅ​ដល់​កន្លែង។ ខ្ញុំ​យល់​ថា នេះ​ជា​ឱ​កាស​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ផលិត​ផល និង​កសាង​ទំនុក​ចិត្ត ជួយ​ឱ្យ​ការ​ធ្វើ​អា​ជីវ​កម្ម​កាន់​តែ​រីក​ចម្រើន បើក​ទូ​លាយ​ជាង​មុន​នា​ពេល​អនា​គត"។

រឿង​រ៉ាវ​របស់​ប្តី​ប្រ​ពន្ធ​បង​គៀង​សុធន​ និង​បង​ស្រី​ស៊ើង​ធី​ហាយ មិន​ត្រឹម​តែ​ជា​ភស្តុ​តាង​នៃ​ការ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ការ​ឧស្សាហ៍​ព្យា​យាម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ដំ​ណើរ​នៃ​ការ​ថែ​រក្សា​ព្រ​លឹង​វប្ប​ធម៌​ស្រុក​កំ​ណើត​តាម​រយៈ​ផលិត​ផល​អំ​បុក​ផង​ដែរ។ ក្នុង​ចរន្ត​នៃ​ជីវិត​ដ៏​មមា​ញឹក​ កសិ​ករ ​ដូច​ជា​ ប្តី​ប្រ​ពន្ធ​បង​សុ​ធន​នៅ​តែ​តស៊ូ​ដោយ​ស្ងាត់​ស្ងៀម និង​ឱ្យ​តម្លៃ​រាល់​ឱ​កាស​អា​ជីវ​កម្ម​ដើម្បី​បញ្ជាក់​ពី​តម្លៃ​ផ្ទាល់​ខ្លួន​។ ចំ​ពោះ​ពួក​គាត់​ រាល់​កញ្ចប់​អំ​បុក​ដែល​ប្រ​គល់​ជូន​អតិ​ថិ​ជន​មិន​ត្រឹម​តែ​ជា​ការ​ប្តេជ្ញា​ចិត្ត​ចំ​ពោះ​គុណ​ភាព​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​មោទ​នភាព​របស់​កូន​ចៅ​ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​អង្គុ​លី ដែល​កំ​ពុង​រួម​ចំ​ណែក​នាំ​យក​ផលិត​ផល​ប្រ​ពៃ​ណី​ទៅ​បាន​ឆ្ងាយ​ក្នុង​ជីវ​ភាព​រស់​នា​សម័យ​ទំនើប​នេះ​ផង៕

ថាច់ធី​

ចែករំលែកអត្ថបទ